សៀមរាបៈ ​ អង្គការ​ទស្សនៈ​ពិភពលោក​អន្តរជាតិ ប្រចាំ​នៅ​កម្ពុជា បាន​សហ​ការ​ជាមួយនឹង​ក្រសួងសុខាភិបាល​,​ កម្មវិធី​ជាតិ​អាហារូបត្ថម្ភ និង​ មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក​ បាន​ពង្រីក​ការអនុវត្ត​គម្រោង «​មណ្ឌល​សុខភាព​គំរូ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ម្តាយ​» នៅ​មណ្ឌល​សុខភាព​ចំនួន ៣៤ ទៀត ក្នុង​ខេត្តសៀមរាប និង​ខេត្តព្រះវិហារ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​អង្គការ​ទស្សនៈ​ពិភពលោក​ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី​ ៧ ​វិច្ឆិកា ឆ្នាំ​ ២០២៣ បានឱ្យដឹងថា គម្រោង​ «​មណ្ឌល​សុខ​ភាព​គំរូ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ម្តាយ​» នេះ ទទួលបាន​ថវិកា​គាំទ្រ​ពី Else Kröner-Fresenius-Stiftung (EKFS) តាមរយៈ​អង្គការ​ទស្សនៈ​ពិភពលោក​អាល្លឺម៉ង់ និង​ដោយមាន​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល​ក្រោយពី​ការ​អនុ​វត្ត​សាកល្បង​បាន​ជោគជ័យ នៅ​មណ្ឌល​សុខភាព​ចំនួន ​៨ នៅ​ខេត្តសៀមរាប នៅ​ឆ្នាំ ​២០២២-២០២៣​។​

​សេចក្តីប្រកាស​បញ្ជាក់ថា គម្រោង​រយៈពេល​៣​ឆ្នាំ (២០២៣-២០២៦) ទៀត​នេះ​នឹង​ផ្តល់​ផល​វិជ្ជមាន​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​ជាង ៥៤​ ម៉ឺន​នាក់ ទារក​ទើបនឹង​កើត​ចំនួន​ជាង​ ១ ​ម៉ឺន​ ៥ ​ពាន់​នាក់ និង​បុគ្គលិក​មណ្ឌល​សុខភាព​ចំនួន ១៣០ នាក់​តាមរយៈ​ការកសាង​សមត្ថ​ភាព​របស់​បុគ្គលិក​ម​ណ្ឌ​ល​សុខភាព និង​ការចូល​រួមជាមួយ​មន្ទី​រ​សុខាភិបាល​ខេត្ត ដើម្បី​ត្រួតពិនិត្យ និង​តាមដាន​សេវា​ដែល​ផ្តល់​ដោយ​មណ្ឌល​សុខភាព​ទាំង ៣៤ នេះ​។

អង្គការ​ទស្សនៈ​ពិភពលោក​បាន​សង្កត់ធ្ងន់​ថា ៖ «​គម្រោង​នេះ​ក៏​នឹង​ប្រមូលផ្តុំ និង​បណ្តុះបណ្តាល​អ្នក​ប្រឹក្សា​ការ​បំបៅ​ដោះ​កូន​នៅ​កម្រិត​សហគមន៍ ដើម្បី​ផ្តល់​ប្រឹក្សា​ដល់​ម្តាយ និង​សមាជិកគ្រួសារ​ទាំងអស់ ពី​ការផ្តល់​ទឹកដោះ​ម្តាយ​ដល់​ទារក​ទើបនឹង​កើត ទារក និង​កុមារ​តូចៗ​»​។

