ភ្នំពេញៈ រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា លោក ទៀ សីហា បាន​អំពាវនាវ​ឱ្យ​អាស៊ាន​បន្ត​ស្វែងរក​យន្តការ​នានា​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កំពុង​កើតមានឡើង​នៅក្នុង​តំបន់​ខណៈ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​បាន​ជួបប្រជុំគ្នា​ពិភាក្សា​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​នៅ​ឥណ្ឌូនេស៊ី​លើ​បញ្ហា​ក្នុង​តំបន់ និង​អន្តរជាតិ​ដែលជា​ក្តីបារម្ភ និង​ផល​​ប្រយោជន៍​រួម​។​

​លោក ទៀ សីហា អំពាវ​នាវ​ដូច្នេះ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​ (ADMM)​ នា​ថ្ងៃទី​ ១៥ ខែ​វិ​ច្ឆិ​កា ​នៅ​ទីក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូនេស៊ី​ដែល​ដឹកនាំ​ដោយ​លោក ប្រា​បូ​វូ ស៊ូ​ប៊ី​ន​តូ (Prabowo Subianto)​ រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ឥណ្ឌូនេស៊ី និង​ជា​ប្រធាន​កិច្ច​ប្រជុំ​នេះ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​។​

​ក្នុង​កិច្ចប្រជុំ​នេះ លោក ទៀ សីហា ដែលជា​ឧបនាយករដ្ឋមន្ត្រី​បាន​ថ្លែងថា ជាមួយនឹង​ការរួមចំណែក​ប្រកបដោយ​ថាមវន្ត​របស់​រដ្ឋមន្ត្រី​ការពារជាតិ​ប្រទេស​អាស៊ាន​ពី​អតីត និង​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​ដែលមាន​វត្តមាន​នាពេលនេះ កិច្ចប្រជុំ​នេះ​បាន​ជំរុញ​បុព្វហេតុ​នៃ​សន្តិភាព ស្ថិរ​ភាព និង​វិបុលភាព​ក្នុង​តំបន់​ដោយ​ផ្អែកលើ​គោលការណ៍​នៃ​ម​ជ្ឈ​ភាព ឯកភាព​អាស៊ាន និង​ការគោរព​គ្នា​ទៅវិញទៅមក និង​ផលប្រយោជន៍​រួម ដែលជា​ការរួម​ចំណែក​ដ៏​ធំ​ក្រៃលែង​ក្នុង​ការកសាង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​ដ៏​រឹងមាំ និង​ធន់​។ 

​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួង​ការពារជាតិ​កម្ពុជា​បានបញ្ជាក់​នា​ថ្ងៃទី​ ១៥ វិច្ឆិកា ថា​៖ «​ឯ​ឧ​ត្ត​ម  [​លោក ទៀ ​សីហា​]​ បាន​អំពាវនាវ​ដល់​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​លើក​ទី​១៧ ធ្វើការ​ពិភាក្សាគ្នា ដើម្បី​ស្វែងរក​យន្តការ​ផ្សេងៗ ក្នុងការ​ដោះស្រាយ​បញ្ហា​ផ្សេងៗ ដូចជា​បញ្ហា​នៅក្នុង​តំបន់​»​។​

​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់ថា លោក ​ស៊ូ​ប៊ី​ន​តូ​ បាន​សម្តែង​ការ​អប​​អរសាទរ និង​ថ្លែងអំណរគុណ​ដល់​កម្ពុជា ដែល​បាន​ធ្វើជា​ម្ចាស់ផ្ទះ​ទទួលបាន​ជោគ​​ជ័យ​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​​ពារ​ជាតិ​អាស៊ាន​លើក​ទី​១៦ កាលពី​ឆ្នាំ​ ២០២២ ហើយ​តាមរយៈ​កិច្ចប្រជុំ​នៅ​កម្ពុជា​ប្រទេស​ឥណ្ឌូនេស៊ី​បាន​ប្តេជ្ញាចិត្ត​បន្ត​លទ្ធផល​ដែល​កម្ពុជា​សម្រេចបាន​។ លោក​ក៏បាន​សម្តែង​ការស្វាគមន៍​ចំពោះ​រដ្ឋមន្ត្រី​ការពារជាតិ ដែល​ទើបបាន​តែង​​តាំង​ថ្មី​មកពី​កម្ពុជា ម៉ាឡេស៊ី ហ្វីលីពីន និង​ថៃ​។​ 

​លោក​ ស៊ូ​ប៊ី​ន​តូ បាន​បញ្ជាក់ថា​៖ «​សន្តិភាព ស្ថិរភាព និង​សន្តិសុខ គឺជា​មូលដ្ឋានគ្រឹះ​ដ៏​សំខាន់​ក្នុង​ការបង្កើន​សេដ្ឋកិច្ច​។ ប្រសិនបើ​សន្តិសុខ​មិន​រឹងមាំ​ទេ គឺ​មិន​អាចធ្វើ​បានឡើយ​ក្នុងការ​ទាក់​​ទាញ​វិនិយោគទុន និង​ការសម្រេចបាន​ស្ថិរភាព​នៅក្នុង​សង្គមរ​បស់​យើង និង​ប្រជាជន​របស់​យើង​។ ដូចនេះ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន គឺ​សំដៅ​ដោះស្រាយ​បញ្ហា​សន្តិសុខ​»​។ 

