រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ដល់​ប្រតិបត្តិ​ករ​បូម​សំណល់​ភក់​បង្គន់​ទាំងអស់ ដាក់ពាក្យ​ស្នើសុំ​អាជ្ញា​បណ្ណ​ផ្តល់​សេវាកម្ម​បូម ប្រមូល ដឹកជញ្ជូន និង​បញ្ចេញ​ចោល​សំណល់​ភក់​បង្គន់ ដើម្បី​ធានា​ដល់​សោ​ភណ្ឌ​ភាព សណ្តាប់ធ្នាប់​ល្អ និង​អនាម័យ​បរិស្ថាន​ស្អាត​។ ​សេចក្តីណែនាំ​រដ្ឋបាល​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី​១០​ខែវិច្ឆិកា ឆ្នាំ ២០២៣ បានឱ្យដឹងថា បច្ចុប្បន្ន រាជធានី​ភ្នំពេញ​មានការ​អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ និង​មាន​សុខសន្តិភាព ហើយ​ប្រជាពលរដ្ឋ​មាន​ជីវភាព​កាន់តែ​ធូរធារ​ឡើង ដែល​ធ្វើឱ្យ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ក៏មាន​ការកើនឡើង​ផងដែរ​។ ដោយសារ​កំណើន​ប្រជាពលរដ្ឋ និង​ការប្រើប្រាស់​ទឹក បានធ្វើឱ្យ​សំណល់​ភក់​បង្គន់​កើនឡើង​យ៉ាង​ឆាប់រហ័ស​ស្រប​ជាមួយនឹង​កំណើន​រថយន្ត​បូម​សំណល់​ភក់​បង្គន់​ដែល​កំពុងផ្តល់​សេវាកម្ម​នៅ​រាជធានី​ភ្នំពេញ​។​ ​យ៉ាងណាមិញ រដ្ឋបាល​រាជធានី​ភ្នំពេញ​បញ្ជាក់ថា​៖«​ប៉ុន្តែ​ការគ្រប់គ្រង​សំណល់ ភក់​បង្គន់​ពី​អាង​ស្តុក​លាមក​នេះ នៅ​មិនទាន់​សមស្រប​តាម​លិខិតបទដ្ឋាន​គតិយុត្ត និង​លក្ខណៈ​បច្ចេកទេស នៅឡើយ ដោយបាន​បង្ក​ផលប៉ះពាល់​ដល់​សុខុមាលភាព​សាធារណៈ និង​អនាម័យ​បរិស្ថាន​នៅ​រាជធានី​ភ្នំពេញ ដែល​ទាមទារ​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ត្រូវធ្វើ​ការគ្រប់គ្រង​ឱ្យបាន​ល្អប្រសើរ​»​។​ ​ដូចនេះ ដើម្បី​ធ្វើឱ្យ​រាជធានី​ភ្នំពេញ​មាន​សោភ័ណភាព សណ្តាប់ធ្នាប់​ល្អ អនាម័យ​បរិស្ថាន​ស្អាត គ្មាន​ការបំពុល ជាទី​ក្រុង​បៃតង និង​ជា​កន្លែង​ផ្តល់នូវ​សុខុមាលភាព​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ រដ្ឋបាល រាជធានី​ភ្នំពេញ ធ្វើការ​ណែនាំ​ដល់​ប្រតិបត្តិ​ករ​បូម​សំណល់​ភក់​បង្គន់​ពី​អាង​ស្តុក​លាមក មន្ទីរជំនាញ រដ្ឋបាល ខណ្ឌ​ទាំង ១៤ និង​រដ្ឋបាល​សង្កាត់​ទាំង ១០៥ នូវ​លក្ខណៈ​មួយចំនួន​។ ​ក្នុងនោះ ចំពោះ​ប្រតិបត្តិ​ករ ដែល​ផ្ដល់​សេវាកម្ម​បូម ប្រមូល ដឹកជញ្ជូន និង​បញ្ចេញ​ចោល​​សំណល់​ភក់​បង្គន់ ពី​អាង​ស្តុក​លាមក នៅ​រាជធានី​ភ្នំពេញ ត្រូវបំពេញ​លក្ខខណ្ឌ​មួយចំនួន ដោយ​ត្រូវ​ស្នើសុំ​អាជ្ញា​បណ្ណ​ផ្តល់​សេវាកម្ម​បូម ប្រមូល ដឹកជញ្ជូន និង​បញ្ចេញ​ចោល​សំណល់​ភក់​បង្គន់ នៅ​សាលា​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​១ រហូតដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២៣​។ ​អាជ្ញា​បណ្ណ​នេះ ផ្តល់ជូន​សម្រាប់​រយៈពេល ១​ឆ្នាំ គិត​ចាប់ពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២៤ ដល់​ប្រតិបត្តិ​ករ​ដោយ​មិន​គិតថ្លៃ​។​ ​ក្រោយ​ទទួលបាន​អាជ្ញា​បណ្ណ ប្រតិបត្តិ​ករ​មាន​សិទ្ធិ​ផ្តល់​សេវាកម្ម​បូម ប្រមូល ដឹកជញ្ជូន និង បញ្ចេញ​ចោល​សំណល់​ភក់​បង្គន់ នៅ​ស្ថានីយ​ប្រព្រឹត្ត​កម្ម​សំណល់​ភក់​បង្គន់​ដែលមាន​ទីតាំង ស្ថិតនៅ​សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។ ចំពោះ​មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ និង​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ និង​រដ្ឋបាល​សង្កាត់​ទាំង ១០៥ ត្រូវធ្វើ​ការផ្សព្វផ្សាយ ជំរុញ និង​លើកទឹកចិត្ត​ដល់​ប្រិ​តិ​ប​ត្តិ​ករ​បូម​សំណល់​ភក់​បង្គន់​ទាំងអស់​ឱ្យមក​ដាក់ពាក្យ​ស្នើសុំ​អាជ្ញា​បណ្ណ​ផ្តល់​សេវាកម្ម​បូម ប្រមូល ដឹកជញ្ជូន និង​បញ្ចេញ​ចោល​សំណល់ ភក់​បង្គន់​ពី​អាង​ស្ដុក​លាមក​ឱ្យបាន​ត្រឹមត្រូវ​។​ ​ត្រូវ​សម្របសម្រួល​ដល់​កិច្ច​ដំណើរ​ការផ្តល់សេវា​កម្ម​បូម ប្រមូល ដឹកជញ្ជូន និង​បញ្ចេញ​ចោល សំណល់​ភក់​បង្គន់​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ឱ្យ​ដំណើរការ​ទៅ​រលូន និង​ល្អប្រសើរ សម្របសម្រួល​ដល់​ប្រតិបត្តិ​ករ​ផ្តល់​សេវាកម្ម​បូម ប្រមូល ដឹកជញ្ជូន និង​បញ្ចេញ​ចោល​សំណល់ ភក់​បង្គន់​នៅ​រាជធានី​ភ្នំពេញ​ទាំងអស់ ត្រូវ​ចូល​ចាក់​សំណល់​ភក់​បង្គន់​នៅ​ទីតាំង​ដែល​រដ្ឋបាល រាជធានី​ភ្នំពេញ បានកំណត់​ខាងលើ​។ ​ចូលរួម​សហការ​ពង្រឹង​ការអនុវត្ត​វិធានការ​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា​ពាក់ព័ន្ធ​នឹង ការគ្រប់គ្រង​សំណល់​ភក់​បង្គន់​នៅ​រាជធានី​ភ្នំពេញ​។​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ថា ប្រតិបត្តិ​ករ​បូម​សំណល់​ភក់​បង្គន់​ទាំងអស់ នឹង​សហការ​ចូលរួម​អនុវត្ត​សេចក្តីណែនាំ​នេះ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។ ​ក្នុង​សេចក្តីណែនាំ​សង្កត់ធ្ងន់ថា​៖«​ក្នុងករណី​ប្រតិបត្តិ​ករ​បូម​សំណល់​ភក់​បង្គន់​ណាមួយ មិន​អនុវត្តតាម​ខ្លឹមសារ​នៃ​សេចក្តីណែនាំ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​»៕