ភ្នំពេញៈ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានផ្តល់​អនុសាសន៍​​​ ​១០​ ​ចំណុច លើ​​ «​ការរៀបចំ​កម្មវិធី​ការងារ​សមរម្យ​សម្រាប់​ប្រទេស​កម្ពុជា​ឆ្នាំ​ ២០២៤-២០២៨» ដែលជា​មូលដ្ឋានគ្រឹះ​ក៏ដូចជា​ធាតុ​ចូល​សម្រាប់់​កិច្ចពិភាក្សា​ដើម្បី​ធានា​ឧ​ត្ត​ម​​ប្រយោជន៍​របស់​កម្ពុជា​។

​ការ​ផ្តល់នូវ​អនុសាសន៍​នេះ​ធ្វើឡើង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​ត្រីភាគី​ថ្នាក់ជាតិ ដែលមាន​ការចូលរួម​ពី​លោក Oktavianto Pasaribu នាយករង​នៃ​ការិយាល័យ​អង្គការ​អន្តរ​ជាតិ​ខាង​ការងារ (ILO) ប្រចាំ​ប្រទេស​ថៃ កម្ពុជា​ និង​ឡាវ រួម​នឹង​មន្ត្រី​សហជីព និង​អ្នកពាក់ព័ន្ធ​មួយចំនួនទៀត​។​

​លោក ហេង សួរ ថ្លែងថា ៖ «​អនុសា​សន៍​ទាំងនេះ​នឹង​ធ្វើឱ្យ​ប្រសើរឡើង នូវ​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ដែល​ស្របទៅតាម​គោលដៅ​របស់​រាជរដ្ឋាភិបាល​ដែល​បានប្រកាស​ដាក់ចេញ​តាំងពីដើម​អាណត្តិ​»​។​

​អនុសាសន៍​ទាំង ​១០ ​ចំណុច​នោះ​រួមមាន​៖ ១ ការកសាង​ជំនឿ​ទុកចិត្ត​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​មកលើ​ប្រសិទ្ធភាព​ការ​​ងារ​របស់​ប្រតិបត្តិ​ករ​របស់​ក្រសួង​។ ២ ការបង្កើត​អនុលោមភាព​លក្ខខណ្ឌ​ការ​​ងារ និង​លក្ខខណ្ឌ​សុខភាព​ (OSH), ៣ ការពង្រឹង​ប្រសិទ្ធភាព​នៃ​យន្តការ​ដោះ​ស្រាយ​វិវាទ​ការងារ (​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល​), ៤ ការពង្រីក​វិសាលភាព បេឡា​សន្តិសុខ​សង្គម​, ៥ ពលករ​ទេសន្តរប្រវេសន៍​។ ៦ ការលុបបំបាត់ចោល​ទ​ម្រ​ង់​ធ្ងន់ធ្ងរ​នៃ​ពលកម្ម​កុមារ​,៧ កាត​ព្វ​​កិច្ច​ហ្វឹកហ្វឺន​កូនជាង​ដើម្បី​បង្កើន​ប្រសិទ្ធភាព​សិក្ខាកាម​,៨ ការបណ្តុះ​បណ្តាល​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​តាមរយៈ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​គោលដៅ​ ១,៥ ​លាន​នាក់​, ៩ ការលើកកម្ពស់​យេនឌ័រ​ដល់​កម្មករនិយោជិត​ជា​ស្ត្រី តាម​គោលការណ៍​សមធម៌​និង​ ១០ ការពង្រឹង​យន្តការ​ត្រីភាគី​។

​លោក ​ហេង សួរ បញ្ជាក់ថា​៖ «​ខ្ញុំ​រំពឹងថា ការពិភាក្សា​ពិគ្រោះ​យោបល់​ត្រីភាគី​ថ្នាក់ជាតិ​ស្តីពី​ការរៀបចំ​កម្មវិធី​ការងារ​សមរម្យ​ប្រចាំ​ប្រទេស​កម្ពុជា ឆ្នាំ​ ២០២៤-២០២៨​នេះ នឹង​ឈរលើ​ការពិភាក្សា ដែល​យក​នូវ​ឧ​ត្ត​ម​ប្រយោជន៍​របស់​កម្មករនិយោជិត​ប្រមាណ​ ១០​ លាន​នាក់​នៅ​កម្ពុជា​ ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ធាតុ​ចូលក្នុង​ផែនការ​ថ្នាក់ជាតិ​របស់​រាជរដ្ឋាភិបាល​»​។​

​បើតាម​ឯកសារ​ទស្សនទាន សិក្ខា​សា​លា​នេះ គឺជា​ការពិនិត្យ​ឡើងវិញ​នៃ​កម្ម​​វិធី​ការងារ​សមរម្យ​ប្រចាំ​ប្រទេស​ម្ពុ​ជា ​(DWCP ២០១៩-២០២៣) ដែល​ត្រូវបាន​អនុវត្ត ដើម្បី​ជា​ធាតុ​ចូល​ក្នុងការ​ពិនិត្យមើល អ្វីដែល​បាន​ដំណើរការ​និង​មិនបាន​ដំណើរការ និង​ចំណុច​គួរ​កែលម្អ ឬ​បន្ត​អនុវត្ត​សម្រាប់​កម្មវិធី​នេះ​បន្ទាប់ ក្នុង​គោលបំណង​គាំទ្រ​ដល់​ការរៀនសូត្រ និង​ជម្រាបជូន​ពី​ការសម្រេចចិត្ត​ពាក់ព័ន្ធ​នឹង​ការ​រចនា​កម្មវិធី DWCP ឆ្នាំ​ ២០២៤-២០២៨៕