នៅក្នុងជំនួបពិភាក្សាការងាររវាងអនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរបស់កម្ពុជា និងលេខាធិការអចិន្ត្រៃយ៍ នៃក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខរបស់ថៃ ភាគីទាំងពីរបានបង្ហាញនូវឆន្ទៈក្នុងការបន្តកិច្ចសហការលើការងារប្រយុទ្ធប្រឆាំងជួញដូរមនុស្សឱ្យកាន់តែល្អប្រសើរ។

ជំនួបពិភាក្សាគ្នានេះ បានធ្វើឡើងស្របពេលលោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានទៅចូលរួមសន្និសីទថ្នាក់តំបន់ស្ដីពី អំពើពុករលួយពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស (TIP) និងអំពើរត់ពន្ធជនទេសន្តរប្រវេសន៍ (SOM) ដែលបានប្រព្រឹត្តទៅចំនួន ២ថ្ងៃចាប់ពីថ្ងៃទី២១-២២ ខែវិច្ឆិកា នៅទីក្រុងបាងកក ប្រទេសថៃ។

លោកស្រី ជូ ប៊ុនអេង បានឱ្យដឹងតាមរយៈហ្វេសប៊ុក កាលពីថ្ងៃទី២៣ ខែវិច្ឆិកាថា ក្រៅពីចូលរួមសន្និសីទ លោកស្រីក៏មានជំនួបពិភាក្សាជាមួយលោក Anukul Peedkaev លេខាធិការអចិន្ត្រៃយ៍ នៃក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខ និងជាមួយតំណាងស្ថាប័ន កម្មវិធីធានារ៉ាប់រងសុខភាព Migration-Fund (M-Fund) របស់ប្រទេសថៃផងដែរ។

លោកស្រីបន្តថា ក្នុងជំនួបនេះ ភាគីទាំងពីរ បានធ្វើការពិភាក្សាទៅលើការពន្លឿន បញ្ចប់ឯកសារនីតិវិធីប្រតិបត្តិបទដ្ឋានក្នុងការកំណត់អត្តសញ្ញាណ និងការធ្វើមាតុភូមិនិវត្តន៍ជនរងគ្រោះដោយអំពើជួញដូរមនុស្ស (SOP) និងពិនិត្យបន្ថែមលើអនុស្សរណៈ (MOU)។

លោកស្រីបញ្ជាក់ថា៖ «ទាំងភាគីកម្ពុជា និងថៃ បានសន្មត់ថាជួបគ្នា នៅត្រីមាសទី១ ខែមករា ឆ្នាំ២០២៤ ក្នុងការបន្តកិច្ចសហការគ្នាបន្ថែមទៀត ទៅលើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ក្នុងនោះដែរទាំងភាគីកម្ពុជា និងភាគីថៃ គឺសុទ្ធតែមានឆន្ទៈក្នុងកិច្ចសហការគ្នាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស»។

បើតាមលោកស្រី ជូ ប៊ុនអេង សន្និសីទថ្នាក់តំបន់ខាងលើ បានរៀបចំឡើងក្នុងគោលបំណង ដើម្បីចែករំលែកបទពិសោធន៍ ការអនុវត្តល្អៗ ស្វែងរកដំណោះស្រាយនានាពីភាគីពាក់ព័ន្ធ រួមមានសកម្មភាពរបស់រាជរដ្ឋាភិបាល វិស័យឯកជន និងអង្គការសង្គមស៊ីវិល ដើម្បីទទួលបានចំណេះដឹងថ្មីៗ។

សន្និសីទនេះ ក៏មានគោលបំណងជំរុញការសន្ទនារវាងភាគីពាក់ព័ន្ធសំខាន់ៗនៅក្នុងតំបន់ ដើម្បីបង្កើតអនុសាសន៍ និងមធ្យោបាយឆ្ពោះទៅមុខ ដើម្បីលើកកម្ពស់វិធានការពុករលួយដែលមានប្រសិទ្ធភាព និងពាក់ព័ន្ធបន្ថែមទៀតនៅក្នុងបរិបទនៃការជួញដូរមនុស្សនិងឧក្រិដ្ឋកម្មរត់ពន្ធជនចំណាកស្រុក។

ក្នុងសន្និសីទនេះដែរ លោកស្រីក៏បានផ្ដល់អនុសាសន៍ ក្នុងការពិនិត្យមើលការបញ្ចូលច្បាប់ ប្រឆាំងការជួញដូរ និងច្បាប់ប្រឆាំងអំពើពុករលួយ សម្អាតប្រាក់ ដោយត្រូវដាក់ចូលក្នុងផែនការជាតិ និងបន្ថែមសមាជិកគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សពីស្ថាប័នដែលពាក់ព័ន្ធ។ 

ទាក់ទងរឿងនេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ បានឱ្យដឹងថា ការបន្តកិច្ចសហការជាមួយបណ្ដាប្រទេសជិតខាង ទៅលើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គឺវាជារឿងសំខាន់ ពីព្រោះបញ្ហាជួញដូរមនុស្សក្នុងប្រទេសកម្ពុជា ត្រូវបានប្រទេសមហាអំណាច និងអង្គការអន្តរជាតិ បានចាត់ទុកកម្ពុជា ជាប្រទេសដែលស្ថិតនៅក្នុងចំណាត់ថ្នាក់មួយដែលមិនល្អ។

លោកថ្លែងថា៖ «នៅពេលកម្ពុជាយើង មានកិច្ចសហប្រតិបត្តិការល្អជាមួយបណ្ដាប្រទេសជិតខាង នោះការងាររួមគ្នាទប់ស្កាត់អំពើជួញដូរមនុស្ស ក៏ដូចជាជាមួយបណ្ដាអន្តរជាតិ វានឹងងាយស្រួលក្នុងការកំណត់មុខសញ្ញាជនឧក្រិដ្ឋដែលប្រព្រឹត្តបទល្មើសជួញដូរមនុស្ស»។

លោកបន្ថែមថា ក្រៅពីមានកិច្ចសហការគ្នាល្អហើយ អ្វីដែលសំខាន់មួយទៀត គឺការលុបបំបាត់អំពើពុករលួយ ដើម្បីធ្វើយ៉ាងណាឱ្យបញ្ហាការជួញដូរមនុស្ស ត្រូវបានដោះស្រាយតាមរយៈប្រព័ន្ធយុត្តិធម៌ ទោះបីជនដែលពាក់ព័ន្ធនោះ មានបុណ្យស័ក្តិ អំណាចធំប៉ុនណាក៏ដោយ គឺត្រូវតែអនុវត្តតាមផ្លូវច្បាប់៕