ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ស្ថាប័ន​សេវាកម្ម​ព្រៃឈើ​កូរ៉េ (KFS)​ បាន​បើក​ការដ្ឋាន​សាងសង់​ក្នុង​តំបន់​ព្រៃ​ចម្ការ​ពូជ​គ្រញូង​សម្រាប់​គម្រោង​ស្តីពី «​ការបង្កើត​ព្រៃ​លម្ហែ​កម្សាន្ត និង​សួន​អាស៊ាន​-​កូរ៉េ​» ស្ថិតក្នុង​តំបន់​ស្តារ និង​អភិវឌ្ឍន៍​ព្រៃឈើ​បន្ទាយស្រី​នា​ខេត្តសៀមរាប ដើម្បី​លើកកម្ពស់​សេវាកម្ម​វិស័យ​ទេសចរណ៍ និង​អប់រំ​ពី​សារៈ​ខាន់​ព្រៃឈើ និង​ជីវចម្រុះ​ដល់​ពលរដ្ឋ​។​

​យោងតាម​ហ្វេ​ស​ប៊ុ​ក​របស់​រដ្ឋបាល​ព្រៃឈើ​នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ លោក អ៊ុង សំអាត រដ្ឋលេខាធិការ​ក្រសួងកសិកម្ម បាន​លើកឡើងថា តាមរយៈ​ការអនុវត្ត​គម្រោង​នេះ​ នឹង​បង្កើន​ឱកាស​ការងារ ការលើកកម្ពស់​សេវាកម្ម​ទេសចរណ៍ ​តាមរយៈ​ព្រៃ​លម្ហែ​ធម្មជាតិ ការលើកកម្ពស់​សុខុមាល​ភាព​របស់​មនុស្ស និង​ការលើកកម្ពស់​ កម្មវិធី​អប់រំ​ផងដែរ​។​

​លោក​បាន​បន្តថា ជាពិសេស​ជួយ​បង្កើន​សមត្ថភាព​យល់ដឹង​ស្តីពី​ការស្តារ​ព្រៃឈើ​ឡើងវិញ និង​ការអភិរក្ស​ជីវចម្រុះ ដល់​ប្រជាពលរដ្ឋ​ទាំង​ក្នុង និង​ក្រៅ​តំបន់ ដែល​មក​ទស្សនា និង​សម្រាកលម្ហែ​ផងដែរ​។​

​លោក អ៊ុង សំអាត បាន​បញ្ជាក់ថា​៖ «​ការសាងសង់​សមិទ្ធផល​ថ្មី​ដែល​នឹង​លេចចេញ​រូបរាង​នាពេល​ខាងមុខនេះ នឹង​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម ការការពារ​និង​ថែរក្សា​ព្រៃឈើ និង​ការកាត់បន្ថយ​ភាពក្រីក្រ ស្របតាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ក្រោម​ការដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត នា​អាណត្តិ​ទី​៧​នេះ​»​។​

​នា​ពិធី​នោះដែរ អនុរដ្ឋមន្ត្រី​ស្ថាប័ន​សេវាកម្ម​ព្រៃឈើ​កូរ៉េ (KFS) លោក LIM Sang-seop ​បាន​សម្ដែង​សេចក្តី​អំណរ​សាទរ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ការរៀបចំ​ពិធីបើកការដ្ឋាន​សាងសង់​ក្នុង​តំបន់​ព្រៃ​ចម្ការ​ពូជ​គ្រញូង​សម្រាប់​ការបង្កើត​ព្រៃ​លម្ហែ​កម្សាន្ត និង​សួន​អាស៊ាន​-​កូរ៉េ នាពេលនេះ​។​

​លោក​បាន​ថ្លែងថា​៖ «​គម្រោង​នេះ​គឺជា​និមិត្តរូប​បង្ហាញ​ពី​ភាព​រីកចម្រើន​នៃ​កិច្ចសហប្រតិបត្តិការ​ព្រៃឈើ​រវាង​កូរ៉េ​និង​កម្ពុជា ហើយ​យើង​ប្តេជ្ញា​ធានា​ដំណើរការ​ប្រតិបត្តិ និង​បញ្ចប់​គម្រោង​នេះ​ឱ្យ​ទទួលបាន​ជោគជ័យ​»​។​

