ភ្នំពេញ : កាលពី​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៣ ប្រធាន​ព្រឹទ្ធស​ភានៃព្រះ​រាជាណាចក្រ​កម្ពុជា​ លោក សាយ ឈុំ បាន​ជួប​ពិភាក្សាគ្នា​ប្រកបដោយ​ផ្លែផ្កា​ជាមួយ​លោក​ សាន់តូ ដាម៉ូស៊ូម៉ាតូ​ ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី នៅវិមានព្រឹទ្ធសភា ដោយ​ផ្តោត​លើ​​ការ​ពង្រឹង​កិច្ច​សហប្រតិ​បត្តិការ​រ​វាង​កម្ពុជា និង​ឥណ្ឌូនេស៊ី​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ឯកអគ្គ​រដ្ឋទូត​ឥណ្ឌូនេស៊ី​ បាន​ឱ្យ​ដឹង​ថា លោក សាយ ឈុំ​ បាន​គូសបញ្ជាក់​អំពី​ទំនាក់ទំនង​ដ៏​ស៊ីជម្រៅ និង​ជា​ប្រវត្តិសាស្ត្រ​ដែល​ចងភ្ជាប់​ប្រជាជាតិ​ទាំង២ ដោយ​ផ្ដោត​លើ​​ការបង្កើន​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ពាណិជ្ជកម្ម ការ​វិនិយោគ ការអប់រំ ការ​កសាង​សមត្ថភាព និង​កសិកម្ម។​

​លោក សាយ ឈុំ បានថ្លែង​​ស្វាគមន៍​ចំពោះ​ការបន្ត​ទំនាក់ទំនង​ដ៏​កក់ក្តៅ​ក្នុងចំណោម​មេដឹកនាំ​នៃ​ប្រទេស​ទាំង២ រួមទាំង​​ចំណោម​សមាជិកសភា និង​សមាជិក​ព្រឹទ្ធសភា​ផងដែរ​។​

​លោក ដាម៉ូស៊ូម៉ាតូ​ បាន​រំឭក​អំពី​តួនាទី​របស់​ឥណ្ឌូនេស៊ី​ ក្នុង​ដំណើរការ​រក​សន្តិភាព​សម្រាប់​ប្រទេស​កម្ពុជា និង​សន្និសីទ​អាស៊ី​-​អាហ្វ្រិក ដោយ​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការរក្សា​អនុស្សា​វរីយ៍​ទាំងនេះ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។​

​លោក​ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានឱ្យ​ដឹង​ថា៖​ «​ការចងចាំ​នៃ​សន្និសីទ​អាស៊ី​-​អាហ្វ្រិក និង​ការគាំទ្រ​របស់​ឥណ្ឌូនេស៊ី​សម្រាប់​​ដំណើរការ​សន្តិភាព​នៅ​កម្ពុជា រួមទាំង​តាមរយៈ​កិច្ចប្រជុំ​ក្រៅផ្លូវការ​ពី​ទីក្រុង​ហ្សា​ការតា និង​ការចូលរួម​ក្នុង​អ៊ុនតាក់ ត្រូវបាន​ឆ្លាក់​នៅក្នុង​ចិត្ត​របស់​ប្រជាជន​កម្ពុជា​ជាច្រើន​។ ប៉ុន្តែ​យើង​ត្រូវតែ​ធានាថា មនុស្ស​ជំនាន់​ក្រោយ នៃ​ប្រទេស​ទាំង​២​នៅតែ​បន្ដ​ទំនាក់​ទំនង​នេះ​»។​

​លោក ដាម៉ូស៊ូម៉ាតូ​ ក៏បាន​បង្ហាញ​ពី​ក្តីសង្ឃឹម​របស់លោក​​ ក្នុងការ​លើកកម្ពស់​បន្ថែ​ម​ទៀត​នូវ​​ទំនាក់ទំនង​​រវាង​ប្រជាជន និង​ប្រជា​ជន និង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​។​ 

