ភ្នំពេញៈ សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ (IDEA) ​និង​អង្គការ​អុក​ស្វា​ម​បាន​ប្រារព្ធ​ទិវា​អ្នកលក់ដូរ​តាម​ដងផ្លូវ​អន្តរជាតិ​ ១៤ ​វិច្ឆិកា  ​លើក​ទី​១១ ក្រោម​ប្រធានបទ «​ពង្រឹងគុណភាព និង​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ​សន្តិសុខ​សង្គម សម្រាប់​អ្នកលក់​ដូរ​តាម​ដងផ្លូវ​នៅ​កម្ពុជា​» ដើម្បី​លើកកម្ពស់​សិទ្ធិ​ការងារ និង​ការទទួលស្គាល់​សិទ្ធិ​របស់​អ្នកលក់ដូរ​នៅតាម​ដងផ្លូវ​។​

​លោក​ វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ (IDEA)​ បានឱ្យដឹង​នៅ​ថ្ងៃទី​ ១៤ ខែវិច្ឆិកា​ថា ឆ្នាំនេះ សមាគម​លោក និង​អង្គការ​អុក​ស្វា​ម បានរៀបចំ​ប្រារព្ធ​ទិវា​អ្នកលក់ដូរ​តាម​ដងផ្លូវ​អន្តរ​ជាតិ​ដែល​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​ ១៥ ខែវិច្ឆិកា ដោយមាន​ការចូលរួម​ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជីវៈ​រួម​នឹង​អ្នកពាក់ព័ន្ធ​នានា​ប្រមាណ​ជា ២០០ ​នាក់​។​

​លោក​បាន​ប្រាប់ថា ទិវា​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​សិទ្ធិ​ការងារ និង​ការទទួលស្គាល់​សិទ្ធិ​របស់​អ្នកលក់ដូរ​តាម​ដងផ្លូវ និង​ក៏​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព រួម​នឹង​ការពង្រីក​វិសាលភាព​កិច្ច​គាំពារ​សង្គម​សម្រាប់​អ្នកលក់ដូរ​តាម​ដងផ្លូវ ជាពិសេស​បង្កើន​កិច្ចសហប្រតិបត្តិការ រវាង​អ្នកលក់ដូរ​តាមផ្លូវ និង​អ្នកពាក់ព័ន្ធ​ដើម្បី​ទទួល​បាន​ការងារ​សមរម្យ និង​ថ្លៃថ្នូរ​។​

​លោក ​វន់ ពៅ បាន​ថ្លែងថា​៖«​សម្រាប់​អ្នកលក់ដូរ​តាម​ដងផ្លូវ បច្ចុប្បន្ននេះ យើង​មើលឃើញថា ពួកគាត់​កំពុង​ធ្លាក់ចុះ​ប្រាក់ចំណូល ខណៈដែល​ទំនិញ​ផ្សេងៗ​កំពុង​ឡើងថ្លៃ ដូច្នេះ​ធ្វើឱ្យ​អ្នក​លក់ដូរ​ទាំងអស់នោះ​ជាប់ជំពាក់​លុយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែល​គាត់​ខ្ចី​យកមក​បើក​អាជីវកម្ម​រកស៊ី​»​។​

​បើតាម​លោក វន់ ពៅ ស្ថានភាព​អ្នកលក់ដូរ​តាម​ដងផ្លូវ​ក៏​កំពុងតែ​ជួប​បញ្ហា​ប្រឈម​មួយចំនួន​ដូចជា គ្មាន​សុវត្ថិភាព គ្មាន​អនាម័យ គ្មាន​កន្លែង​ផ្ញើ​កូន ​(​ទារកដ្ឋាន​)​ ទទួលរង​ការ​បៀត
​បៀ​ន​ពី​គ្រប់​អ្នកពាក់ព័ន្ធ​នានា ព្រមទាំង​ជួបប្រទះ​ការប្រកួតប្រជែង និង​ការបាត់បង់​មុខរបរ​ទៅលើ​ជនបរទេស​។​ 

​ម្យ៉ាងទៀត លោក​ថា អ្នកលក់ដូរ​តាម​ដងផ្លូវ​នៅ​ប្រទេស​កម្ពុជា ជាពិសេស​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ពុំទាន់​មានការ​​ស្រាវជ្រាវ​ជាក់លាក់​ណាមួយ​ពី​ចំនួន​តួលេខ​ពី​សំណាក់​ស្ថាប័ន​ពាក់ព័ន្ធ​នៅឡើយ​ទេ​។​

​អ្នកស្រី លាន សោភា អាយុ ៤២ ​ឆ្នាំ ជា​ស្ដ្រី​មេម៉ាយ​កូន​ ៤ ​នាក់ ដែល​លក់​ភេសជ្ជៈ​តាម​រទេះរុញ​នៅក្នុង​រាជធានី​ភ្នំពេញ​បាន​ប្រាប់ថា ក្នុង​ ១ ​ថ្ងៃ អ្នកស្រី​រកចំណូលបាន​ជា​មធ្យម​ ១៦ ០០០​ រៀល ដោយ​ចេញពីផ្ទះ​តាំងពី​ម៉ោង​ ៧ ​ព្រឹក​រហូតដល់​ម៉ោង ​៦​ ល្ងាច​ ដើម្បី​លក់ដូរ​។​

​អ្នកស្រី​បាន​បន្តថា ការចំណាយ​ជាទូទៅ​របស់​អ្នកស្រី​ប្រមាណ ២០ ០០០ ​រៀល ទៅលើ​អាហារ ថ្លៃ​ទឹក​ភ្លើង កូន​រៀន ព្រមទាំង​ថ្លៃ​ថ្នាំពេទ្យ​ផងដែរ​។ ដោយសារ​ចំណូល​សព្វថ្ងៃនេះ ទទួលបាន​តិចជាង​ការចំណាយ អ្នកស្រី​បង្ខំ​ចិត្ត​ខ្ចីលុយ​គេ​បន្ថែម ដើម្បី​ដោះស្រាយ​ថ្លៃ​ជីវភាព​ម្ដងម្កាល​ដែរ។​

