​ភ្នំពេញៈ​ អ្នកភូមិ​កោះនរា​លែងមាន​ក្តីបារម្ភ ពី​ការបាក់​ច្រាំងទន្លេ និង​ត្រូវ​ទឹកជំនន់​ជន់​លិច នៅ​រដូវវស្សា​ដូច​កាលពីមុន​ទៀតហើយ ថែមទាំង​កំពុង​ទទួលបាន​ផល ពី​ការអភិវឌ្ឍ​នៅក្នុង​តំបន់​នេះ​។​

លោក​ សុខ ពុធ អាយុ​​ ៦៣​ ឆ្នាំ​ដែលជា​អ្នករស់នៅ​ភូមិ​កោះនរា​ជាង ​៣០ ឆ្នាំ​មកហើយ​ថ្លែងថា កាលពីមុន​អ្នកភូមិ​កោះនរា​ភាគ​ច្រើន ជា​អ្នកធ្វើ​ចម្ការ ដាំ​ដំណាំ​បន្លែបង្ការ​ផ្សេងៗ ហើយ​ការ​រស់​នៅ​តែងតែ​សម្រប​ខ្លួន​ទៅតាម​ការប្រែប្រួល​របស់​ធម្មជាតិ ព្រោះ​តំបន់​ដី​កោះ​តែងតែ​ត្រូវ​កម្លាំង​ទឹក​ហូរ​បោក​ធ្វើឱ្យ​បាក់​ដី​ច្រាំងទន្លេ​ជា​រៀងរាល់ឆ្នាំ​មិនដែល​ស្រាក​ស្រា​ន​ឡើយ​។ ទើបតែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​បន្ទាប់ពី​មានការ​អភិវឌ្ឍ​ជាទី​ក្រុង​រណប ដោយមាន​ការស្ថាបនា​ជា​បេតុង​ទើប​អាច​ទប់​ច្រាំង​មិនឱ្យ​បាក់​ដី​ដូច​កាលពីមុន​ទៀត​។ 

​លោក​បន្តថា​៖ «​ដោយសារ​មានការ​វិនិយោគ​ពី​ក្រុមហ៊ុន​ឯកជន​ ១​ ដ៏​ធំ​ហ្នឹង​គាត់​បាន​ធ្វើទៅ​វា​លែងមាន​បាក់​ច្រាំង​ដូច​មុន​ទៀតហើយ​។ ចំពោះ​ក្តី​ប្រាថ្នា​ថា កោះនរា​ក្លាយជា​តំបន់​អភិវឌ្ឍន៍​គឺមាន​ដូច​អ្នកភូមិ​ខ្ញុំ​គិត​គឺមាន​ហើយ​»​។ 

​លោក​ថា លោក​មាន​ក្តី​រីករាយ​ណាស់​ដែល​រាជ​រដ្ឋា​ភិ​បាល បាន​សាងសង់​ស្ពាន​ត​ភ្ជាប់​ពី​កោះនរា​ទៅ​ទីក្រុង​កោះ​ពេជ្រ​ព្រោះ​តាំងពី​ ២០​ ឆ្នាំមុន រូបលោក​និង​អ្នកភូមិ​តែង​ស្រមៃ​ថា បើ​មាន​ស្ពាន​ ១ ​ខ្សែ​ឆ្លងទៅ​កោះ​​ពេជ្រ​មិនដឹង​ជា​សប្បាយ​យ៉ាង​ម៉េច​ទេ​។ តែ​ពេលនេះ បាន​ដូច​អ្វីដែល​លោក​និង​អ្នកភូមិ​ចង់បាន​នោះ​ហើយ​។

កាលពី​មិនទាន់មាន​ស្ពាន​កោះនរា ទាំង​លោក​ទាំង​ប្រជាពលរដ្ឋ​រស់នៅ​ប៉ែក​ខាងកើត ពិសេស​អ្នកភូមិ​កោះនរា​បើ​ចង់ទៅ​កណ្តាល​ក្រុងភ្នំពេញ​ត្រូវ​ឆ្លងកាត់​ស្ពាន​ព្រះមុនីវង្ស​ខណៈដែល​មាន​ការកកស្ទះ​ចរាចរណ៍​លើ​ស្ពាន​យ៉ាងខ្លាំង​ជា​រៀងរាល់ថ្ងៃ​។​

