ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា (National Bank of Cambodia) និងធនាគារកណ្តាលចិន (People’s Bank of China) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ដើម្បីជំរុញនវានុវត្តន៍ក្នុងវិស័យធនាគារ និងប្រព័ន្ធទូទាត់សងប្រាក់ក្នុងការលើកកម្ពស់សុវត្ថិភាព និងប្រសិទ្ធភាពប្រតិបត្តិការទូទាត់ឆ្លងដែនរវាងកម្ពុជា និងចិន។
ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ បានធ្វើឡើងកាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន ដោយអនុស្សរណៈយោគយល់មានចំនួន ២ គឺទី ១ កិច្ចសហប្រតិបត្តិការនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់ និងទី ២ ការបង្កើតកិច្ចសម្របសម្រួលក្នុងការទូទាត់ និងផាត់ទាត់នៅកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ក្រៅពីជំរុញការធ្វើនវានុវត្តន៍ក្នុងវិស័យធនាគារ និងប្រព័ន្ធទូទាត់សងប្រាក់ហើយ អនុស្សរណៈនេះក៏នឹងកសាងសមត្ថភាពវិស័យធនាគារនៅកម្ពុជាដើម្បីឆ្លើយតបទៅនឹងកំណើននៃពាណិជ្ជកម្ម ការវិនិយោគ និងលំហូរហិរញ្ញវត្ថុទ្វេភាគីរវាងប្រទេសចិន និងកម្ពុជាផងដែរ។
នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានរបស់ទូរទស្សន៍ CNBC នៃប្រទេសសិង្ហបុរី កាលពីពាក់កណ្តាលខែវិច្ឆិកាកន្លងទៅថ្មីៗនេះ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងថា ការរីកចម្រើននៃបច្ចេកវិទ្យាហិរញវត្ថុបានផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រព័ន្ធធនាគារនៅកម្ពុជា ជាពិសេសប្រព័ន្ធទូទាត់សងប្រាក់តាមបែបឌីជីថល ដែលមានភាពឆាប់រហ័ស ងាយស្រួល និងតម្លៃទាប។ បច្ចេកវិទ្យាហិរញ្ញវត្ថុ ក៏បានធ្វើបដិវត្តកម្មក្នុងសេវាផ្ទេរប្រាក់ និងទូទាត់ទាំងក្នុង និងក្រៅប្រទេសផងដែរ។
លោកស្រីបានបន្ថែមថា ធនាគារជាតិនៃកម្ពុជាបានបង្កើតឡើងនូវប្រព័ន្ធទូទាត់បាគង ដើម្បីផ្តល់លទ្ធភាពដល់អ្នកប្រើប្រាស់អាចទូទាត់ឆ្លងគ្រឹះស្ថានហិរញ្ញវត្ថុបានភ្លាមៗតាមរយៈការស្គេន QR Code បានយ៉ាងងាយស្រួល។
លោកស្រីជា សិរី បានបញ្ជាក់ថា៖ «តាមរយៈកិច្ចសហប្រតិបត្តិការនេះ អ្នកប្រើប្រាស់ប្រព័ន្ធបាគងអាចធ្វើការទូទាត់ជាមួយអាជីវករដែលមានប្រព័ន្ធ Alipay ចំនួន៨៣ លានអាជីវករនៅទូទាំងសកលលោក។ ដូចគ្នានេះដែរ ភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនានៅកម្ពុជាក៏អាចធ្វើការទូទាត់តាមរយៈប្រព័ន្ធ KHQR ដោយងាយស្រួល និងទទួលបានបទពិសោធន៍ក្នុងការទូទាត់នៅកម្ពុជាដែលល្អជាងមុន សំដៅរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចឱ្យកាន់តែប្រសើរឡើងថែមទៀត»។
លោកស្រី បានរំឭកដល់អាជីវករកម្ពុជាផងដែរថា ត្រូវមានគណនីជាប្រាក់រៀល និងទទួលយកប្រាក់រៀល និងបានស្នើឱ្យគ្រឹះស្ថានធនាគារទាំងអស់លើកទឹកចិត្តអាជីវកររបស់ខ្លួនឱ្យបើកគណនីជាប្រាក់រៀល និងធ្វើការទូទាត់ជារៀលដើម្បីទទួលបានអត្ថប្រយោជន៍ដ៏ច្រើនពីប្រព័ន្ធនេះ។
លោកអ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា នៅថ្ងៃទី ២២ ខែវិច្ឆិកា បានបង្ហាញការយល់ឃើញថា ការចុះអនុស្សរណៈរវាងធនាគារជាតិ នៃកម្ពុជា និងធនាគារកណ្តាលចិន មានសារៈសំខាន់ខ្លាំងណាស់និងជាការបើកផ្លូវមួយសម្រាប់ធនាគារពាណិជ្ជកម្មនៅកម្ពុជាក្នុងការជំរុញការទូទាត់តាមប្រព័ន្ធឌីជីថលរវាងប្រទេសទាំង ២។
លោកបានបញ្ជាក់ថា៖ «បើតាមខ្ញុំចាំ កាលពីអំឡុងឆ្នាំ ២០១០ អេស៊ីលីដាក៏ធ្លាប់ចុះកិច្ចព្រមព្រៀងជាមួយ UPI (Union Pay International) ដើម្បីសម្រួលការទូទាត់ជាទម្រង់កាត។យើងមានគោលដៅធំដើម្បីពង្រីកការទូទាត់ទៅកាន់គោលដៅប្រទេសជាច្រើននៅជុំវិញពិភពលោក។ និយាយរួមកន្លែងណាក៏ដោយឱ្យតែធនាគារ កណ្តាលរបស់យើង (NBC) គាត់ត្រួសត្រាយផ្លូវមុន បើកផ្លូវឱ្យមុន យើងនឹងអនុវត្តតាមក្រោយ»។
សូមរំឭកថា នៅក្នុងឆ្នាំ ២០២៣ នេះ ធនាគារជាតិនៃកម្ពុជាបានចុះ MoU ជាមួយធនាគារ និងប្រព័ន្ធទូទាត់របស់ចិនចំនួន ៣ ហើយ រួមមាន ជាមួយក្រុមហ៊ុន UnionPay International, ក្រុមហ៊ុន AliPay Connect Pte. Ltd. និងធនាគារកណ្តាលចិន (People’s Bank of China) ដើម្បីជំរុញការទូទាត់តាមឌីជីថលដោយប្រើប្រាស់ប្រាក់រៀលរបស់កម្ពុជា និងប្រាក់យន់របស់ចិនឱ្យមានលក្ខណៈទូលំទូលាយបន្ថែមទៀតនៅក្នុងប្រទេសទាំង ២៕