​អ្នកស្រី លាន សោភា បាន​ថ្លែងថា​៖ «​ក្នុងនាម​ជា​អ្នកលក់ដូរ​តាមផ្លូវ ខ្ញុំ​សូម​សំណូមពរ​ដល់​រាជរដ្ឋាភិបាល​បញ្ចុះតម្លៃ​ទំនិញ ជួយ​រក​កន្លែង​លក់ដូរ​សមរម្យ​ដល់​ស្ដ្រី​អ្នកលក់ដូរ​តាម​ដងផ្លូវ ហើយ​និង​ប្រាក់ឧបត្ថម្ភ​សម្រាប់​ស្ដ្រី​មេម៉ាយ​ក្រីក្រ​ផង​»​។​

​អ្នកស្រី​បន្ថែមថា បច្ចុប្បន្ន​ក្រៅពី​ជួបប្រទះ​បញ្ហា​ជីវភាព និង​ជំពាក់​បំណុល​គេ អ្នកស្រី​ក៏​ជួបប្រទះ​បញ្ហា ដូចជា ត្រូវបាន​សន្តិសុខ​បណ្ដេញចេញ​នៅពេល​កំពុងតែ​លក់​តាម​ដងផ្លូវ ហើយ​ពេលខ្លះ​គេ​ចោទថា ធ្វើ​ខូច​សណ្ដាប់ធ្នាប់ និង​ត្រូវ​បង់ថ្លៃ​សេវា​អ​នា​​ម័​យ និង​សន្តិសុខ​ជាដើម​។​

​ទាក់ទង​នឹង​បញ្ហា​នេះ លោក កត្តា អ៊​ន អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានឱ្យដឹងថា អ្នកលក់ដូរ​តាម​ដងផ្លូវ ត្រូវបាន​ចាត់ទុកជា​បុគ្គល​ស្វ័យ​និ​យោជន៍ ដែល​នៅ​ថ្ងៃ​ ១៤ ខែវិច្ឆិកា ប្រមុខ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា បានប្រកាស​ដាក់ឱ្យអនុវត្ត​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ស្ម័គ្រចិត្ត​ដល់​គ្រួសារ​សមាជិក ប​សស និង​បុគ្គល​ស្វ័យ​និ​យោជន៍​ជា​ផ្លូវការ​ផងដែរ។​

​លោក​បញ្ជាក់ថា​៖ «​អ៊ីចឹង​! ពួកគាត់​គ្រាន់តែ​ចុះឈ្មោះ​ធ្វើ​កាត ប​.​ស​.​ស ដោយ​បង់​វិភាគទាន​ម្នាក់ ១៥ ៦០០​ រៀល​ ក្នុង ​១ ​ខែ ពួកគាត់​នឹង​ក្លាយជា​សមាជិក ប​.​ស​.​ស ដែល​នឹង​ទទួលបាន​ការថែទាំ​សុខភាព​នៅតាម​មន្ទីរពេទ្យ​សាធារណៈ និង​ឯកជន​ដែល​បាន​ភ្ជាប់​ជាមួយ​ប​.​ស​.​ស ដោយ​មិន​អស់ប្រាក់​តាម​កញ្ចប់ ប​.​ស​.​ស ផ្តល់ជូន»។​

​លោក​បាន​បញ្ជាក់ថា​៖ «​នេះ​ជា​គោលនយោបាយ​របស់​យើង​ដើម្បី​លើកស្ទួយ​សុខភាព​ប្រជា​​ពលរដ្ឋ និង​កាត់បន្ថយ​ចំណាយ​ផ្នែក​សុខភាព​របស់​ពលរដ្ឋ»។​

​សូមបញ្ជាក់ថា ពិភពលោក បាន​ប្រារព្ធ​ទិវា​អ្នកលក់​តាម​ដងផ្លូវ​អន្តរជាតិ​នេះ ចាប់តាំងពី​ឆ្នាំ​ ២០១២ ជា​រៀងរាល់​ថ្ងៃទី ១៤ ខែវិច្ឆិកា ដែល​គិត​មកទល់ពេលនេះ​បាន​ប្រារព្ធ​ចំនួន​ ១១ ​ដង​មកហើយ តែ​សម្រាប់​ប្រទេស​កម្ពុជា​បាន​ប្រារព្ធ​ទិវា​នេះ​ចាប់​តាំងពី​ឆ្នាំ ​២០១៥ មក បាន​ចំនួន ៩ ​ដង​ហើយ​។​

​យោងតាម​ការសិក្សា​រប​ស់​អង្គការ Oxfam នៅ​ឆ្នាំ ២០១៩ បាន​ប៉ាន់ប្រមាណ​ថា អ្នកលក់ដូរ​តាម​ដងផ្លូវ​នៅ​កម្ពុ​ជាមាន​រហូតដល់​ជិត​ ១,៧​ លាន​នាក់ ឬ​ស្មើនឹង ​១០ ​ភាគរយ ​នៃ​ចំនួន​ប្រជា​ពលរដ្ឋ​សរុប​។ ការសិក្សា​ដដែល​បានឱ្យដឹង​ទៀតថា ក្នុងចំណោម​១០​ភាគរយ​នេះ មាន​អ្នកលក់​​ដូរ​តាម​ដងផ្លូវ​ជា​ស្ដ្រី​ប្រមាណ​ជា ៧៥ ​ភាគរយ​៕