​លោក​និយាយថា​៖ «​ស្ពាន​កោះនរា​និង​ស្ពាន​ភ្លោះ​កោះនរា​នេះ វា​បាន​ជួយ​រំដោះ​ចរាចរណ៍​នៅ​ប៉ែក​ខាងកើត​ពី​អ្នក​លឿង​ចូលមក​រាជធានី​ភ្នំពេញ​បាន​ច្រើន​»​។​

​ចំណែក​លោក ហ៊ុល ទេព ជា​អនុ​ប្រធានភូមិ​កោះនរាប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា បច្ចុប្បន្ន​ភូមិ​កោះនរា​មាន​ប្រជាពលរដ្ឋ​រស់នៅ​ជាង​ ៦០០​ គ្រួសារ​។ ពីមុន​ពលរដ្ឋ​ទាំងនោះ​ភាគច្រើន ធ្វើ​ចម្ការ​ហើយ​គាត់​យក​ផលដំណាំ​ទៅ​លក់​នៅ​ផ្សារ​ច្បារអំពៅ​ឬ​តាម​ផ្សារ​ក្នុង​រាជ​​ធានី​ភ្នំពេញ​ហើយ​តែងតែ​ជួប​ការ​លំបាក​ដោយសារតែ​ការកកស្ទះ​ចរាចរណ៍​នៅលើ​ស្ពាន​ច្បារអំពៅ​។​

​បើតាម​លោក​ហ៊ុល ទេព​ពេលនេះ​មាន​ស្ពាន​កោះនរា ធ្វើឱ្យ​អ្នក​ភូមិ​មាន​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ចេញ​-​ចូល​រាជធានី​ភ្នំ​ពេញ​ដោយ​លែង​ជួប​បញ្ហា​កកស្ទះ​ចរាចរណ៍​ទៀតហើយ​។ ស្ពាន​នេះ​ជា​សមិទ្ធផល​ ១ ​ដ៏​ធំធេង សម្រាប់​អ្នករស់នៅ​ភាគ​ខាង​កើត​នៃ​ទន្លេមេគង្គ​។​

«​សមិទ្ធផល​ស្ពាន​នាគ​ភ្លោះ​កោះនរា និង​ស្ពាន​កោះនរា នឹង​ក្លាយជា​កាតាលីករ​ដ៏​សំខាន់​ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច ក្នុង​តំបន់​ និង​ការអភិវឌ្ឍ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​ទិសខាងកើត តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ១»​។ នេះ​ជាការ​លើកឡើង​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ស្ពាន​ទាំងនេះ​កាលពី​ថ្ងៃទី ​១៥ វិច្ឆិកា ឆ្នាំ ​២០២៣​។​

​លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែងថា សមិទ្ធផល​ស្ពាន​នាគ​ភ្លោះ​កោះនរា និង​ស្ពាន​កោះនរា នឹង​ក្លាយជា​សមិទ្ធផល​ថ្មី​បន្ថែមទៀត​សម្រាប់​រាជធានី​ភ្នំពេញ ហើយ​ការដាក់ឱ្យ​ដំណើរការ​ស្ពាន​នេះ​នឹង​ក្លាយទៅជា​កាតាលីករ​ដ៏​សំខាន់​ក្នុង​ការជំរុញ​កំណើន​សេដ្ឋ​កិច្ច​ក្នុង​តំបន់ តាមរយៈ​ការ​កាត់​បន្ថយ​វេលា​ធ្វើដំណើរ និង​ការដឹក​ជញ្ជូន​ទំនិញ​ទៅកាន់​ទីផ្សារ ការ​កកស្ទះ​ចរាចរណ៍​ក៏ដូចជា​ការ​ទាក់ទាញ​ការវិនិយោគ​ដែល​នឹង​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋ​កិច្ច​។​

