ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេ​សាទ បានឱ្យដឹងថា គិត​ត្រឹម​ដើមខែ​វិច្ឆិកា ឆ្នាំ​​ ២០២៣ ការនាំ​ផលិតផល​កសិកម្ម​កម្ពុ​ជា​ទៅ​ទីផ្សារ​អន្តរជាតិ​មាន​បរិមាណ​សរុប​ជាង ៦,២ ​លាន​តោន គិត​ជា​ប្រា​ក់ជាង ៣ ៥០០ ​លាន​ដុ​ល្លារ​ ទៅ​ទិសដៅ ៧៤ ​ប្រទេស​។​

​នេះ​បើតាម​លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុង​ពិធី​ប្រកាស​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ​ «​កម្មវិធី​គោ​លន​យោ​​បាយ​អាទិភាព​ទី​៥ និង​ទី​៦ របស់​រាជ​រដ្ឋាភិបាល​កម្ពុជា អាណត្តិ​ទី​៧»​ កាល​​ពីថ្ងៃ​ទី​ ២០ ខែវិច្ឆិកា ឆ្នាំ ​២០២៣​។​

​លោក ឌិ​ត ទីណា បាន​លើកឡើងថា មកដល់ពេលនេះ​ការដាំដុះ​ស្រូវ​សម្រេចបាន​ជាង ៣,៦ ​លាន​ហិកតា និង​ទទួលបាន​ផល ៦,២ ​លាន​តោន ជាមួយនឹង​ការរំពឹងទុក​នឹង​ទទួលបាន​ផល​ជាង ៦,៣​ លាន​តោន​បន្ថែមទៀត​នៅ​ខែវិច្ឆិកា និង​ខែធ្នូ ឆ្នាំនេះ​។

លោក​បន្តថា ក្នុងចំណោម​ការនាំចេញ​ខាង​​លើ គឺ​ការនាំចេញ​អង្ករ មាន​ជាង ៥២​ ម៉ឺន​តោន គិត​ជា​ប្រា​ក់ជាង ៤៥៨ ​លាន​ដុល្លារ ​(​រួមទាំង​នាំទៅ​ឥណ្ឌូនេស៊ី​ដែលជា​ទីផ្សារ​ថ្មី​)​។ ដោយឡែក​ការនាំចេញ​ផលិតផល​ជ័រកៅស៊ូ សម្រេចបាន​ជាង ២៤២​ ពាន់​តោន ស្មើនឹង​ជាង ៣២០ ​លាន​ដុល្លារ ក្នុង​រយៈពេល ៩ ​ខែ​នៃ​ឆ្នាំ ​២០២៣ នេះ​។​

​លោក​ថ្លែងថា​៖ «​ក្រសួង​កំពុង​ជំរុញ​ការអនុវត្ត​គំនិត​ផ្តួចផ្តើម​ប៉ូល​សេដ្ឋកិច្ច​ទី៤ នៅ​ភាគ​ពាយព្យ ក្នុង​ខេត្ត​ចំនួន ៤ គឺ​ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយ​មានជ័យ និង​ខេត្ត​ប៉ៃលិន ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម ដោយ​ផ្សារ​​ភ្ជាប់​នឹង​ការបង្កើត​ច្រក​មច្ឆា និង​អង្ករ ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​កិច្ច​សហ​​ប្រតិបត្តិការ​ត្បូង​ពេជ្រ​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ចិន​»​។​

​លោក​បន្ថែមថា ជាមួយគ្នានេះ​ក្រុម​ការងារ​ក្រសួង​ក៏បាន​ជំរុញ​ការអនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​ស្វាយចន្ទី ដើម្បី​ប្រែក្លាយ​កម្ពុជា​ឱ្យទៅជា​អធិរាជ​ស្វាយចន្ទី​នាពេល​អនាគត ថែមទាំង​ជំរុញ​ផលិតកម្ម​ពូជស្រូវ​សុទ្ធ​ដែលមាន​ភាព​សុទ្ធ​ល្អ មាន​ទីផ្សារ និង​មានតម្លៃ​ខ្ពស់ ដើម្បី​ផ្គត់ផ្គង់​ដល់​កសិករ និង​គាំទ្រ​ដល់​គោលនយោបាយ​ជំរុញ​ការនាំ​​ចេញ​អង្ករ​ប្រណីត​កម្ពុជា និង​បង្កើនល្បឿន​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​។​

​នា​ពិធី​នោះដែរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា ខណៈ​ប្រទេស​ជាច្រើន​កំពុង​ជួប​វិបត្តិ ប្រទេស​កម្ពុជា​វិញ​មិន​ត្រឹមតែ​អាច​ធានាបាន​សន្តិសុខ​ស្បៀង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​មាន​អតិរេក​នៃ​ការផលិត និង​បាន​នាំ​ចេញ​ជាង ៦​ លាន​តោន​ទៀតផង​។​