​សូម​បញ្ជាក់ដែរថា អត្រា​កង្វះ​អាហារូបត្ថម្ភ​ក្នុងចំណោម​កុមារ​អាយុ​ក្រោម ៥​ ឆ្នាំ នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​កម្រិត​ខ្ពស់បំផុត​នៅក្នុង​តំបន់ ដោយនៅ​ក្នុងនោះ កុមារ ២២% មាន​កម្ពស់​ទាប​ធៀប​នឹង​អាយុ (​ក្រិស​ក្រិន​) និង​កុមារ ​១០% មិនមាន​ទម្ងន់​គ្រប់គ្រាន់​ធៀប​នឹង​កម្ពស់ ​(​ស្គមស្គាំង​)​។ ការផ្តល់​អាហារ​មិន​ត្រឹមត្រូវ ទឹក​កខ្វក់ កង្វះ​អ​នា​ម័​យ ភាពក្រីក្រ និង​កង្វះ​ការអប់រំ​របស់​ម្តាយ គឺជា​មូលហេតុ​ចម្បង​ដែល​ធ្វើឱ្យ​កុមារ​ខ្វះ​អាហារូបត្ថម្ភ​។​

​លោកស្រី គឹម រ័ត្ន​នា នាយក​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក (NMCHC) បាន​ថ្លែង​នា​ពិធី​ដាក់​ដំណើការ​អនុវត្តន៍​គម្រោង​នេះ​ថា ក្រសួង​សុខាភិបាល​បាន​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ ដូចជា​អង្គការ​ទស្សនៈ​ពិភព​លោក ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​អត្រា​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​នៅក្នុង​ប្រទេស​កម្ពុជា​។ លោកស្រី​បន្តថា នៅ​កម្ពុជា មានតែ​ពាក់កណ្តាល​នៃ​ម្តាយ​ទាំង​អស់​ដែល​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​តែ​ ១ ​មុខ​គត់ ក្នុង​រយៈពេល ៦ ​ខែ​ដំបូង ដូច្នេះហើយ​វា​ជា​រឿង​ចាំបាច់​ក្នុងការ​​បង្កើន​ចំណេះដឹង ក្នុងចំណោម​ស្ត្រី​មាន​ផ្ទៃពោះ និង​ម្តាយ​ក្រោយ​សម្រាល​ពី​អត្ថ​ប្រយោជន៍​នៃ​ការ​បំបៅកូន​ដោយ​ទឹក​​ដោះ​ម្តាយ​។

​លោកស្រី​បន្តថា​៖ «​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​គឺជា​អា​ហារ​ដ៏​ល្អ​បំផុត​សម្រាប់​ទារក​ទើបនឹង​កើត និង​ទារក ហើយ​ជួយ​ការពារ​ទារក​ប្រឆាំង នឹង​ជំងឺ​ជាច្រើន​។ កុមារ​ដែល​ធំធាត់​ដោយ​ការ​បំបៅ​ដោយ​ទឹកដោះ​ម្តាយ ទទួលបាន​ពិន្ទុ​ល្អ​ក្នុងការ​ធ្វើតេស្ដ​បញ្ញា ហើយ​ពួកគេ​មិនសូវ​ងាយ​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​ឬ​ជំងឺឆ្លង​ផ្សេងៗ​ទៀត​នៅពេល​ពួកគេ​ធំ​ឡើង​ផងដែរ​»​។​

​ការជួយ​គាំទ្រ ជាពិសេស​ការផ្តល់​វគ្គ​បណ្តុះបណ្តាល ដល់​បុគ្គលិក​មណ្ឌល​សុខភាព​ស្តីពី​ការលើកកម្ពស់​ការ បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​នឹង​អាចឱ្យ​ពួក​គាត់​ផ្តល់​ចំណេះដឹង និង​ការអប់រំ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង​ម្តាយ​ក្រោយ​សម្រាលកូន​ជាពិសេស​ម្តាយ​ដែលមាន​កូន​ដំបូង​។ នេះ​បើតាម​លោកស្រី គឹម រ័ត្ន​នា​។​

