រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក ឈាង រ៉ា បាន​លើកទឹកចិត្ត​ប្រតិភូ​យុវជន​កម្ពុជា​ដែល​នឹង​ទៅ​ចូលរួម​កម្មវិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍​នៅ​ប្រទេស​ជប៉ុន ខិតខំ​ក្រេបជញ្ជក់​នូវ​បទពិសោធន៍​នានា​ជាពិសេស គឺ​ជំនាញ​ទន់ ការកសាង​នូវ​បណ្តាញ​ទំនាក់ទំនង និង​ការជំរុញ​នូវ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ផងដែរ​។​ ​ការលើកទឹកចិត្ត​នេះ ត្រូវបាន​លើកឡើង​អំឡុងពេល​លោក ឈាង រ៉ា បានទទួល​ជួប​ជាមួយ​សមាគម​នាវា​យុវ​ជន​អាស៊ីអាគ្នេយ៍​កម្ពុជា​« SSEAYP International Cambodia» នៅ​ទីស្តីការក្រសួង កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ ២០២៣​។ ប្រតិភូ​យុវជន​កម្ពុជា នឹង​ទៅ​ចូលរួម​ក្នុង​កម្មវិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍ និង​ជប៉ុន​(SSEAYP) លើក​ទី​៤៧ ឆ្នាំ​២០២៣ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ដល់​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០២៣ នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។​ ​បើតាម​ក្រសួងសុខាភិបាល លោក​រដ្ឋមន្ត្រី បាន​អបអរសាទរ ប្អូនៗ​យុវជន​ដែល​ត្រូវបាន​ជ្រើសរើស​ចូលរួម​កម្មវិធី នាវា​យុវជន​អាស៊ីអាគ្នេយ៍ និង​ជប៉ុន លើក​ទី​៤៧ «The Ship for Southeast Asian and Japanese Youth Program- SSEAYP» ដែល​ប្រតិភូ​យុវជន​មកពី​បណ្តា​ប្រទេស​ផ្សេងៗ​នឹង​រួមគ្នា ក្នុង​សកម្មភាព​ជាច្រើន​។ សកម្មភាព​ទាំងនោះ​រួមមាន ការពិភាក្សា​ជា​ក្រុម​លើ ប្រធានបទ​ផ្សេង​ទាក់ទង​នឹង​ការបង្ហាញ​សិល្បៈ​វប្បធម៌ ការ​ស្នាក់នៅ​ជាមួយ​ឪពុក​ម្តាយធម៌ ទស្សនកិច្ច​សិក្សា និង​ជាពិសេស គឺ​ចូលជួប​សម្តែង​ការគួរសម​ជាមួយ​ថ្នាក់ដឹកនាំ​ប្រទេស​ជប៉ុន និង​អាស៊ាន​។​ ​ក្នុងឱកាស​នោះដែរ លោក​បាន​លើកទឹកចិត្ត ប្រតិភូ​យុវជន​កម្ពុជា​ខិតខំ​ក្រេបជញ្ជក់​នូវ​បទពិសោធន៍​នានា​ជាពិសេស គឺ​ជំនាញ​ទន់​ដូចជា ការបង្កើន​នូវ​ការយល់ដឹង​ទៅវិញទៅមក​នូវ​វប្បធម៌​ក្នុង​តំបន់ ការលើកកម្ពស់​ចំណេះដឹង និង​បទពិសោធន៍​ក្នុង​ភាពជា​អ្នកដឹកនាំ ការធ្វើការងារ និង​រស់នៅ​ជា​ក្រុម ការកសាង​នូវ​បណ្តាញ​ទំនាក់ទំនង និង​ការជំរុញ​នូវ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​។​ ​លោក ហោ សំណាង ប្រធាន​សមាគម​នាវា​យុ​វជន​អាស៊ីអាគ្នេយ៍​កម្ពុជា បាន​ជម្រាបជូន​អង្គប្រជុំ​ថា សមាគម