​ស្ពានបេតុង​ខ្សែកាប​នេះ​នឹង​ក្លាយជា​ការតភ្ជាប់​និស្ស័យ​រវាង​តំបន់​ដែលមាន​សក្ដានុពល​បំផុត​របស់​រាជធានី​ភ្នំពេញ​ពោល គឺ​តំបន់​កោះ​ពេជ្រ ទៅនឹង​តំបន់​កោះនរា​។ ដោយ​ឆ្លងកាត់​ទន្លេបាសាក់​ដែល​នេះ​ជា​ជំហាន​ដ៏​សំខាន់​មួយ​ក្នុងការ​អភិវឌ្ឍ​ហេ​​ដ្ឋា​រចនាសម្ព័ន្ធ​រាជធានី​ភ្នំពេញ​ឆ្ពោះទៅ​ទិសខាងកើត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ១​។​ 

​លោក​ ហ៊ុន ម៉ា​ណែ​ត ​បាន​រំឭកថា កោះនរា​បើតាម​ប្រវត្តិ​ដែល​លោក​មើល​ផែនទី​ព័ត៌មាន​ដែល​គេ​មាន​ពី​ឆ្នាំ​ ១៩២៩​ ពី​សម័យ​បារាំង ដែល​កាលណោះ​កោះនរា​គឺ​នៅ​ទំហំ​ធំ​ហើយ​វា​នៅ​ចំ​ពី​មុខទឹក​នៃ​ទន្លេចតុមុខ​តែម្តង​។ 

ប៉ុន្តែ​រាប់សិប​ឆ្នាំ​មកនេះ​កោះនរា​បាន​រួញ​បន្តិច​ម្តងៗ​ដោយសារ​ចរន្តទឹក​ហូរ​ហើយ​ក្រោយ​ឆ្នាំ​ ១៩៧៩ ក៏មាន​ប្រជាពលរដ្ឋ​មួយចំនួន​រស់​នៅទីនេះ ប្រកប​របរ​ធ្វើ​ចម្ការ​និង​នេសាទ​។ ប៉ុន្តែ​ដោយសារ​ចរន្តទឹក​ពី ១ ​ឆ្នាំទៅ​ ១ ​ឆ្នាំ​បាក់​ច្រាំង​រហូត​ទាំង​ខែរ​ស្សា​ក៏​បាក់​ខ្លាំង​ខែប្រាំង​ក៏​បាក់​តិច​រហូត​ឆ្នាំ ​២០០៥​ គឺ​អស់​តែម្តង​។​

​លោក​ថ្លែងថា​៖ «​បានន័យថា អ្វីដែល​យើង​កំពុង​អង្គុយ​នេះ​គឺ​ស្តារឡើងវិញ​ទេ​ឥឡូវ​ ២០២៣​ បានន័យថា​ ១៨ ​ឆ្នាំមុន​កន្លែង​នេះ​នៅ​ជា​ទឹក​ទេ​។ នៅ​កោះនរា​មាន​លក្ខណពិសេស​ទី​ ១ ​គឺ​ការកសាង​នៅទីនេះ​ជាការ​ស្រោចស្រង់​នូវ​អ្វីដែល​បាន​បាត់ទៅហើយ​ជាការ​ស្តារឡើងវិញ​នូវ​អ្វីដែល​បាត់​»​។

 លោក​បញ្ជាក់ថា​៖ «​បទពិសោធន៍​នៅ​កោះ​ពេជ្រ​ហើយ​នៅ​កន្លែង​នេះ ​(​កោះនរា​)​ ក៏​ស្រដៀង​គ្នា​ដែរ​។ ការ​ប្រែក្លាយ​ទីនេះ​ទៅជា​តំបន់​សេដ្ឋកិច្ច​ឧស្សា​ហ​កម្ម​សកម្មភាព​សេដ្ឋកិច្ច​ដែល​គ្រោង​ធ្វើ​ដូច​ជាមាន​ទីផ្សារ​មាន​សេដ្ឋកិច្ច​មាន​កន្លែងធ្វើកា​រ​មាន​សួន​កំសាន្ត​សម្រាប់​ប្រជាពលរដ្ឋ​សួន​សាធារណៈ​ផ្សេងៗ គឺជា​កិច្ច​ការសំខាន់​។ អ៊ីចឹង​គឺថា អ្វីដែល​លិចទៅ​ក្នុង​ទឹក​ហើយ​ស្តារ​ឱ្យ​ឡើង​ពីលើ​ទឹក​ហើយ​ធ្វើឱ្យ​រីក​ចម្រើន​បន្តទៀត​»​។​