លោក​បាន​បន្ថែមថា​៖ «​ខណៈពាណិជ្ជកម្ម​របស់​​ប្រទេស​ឥណ្ឌូនេស៊ីនៅ​កម្ពុជា​​អាច​នឹង​ហក់​ឡើង​ដល់​​លេខ ៦ ​​ក្នុងឆ្នាំនេះ ​​ឱកាសនៅតែ​មាន​​ច្រើន​សម្រាប់​ការពង្រីក​ទំនាក់​ទំនង​ពាណិជ្ជកម្ម ​និង​វិនិយោគ​»​។​

យោងតាម​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ព្រឹទ្ធសភា​កម្ពុជា បាន​ឱ្យ​ដឹង​ថា ក្នុងឱកាស​នោះ ​​ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី បាន​បេ្ត​ជ្ញា​ចិត្ត​ថា នឹង​បន្ត​ពង្រឹង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហ​ប្រតិបត្តិការ​រ​វាង​រដ្ឋ​​សភា រដ្ឋាភិបាល ប្រជាជន និង​ប្រទេស​ទាំង២ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត ជាពិសេស​ពង្រឹង​ពង្រីក​កិច្ចសហប្រតិ​បត្តិការ​លើ​វិស័យ​សំខាន់ៗ​ចំនួន ៣។

ស្ថានទូត​ឥណ្ឌូនេស៊ី​យកចិត្ដ​ទុក​ដាក់​លើ​​​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ទំនាក់​ទំនង​រវាង​ប្រជាជន និង​ប្រជាជនឱ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​ ក៏ដូចជា​ការ​គាំពារ​ប្រជាជន​ឥណ្ឌូនេស៊ី​រស់នៅ​ប្រទេស​កម្ពុជា​។ ក្រៅពីនេះ លោក ដាម៉ូស៊ូម៉ាតូ ​នឹង​ខិតខំ​បង្កើន​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋ​សភា​នៃ​ប្រទេស​ទាំង២ផងដែរ​។​

​​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ឯកអគ្គ​រដ្ឋទូត​ឥណ្ឌូនេស៊ី​ ​​បាន​បន្តថា​៖ «​ជាពិសេស​ប្រជាជន​ឥណ្ឌូនេស៊ី​នៅ​កម្ពុជា​នឹង​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​បន្ទាប់​របស់​ឥណ្ឌូនេស៊ី​ក្នុងអំឡុង​ការបោះឆ្នោតជាតិ​នៅ​ខែកុម្ភៈ ឆ្នាំ២០២៤»​។​

​ខណៈដែល​ប្រទេស​ទាំង​២ បាន​ទន្ទឹងរង់ចាំ​ការ​ប្រារឰ​ខួប​លើក​ទី៦៥​ នៃ​ទំនាក់ទំនង​ការទូត​ទ្វេភាគី​នៅ​ឆ្នាំ​ក្រោយនេះ បើ​តាម​​សេចក្តីប្រកាស​ព័ត៌មាន លោក សាយ ឈុំ បាន​សម្តែង​ក្តី​សង្ឃឹមថា ឥណ្ឌូណេស៊ី និង​កម្ពុជា នឹង​ក្លាយជា​ប្រទេស​ដែល​មាន​​សេដ្ឋកិច្ច​រឹងមាំ និង​លទ្ធិប្រជាធិបតេយ្យ​។ គេ​រំពឹងថា​ ព្រឹត្តិការណ៍​ពិសេសៗ​ នឹង​ត្រូវបាន​រៀបចំ​ឡើង​​ក្នុង​ការអបអរសាទ​រ​នៃ​​សមិទ្ធផល​នេះ​នៅ​ឆ្នាំ២០២៤​។​

ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ព្រឹទ្ធសភា​កម្ពុជា  បានឱ្យ​ដឹង​ថា​៖ «ក្នុងនាម​ខ្លួន​សម្តេច​ផ្ទាល់ ក៏ដូចជា​ព្រឹទ្ធសភា បាន​ត្រៀមលក្ខណៈ​បន្ត​កិច្ច​សហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ​នេះ​ជាមួយ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត ក៏ដូចជា​ស្ថានទូត​ឥណ្ឌូនេស៊ី​ប្រចាំ​ព្រះរាជា​ណា​ចក្រ​​កម្ពុជា ដើម្បី​ជា​គុណប្រយោជន៍​ដ៏​ធំធេង​សម្រាប់​ប្រទេស និង​ប្រជាជន​ទាំង២​»៕ ​