នាវា​យុវជន​អាស៊ីអាគ្នេយ៍​កម្ពុជា បង្កើតឡើង​ក្នុង​គោលបំណង​ធំៗ​ចំនួន​៤ ក្នុងនោះ​ទី​១ ជា​ឆត្រ​ថែរក្សា និង​ពង្រឹង​ទំនាក់ទំនង មិត្តភាព សាមគ្គីភាព​រវាង​អតីត​ប្រតិភូ​យុវជន​ទាំងអស់ ទី​២ រៀបចំ​វគ្គ​បណ្តុះបណ្តាល​មុនពេល​ចេញដំណើរ ដើម្បី​ជាការ​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​គ្រប់​ជ្រុងជ្រោយ ជូន​ប្រតិភូ​យុវជន​ជំនាន់​ក្រោយ ឱ្យ​ចូលរួម​កម្មវិធី​ប្រកបដោយ​ប្រសិទ្ធភាព និង​ភាពជោគជ័យ​។ ៣ កៀរគរ​ធនធាន និង​បំផុសទឹកចិត្ត​យុវជន​ឱ្យ​ចេះ​ផ្តួច​ផ្តើមគំនិត​ក្នុងការ​បង្កើត និង​ចូលរួម​សកម្មភាព​សង្គម​ឱ្យ​កាន់តែ​សកម្ម និង​ទី​៤ ចូលរួម​ជួយ​សម្រេច​ឱ្យបាន​នូវ​គោលបំណង​របស់​កម្មវិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍ និង​ជប៉ុន​។​ ​ក្នុងឱកាស​នោះដែរ លោក​រដ្ឋមន្ត្រី​ក៏បាន​លើកទឹកចិត្ត​ប្រតិភូ​យុវជន​កម្ពុជា ចូលរួម​ផ្សព្វផ្សាយ​អាទិភាព​វិស័យ​សុខាភិបាល ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួងសុខាភិបាល ក្នុងការ​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ដើម្បី​ឈានទៅ​សម្រេចបាន​នូវ​ការ​គ្របដណ្តប់​សុខភាព​ជាស​កល​។​ ​វិស័យ​អាទិភាព​ទាំងនោះ​រួមមាន បង្កើន​សកម្មភាព​អប់រំ​សុខភាព សំដៅ​លើកកម្ពស់​សុខភាព​ពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរឡើង ការប្រយុទ្ធ​នឹង​ជំងឺឆ្លង ការទប់ស្កាត់​នឹង​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​ជាស​កល​ដែលជា​បញ្ហា​សុខភាព​សាធារណៈ និង​ការទប់ស្កាត់​ជំងឺមិនឆ្លង​។​ ​ការទប់ស្កាត់ និង បង្ការ​ជំងឺ​បណ្ដាលមកពី​ផលប៉ះពាល់​បម្រែបម្រួល​អាកាសធាតុ ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ការពិនិត្យ និង​ព្យាបាល​ជំងឺ នៅតាម​សហគមន៍ ជាពិសេស​មណ្ឌល​សុខភាព លើកកម្ពស់​គុណភាព​ការថែទាំ​សុខភាព​នៅ​គ្រប់​កម្រិត តាមរយៈ​ការអភិវឌ្ឍ​ធនធានមនុស្ស និង​ភាពជា​អ្នកដឹកនាំ​នវានុវត្តន៍​ការធ្វើ​និយ័តកម្ម​លើ​សេវា​សុខាភិបាល​សាធារណៈ និង​សេវា​ឯកជន និង​ការអភិវឌ្ឍ​សុខភាព​ឌីជីថល​។ ​លោក​រដ្ឋមន្ត្រី ក៏បាន​ណែនាំ​ដល់​ប្រតិភូ​នាវា​យុវជន​ទាំងអស់ ត្រូវ​រៀបចំខ្លួន​ឱ្យបាន​ស័ក្ដិ​សមជា​កូន​ខ្មែរ ដោយបាន​លើកឡើងថា ប្រតិភូ​នេះហើយ​ជា​តំណាងឱ្យ​ប្រជាជន​ខ្មែរ​ទូទាំងប្រទេស ហើយក៏​ត្រូវ​ធ្វើយ៉ាងណា កសាង​មិត្តភាព​ឱ្យបាន​ច្រើន​ដើម្បី​ថ្ងៃ​អនាគត​អាច​ក្លាយទៅជា​ដៃគូ​សហប្រតិបត្តិការ​ដ៏​ល្អ​៕​