​ព្រះសីហនុៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​ជំរុញ​ឱ្យ​អាជ្ញាធរខេត្ត​ព្រះសីហនុ​គ្រប់​ជាន់ថ្នាក់​ត្រូវ​ពង្រឹង​សន្តិសុខ និង​ស្ថិរភាព​នៅក្នុង​ខេត្ត ជា​ពិសេស​តំបន់​គោលដៅ​ទេសចរណ៍​និង​តំបន់ឧស្សាហកម្ម​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក និង​អ្នកវិនិយោគ​មក​វិនិយោគ​នៅក្នុង​ខេត្ត​នេះ​។​

​លោក​ជំរុញ​ដូច្នេះ​ក្នុង​ពិធី​ជួប​សំណេះ​សំ​ណា​ល​ជាមួយ​កម្មករ និយោជិត ចំនួន​ជាង ​១,៥ ​ម៉ឺន​នាក់ នៅតាម​បណ្តា​រោងចក្រ សហគ្រាស ដែលមាន​មូល​ដ្ឋា​ន​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេ​ម​បូ​ឌា​ន ចេ​ជាង​ហ្គ័​រ​ជី ​(Cambodian Zhejiang Guoji)​ ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​ ៧ ខែវិច្ឆិកា​។​

​លោក​ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការពង្រឹង​ការងារ​សន្តិសុខ​សណ្ដាប់​ធ្នាប់​សំខាន់​ណាស់​នៅ​ខេត្ត​ព្រះសីហនុ​ក៏បាន​និង​នៅ​ស្ទើរ​គ្រប់កន្លែង​ទាំងអស់ ជាពិសេស​គោលដៅ​ដែលជា​តំបន់​ទេសចរណ៍ និង​តំបន់ឧស្សាហកម្ម និង​តំបន់​ផ្សេងៗ​គឺ​ត្រូវ​ធានាបាន​សន្តិសុខ ស្ថិរភាព ដោយ​លោក​បន្ថែមថា​៖«​អត់​មាន​នរណា​ចង់​មកលេង​សមុទ្រ​ទេ បើ​មក​គេ​ប្រាប់ថា​ទៅ ប៉ុន្តែ​ប្រយ័ត្ន​ផង ប្រយ័ត្ន​គេ​បាញ់​គ្នា​រត់​អត់​ទាន់​។ ទៅ​ប្រយ័ត្ន​ចោរឆក់ ទៅ​ប្រយ័ត្ន​ចោរ​​ប្លន់ ទៅ​ប្រយ័ត្ន​អី​»​។​

​លោកនាយក​រដ្ឋមន្ត្រី​បាន​បន្ថែមថា ហេដ្ឋារចនាសម្ព័ន្ធ​មាន​ហើយ​នៅក្នុង​ខេត្ត​នេះ ប៉ុន្តែ​ដើម្បីឱ្យ​រចនាសម្ព័ន្ធ​នេះ​មានន័យ​ទៅបាន​ទាល់​តែមាន​មនុស្ស​ប្រើ​។ ខេត្ត​ព្រះសីហនុ និង​គណៈកម្មការ​អភិវឌ្ឍ​ន៍​ឆ្នេរ​បានធ្វើ​ច្រើនណាស់​។ រាជរដ្ឋាភិបាល​បាន​ដាក់ទុន​រាប់រយ​លាន​ដុល្លារ​ដើម្បី​ធ្វើ​ផ្លូវ​«​ប៉ុន្មាន​ខ្សែ​»​នៅក្នុង​ខេត្ត​នេះ​។ ឆ្នេរ​ត្រូវ​បានរៀបចំ​បានល្អ​ការងារ​ក៏ត្រូវ​បាន​បង្កើត​ហើយ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ​ក៏​អាចធ្វើ​ដំណើរ​ទៅ​ព្រឹក​វិល​ល្ងាច​បាន​ផងដែរ​។​

​លោក ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា​៖«​អ៊ីចឹង​សន្តិសុខ​ត្រូវការ​ធានា​ជូន​គាត់ មិន​ថា​ទេសចរ​បរទេស ទេសចរ​ក្នុងស្រុក ហើយ​សូម្បីតែ​អ្នក​មក​ធ្វើ​ការងារ​ហ្នឹង​ប្រសិនបើ​អ​សុវត្ថិភាព​ក៏​គេ​អត់​មក​ដែរ​មិន​ងាយ​ចង់​មក​ទេ​។ អ៊ីចឹង​រឿង​កិច្ចការ​សន្តិសុខ​នេះ​ត្រូវ​ពង្រឹង​។ អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​កម្លាំង​សមត្ថកិច្ច ឯកឧត្តម​ស្នងការ ឯកឧត្តម​មេ​បញ្ជា​​ការ​កងរាជអាវុធហត្ថ​ខេត្ត រួមជាមួយ​សមត្ថកិច្ច​កងកម្លាំងប្រដាប់អាវុធ​គ្រប់​[​ជាន់ថ្នាក់​]​បំពេញភារកិច្ច​បម្រើ​ស្ថិរភាព​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​របស់​យើង​»​។​