​លោក​ ហ៊ុន ម៉ា​ណែ​ត ​ថ្លែងថា យើង​មាន​ស្ពាន​ ៨ ​ដែល​បាន​កសាង​រួចហើយ​គ្រោង​សាងសង់ ៣ ខ្សែ​ទៀត ខ្សែ​ធំ​គឺ​ស្ពាន​ត​ភ្ជាប់​ពី​ក្រុង​អរិយ​ក្សត្រ មក​ផ្សារ​រាត្រី ស្ពាន​ព្រែកប្រា គ្រោង​បុកគ្រឹះ​ក្នុងឆ្នាំនេះ ហើយ​និង​ស្ពាន​នៅ​ចាក់អង្រែលើ​មួយទៀត​។

អ៊ីចឹង​យើង​សង្ឃឹមថា បើ​ស្ពាន​ទាំង​អស់នេះ ភ្ជាប់​បន្ថែមនឹង​ជំរុញ​សេដ្ឋកិច្ច​ទៅ​ទិសខាងកើត​បន្ថែមទៀត​។ សំខាន់បំផុត​ការអភិវឌ្ឍ​នៅទីនេះ នឹងចូលរួម​បន្ថែមទៀត ទៅដល់​ការជំរុញ​ការអភិវឌ្ឍ​ឆ្ពោះទៅ​ទិសខាងកើត​។​

​បន្ថែម​ពីនេះ​លោក ​ហ៊ុល ទេព និយាយទៀតថា​៖ «​កាលពី​មិន​ទាន់​អភិវឌ្ឍ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ខ្ញុំ ភ័យព្រួយ​ណាស់​ព្រោះ​ភូមិ​កោះនរា​ហ្នឹង ពីមុន​បាក់​ច្រាំង​ក៏​បាក់​ច្រាំង​ទឹក​លិច​ក្នុងភូមិ​ក៏​លិច​។ តែ​ឥឡូវ​ប្រជាជន​លែង​ព្រួយបារម្ភ​ពី​ការបាក់​ច្រាំងទន្លេ ឬ​ទឹក​លិច​ទៀតហើយ ព្រោះ​មាន​ក្រុមហ៊ុន​វិនិយោគ​គាត់​សង់​បេតុង​ធ្វើ​​ច្រាំង​»​។​

​លោក​ទេព​ឱ្យដឹងថា​ពីមុន​នៅក្នុង​ភូមិ​កោះនរា​ប្រជាពលរដ្ឋ​ប្រកប​របរ​ធ្វើ​ចម្ការ តែ​ចាប់តាំងពី​មាន​គម្រោង​អភិវឌ្ឍ​កោះនរា ពលរដ្ឋ​មួយចំនួន នាំគ្នា​លក់​ដី​។ «​មាន​គេ​ចុះមក​ទិញ​ដី​ហើយ​បងប្អូន​អ្នកភូមិ​បាន​លក់​ដីចម្ការ​គាត់ ហេតុដូច្នេះ​បច្ចុប្បន្ន​លែងមាន​អ្នកធ្វើ​ចម្ការ​ទៀតហើយ​។ ប្រជា​ពល​​រដ្ឋ​ភាគច្រើន​ប្តូរ​ទៅរក​របរ​ផ្សេងៗ​អស់ហើយ​។ ចំពោះ​ផ្លូវ​ក្នុងភូមិ​វិញ ពីមុន​ដីល្បាប់​ស្អិត តែ​ពេលនេះ​មាន​ផ្លូវ​បេតុង ហើយ​គ្រួសារ​ខ្លះ​លក់​ដី​ធ្វើ​ផ្ទះថ្ម​ទៀតផង​»៕