ភ្នំពេញៈ លោក ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ បាន​ថ្លែងសារ​អបអរ​សាទរ ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ថ្ងៃ​ទី​៣ ត្រូវ​នឹងថ្ងៃ​ទី​២៨ វិច្ឆិកា​នេះ តាម​រយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក ដោយ​បាន​បញ្ជាក់​ថា ២​ថ្ងៃ នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​មាន​ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ​យ៉ាង​ច្រើន​កុះករ​មក​លេង​កម្សាន្ត​មើល​ការ​ប្រណាំង​ទូកង។  

លោក​បាន​លើក​ឡើង​ថា ថ្ងៃទី​២៨ វិច្ឆិកា​នេះ គឺជា​ថ្ងៃទី​៣ និង​ជា​ថ្ងៃ​ចុង​ក្រោយ នៃ​ព្រះ​រាជពិធី បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះខែ និង​អកអំបុក ក្នុង​ឆ្នាំ ២០២៣​នេះ បន្ទាប់ពី​ការ​ខកខាន​នៃ​ព្រះរាជ​ពិធី​នេះ​រយៈពេល ៣ ឆ្នាំ​កន្លង​ទៅ។ 

លោក​ថ្លែង​ថា៖ «រយៈពេល ២ថ្ងៃ នៃ​ព្រះ​រាជ​ពិធី​នេះ យើង​ឃើញ​ថា កីឡាករ​អុំទូក បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ យ៉ាង​ច្រើន​កុះករ មក​លេង​កម្សាន្ត​ការ​ប្រណាំង​ទូក​ង​នៅ​មាត់​ទន្លេ​មុខ​ព្រះបរម​រាជវាំង ការ​ដើរ​ទិញ​ទំនិញ​តាម​ស្តង់តាំង​ពិព័រណ៍​ទំនិញ​ជាច្រើន​នៅ​តាម​ទីតាំង​នីមួយៗ​ក្នុង​រាជធានី​ភ្នំពេញ ព្រម​ទាំង​ទស្សនាការ​ប្រគំ​តន្ត្រី​តាម​ទម្រង់​សិល្បៈ​បុរាណ និង​សម័យ​ដែល​មាន​ប្រគំ​ជូន​នៅ​តាម​សួនសាធារណៈ​ផងដែរ ប្រកប​ដោយ​ភាព​សប្បាយ​រីករាយ»។ 

ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ បញ្ជាក់​សាជាថ្មី​ថា ការ​ប្រារព្ធ​ពិធី​បុណ្យជាតិ​ដ៏​ធំ​ប្រចាំ​ឆ្នាំ​បែបនេះ​អាច​ធ្វើ​ទៅ​បាន គឺ​ដោយសារប្រទេស​ជាតិ​មាន​សុខសន្តិភាព​ពេញលេញ។ លោក​ក៏​បាន​ថ្លែង​ការ​ជូនពរ​ដល់​បងប្អូន កីឡាករ​អុំទូក ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ឱ្យទទួល​បាន​ភាព​សប្បាយ​រីករាយ និង សុខសុវត្ថិភាព ក្នុង​ការ​ត្រឡប់​ទៅ​កាន់​ភូមិ​កំណើត​វិញ ផងដែរ៕