​ពាក់ព័ន្ធ​ការពង្រឹង​សន្តិសុខ​នេះ លោក​ យង់ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ បានបង្ហាញ​ការយល់ឃើញ​របស់លោក​ថា កុំថាឡើយ​តែ​ខេត្ត​ព្រះសីហនុ គឺ​ទូទាំងប្រទេស​កម្ពុជា ទូទាំង​ច្រកចេញចូល​នៃ​ច្រក​អន្តរជាតិ​ទូទាំង​តំបន់ ច្រក​អន្តរជាតិ​ផ្លូវគោក ផ្លូវទឹក គឺ​ត្រូវតែ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ស្ដីពី​អន្តោប្រវេសន៍​ឱ្យ​សម​ស្របទៅតាម​ច្បាប់​របស់​ប្រទេស​កម្ពុជា​ដោយ​កុំ​មានការ​លើកលែង​ចំពោះ​គ្រប់​ជាតិ​សាសន៍​ទាំងអស់​ដើម្បី​ធានា​សុខ​សុវត្ថិភាព​ជូន​គ្រប់​ភ្ញៀវទេសចរ និង​ក៏ដូចជា​សុខ​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ផងដែរ​។​

​លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​នៅ​ថ្ងៃទី​ ៧ វិច្ឆិកា ថា ប្រសិនបើ​ប្រទេស​កម្ពុជា​ទាំងមូល ឬ​តំបន់​ណាមួយ​ឃើញថា​បញ្ហា​អសន្តិសុខ បញ្ហា​ចោរកម្ម បញ្ហា​គ្រឿងញៀន ហ្គេម​អន​ឡាញ​ផ្សព្វ​ផ្សាយ​ចេញទៅ​ប្រទេស​កម្ពុជា​និយាយ​ជារួម និយាយ​ដោយឡែក​ក្រុង​ព្រះ​​សីហនុ​ទៅជា​តំបន់​ឧក្រិដ្ឋកម្ម​តំបន់​ដែល​គេ​គួរឱ្យខ្លាច​។​ដូច្នេះ​ទាំង​ភ្ញៀវទេសចរ និង​អ្នកវិនិយោគ​ក៏​មិន​ហ៊ាន​មក​ដែរ​។​

​លោក ​យង់ ពៅ បាន​បន្តថា​៖ «​អ៊ីចឹង​ត្រូវតែ​ពង្រឹង​សុខសន្តិភាព​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឱ្យ​ស្មើភាព​គ្នា​កុំ​ឱ្យមាន​វប្បធម៌​អន្តរាគមន៍​ឱ្យសោះ​ទី​១​។ ទី​២ ​គឺ​ត្រូវតែ​ពិនិត្យមើល​ប្រព័ន្ធ​ផ្សព្វផ្សាយ ចូលរួម​ផ្សព្វផ្សាយ​នូវ​សុខសន្តិភាព​របស់​កម្ពុ​ជា ផ្សព្វផ្សាយ​នូវ​ផលិតផល​ទេសចរណ៍​កម្ពុជា ជាជាង​ផ្សព្វផ្សាយ​តែ​រឿង​ចោរកម្ម​ឃាតកម្ម​អី​ហូរហែ​ដែល​ចែករំលែក​តៗ​គ្នា ហាក់ដូចជា ប្រទេស​កម្ពុជា​ហ្នឹង​សម្បុក​ចោរកម្ម​ឧក្រិដ្ឋកម្ម​អ៊ីចឹង​។ ទី​៣ ក្រៅពី​ទាំងនេះ​គឺ​ត្រូវតែ​ពិនិត្យមើល​ផលិតផល​ទេសចរណ៍ គាំទ្រ​វិស័យ​ទេសចរណ៍​។ បើ​យើង​ខំ​ធ្វើឱ្យមាន​សុខសន្តិភាព​អី​ហូរហែ ប៉ុន្តែ​យើង​ខ្វះ​ផលិតផល​ទេសចរណ៍ ផលិតផល​ដែល​អាច​គាំទ្រ​ទេសចរណ៍​ក៏​គេ​មិនដឹងថា​មក​ថា​ម៉េច​?​ដូច្នេះ​ត្រូវធ្វើ​ទាំង​ព្រម​»​។​

​លោក​បាន​បញ្ជាក់ថា​៖ «​វា​ដល់​ពេលវេលា​ដែល​រដ្ឋាភិបាល​ត្រូវ​កែទម្រង់​ស៊ីជម្រៅ​ពិតប្រាកដ កុំឱ្យ​មានតែ​នៅក្នុង​ក្រដាស ដូចដែល​សម្តេច​ធិបតី ហ៊ុន​ ម៉ា​ណែ​ត បាន​លើក​ម្សិលមិញ ខ្ញុំ​ចាំ​ថា កែទម្រង់​កុំឱ្យ​តែមាន​ទ្រឹស្ដី​ក្នុង​ក្រដាស​ត្រូវអនុវត្ត​ជាក់ស្ដែង​ឱ្យឃើញ​លទ្ធផល​ជាក់ស្ដែង​ដើម្បី​គុណសម្បត្តិ គុណ​ប្រយោជន៍​ប្រជាជាតិ​ហើយ​ដើម្បី​លើក​ស្ទួយ​សេដ្ឋកិច្ច​យើង​។ ប្រសិនបើ​យើង​មិន​ធ្វើឱ្យបាន​ប្រាកដប្រជា​ទេ សេដ្ឋកិច្ច​នឹង​កាន់តែ​ដុនដាប​ថែមទៀត​»៕