​យោងតាម​ការអង្កេត​ប្រជាសាស្ត្រ និង​សុខភាព​កម្ពុជា​បង្ហាញថា ទោះបីជា ៩៩% នៃ​ការ​សម្រាលកូន ត្រូវបាន​សម្រាល​ដោយ​អ្នកជំនាញ​ក៏ដោយ (៦៨% ​សម្រាលកូន​ដោយ​គិ​លា​នុប​ដ្ឋា​យិ​កា​ឬ​ឆ្មប ​២%​ សម្រាលកូន​ដោយ​ជំនួយ​​ការ​ឆ្មប និង ២៩% ​សម្រាលកូន​ដោយ​វេជ្ជបណ្ឌិត​) ​ប៉ុន្តែ​មានតែ​៥៤%​ នៃ​ទារក​ទើបនឹង​កើត​ប៉ុណ្ណោះ ដែល​ទទួល​បានការ​បំបៅ​ដោយ​ទឹកដោះ​ម្តាយ​ក្នុង​រយៈ​​ពេល ១ ​ម៉ោង​បន្ទាប់ពី​សម្រាល​។​

​ជាមួយគ្នា​នោះដែរ​លោក គួ​ង ឡូ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តព្រះវិហារ ថ្លែងថា ទឹកដោះ​ម្តាយ​ជា​ឱសថ​សម្រាប់​ការពារ​ទារក​ពី​ជំងឺ​ជាច្រើន ដូច្នេះហើយ​គម្រោង​នេះ លើកកម្ពស់​ចំណេះដឹង ជំនាញ និង​អាកប្បកិរិយា​សមស្រប​នៃ​ការអនុវត្ត​ការ​បំបៅកូន​ដោយ​ទឹកដោះ​​ម្តាយ​របស់​បុគ្គលិក​ម​ណ្ឌ​ល​សុខភាព​ស្របតាម​គំនិត​ផ្តួចផ្តើម​របស់​គម្រោង មណ្ឌល​សុខភាព​ស្រឡាញ់​ទារក​។​

​លោក​បញ្ជាក់ថា​៖«​ផ្អែក​តាម​ទិន្នន័យ​ចុងក្រោយ​នៃ​ការស្ទង់មតិ​សុខភាព​ប្រជាសាស្ត្រ​កម្ពុជា ខេត្តព្រះវិហារ និង​ខេត្តសៀមរាប មាន​ភាគរយ​នៃ​ការផ្តល់សេវា​តាម​មណ្ឌល​សុខភាព​ខ្ពស់ គឺមាន​រហូតដល់​ ៩៤,៨% និង ៩៧,៤%​ តែ​ការចាប់​ផ្តើមដំបូង​នៃ​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​នៅតែមាន​កម្រិត​ទាប​ដោយ ៤២,៤% ​និង ​៥៦, ២%»​។

​ប្រធាន​បច្ចេកទេស​កម្ម​វិធី​អាហារូបត្ថម្ភ​របស់​អង្គការ​ទស្សនៈ​ពិភពលោក​លោក​ស្រី​ក្រា​ណា ពូ សេល​វី បាន​មាន​ប្រសា​សន៍​ថា​៖ «​គ្រឹះស្ថាន​សុខាភិបាល​ដើរ​​តួនាទី​យ៉ាងសំខាន់​ក្នុងការ​លើកទឹកចិត្ត និង​គាំទ្រ​ម្តាយ​វ័យក្មេង​ឱ្យ បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​ដោយ​ជោគជ័យ​»​។

​លោកស្រី​ថា បុគ្គលិក​មណ្ឌល​សុខ​ភាព នឹង​ទទួលបាន​វគ្គ​បណ្តុះបណ្តាល ដើម្បី​លើកកម្ពស់​ការអនុវត្ត​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ និង​ទទួល​បានការ​លើកទឹកចិត្ត​ដើម្បី​ធ្វើឱ្យ​មណ្ឌល​សុខភាព​របស់​ពួកគេ​កា្ល​យ​ជា​«​មន្ទីរពេទ្យ​ស្រឡាញ់​ទារក​»​ហើយនឹង​ត្រូវបាន​ត្រួតពិនិត្យ​ដោយ​មន្ត្រី​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​។ គម្រោង​នេះ​នឹង​ត្រូវបាន​អនុវត្ត​ដោយមាន​ការសម្របសម្រួល​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​សុខភាព​មាតា និង​ទារក និង​កម្មវិធី​ជាតិ​អាហារូបត្ថម្ភ​៕