ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បានសម្រេច​មិនឱ្យ​មានការ​ពង្រីក​អាជីវកម្ម​រ៉ែ និង​ការរុករក​រ៉ែ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ ព្រៃ​ឡង់ ទៀត​ទេ ដោយ​ដាក់​តំបន់​ព្រៃ​ឡង់​ជា​តំបន់​ក្រហម និង​មិន​ឱ្យមាន​ការចេញ​អាជ្ញាប័ណ្ណ​ថ្មី​ក្នុងការ​រុករ​កធន​ធាន​រ៉ែ និង​ការពង្រីក​ផ្ទៃដី​បន្ថែម​ទៀតឡើយ​។​

​ការសម្រេច​នេះ​ត្រូវ​បានប្រកាស​ឱ្យដឹង​តាមរយៈ​លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល កាលពី​ថ្ងៃទី​​ ២១ ​វិច្ឆិកា ឆ្នាំ​ ២០២៣ នា​វេទិកា​ពិភាក្សា​ស្តីពី «​គោល​នយោបាយ​រ៉ែ និង​ថាមពល​នៅ​កម្ពុជា​» ដែល​រៀបចំ​ដោយ​ក្លិប​អ្នក​​កាសែត​កម្ពុជា សហការ​ជាមួយ​ក្រសួង​រ៉ែ និង​ថាមពល​។ លោក កែវ រតនៈ បានប្រកាស​ជូន​ប្រជា​ពលរដ្ឋ និង​អ្នកសារព័ត៌មាន​ឱ្យ​បានដឹង​នាឱកាស​នោះ​ថា កាល​​ពីថ្ងៃ​ទី ​២ ខែវិច្ឆិកា លោក​បានស្នើ​ទៅ​លោកនាយក​រដ្ឋមន្ត្រី សុំ​មិន​ពង្រីក​អាជីវកម្ម​រ៉ែ និង​ការរុករក​រ៉ែ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ទៀត​នោះទេ​។ 

​លោក​ថ្លែងថា​៖ «​សម្តេច​ធិបតី​ផ្អែកទៅលើ​សំណើ​របស់​ក្រសួង​ចុះ​ថ្ងៃទី​ ២ ខែវិច្ឆិកា ឆ្នាំ ​២០២៣ លោក​បាន​ឯកភាព​នៅ​ថ្ងៃទី​ ២​ ដដែល​នោះដែរ ដែល​នេះ​បញ្ជាក់​ពី​ឆន្ទៈ​របស់​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដោយ​សម្តេច​សម្រេច​ចាត់ទុក​តំបន់​ព្រៃ​ឡង់​ជា​តំបន់​ក្រហម​»​។​

​លោក​បន្ថែមថា​៖ «​សម្តេច​បានសម្រេច​ដោយ​ទី​១ មិន​ចេញ​អាជ្ញាប័ណ្ណ​ធនធាន​រ៉ែ​គ្រប់​ប្រភេទ​បន្ថែមទៀត​ទេ លើកលែងតែ​ក្រុមហ៊ុន​ចំនួន​ ២ ដែលមាន​គោលការណ៍​ពី​អាណត្តិ​មុន​មក​រួចហើយ​។ ទី​២ ពិនិត្យ​លទ្ធភាព​កាត់​​បន្ថយ​ផ្ទៃដី​ដែល​សិក្សា​រួច និង​មិនមាន​សក្តានុពល​សម្រាប់​ធ្វើ​អា​ជី​វ​កម្ម​ធនធាន​រ៉ែ​។​ចំណែក​ទី​៣ មិន​អនុញ្ញាត​ឱ្យមាន​ការពង្រីក​ផ្ទៃដី​អាជ្ញាប័ណ្ណ​បន្ថែមទៀត​សម្រាប់​អាជ្ញាប័ណ្ណ​ដែលមាន​ស្រាប់​»​។

ទាំងនេះ​ជាការ​សម្រេច​របស់លោក ហ៊ុន ម៉ា​ណែ​ត តាម​សំណើ​របស់​ក្រសួង​រ៉ែ និង​ថាមពល​ក្នុង​រយៈពេល​ ៩០ ​ថ្ងៃ ដោយ​មិន​ឱ្យមាន​ការរីក​បន្ថែម​ទៀត​ទេ​។ នា​វេទិកា​នោះដែរ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ ក៏បាន​លើកឡើង​ដែរ​ថា នៅក្នុង​តំបន់​ព្រៃ​ឡង់​មានការ​​សិក្សា​ច្រើន​ពី​ក្រុមហ៊ុន​ដែលមាន​អាជ្ញាប័ណ្ណ​ចំនួន​ ១៣ ដែលមាន​ទាំង​ក្រុមហ៊ុន​ខ្មែរ ចិន ជប៉ុន ជាដើម​ចាប់តាំងពី​ឆ្នាំ​ ២០០៨ ​រហូតមកដល់​បច្ចុប្បន្ន​នេះ​។​

