រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ប៉េង ពោធិ៍​នា និង​លោក កៅ គឹមហួន អគ្គលេខាធិការ​អាស៊ាន បាន​ព្រមព្រៀងគ្នា​បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​អាស៊ាន ពិសេស​លើ​វិស័យ​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ក្នុង​តំបន់ លើកកម្ពស់​ការតភ្ជាប់ និង​ការដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​ប្រកបដោយ​ប្រសិទ្ធភាព​។​ ​ការព្រមព្រៀង​រវាង​ភាគី​ទាំងពីរ​ធ្វើឡើង​កាលពី ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ ក្នុង​ឱកាសលោក ប៉េង ពោធិ៍​នា ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន​លើក​ទី​២៩ នៅ​ទីក្រុង​ហ្លួងព្រះបាង សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ដែល​បានទទួល​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​លោក កៅ គឹមហួន អគ្គលេខាធិការ​អាស៊ាន​។ នេះ​បើតាម​ខ្លឹមសារ​របស់ ​ក្រសួង​សាធារណការ​។ ​ប្រភព​ដដែល​បន្តថា​៖«​នាឱកាស​នោះ ភាគី​ទាំង​២​ពិភាក្សា​អំពី​អាទិភាព​ការងារ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​លទ្ធភាព​បង្កើន​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​សាធារណការ និង​ដឹកជញ្ជូន រវាង​កម្ពុជា និង​អាស៊ាន​»​។ ​ជាមួយគ្នា​នោះ​លោក កៅ គឹមហួន បាន​កោតសរសើរ​ដល់​កម្ពុជា ដែល​បាននិងកំពុង​ចូលរួម​យ៉ាងសកម្ម​ក្នុង​គំនិត​ផ្តួចផ្តើម​នានា​របស់​អាស៊ាន ក្នុង​គោលបំណង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ក្នុង​តំបន់ និង​លើកកម្ពស់​ការតភ្ជាប់ និង​ការដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​ប្រកបដោយ​ប្រសិទ្ធភាព ដែល​បាន​ចូលរួមចំណែក​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ ព្រមទាំង​ការធ្វើ​ចរាចរ​ទំនិញ និង​សេវាកម្ម​ក្នុង​តំបន់​អាស៊ាន​។​ ​លោក ប៉េង ពោធិ៍​នា បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​អគ្គលេខាធិការ​អាស៊ាន​ស​ម្រា​ប់​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​ក្នុង​វិស័យ​ដឹកជញ្ជូន​ជាមួយ​ប្រទេស​ជា​សមាជិក​អាស៊ាន​នាពេល​កន្លងមក និង​បាន​ស្នើឱ្យ​លេខាធិការដ្ឋាន​អាស៊ាន​បន្ត​ជួយ​គាំទ្រ​កម្ពុជា ក៏ដូចជា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ក្នុង​វិស័យ​សាធារណការ និង​ដឹកជញ្ជូន​នាពេល​អនាគត​។ ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន​លើក​ទី​២៩ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ខាងលើ ផ្តោតលើ​ការពិនិត្យ​ការអនុវត្ត​ផែនការ​សកម្មភាព​នៅក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ដែល​បាន​អនុវត្ត​ក្នុង​ឆ្នាំ ២០២៣ និង​កំណត់​ទិសដៅ​, គោលនយោបាយ និង​ផែនការ​សកម្មភាព​សម្រាប់​អនុវត្ត​ក្នុង​ឆ្នាំ ២០២៤, និង ពិនិត្យ​ផែនការ​សកម្មភាព​ដែល​បាន​អនុវត្ត​ក្នុង​ឆ្នាំ​២០២៣ និង អនុម័ត​ផែនការ​សកម្មភាព​សម្រាប់​អនុវត្ត​នៅក្នុង​ឆ្នាំ​២០២៤ ជាមួយ​ដៃគូ​អភិវឌ្ឍន៍ រួមមាន អាស៊ាន​-​ចិន​, អាស៊ាន​-​ជប៉ុន​, និង​អាស៊ាន​-​កូរ៉េ​។ ​កិច្ចប្រជុំពេញអង្គ​នៃ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន​លើក​ទី​២៩​នេះ បាន​ពិភាក្សា​លើ​ចំណុចខ្លាំង ចំណុចខ្សោយ បញ្ហា​ប្រឈម និង​ដំណោះស្រាយ​នៅ​គ្រប់​វិស័យ​ដឹកជញ្ជូន​រួមមាន ការដឹកជញ្ជូន​ផ្លូវគោក​, ការដឹកជញ្ជូន​ផ្លូវទឹក និង​ផ្លូវ​សមុទ្រ​, ការដឹកជញ្ជូន​ផ្លូវអាកាស​, កិច្ចសម្របសម្រួល​ការ​ដឹកជញ្ជូន និង​ការដឹកជញ្ជូន​ប្រកបដោយ​និរន្តរភាព​។ ​ក្នុង​កិច្ចប្រជុំពេញអង្គ​នា​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ លោក ប៉េង ពោធិ៍​នា បានធ្វើ​បទ​អន្តរាគមន៍​ស្តីពី​ការអភិវឌ្ឍ​លើ​វិស័យ​ដឹកជញ្ជូន និង​ឡូ​ជី​ស្ទីក​នៅ​ប្រទេស​កម្ពុជា ដែល​ការអភិវឌ្ឍ​នេះ បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការតភ្ជាប់​ប្រទេស​កម្ពុជា ជាមួយ​ប្រទេសជិតខាង និង​ការតភ្ជាប់​របស់​ប្រទេស​កម្ពុជា​នៅក្នុង​ក្របខ័ណ្ឌ​តំបន់​ផងដែរ​៕