ភ្នំពេញៈ ​លោក កត្តា អ៊​ន រដ្ឋ​​លេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អំពាវនាវ​ឱ្យ​យុវជន​រួសរាន់​ទៅ​ចុះឈ្មោះ​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ នៅតាម​វិទ្យាស្ថាន​​បច្ចេកទេស​តាម​បណ្តា​ខេត្ត​នានា​ទូទាំងប្រទេស​បន្ទាប់ពី​រាជ​រដ្ឋា​ភិ​បាល​បានប្រកាស​ដាក់ឱ្យ​អនុ​វត្ត​ជា​ផ្លូវការ​កម្មវិធី​ថ្នាក់ជាតិ​ស្តីពី​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ​កាលពី​សប្តាហ៍​មុន​។​

​លោក កត្តា អ៊​ន បាន​ប្រាប់ឱ្យដឹង​កាលពី​ថ្ងៃទី​​ ១៨ ខែវិច្ឆិកា ថា វិទ្យាស្ថាន​បច្ចេកទេស​ដែល​ស្ថិតនៅក្រោម​ក្រសួង​ការងារ បាន​ត្រៀមលក្ខណៈ​រួចជាស្រេច ក្នុងការ​ចុះឈ្មោះ​ត្រៀម​មេរៀន​សម្ភារ និង​សម្អាត​បរិស្ថាន​ជុំវិញ​កន្លែង​សិក្សា​ដើម្បី​បើកទ្វារ​ស្វាគមន៍​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ ចូលរួម​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ ដែលជា​កម្មវិធី​ថ្នាក់ជាតិ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ​៧ ​នេះ​។​

​លោក​ថ្លែងថា​៖«​គ្រប់​បណ្តា​វិទ្យាស្ថាន​បច្ចេកទេស​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​សម្អាត​បរិស្ថាន​ជុំវិញ​ទីធ្លា​សាលា​របស់ខ្លួន​ឱ្យមាន​របៀបរៀបរយ ដើម្បី​ស្វាគមន៍​បងប្អូន​ដែលជា​យុវជន​ដែល​មក​ចុះឈ្មោះ ក៏​ដូច​​ជា​ចូលរៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស របស់​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​»​។​

​លោក​ កត្តា អ៊​ន បន្តថា៖ «​សូម​លើកទឹកចិត្ត​ឱ្យមាន​ការចូល​រួមទាំង​សិស្ស និង​គ្រូ​ក៏ដូចជា​គណៈ​គ្រប់គ្រង​វិទ្យាស្ថាន និង​សាលា ដែល​បាន​ដុតដៃដុតជើង​រៀបចំ​សណ្តាប់ធ្នាប់ សោភណភាព​សាលា​របស់ខ្លួន​សម្រាប់​ទ​ទួល​ប្អូនៗ​យុវជន ដែល​បាននិងកំពុង​ចុះឈ្មោះ​ចូលរៀន​ជំនាញ​វិជ្ជា​ជីវៈ និង​បច្ចេកទេស​»​។​

​បើតាម​អ្នកនាំពាក្យ​ក្រសួង​ការងារ ការសិក្សា​រៀនសូត្រ​នេះ គឺ​មិន​បង់ប្រាក់ ហើយ​សម្រាប់​យុវជន​ដែល​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ថែមទាំង​នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ ២៨ ០០០០ រៀល ​ថែមទៀត​ផងដែរ ដែល​លោក​កត្តា អ៊​ន លើកឡើងថា នេះ​ជា​ឱកាស​មាស​ដែល​រាជ​រដ្ឋា​ភិ​បាល​ផ្តល់ជូន​យុវជន និង​គិតគូរ​ដល់​អនាគត​យុវជន និង​ប្រជាជន​។​

​លោក​ តាន់ មុនី​វណ្ណ អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា និង​ជា​ប្រធាន​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​នៅ​កម្ពុជា បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី ​១៩ ខែវិច្ឆិកា​ថា ការខ្វះខាត​កម្លាំង​ពលកម្ម​ជំនាញ អាចជា​ឧបសគ្គ​មួយ​ដែរ​សម្រាប់​ការអនុវត្ត​ផែនទី បង្ហាញផ្លូវ​ការអភិវឌ្ឍ​វិស័យ​យានយន្ត និង​អេ​​ឡិច​ត្រូ​និក​នៅ​កម្ពុជា​។ ដូចនេះ គោលនយោបាយ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​របស់​រាជរដ្ឋាភិបាល​នេះ នឹង​អាច​ដោះស្រាយ​បញ្ហា​មួយ​នេះ​បាន​។ 