​លោក​បាន​បន្តថា ក្នុងចំណោម​អាជ្ញាប័ណ្ណ​ចំនួន ​១៣ ​នោះ មាន​ក្រុមហ៊ុន​ ៣ ​នៅ​ខេត្តកំពង់ធំ មាន​អាជ្ញាប័ណ្ណ​ស្វែង​រុករក ហើយ​និង​អាជ្ញាប័ណ្ណ​ស្វែង​រុករក​មាស​មួយ​ផងដែរ​។ ចំណែក​នៅ​ខេត្តក្រចេះ​មាន​អាជ្ញាប័ណ្ណ​ចំនួន ​៧ ​ដែលជា​ក្រុមហ៊ុន​សិក្សា​ស្រាវជ្រាវ​រុករក​នៅឡើយ​ទេ និង​នៅ​ខេត្ត​ព្រះ​​វិហារ​មាន​ក្រុមហ៊ុន​ ២​ កំពុង​រុករក​ផងដែរ ហើយ​នៅ​ខេត្តស្ទឹងត្រែង​មាន​ក្រុមហ៊ុន ​១ កំពុង​រុករក​។​

​លោក ហេង គឹមហុង ប្រធាន​កម្មវិធី​ផ្នែក​ស្រាវជ្រាវ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា (CYN) បាន​សាទរ​ចំពោះ​ការ​​សម្រេច​របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​ក្រសួង​រ៉ែ និង​ថាមពល​នេះ ដោយ​លោក​ថ្លែងថា ក្នុងនាម​ជា​អ្នកធ្វើការងារ​នៅក្នុង​តំបន់​ព្រៃ​​ឡង់​ ១ ​រូប​ពិតជា​សម្តែង​នូវ​ការ​សប្បាយរីករាយ​ចំពោះ​ការសម្រេច​ដូចនេះ​។

ទន្ទឹមនឹង​ការ​សាទរ​នេះដែរ លោក  ​គឹមហុង ក៏បាន​ស្នើឱ្យ​មានការ​ត្រួត​ពិនិត្យ និង​តាមដាន​ឱ្យបាន​ម៉ឺងម៉ាត់ ជា​ពិ​សេស​គោលការណ៍​ដែល​ក្រសួង​បានប្រកាសថា មិនមាន​ការ​ពង្រីក​បន្ថែមទៀត​លើ​សកម្មភាព​ក្រុមហ៊ុន​រ៉ែ​ទៀត​។​

​លោក​ថ្លែងថា៖ «​ខ្ញុំ​យល់ថា គួរតែ​អនុវត្ត​ឱ្យបាន​ម៉ឹងម៉ាត់ និង​មិនឱ្យ​ពង្រីក​បន្ថែមទៀត ហើយ​ប្រសិនបើ​រកឃើញ​មាន​ក្រុមហ៊ុន​ដែល​នៅ​តំបន់​នោះ​ស្រាប់​បង្កើន​នូវ​យន្តការ​ផ្សេងៗ បង្កើន​នូវ​វិធីសាស្ត្រ​មួយចំនួន​ដោយ​មានការ​លួចលាក់​ជាមួយនឹង​ប្រជាពលរដ្ឋ​ផ្សេងៗ​នៅ​ជុំ​វិញ​តំបន់​នោះ ខ្ញុំ​គិតថា មិនអាច​យោគយល់​បានទេ ហើយ​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​»​។​

​មួយវិញទៀត ក្រសួង​រ៉ែ និង​ថាមពល​ត្រូវតែ​សហការ​ជាមួយនឹង​ឧ​ទ្យា​នុ​រក្ស​ទប់ស្កាត់​សកម្ម​ភាព​រុករក​រ៉ែ​ខុសច្បាប់ និង​ការ​ប្រើ​សារធាតុ​គីមី​នៅក្នុង​តំបន់​ការ​ពារ​ធនធានធម្មជាតិ ជាពិសេស​ព្រៃ​ឡង់ ដែល​វា​ពិតជា​គ្រោះថ្នាក់ ដល់​ជីវចម្រុះ និង​ធនធាន​ធម្ម​​ជាតិ នៅក្នុង​តំបន់​នោះ​។​

​លោក​បញ្ជាក់ថា​៖ «​មួយទៀត ត្រូវ​ទប់ស្កាត់​កុំឱ្យ​ធ្វើ​សកម្មភាព​ណាមួយ​ប្រឆាំងនឹង​បញ្ញត្តិ​ដែល​បាន​ដាក់ចេញ​ឡើង​ដោយ​ស្ថា​ប័ន​ពាក់ព័ន្ធ​ហើយក៏​ត្រូវ​ឃ្លាំមើល និង​តាមដាន​ការធ្វើ​សវនកម្ម ទៅលើ​មន្ត្រី​ធ្វើ​អធិការកិច្ច របស់​មន្ត្រី​មូលដ្ឋាន​ថា​តើ​មាន​ពាក់ព័ន្ធ​នឹង​សកម្មភាព​នានា​ដែរ​ទេ ដែល​អាចធ្វើឱ្យ​ខូចខាត​ដល់ ដែនជម្រក សត្វព្រៃ តំបន់​ការពារ និង​សកម្ម​​ភាព​រុករក​រ៉ែ​ដោយ​ខុសច្បាប់​នៅក្នុង​តំបន់​ព្រៃ​ឡង់​ជាដើម​»៕