​ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ា​ណែ​ត បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ព្រះ​​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ដែល​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ប្រកបដោយ​ភាពសប្បាយ​រីករាយ ជាមួយ​ការរក្សាបាន​នូវ​ប្រពៃណី និង​វប្បធម៌​ជាតិខ្មែរ​យ៉ាង​សម្បូរ​បែប បង្កើតបាន​នូវ​ស្នាមញញឹម​ដល់​មហា​គ្រួសារ​ខ្មែរ និង​ភ្ញៀវទេសចរ​មកពី​គ្រប់ទិសទី​។  

​លោក ​ហ៊ុន ម៉ា​ណែ​ត បានលើកឡើង​ដូចនេះ​នា​ថ្ងៃទី​​ ២៩ ខែ​វិ​ច្ឆិ​​កា ឆ្នាំ​ ២០២៣​ តាមរយៈ​តេ​ឡេ​ក្រាម​របស់លោក ដោយ​លោក​បាន​ថ្លែងអំណរគុណ​ដល់​ក្រុម​ការងារ គ្រប់លំដាប់​ថ្នាក់ និង​កង​​កម្លាំង គ្រប់​ប្រភេទ ដែល​បាន​បំពេញភារកិច្ច​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​ទាំង​ក្នុងការ​​រៀបចំ​ដំណើរការ​ប្រព្រឹត្តទៅ​នៃ​កម្មវិធី និង​ការសម្អាត​បរិស្ថាន ដោយ​ធានាបាន​សោភណភាព និង​អនាម័យ​។​

​លោក​បញ្ជាក់ថា​៖«​ភាពជោគជ័យ​នេះ​អាច​សម្រេច​ទៅបាន ដោយសារ​ការចូលរួម​ចំណែក​ពី​គ្រប់​បណ្តា​ក្រុមការងារ​ពាក់ព័ន្ធ ជាពិសេស​កងកម្លាំង​គ្រប់​ប្រភេទ​ដែល​បាន​លះបង់​ពេល​​វេលា និង​កម្លាំងកាយ​ចិត្ត​ធ្វើ​យ៉ាង​​ណា​ធានា​ឱ្យបាន​នូវ​សេចក្តីសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ និង​បង្កលក្ខណ​:​គ្រប់បែបយ៉ាង​ដើម្បី​បម្រើ​ដល់​ដំណើរការ​នៃ​ព្រះរាជ​ពិធីបុណ្យ​ជាតិ​នេះ ឱ្យ​ប្រព្រឹត្ត​ទៅដោយ​ភាព​អធិកអធម និង​សប្បាយរីករាយ​បំផុត​»​។

​ជាមួយគ្នានេះ​លោក​ក៏បាន​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ​សម្តែង​គ្រប់​ប្រភេទ ក៏​ដូច​សិល្បករ សិល្បការិនី​ទាំងអស់​ដែល​បាន​ផ្តល់នូវ​ផ្ទាំងទស្សនីយភាព​រីករាយ និង​ការ​រាំលេង​កម្សាន្ត​គ្រប់​ទី​កន្លែង​ដល់​មហាជន​ប្រកបដោយ​ភាពស្រស់​ស្រាយ និង​សប្បាយ​អឺងកង​។ លោក​ហ៊ុន ម៉ា​ណែ​ត បន្តថា ៖ «​ខ្ញុំ​និង​ភរិយា​មានការ​សប្បាយរីករាយ​យ៉ាងខ្លាំង​ដែល​បាន​ចូលរួម​នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប​និង​សំពះ​ព្រះ​ខែ អកអំបុក នៅ​ឆ្នាំ​ ២០២៣ ​នេះ​។ ឆ្នាំនេះ​មាន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អ្នក​រាជធានី​ភ្នំពេញ និង​អ្នក​មកពី​តាម​បណ្ដា​ខេត្ត ក៏ដូចជា​ជនបរទេស​ដែលមាន​វត្ត​មាននៅ​កម្ពុជា​បាន​ចូលរួម​យ៉ាងច្រើន​កុះករ​ក្នុង​រយៈ​​ពេល ៣​ថ្ងៃនេះ​»​។ 

