​បាត់​ដំបងៈ​ ខេត្ត​បាត់​ដំបងគ្រោង​នឹង​បើក​វេទិកា​ផ្សព្វ​ផ្សាយ​ និង​ពិគ្រោះ​យោប​ល់​របស់​ក្រុម​ប្រឹក្សា​ខេត្ត​ ក្រោម​ប្រធាន​បទ «​យើង​នាំ​គ្នា​ចូល​រួម និង​ពង្រឹង​ចល​នា​សកម្ម​ភាព​គោល​នយោ​បាយ​ភូមិ​ ឃុំ​ សង្កាត់ ​មាន​សុវត្ថិភាព​» នៅ​ថ្ងៃទី៥​ និង​៦ ​ខែធ្នូ ឆ្នាំ​២០២៣​ខាង​មុខ​ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​ប្រឈម ក្តី​កង្វល់ និង​តម្រូវ​ការ​របស់​ពល​រដ្ឋ​។​

​លោក ​អ៊ុយ រី ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​បាត់​ដំបងបាន​ថ្លែង​ឱ្យដឹង​ដូច​នេះ ក្នុង​ពិធី​បើក​កិច្ចប្រជុំ​សា​មញ្ញ​លើក​ទី​៥៤ ​របស់​ក្រុម​ប្រឹក្សា​ខេត្ត​បាត់​ដំបង អា​ណត្តិ​ទី​៣ កាល​ពី​ថ្ងៃទី​២០ ​ខែវិច្ឆិកា ឆ្នាំ​២០២៣​។​

​លោក​បាន​ថ្លែង​ថា​៖«​វេទិកា​នេះ​ធ្វើ​ឡើងក្នុង​គោល​បំណង​ដើម្បី​ចូលរួម​អនុវត្ត​គោល​នយោ​បាយ​កំណែ​ទម្រង់​វិមជ្ឈ​ការ និង​វិសហ​មជ្ឈ​ការ​របស់​រាជរ​ដ្ឋាភិ​បាល ដែល​តម្រូវ​ឱ្យ​មាន​ការ​កែ​លម្អ​ប្រព័ន្ធ​អភិ​បាល​កិច្ច​នៅ​ថ្នាក់រ​ដ្ឋបាល​នានា ​ដើម្បី​ជំរុញ​លទ្ធិ​ប្រជាធិប​តេយ្យ​នៅ​ថ្នាក់​មូល​ដ្ឋាន​និង​ជំរុញ​កិច្ច​អភិ​វឌ្ឍ​ន៍សេដ្ឋ​កិច្ច ​សង្គម​កិច្ច ក្នុង​ការ​ធានា​ការរួម​ចំណែក​នៃ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​»​។​

​លោក​បាន​ឱ្យ​ដឹង​ទៀត​ថា វេទិកា​ដែល​គ្រោង​នឹងធ្វើ​នា​ពេល​ខាង​មុខ​ ​ក៏​ដើម្បី​ឱ្យ​ក្រុម​ប្រឹក្សា​ខេត្ត​បាន​ប្រាប់​ទៅ​ដល់​ក្រុម​ប្រឹក្សា​ក្រុង ស្រុក ​ឃុំ​ សង្កាត់​ សហ​គមន៍ ប្រជា​ពល​រដ្ឋ និង​អ្នក​ពាក់​ព័ន្ធ​នានា​ពី​សកម្ម​ភាព​របស់​ក្រុម​ប្រឹក្សា​ខេត្ត ​ក្នុង​រយៈ​ពេល​១​ឆ្នាំ ​ចំពោះ​ការ​ឆ្លើយ​តប​​នឹងសំណូម​ពរ​របស់​ក្រុម​ប្រឹក្សា​ក្រុង ​ស្រុក ​សហ​គមន៍​ ប្រជា​ពលរដ្ឋ និង​អ្នក​ពាក់​ព័ន្ធ​ ក្នុងការ​ពិភាក្សា​ស្រាយ​បំភ្លឺ​ពី​បញ្ហា​ប្រឈម​នានា​ដល់​អ្នក​ចូល​រួម​ផង​ដែរ​។​

​លោក​មាន​ប្រសាសន៍​ថា ៖ «​វេទិកានេះ ​ក៏មាន​គោល​ដៅ​ដើម្បី​លើក​កម្ពស់​ការ​ឆ្លើយ​តប​ចំពោះ​តម្រូវ​ការ​របស់​មូល​ដ្ឋាន​ និង​ការ​ផ្សព្វ​ផ្សាយ​ពី​តួនាទី​ ភារ​កិច្ច ការ​ទទួ​លខុស​ត្រូវរ​បស់​ក្រុម​ប្រឹក្សា គណៈ​អភិបាល​ខេត្ត និង​ពិគ្រោះ​យោ​បល់ និង​ការឆ្លើយ​តប​នូវ​បញ្ហា​ប្រឈម ​ក្តី​កង្វល់ និង​តម្រូវ​ការ​ជា​អាទិភា​ព​ជាមួយ​ប្រជា​ពលរដ្ឋ នៅ​តាម​មូល​ដ្ឋាន​ ដើម្បី​សិក្សា​ស្វែង​យល់​ រក​ដំណោះ​ស្រាយ​សម​ស្រប និង​ឆ្លើយ​តប​បាន​ទាន់​សភាព​ការណ៍​ផង​ដែរ​»​។​