​លោក​និយាយថា​៖«​កត្តា​ដែលនាំឱ្យ​មានការ​ខ្វះខាត​ផ្នែក​កម្លាំង​ពលកម្ម​ជំនាញ​នេះ ដោយសារ​នៅក្នុង​ប្រព័ន្ធ​អប់រំ​របស់​កម្ពុជា​មិនបាន​បញ្ចូល​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ​(TVET) តាំងពី​កម្រិត​វិទ្យាល័យ​។ ឥឡូវនេះ​យើង​ឃើញថា ក្រសួង​ការងារ​បានចាប់ផ្តើម​អនុវត្ត​គោលនយោបាយ​ដ៏​សំខាន់​មួយ​នេះហើយ ជា​អ្វីដែល​វិស័យ​ឯកជន​យើង​ចង់បាន​។ ដូច្នេះ​សូម​ប្អូនៗ​រួសរាន់​ឡើង​ចាប់យក​ឱកាស​នេះ​ឱ្យ​ជាប់​ដើម្បី​អនាគត​ខ្លួនឯង​ផង និង​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​យើង​ផង​»​។​

​លោក តាន់ មុនី​វណ្ណ បន្ថែមថា បើសិនជា​អាច សាកលវិទ្យាល័យ​នានា​គួរតែរៀបចំ​ឱ្យមាន​ជំនាញ TVET នេះ ហើយ​សាលា TVET របស់​រដ្ឋ គួរតែ​បន្ត​កិច្ចសហការ​ជាមួយ​វិស័យ​ឯកជន ដើម្បី​ជំរុញ​ការអភិវឌ្ឍ​លើ​ជំនាញ​នេះ​។​

​ចំណែក​លោក ​គិ​ន ភា ប្រធាន​​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ក៏បាន​យល់ឃើញ​ដែរ​ថា ការដាក់ចេញ​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​របស់​រាជរ​ដ្ឋា​ភិ​បាល​ក្នុង​អាណត្តិ​ទី ​៧ ​នេះ គឺជា​ឱកាសល្អ​បំផុត សម្រាប់​យុវជន​ខ្មែរ​ដែល​ត្រូវតែ​ចាប់យក​ឱកាស​នេះ​ឱ្យបាន​។ 

លោក​ថ្លែងថា​៖ «​ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​យុវជន​គោលដៅ រួសរាន់​ចុះឈ្មោះ​ចូលរៀន​ព្រោះ​ការបណ្តុះបណ្តាល​នេះ នឹង​នាំឱ្យ​យុវជន​ក្រុម​គោលដៅ មាន​ជំនាញ​ច្បាស់លាស់​ដើម្បី​
​ទទួលបាន​ឱកាស​ការងារ​សមរម្យ​។ វា​ជាការ​ផ្តល់​ឱ្យនូវ​ជំនាញ បំ​ណិ​ន​មួយ​ច្បាស់​លា​ស់ម្រាប់​ជីវិត​ផងដែរ​»​។​

​លោក គិ​ន ភា បន្ថែមថា ការ​​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​គឺជា​យន្តការ​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​លើកកម្ពស់​ជីវ​ភាព​របស់​​ពលរដ្ឋ​ក្រីក្រ និង​ងាយ​រង​ហា​​និ​ភ័យ​ដើម្បី​ប្រែក្លាយ​ពី​កម្លាំង​ពលកម្ម​អតិពលកម្ម​ក្នុង​ទីផ្សារ​ទៅជា​កម្លាំង​ពលកម្ម​ដែលមាន​ជំនាញ​ដើម្បី​បង្កើន​ផលិតភាព​ក្នុង​ចង្វាក់​ផលិតកម្ម​របស់​រោងចក្រ​សហគ្រាស ក៏ដូចជា​ការ​ត្រៀមកម្លាំង​ពលកម្ម​ទាក់ទាញ​អ្នកវិនិយោគ​ថ្មីៗ​បន្ថែម​។​

​សូមបញ្ជាក់​ថកា​លពី​ថ្ងៃទី​​ ១៤ វិច្ឆិកា លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន ​ម៉ា​ណែ​ត ​បាន​ដាក់ឱ្យអនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ហើយ​លោក​ក៏បាន​អំពាវនាវ​ឱ្យ​សិក្ខាកាម​ទាំងអស់​ដាក់ចិត្ត ក្នុងការ​រៀនសូត្រ ដើម្បី​បាន​គុណភាព និង​ជំនាញការ​​ងារ​ពិតប្រាកដ​៕