​ជាមួយគ្នា​នោះដែរ លោកនាយក​រដ្ឋមន្ត្រី ក៏បាន​ថ្លែង​កោតសរសើរ​ចំពោះ​គណៈកម្មការ​គ្រប់គ្រង​ការប្រកួត​ក៏ដូចជា​កីឡាករ​កីឡាការិនី​ដែល​ចូលរួម​ក្នុងការ​ប្រណាំងទូក និង​ក្រុមការងារ​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ខិតខំ​អស់ពី​កម្លាំងកាយ​ចិត្ត​ក្នុងការ​គ្រប់គ្រង​ការប្រកួត​ក៏ដូចជា​ខិតខំ​ប្រកួត​ដោយ​ស្មារតី​សាមគ្គីភាព និង​គោរព​គ្នា​ទៅវិញទៅមក ដែល​ធ្វើឱ្យ​ការ​​ប្រកួត​អុំទូក​នេះ​មាន​ភាពជោគជ័យ​ជារួម​ទោះជា​លទ្ធផល​យ៉ាងណាក៏ដោយ​សម្រាប់​ទូក​នីមួយៗ​។

ទិដ្ឋភាព​​នៅ​តាមមាត់ទន្លេក្នុងព្រះរាជពិធីបុណ្យ​អុំទូក​​។ហុង មិនា

​បន្ថែម​ពីនេះ​លោក​ក៏​អរគុណ​ដល់​បណ្ដា​ក្រសួង​ស្ថាប័ន និង​ក្រុមហ៊ុន​ឯកជន​ ដែល​បាន​ចូល​​រួម​រៀបចំ​ប្រទីប​ស្អាតៗ​ទាំង​សោភណភាព ទាំង​អត្ថន័យ​ល្អៗ ដើម្បី​បង្ហាញ​ដល់​ប្រជាពលរដ្ឋ​បាន​ទស្សនា​ក្នុងពេល​រាត្រី ក្រោយពេល​ប្រណាំងទូក​បានបញ្ចប់​ក្នុង​ថ្ងៃ​នីមួយៗ​។

​ទាក់ទង​នឹង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះដែរ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល លោក ប៉ែន បូ​ណា ក៏បាន​លើកឡើង​នៅ​ថ្ងៃទី ​២៩ ខែវិច្ឆិកា ដែរ​ថា ជោគជ័យ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​គឺជា​សមិទ្ធ​​ផល​ដ៏​ធំ​មួយទៀត នៃ​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​លោក​ហ៊ុន ម៉ា​ណែ​ត​។ លោក​បាន​សរ​​សេ​រលើ​បណ្តាញ​តេ​ឡេ​ក្រាម​ថា ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប​និង​សំពះ​ព្រះ​ខែ អកអំបុក រយៈពេល ​៣ ​ថ្ងៃ បាន​ប្រារព្ធ​ធ្វើ​យ៉ាង​អធិកអធម និង​ប្រកបដោយ​ជោគជ័យ​។ ប្រជាពលរដ្ឋ​ខ្មែរ​និង​ភ្ញៀវទេសចរ​បរទេស​ជាច្រើន​លាន​នាក់ បាន​ចូលរួម​កម្សាន្ត​សប្បាយ នៅ​រាជធានី​ភ្នំពេញ​និង​តាម​បណ្តា​ខេត្ត ក្រោម​ម្លប់​សុខសន្តិភាព​ប្រកបដោយ​ក្តីសប្បាយ​រីករាយ​ក្រៃលែង​ក្នុង​សណ្តាប់ធ្នាប់​យ៉ាង​ល្អប្រសើរ​។

​បើតាម​លោក ប៉ែន បូ​ណា ភាព​អធិកអធម​និង​ជោគជ័យ​នៃ​ព្រះ​រាជពិធី​បុណ្យប្រពៃណី​ជាតិ​ដ៏​ធំ​ក្នុង​ឆ្នាំ ២០២៣ ​នេះ​មាន​អត្ថន័យ​ច្រើនយ៉ាង ដូចជា​ការធានាបាន​នូវ​សុខសន្តិភាព ស្ថិរភាព​សង្គម នយោបាយ និង​សេដ្ឋកិច្ច​ដែលជា​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ សម្រាប់​ការកម្សាន្ត​សប្បាយ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ក៏ដូចជា​ភ្ញៀវទេសចរ​បរទេស​,​ភាពជោគជ័យ​នៃ​វិស័យ​ទេសចរណ៍​, ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ និង​ទទួលបាន​ការសប្បាយរីករាយ មាន​ស្នាមញញឹម​ប្រកបដោយ​ក្តីសង្ឃឹម​ចំពោះ​ជោគវាសនា​អនាគត​របស់ខ្លួន​ជាដើម​។ 