​លោក​ថា កិច្ចប្រជុំ​នេះ​បន្ត​ស្វែងរក​ការបង្កើន និង​ពង្រឹង​និមាបនកម្ម សន្តិសុខ​ក៏ដូចជា​ការជំរុញ​ឱ្យមាន​បរិ​យាប​ន្ន​នៅលើ​ពិភព​លោក​។

កិច្ចប្រជុំ​រយៈពេល​ ២ ​ថ្ងៃ ពីថ្ងៃ​ទី​ ១៥-១៦ វិច្ឆិកា នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​មូលបទ «​សន្តិភាព វិបុលភាព និង​សន្តិសុខ​» ដោយ​ផ្តោតលើ​កិច្ចពិភាក្សា​ស្តីពី​ការបង្កើន​កិច្ចសហប្រតិបត្តិការ​កា​រ​​ពារ​ជាតិ ការពង្រឹង​ជំនឿ​ទុកចិត្ត និង​ការ​លើកកម្ពស់​សមត្ថភាព និង​ភាព​ធន់​របស់​តំបន់​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​។ រដ្ឋមន្ត្រី​ការពារជាតិ​ប្រទេស​ទី​ម័​រ​ខាងកើត​បាន​ចូលរួម​ប្រជុំ​នេះ​ក្នុងនាម​ជា​អ្នកសង្កេតការណ៍​។​

​កិច្ចប្រជុំ ADMM នេះ​បានអនុម័ត​ឯកសារ​សំខាន់ៗ​មួយចំនួន រួមមាន ផែន​ការ​សកម្មភាព​នៃ​កិច្ចប្រជុំ ADMM ឆ្នាំ​ ២០២៣-២០២៦,​ ឯកសារ​ទស្សនទាន​ស្តីពី​ការអនុវត្ត​ទស្សនវិស័យ​អាស៊ាន​ស្តីពី​ឥណ្ឌូ​ប៉ាស៊ីហ្វិក ​(AOIP)​ ពី​ទស្សនវិស័យ​ការពារជាតិ​, ឯកសារ​ទស្សនទាន​ស្តីពី​ការធ្វើ​សុខដុម​នីយកម្ម​កិច្ចប្រជុំ ​ADMM​ និង​គំនិត​ផ្តួចផ្តើម​កិច្ចប្រជុំ ​ADMM ​បូក​, និង​សេចក្តីប្រកាស​រួម​ទីក្រុង​ហ្សា​ការ​តា​នៃ​កិច្ចប្រជុំ ​ADMM សម្រាប់​សន្តិភាព វិបុលភាព និង​សន្តិសុខ​។​

​លោក យង់ ពៅ អគ្គលេខាធិការ​នៃ​រាជ​បណ្ឌិត្យសភា​កម្ពុជា​ថ្លែងថា បញ្ហា​ន​យោ​បាយ​សន្តិសុខ​ គឺជា​សសរស្ដម្ភ​មួយ​សំ​ខាន់​របស់​អាស៊ាន​ក្នុងចំណោម​សសរ​ស្តម្ភ​ ៣ ហើយ​កិច្ចការ​ដំណោះស្រាយ​បញ្ហា​តំបន់​នេះ​គឺជា​ការណ៍​មួយ​ដែល​ល្អ ពីព្រោះ​សន្តិសុខ​តំបន់​ក៏​រួមចំណែក​ទៅដល់​ការធានា​ស្ថិរភាព​នៃ​សន្តិសុខ​ជាតិ​រៀងៗ​ខ្លួន​ដែរ និង​កិច្ច​សហប្រតិបត្តិ​ការ​រវាង​បណ្ដា​ប្រទេស​អាស៊ាន​។ 

​លោក​ថ្លែងថា​៖ «​ដោយឡែក យើង​ឃើញថា អាស៊ាន​កន្លងទៅ​ក៏​ជា​ចំណែក​ប្រទាញ​ប្រទង់​នៃ​សន្តិសុខ​តំបន់​ផងដែរ ជាពិសេស​ទៅលើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ដែល​ប៉ះពាល់​ទៅដល់​សន្តិសុខ​តំបន់​ដែល​អាច​នាំឱ្យ​អាស៊ាន​មិនមាន​ការឯកភាព​។ នេះ​ជា​បញ្ហា​មួយ​ដែល​អាស៊ាន​ត្រូវតែ​គិត​ឡើងវិញ​ទៅលើ​បញ្ហា​សន្តិសុខ​តំបន់​ដែល​ជះឥទ្ធិពល​ទៅដល់​ទី​ ១ សន្តិសុខ​ជាតិ​រៀងខ្លួន ទី​២ សន្តិសុខ​តំបន់​ផ្ទាល់​ទី​៣ ការឯកភាព​របស់​អា​ស៊ាន​ទៅលើ​បញ្ហា​ទាំង​សកល និង​បញ្ហា​តំបន់​»​។​

​លោក យង់ ពៅ ថ្លែងថា អាស៊ាន​ត្រូវ​តែមាន​លទ្ធភាព​ក្នុងការ​ដោះស្រាយ​ឬ​មានការ​ចូលរួម​ដោយ​ឆន្ទៈ​នយោបាយ​ច្បាស់លាស់ និង​មុត​ស្រួច​ទៅលើ​បញ្ហា​ដែល​កើតមានឡើង​នៅក្នុង​តំបន់​អាស៊ាន​ខ្លួនឯង​ជាក់ស្ដែង​បញ្ហា​នៅ​មី​យ៉ាន់​ម៉ា ដែល​កំពុងតែ​កើតមាន​៕