ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានធ្វើការ​ផ្សព្វផ្សាយ​ប្រកាស​ស្ដីពី​ការប្រើប្រាស់​ទ្រូងផ្លូវ និង​ចន្លោះ​សុវត្ថិភាព ទៅដល់​អ្នកពាក់ព័ន្ធ​វិស័យ​ដឹកជញ្ជូន ដើម្បី​រួមចំណែក​ក្នុងការ​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់ និង​កាត់បន្ថយ​ភាព​កកស្ទះ​ចរាចរណ៍​ផងដែរ​។​

​ការផ្សព្វផ្សាយ​នេះ ធ្វើឡើង​ក្រោម​អធិបតីភាព លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង មន្ត្រី​នគរបាលជាតិ នគរបាល​រាជធានី​-​ខេត្ត មន្ទីរ​សាធារណការ​រាជធានី​-​ខេត្ត រួម​នឹង​តំណាង​សមាគម​ដឹកជញ្ជូន ក្រុមហ៊ុន​ដឹកជញ្ជូន និង​តំណាង​សាលាបង្រៀន​បើកបរ​ជាច្រើន​នាក់​ផងដែរ​។

​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កាលពី​ថ្ងៃទី​២០ ខែវិច្ឆិកា បានឱ្យដឹងថា ពិធី​ផ្សព្វផ្សាយ ប្រកាស ស្តីពី​ការប្រើប្រាស់​ទ្រូងផ្លូវ និង​ប្រកាស​ស្តីពី​ចន្លោះ​សុវត្ថិភាព ​ក្នុង​ការបើកបរ​យានយន្ត​នេះ សំដៅ​បញ្ជ្រាប​ការយល់ដឹង​ពី​ការប្រើប្រាស់​ទ្រូងផ្លូវ​ឱ្យបាន​ត្រឹមត្រូវ និង​យល់ដឹង​អំពី​ចន្លោះ​សុវត្ថិភាព​ក្នុងការ​បើកបរ​ពីក្រោយ​យានយន្ត​ផ្សេងទៀត ដើម្បី​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់ ស្របតាម​ផែនការ​ទសវត្សរ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ឆ្នាំ​២០២១-២០៣០​។​

​ក្រសួង​បាន​លើកឡើងថា​៖ «​ការផ្សព្វផ្សាយ​នេះ គឺ​ផ្តោត​សំខាន់​លើ​ការពង្រឹង​ការអនុវត្ត​ច្បាប់ ក៏ដូចជា​បណ្តុះបណ្តាល​ចំពោះ​អ្នកបើកបរ និង​អ្នកធ្វើអាជីវកម្ម​ដឹកជញ្ជូន​នៅលើ​ផ្លូវ ដើម្បី​ធានា​សុវត្ថិភាព​ក្នុងការ​បើកបរ លើកកម្ពស់​សណ្តាប់ធ្នាប់​ចរាចរណ៍ រួមចំណែក​ទប់ស្កាត់​គ្រោះថ្នាក់ និង​ការកកស្ទះ​ចរាចរណ៍​ផងដែរ​»​។​

​លោក ផន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹង​នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា​ថា ការ ប្រើប្រាស់​ទ្រូងផ្លូវ​ដែល​ត្រឹមត្រូវ គឺ​អ្នកបើកបរ​គ្រប់រូប​ត្រូវ​បើកបរ​តាម​គន្លង​ផ្លូវ​របស់ខ្លួន ខណៈដែល​ការប្រើប្រាស់​គន្លង​ផ្លូវ​សព្វថ្ងៃនេះ​អ្នកបើក​បរបាន​ប្រើប្រាស់ មាន​លក្ខណៈ​មិន​ត្រឹមត្រូវ​ឡើយ ដោយមាន​ការបំពាន​គ​ន្ល​ង​ផ្លូវ​ពី​យានយន្ត​ទៅ​ផ្លូវ​ម៉ូតូ ឬ​ម៉ូតូ​ទៅ​បំពាន​ផ្លូវ​យានយន្ត​ជាដើម​។ 

​លោក​បាន​បន្តថា ចំណែក​ចន្លោះ​សុវត្ថិភាព​វិញ សំដៅ​ដល់​ការធានា​សុវត្ថិភាព​ក្នុងការ​បើកបរ​ពីក្រោយ​យានយន្ត​ផ្សេងទៀត​នៅពេល​យានយន្ត​ខាងមុខ​ជាន់​ឬ​ចាប់​ហ្វ្រាំង​បន្ថយល្បឿន ឬ​ឈប់​បន្ទាន់​ផងដែរ​។​