​លោក ប៉ែន បូ​ណា បញ្ជាក់ថា ៖ «​ទាំងនេះ​ជាស​មិទ្ធ​ផល​ធំធេង​មួយទៀត មិនអាច​ប្រកែក​បាន​របស់​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​សម្តេច​ធិបតី ហ៊ុន​ ម៉ា​ណែ​ត ក្នុង​បេសកកម្ម​ដឹកនាំ​ប្រទេស​ត្រឹមតែ​រយៈពេល ជាង​ ៩០ ​ថ្ងៃ​ប៉ុណ្ណោះ​។ សមិទ្ធផល​ថ្មី​នេះ នឹងត្រូវ​កត់ត្រា​បន្ថែម ពីលើ​សមិទ្ធផល​ជាច្រើន​ដែល​រាជ​រដ្ឋា​ភិ​បាល​អាណត្តិ​ទី​ ៧ ​សម្រេចបាន​ជូន​ជាតិ​មាតុភូមិ​និង​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ម្លប់​ដ៏​ត្រជាក់ត្រជុំ​នៃ​អង្គ​ព្រះមហាក្សត្រ និង​ដោយមាន​ការគាំទ្រ​យ៉ាងរឹងមាំ​ពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​»​។​

​ជាមួយគ្នា​នោះដែរ លោក ជ័យ​ ​តិច អ្នកស្រាវជ្រាវ​អភិវឌ្ឍន៍​សង្គម និង​សេដ្ឋកិច្ច​ថ្លែងថា ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ​គឺជា​កម្មវិធី​មួយ​ដ៏​សប្បាយរីករាយ​បំផុត​បន្ទាប់ពី​ខកខាន​ប្រារព្ធ​ធ្វើ​អស់​រយៈពេល​ ៣ ​ឆ្នាំ​ជាប់ៗ​គ្នា ដោយ​ក្នុងនោះ​មាន​ទាំង​ទូក និង​ប្រជាពលរដ្ឋ​បានមក​ចូលរួម​លេង​កម្សាន្ត​យ៉ាងច្រើន​កុះករ​។ ប្រជាពលរដ្ឋ​ទាំង​នៅ​រាជធានី​ភ្នំពេញ​និង​តាម​បណ្តា​ខេត្ត​ផ្សេងៗ​បាន​ដើរលេង​កម្សាន្ត​នៅតាម​បណ្តា​ខេត្ត​គោល​ដៅ​ទេសចរណ៍​នានា​ដូចជា​ខេត្តសៀមរាប និង​ខេត្ត​ព្រះសីហនុ ជាដើម ប្រកបដោយ​សន្តិសុខ​និង​សុវត្ថិភាព​។ 

​ព្រះរាជ​ពិធីបុណ្យ​នេះ​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ទាំង​សេដ្ឋកិច្ច​និង​ប្រពៃ​​ណី​របស់​ប្រទេស​កម្ពុជា ជាមួយនឹង​ការរៀបចំ​បាន​យ៉ាង​ល្អ​របស់​រាជរដ្ឋាភិបាល ដែល​នេះ​បង្ហាញ​ពី​ប្រទេស​ដែលមាន​សន្តិភាព និង​ការអភិវឌ្ឍ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ​អាច​ដើរលេង​កម្សាន្ត​នៅតាម​បណ្តា​រាជ​​ធានី​ខេត្ត​នានា​។​

​លោក ជ័យ តិច បញ្ជាក់ថា​៖ «​ការរៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នា​ឱកាស​នេះ ក៏​ជាការ​បង្ហាញ​នូវ​ការរក្សាបាន​វប្បធម៌ ប្រពៃណី សាមគ្គីភាព និង​ភាពសប្បាយ​រីករាយ​ជូន​ដល់​ប្រជាពលរដ្ឋ ហើយ​លើសពីនេះ​ទៀត វា​បាន​ជួយ​លើកស្ទួយ​សេដ្ឋកិច្ច ព្រោះ​ពិធី​នេះ​បានធ្វើ​ឱ្យមាន​ចរន្ត​សាច់​ប្រាក់​និង​ការលក់ដូរ​ផលិតផល​របស់​សហគ្រាស​ធុន​តូច​និង​មធ្យម​មាន​ចរាចរណ៍​ផងដែរ​»​។​

​លើសពីនេះ​លោក ជ័យ តិច​បានលើកឡើង​ទៀតថា ព្រះរាជ​ពិធីបុណ្យ​អុំទូក​បានរួម​ចំ​​ណែ​ក​ដល់​ការទាក់ទាញ និង​ធ្វើឱ្យ​វិស័យ​ទេសចរណ៍​កម្ពុជា​ងើបឡើង​វិញ​នូវ​ទេសចរ​ក្នុងស្រុក និង​ក្រៅ​ស្រុក​៕

ទិដ្ឋភាពប្រណាំងទូក ង។ហុង មិនា