​ភ្នំពេញៈ ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​នីតិ​​សម្បទា និង​ទីភ្នាក់ងារ​សហ​​ប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) កំពុង​អនុវត្ត​គម្រោង​រួមគ្នា​ដើម្បី​ជួយ​ជនរងគ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស​ឱ្យទទួល​បាន​សេវា​ពេញលេញ​លើ​ការ​ប្រឹក្សា​យោបល់ សុខភាព សេដ្ឋ​​កិច្ច និង​ប្រព័ន្ធយុត្តិធម៌ ដោយ​គម្រោង​នេះ​ផ្ដល់​សេវា​គាំពារ​ទាំង​ជនជាតិខ្មែរ និង​បរទេស​។

​លោក​ ​ញឹម វណ្ណា​រ៉ា​ រដ្ឋលេខា​ធិ​ការ​ក្រសួង​សង្គមកិច្ច ថ្ងែ​ង​នៅ​ថ្ងៃទី ​៧ ខែវិច្ឆិកា​ថា ក្រសួង​បាន​ប្រជុំ​ជាមួយ​ JICA នាពេល​ថ្មីៗ​នេះ ដោយបាន​ពិភាក្សាគ្នា​លើ​ការអនុវត្ត​គម្រោង​រួមគ្នា​មួយ ដើម្បី​ធ្វើយ៉ាងណា​ជួយ​ទៅដល់​ជនរងគ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស​ឱ្យទទួល​បាន​សេវា​ពេញលេញ​លើ​ការប្រឹក្សា​យោបល់ សុខភាព សេដ្ឋកិច្ច និង​ប្រព័ន្ធយុត្តិធម៌​ជាដើម​។ ក្រសួង និង​ JICA បាន​ប្រជុំ​ពិភាក្សាគ្នា ដើម្បី​ធ្វើការ​កសាង និង​អភិវឌ្ឍ​សមត្ថ​ភាព​ទៅដល់​ក្រុម​គោលដៅ ក្នុងពេលដែល​ឱ្យ​ពួកគាត់​ជួយ​ទៅដល់​ជនរងគ្រោះ​ដោយ​អំពើ​ជួញ​ដូរ​មនុស្ស​ឱ្យទទួល​បាន​សេវា​កាន់​តែមាន​ប្រសិទ្ធភាព​។

​លោក​ថា​៖«​គម្រោង​ហ្នឹង​បាន​ជួយ​ដល់​កម្ពុជា​យើង​បាន​ច្រើន​ជាពិសេស​វា​ជា​ឧ​ត្ត​ម​ប្រយោជន៍​សម្រាប់​ជនរងគ្រោះ​ដោយ​អំពើ​ជួញដូរ ហើយ​វា​ក៏​មិនមែន​តែ​សម្រាប់​ជនជាតិ​កម្ពុជា​នោះទេ ជនជាតិ​អី​ក៏ដោយ​ឱ្យតែ​ត្រូវបាន​ជួញដូរ​នៅលើ​ទឹកដី​កម្ពុជា ត្រូវបាន​យើង​យកចិត្តទុកដាក់ និង​ផ្ដល់​សេវា​គាំពារ​»​។​

​គម្រោង​ជួយ​ជនរងគ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស​នេះ បានចាប់ផ្ដើម​អនុវត្ត​តាំងពី​ខែមីនា ឆ្នាំ​ ២០២៣ រហូតដល់​ខែកញ្ញា ឆ្នាំ​ ២០២៦ ដែលមាន​រយៈពេល ៣​ឆ្នាំកន្លះ ក្នុងនោះ​មាន​ខេត្ត​គោលដៅ​ចំនួន​៣​រួមមាន​៖​ខេត្តសៀមរាប ត្បូងឃ្មុំ និង​ខេត្តបន្ទាយមានជ័យ ដែល​កំពុង​អនុវត្ត​គម្រោង​នេះ​។

នេះ​បើតាម​លោក ញឹក វណ្ណា​រ៉ា​។ លោក​បាន​បន្ថែមថា ខណៈដែល​គម្រោង​នេះ​កំពុង​អនុវត្ត​ក្នុង​ខេត្ត​គោល​ដៅ​ទាំងនោះ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ទាំង​ក្រសួង និង ​JICA នឹង​ឈានដល់​ការចុះហត្ថលេខា​ជា​ផ្លូវការ​ក្នុងការ​អនុវត្ត​គម្រោង​ជួយ​ជនរងគ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស (២០២៣-២០២៦)​។​

​លោក​នី សុខា ប្រធាន​សមា​គម​ការពារ​សិទ្ធិមនុស្ស អាដហុក បាន​ថ្លែងថា កន្លងមក​អ្នក​ដែល​ទទួលរង​គ្រោះ​ដោយ​អំពើ​ជួញ​​ដូរ​មនុស្ស​តាមរយៈ​មេខ្យល់​ក្ដី តាមរយៈ​កម្រិត​ចំណេះដឹង​ព័​ត៌​មាន​និង​បញ្ហា​ជីវភាព​ក្តី​គឺ​សុទ្ធតែជា​បញ្ហា​ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ក្នុង​អំពើ​ជួញដូរ​នេះ​។ លោក​ថា នៅពេលដែល​ជនរងគ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស ត្រូវបាន​រំដោះ​ត្រឡប់មកវិញ អ្វីដែល​ជនរងគ្រោះ​ត្រូវការ​បំផុត​នោះ​គឺ​សេវា​សង្គម និង​សេវា​យុត្តិធម៌ ខណៈដែល​កន្លងមកនេះ ជនរងគ្រោះ ហាក់បីដូចជា​ទទួលបាន​សេវា​ទាំងនេះ​នៅ​ខ្វះខាត​និង​នៅ​មិនទាន់​ដោះស្រាយ​ឱ្យមាន​ប្រសិទ្ធភាព​នៅឡើយ​៕​