​លោក​ អំ សំអាត នាយក​ទទួល​បន្ទុក​កិច្ចកា​រ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិម​នុស្ស​លីកាដូ បា​ន​ថ្លែង​ថា​ វេទិកាសាធារ​ណៈ​ពិត​ជា​មាន​សារៈសំ​ខាន់​ណាស់ដើ​ម្បីឱ្យ​​អាជ្ញាធរ​ប្រមូល​បញ្ហា​របស់​ប្រជា​ពល​រដ្ឋ ជា​ពិសេស​បញ្ហា​ទាក់​នឹង​រស់នៅ​ប្រចាំ​ថ្ងៃ ដូចជា​​ការអ​នុវត្ត​គោលន​យោបា​យ​ភូមិ​ឃុំ​មាន​សុវត្ថិ​ភាព​ជា​ដើម​ ដែល​អាជ្ញាធរ​ត្រូវ​ពិនិត្យ​មើល​លើ​ការ​អនុវត្ត​របស់​ខ្លួន​ឡើង​វិញ​។​

​លោក​បាន​ថ្លែង​ថា៖«​រដ្ឋបាល​ខេត្ត​អាច​ប្រមូល​សំណូម​ពរ​របស់​ប្រជា​ពលរដ្ឋ​ដែល​បាន​ជួប​ប្រទះ​យក​មកពិចារណា​ក្នុងការ​ដោះ​ស្រាយ ឬក៏​ក្នុង​ករណី​ដោះ​ស្រាយ​នៅ​ថ្នាក់​ខេត្ត​មិន​បាន ​ថ្នាក់​ខេត្ត​អាច​បញ្ជូន​សំណុំ​រឿងនេះ​ទៅ​កាន់​ថ្នាក់​ជាតិ​ឬ​ទៅ​ស្ថាប័ន​ពាក់​ព័ន្ធ​ ដោយ​កន្លង​មក យើង​ឃើញ​ក្រសួង​មហា​ផ្ទៃ​បាន​ដោះ​ស្រាយ​ច្រើន​នូវ​បញ្ហា​ទាំង​នោះ​»​។​

​បើ​តាម​លោក សំអាត លោក​ចង់​ឱ្យមាន​ការបើក​វេទិកា​​សាធា​រណៈ​នេះ ​ជាប្រចាំ និង​ដោយ​ពុំមាន​ការ​ប្រកាន់​និន្នា​ការ​នយោ​បាយ ដែល​អាជ្ញា​ធរ​អាច​ប្រមូល​មតិ​យោប​ល់​ពលរដ្ឋ ​ដើម្បី​ជំរុញ​កា​រដោះស្រា​យ​បញ្ហា​បាន​រហ័ស​ ទាន់​ពេល​វេលា​។​

​ចំណែក​ លោក ស៊ឹង សែន​ករុណា ​អ្នកនាំ​ពាក្យ​នៃ​អង្គការ​អាដហុ​ក បាន​​ឱ្យដឹង​ដែរ​ថា ការបើ​ក​វេទិកា​ជា​សាធា​រណៈ​នេះ គឺ​​រឿង​ល្អ​មួយ ​ប៉ុន្តែ​អាជ្ញាធរ​​ថ្នាក់​ខេត្ត ​គួរតែ​អញ្ជើញ​គ្រប់ភា​គី​ពាក់ព័ន្ធ​ ជាពិសេស​ប្រជាព​លរដ្ឋ​ដែល​មាន​បញ្ហា​ឱ្យ​ចូលរួម​ក្នុង​វេទិកា​នេះ​។​

​លោក​បានប​ញ្ជាក់​​បែប​នេះ​ថា​៖«​ខ្ញុំ​ទទួល​បាន​ព័ត៌មាន​បាន​ពី​ថ្នាក់មូ​លដ្ឋាន​ច្រើន​ដែរ​ទាក់​ទង​នឹង​ការរៀបចំ​វេទិ​កាសាធា​រណៈ​កន្ល​ងទៅ​ដោយ​ពលរដ្ឋ​បាន​រអ៊ូរទាំ​ថា អា​ជ្ញាធរ​ហាក់បី​ដូចជា​បានកំណ​ត់​មុខ​សញ្ញា​ដើម្បី​ចូលរួម​។​ដូច្នេះ​ខ្ញុំ​ស្នើថា អាជ្ញា​ធរ​គួរ​បើ​កទូលាយ​ជាទូទៅ​ចំពោះ​ការ​រៀប​ចំ​វេទិកា​នេះ​»៕