​លោក​ ផន រឹម បានបញ្ជាក់​បន្ថែមថា​៖ «​ការប្រើប្រាស់​ទ្រូងផ្លូវ​ឱ្យបាន​ត្រឹមត្រូវ និង​មានការ​យល់​ពី​ចន្លោះ​សុវត្ថិភាព គឺ​រួមចំណែក​ទប់ស្កាត់​គ្រោះថ្នាក់ និង​ការកកស្ទះ​ចរាចរណ៍​ផ្លូវគោក​»​។  

​ជាមួយគ្នានេះដែរ​លោក គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​កម្ពុជា បាន​ប្រាប់ឱ្យដឹង​ដែរ​ថា ចំពោះ​ការផ្សព្វផ្សាយ​របស់​ក្រសួង​នេះ អាច​ជាការ​ក្រើនរំឭក​ទៅដល់​អ្នកបើកបរ ឱ្យមាន​ការយល់ដឹង​បន្ថែមទៀត​ពី​ការប្រើប្រាស់​គន្លង​ផ្លូវ ហើយ​លោក​ក៏​ជឿថា ​ចំណេះដឹង​ទាំងនេះ​អ្នកបើកបរ​ក៏បាន​ទទួល​ការបណ្តុះបណ្តាល​ហើយ​ដែរ ក្នុងអំឡុងពេល​ពួកគាត់​រៀន​យក​បណ្ណ​បើកបរ​។​

​លោក​បន្តថា ក្រៅពី​ការផ្សព្វផ្សាយ​ប្រកាស​ហើយ ក្រសួង​គួរតែមាន​ការរៀបចំ​ផលិត​ជា​វីដេអូ​អប់រំ​ខ្លីៗ ​ណែនាំ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត ក៏ដូចជា​បណ្ដា​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ ដើម្បីឱ្យ​កាន់តែ​យល់ដឹង​ទូលំទូលាយ​ទៅដល់​បណ្ដា​អ្នកបើកបរក្នុង​ការចូលរួម​ប្រើប្រាស់​ទ្រូងផ្លូវ និង​ចន្លោះ​សុវត្ថិភាព​ឱ្យបាន​ត្រឹមត្រូវ ដែលជា​ការរួមចំណែក​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។​

​លោក គឹម បញ្ញា បាន​បញ្ជាក់ថា​៖ «​ដូច្នេះ​ការប្រើប្រាស់​ទ្រូងផ្លូវ និង​ចន្លោះ​សុវត្ថិភាព​នេះ មាន​សារៈសំខាន់​ណាស់ ខណៈដែល​ចន្លោះ​សុវត្ថិភាព ផ្ដោត​ជា​ចម្បង​ហ្នឹង គឺ​ការកាត់បន្ថយ​គ្រោះថ្នាក់ ហើយ​ចំណែក​ការប្រើប្រាស់​ទ្រូងផ្លូវ វា​ក៏​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព និង​កាត់បន្ថយ​គ្រោះថ្នាក់​ដែរ ប៉ុន្តែ​ជា​ចម្បង​ខ្ញុំ​មើលឃើញថា វា​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ ពីព្រោះ​ពេលខ្លះ​ឡាន​មក​ផ្លូវ​ម៉ូតូ ម៉ូតូ​មក​ផ្លូវ​ឡាន​ជាដើម​»​។​

​យោងតាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានឱ្យដឹងថា ក្នុង​រយៈពេល ១០ ​ខែ ឆ្នាំ​២០២៣​នេះ នៅ​ទូទាំងប្រទេស​កម្ពុជា មាន​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​ចំនួន ២ ៧១៦​ លើក បណ្តាលឱ្យមាន​អ្នកស្លាប់​ចំនួន ១ ២៨៦​​ នាក់ អ្នករបួសធ្ងន់​ចំនួន ២ ២៥៨​ នាក់ និង​អ្នក​របួសស្រាល​ចំនួន ១ ៣៨២​​​ នាក់​។ ក្នុង​ចំនួន​ជនរងគ្រោះ​ទាំងនេះ មាន​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ចំនួន ២ ៥២៤​​ នាក់​។

បើ​ប្រៀបធៀប​ទៅនឹង​ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ក្នុង​រយៈពេល​ដូចគ្នា ១០​ ខែ ឆ្នាំ​២០២២ ឃើញថា​ អត្រា​នៃ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើនឡើង ៩% អ្នកស្លាប់​បាន​ថយចុះ ១១% អ្នករបួសធ្ងន់​បាន​កើនឡើង ៣% អ្នករបួស​ស្រាល​បាន​កើនឡើង ១០% និង​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​បាន​ថយចុះ ១០%៕