​ជាមួយគ្នា​នោះដែរ លោក Jin Sunpil​នាយក​ប្រតិបត្តិ​រង​នៃ​អង្គការ​សហប្រតិបត្តិ​ព្រៃឈើ​អាស៊ី (AFoCO) បានលើកឡើង ថា គម្រោង​ព្រៃ​លម្ហែ​កម្សាន្ត និង​សួន​អាស៊ាន​-​កូរ៉េ នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ប្រកបដោយ​ភាព​ធន់ រឹងមាំ និង​និរន្តរភាព ដោយ​រក្សាបាន​ការថែទាំ​ដី ធនធានធម្មជាតិ​និង​ជីវចម្រុះ ដែលជា​មូលដ្ឋានគ្រឹះ​នៃ​ផលិតកម្ម​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។

​លោក Jin Sunpil​ សង្កត់ធ្ងន់ថា​៖«​យុទ្ធសាស្ត្រ​នេះ​ គឺជា​ឧទាហរណ៍​នៃ​វិធីសាស្ត្រ​រួមមួយ​ ចំពោះ​ការអភិរក្ស​ព្រៃឈើ និង​បរិស្ថាន​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ដោយ​មិន​ត្រឹមតែ​ដោះស្រាយ​បញ្ហា​បរិស្ថាន​ប៉ុណ្ណោះ​ទេ ថែមទាំង​សុខុមាលភាព​សេដ្ឋកិច្ចសង្គម​របស់​ស​ហគ​មន៍​មូលដ្ឋាន​ផងដែរ​។ វា​ពិតជា​គួរឱ្យ​រំភើបចិត្ត​ក្នុងការ​ឃើញ​ភាពស្របគ្នា​របស់​គម្រោង​ជាមួយនឹង​គោលដៅ​សំខាន់ៗ​របស់​កម្ពុជា​»​។​

​លោក កែវ អូ​ម៉ាលី​ស្ស ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជា ទ​ទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ ក៏បាន​ថ្លែង​ដោយបាន​លើកឡើង​ពី​គោលបំណង​សំខាន់ៗ​នៃ​ការរៀបចំ​គម្រោង​នេះ​ផងដែរ ក្នុងនោះ​រួមមាន​ចំណុច​ធំៗ ​៤ ដូចជា​៖ ទី​១- លើកកម្ពស់​សេវាកម្ម​ទេសចរណ៍ និង​ព្រៃ​លម្ហែ​ធម្មជាតិ​ក្នុងប្រទេស​កម្ពុជា​, ២- ការលើកកម្ពស់​សុខុមាល​ភាព​របស់​មនុស្ស ការអភិរក្ស​និង​ការពារ​ប្រភេទ​ដើមឈើ និង​រុក្ខជាតិ​ដែល​រង​ការគំរាមកំហែង​។​

​លោក​បន្តថា ចំណុច​ទី​៣-គឺ​ការលើកកម្ពស់​កម្មវិធី​អប់រំ និង​ការយល់ដឹង​ស្តីពី​ការស្តារ​ព្រៃឈើ​ឡើងវិញ ការអភិរក្ស​ជី​វច  ម្រុះ និង​ការចែករំលែក​ចំណេះដឹង​នៅក្នុង​តំបន់ និង​ចុងក្រោយ ៤-ការអភិវឌ្ឍ​ទំនាក់ទំនង​ទីផ្សារ​ទេសចរណ៍ និង​ការរៀបចំ​ផែនការ ហិរញ្ញវត្ថុ​ឱ្យមាន​និរន្តរភាព ដើម្បី​ទ្រទ្រង់​ដំណើរការ​របស់ព្រៃ​លម្ហែ​ធម្មជាតិ និង​សួន​អាស៊ាន​-​កូរ៉េ​ក្នុង​រយៈពេល​វែង​៕