​លោក​ថ្លែងថា​៖ «​នេះ​មិនមែន​គ្រាន់តែ​ជា​សក្តានុពល​ដែល​ប្រទេស​យើង​មាន​ធនធានធម្មជាតិ មាន​ដី​ច្រើន និង​ដី​មាន​ជីជាតិ​នោះទេ ប៉ុន្តែ​ក៏​បញ្ជាក់​ពី​ការដឹកនាំ ការគ្រប់គ្រង និង​ការដាក់ចេញ​នូវ​គោលនយោបាយ​ត្រឹមត្រូវ​ផងដែរ​។ ការបញ្ចប់​សង្គ្រាម ការរំដោះ​ដី​កសិកម្ម​ចេញពី​គ្រាប់មីន ការជំរុញ និង​ការដាក់ចេញ​គោលនយោបាយ​លើកទឹកចិត្ត​ផ្សេងៗ​ក្នុង​វិស័យ​ក​សិ​កម្ម គឺ​បាន​ផល​»​។​

​លោកនាយក​រដ្ឋមន្ត្រី​បន្ថែមថា រាជ​រដ្ឋាភិបាល​កម្ពុជា កន្លង​ទៅបាន​ខិតខំ​ចរចា​ដើម្បី​បើក​ទីផ្សារ​ខាងក្រៅ​បន្ថែម​តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ផ្សេងៗ ខណៈ​បណ្តា​ប្រទេស​ដៃគូ​ប្រកួតប្រជែង​ក៏​ខិតខំ​ដូចគ្នា​។​

​លោក​ថ្លែងថា​៖ «​មិនមែន​នៅ​ស្ងៀមៗ​ប្រទេស​ទាំងអស់​មក​ទិញ​ផលិតផល​ពី​កម្ពុជា​នោះទេ​។ អ៊ីចឹង​យើង​ត្រូវ​ធានា​គោលនយោបាយ​របស់​យើង ការ​ទំនាក់​​ទំនង​គុណភាព និង​តម្លៃ​របស់​យើង​ផងដែរ​ក្នុងការ​ប្រកួតប្រជែង​នេះ​»​។​

​ទាក់ទង​នឹង​ដំណាំ​ស្រូវ លោក ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា តម្លៃ​ស្រូវ​ឆ្នាំនេះ​ល្អ បើ​ប្រៀបធៀប​ឆ្នាំមុន ដោយ​ឆ្នាំនេះ ១​ គីឡូ​មានតម្លៃ​ពី ១ ០០០ ទៅ ១ ៣០០​ រៀល ខណៈ​រយៈពេល​ដូចគ្នា​ឆ្នាំមុន ស្រូវ ១​ គីឡូក្រាម​មានតម្លៃ​ត្រឹម​ចន្លោះ​ពី​ ៨០០ ទៅ ១ ០០០ ​រៀល ហើយ​គួបផ្សំ​ជាមួយនឹង​ការធ្លាក់​​ចុះ​នៃ​តម្លៃ​វត្ថុធាតុដើម​សម្រាប់​ផលិត​ជី និង​ថ្នាំ​កសិកម្ម​មួយចំនួន​។​

​លោក​បញ្ជាក់ថា​៖ «​ដូចនេះ​អាចធ្វើឱ្យ​កសិករ​យើង​រកចំណូលបាន ព្រោះ​វា​មិន​សំខាន់​រឿង​តម្លៃ​លក់​តែ ១ ​ទេ តែ​វា​សំខាន់​ផងដែរ​លើ​តម្លៃ​ផលិត​មានន័យថា​សំខាន់​ថា​តើ​កសិករ​សល់​លុយ​ប៉ុន្មាន​? បើ​ផលិតផល​ថ្លៃ​ពេក ការ​លក់​ថ្លៃ​យ៉ាងម៉េច​ក៏​នៅសល់​តិច​ដែរ​។ ដូចនេះហើយ​បានជា​រដ្ឋាភិបាល​តែង​ដាក់ចេញ​គោលនយោបាយ​អនុ​គ្រោះ និង​លើកទឹកចិត្ត​ជាច្រើន​ដោយ​ធ្វើយ៉ាងណា​កាត់បន្ថយ​តម្លៃ ដើម្បី​ធានា​ការប្រកួតប្រជែង និង​ចែក​ផល​លាភ​នេះ​ដល់ដៃ​ប្រជាពលរដ្ឋ​»​។​

​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក ចាន់ សុ​ឃាំង បានឱ្យដឹងថា ក្នុងនាម​ផ្នែក​ឯកជន លោក និង​សមា​​ជិ​ក​សហព័ន្ធ​ទាំងអស់​មាន​មោទនភាព​ដែលមាន​ឱកាស​ជួយ​រដ្ឋាភិបាល​ក្នុង​បេសកកម្ម​ស្វែងរក​ទីផ្សារ​ក្រៅប្រទេស ដោយ​ទទួលបាន​លទ្ធផល​ជាទី​គាប់​ប្រសើរ ជាពិសេស​ការបើក​ទីផ្សារ​អង្ករ​ទៅកាន់​ទីផ្សារ​ថ្មី​ក្នុងឆ្នាំនេះ​។​

​លោក​ប្រាប់ថា​៖ «​យើង​នឹង​នៅតែ​បន្ត​កិច្ចការងារ​នេះ ដោយ​បច្ចុប្បន្ន​យើង​កំពុង​សហការ និង​រិះរក​វិធី​ផ្សព្វ​ផ្សាយ​អង្ករ​កម្ពុជា ដែលជា​យុទ្ធសាស្ត្រ​ទីផ្សារ យើង​នឹង​បន្ត​សហការ​ជាមួយ​ដៃគូ​នៅក្រៅ​ប្រទេស ដើម្បី​ជំរុញ​ការ​​នាំចេញ​អង្ករ​»៕