កំពង់ស្ពឺៈ ​អភិបាលខេត្ត​កំពង់​ស្ពឺ​លោក ​វ៉ី សំណាង បាន​ប្រាប់​ឱ្យដឹងថា ក្រុមហ៊ុន​មួយ​របស់​ចិន គ្រោង​នឹង​បោះទុន​វិនិយោគ​សាងសង់​រោងចក្រ​ចម្រោះ​ទឹក​កង្វក់​មួយ​ក្នុង​ខេត្ត​របស់លោក​ខណៈដែល​ខេត្ត​នេះ​នៅ​មិនទាន់មាន​រោងចក្រ​ចម្រោះ​ទឹក​កខ្វក់​ចេញពី​រោងចក្រ សហគ្រាស​នៅឡើយ​ទេ​។​

​លោក វ៉ី សំណាង បាន​ថ្លែងប្រាប់​ដូចនេះ កាលពី​ថ្ងៃទី​​​ ​២៩ ខែវិច្ឆិកា​ បន្ទាប់ពី​លោក​បាន​ទៅ​ទស្សនកិច្ច​នៅ​ក្រុង​ប៉េកាំង ប្រទេស​ចិន​ កាលពីពេល​កន្លងមក​។​

​លោក​ថ្លែងថា ក្រុមហ៊ុន BUCG Co., Ltd បានបង្ហាញ​ពី​ដំណើរការ​រោងចក្រ​ចម្រោះ​ទឹក​កខ្វក់​របស់ខ្លួន ដោយ​ក្រុម​ហ៊ុន​នេះ​មាន​គម្រោង​វិនិយោគ​សាងសង់​រោងចក្រ​ចម្រោះ​ទឹក​កខ្វក់​នៅ​ខេត្តកំពង់ស្ពឺ​។​

​លោក​បាន​បន្តថា សម្រាប់​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​នេះដែរ​លោក​នៅ​មិនទាន់​ដឹងថា អាច​ចាប់ផ្ដើម​សាងសង់​នៅពេលណា ទំហំ​ទឹកប្រាក់​ចំនួន​ប៉ុន្មាន​និង​មាន​សមត្ថភាព​ចម្រោះ​ទឹក​កខ្វក់​ក្នុង​ទំហំ​ប៉ុន្មាន​នៅឡើយ​ទេ​ប៉ុន្តែ​លោក​អះអាងថា ក្រុម​ហ៊ុន​នេះ​ប្រាកដជា​មក​វិនិយោគ​សាងសង់​រោងចក្រ​ចម្រោះ​ទឹក​កខ្វក់​នៅក្នុង​កំពង់ស្ពឺ​ពិតមែន​។​

​លោក វ៉ី សំណាង បាន​ថ្លែងថា​៖ «​គម្រោង​វិនិយោគ​សាងសង់​រោងចក្រ​ចម្រោះ​ទឹក​កខ្វក់​ក្នុង​ខេត្តកំពង់ស្ពឺ​ហ្នឹង គឺ​ពិតប្រាកដ​មែន ក៏ប៉ុន្តែ​យើង​នៅ​មិនដឹងថា ក្រុមហ៊ុន​នេះ នឹង​ចាប់ផ្ដើម​នៅពេលណា ក្នុង​ទំហំ​ទឹកប្រាក់​ប៉ុន្មាន​នោះទេ​»​។​

​បើតាម​លោក វ៉ី សំណាង ប្រសិនជា​គម្រោង​នេះ​ចាប់ផ្ដើម​សាងសង់​នោះ​វា​ជា​លើកទីមួយ​ហើយ​សម្រាប់​ខេត្តកំពង់ស្ពឺ​ដែលមាន​រោងចក្រ​ចម្រោះ​ទឹក​កខ្វក់ ខណៈដែល​បច្ចុប្បន្ននេះ​រោង​​ចក្រ សហគ្រាស​ជាច្រើន​នៅក្នុង​ខេត្ត​នេះ មិនមាន​កន្លែង​ចម្រោះ​ទឹក​កខ្វក់​ដែល​ចេញពី​រោងចក្រ​របស់ខ្លួន​នោះទេ​។

​លោក​បញ្ជាក់ថា​៖ «​ប្រសិនជា​យើង​មាន​អាង​ចម្រោះ​នេះ​មួយ គឺ​រាល់​ទឹក​កខ្វក់​ទាំងអស់​ដែល​ចេញពី​រោងចក្រ នឹងត្រូវ​ប្រមូល​យកទៅ​ចម្រោះ​យ៉ាង​ស្អាត រួច​ទើប​បង្ហូរ​ចេញទៅ​កាន់​ទីវាល​។ អ៊ីចឹង យើង​អាច​ប្រើប្រាស់​ទឹក​នេះ​បាន យកទៅ​ស្រោច​ដំណាំ​ដូច្នេះ​វា​អត់​មាន​ផល​ប៉ះ​ពាល់​ដល់​សុខភាព​ដំណាំ​ឡើយ​»​។​

​លោក​បន្តថា ទន្ទឹមនេះដែរ ទោះបីជា​រោងចក្រ សហគ្រាស មាន​អាង​ស្ដុក​ទឹក​កខ្វក់​ដែល​ហូរ​ចេញពី​កន្លែង​របស់ខ្លួន​ក៏​ដោយ ប៉ុន្តែ​វា​មិន​ដូច​អ្វី​ដែលមាន​រោងចក្រ​សម្រាប់​ចម្រោះ​ទឹក​កខ្វក់​នោះទេ ពីព្រោះ​អាង​ស្ដុក​ទឹក​កខ្វក់​នៅតាម​រោងចក្រ វា​គ្រាន់តែ​ជា​អាង​មួយ​ដើម្បី​ទប់​ស្កាត់​កាកសំណល់​កខ្វក់​ក្នុង​កន្លែង​គាត់​ប៉ុណ្ណោះ ហើយ​បើ​ថ្ងៃ​ណាមួយ​អាចមាន​ភ្លៀង​ច្រើន​បង្ក​ឱ្យទៅជា​ទឹកជំនន់ នោះ​ទឹក​ក្នុង​អាង​ដែល​ស្តុក​នោះ វា​អាច​នឹង​ហៀរ​ចេញទៅ​ក្រៅ ដែល​បង្ក​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ផងដែរ​។

​ទាក់ទង​រឿងនេះ​លោក ហេង​ គឹមហុង ប្រធាន​កម្មវិធី​ផ្នែក​ស្រាវជ្រាវ និង​តស៊ូ​មតិ នៃ​សមា​គម​បណ្តាញ​យុវជន​កម្ពុជា (CYN) បាន​ថ្លែងថា បញ្ហា​ទឹក​កខ្វក់​ដែល​ចេញពី​រោងចក្រ ជា​រឿង​សំខាន់​ដែល​អាជ្ញាធរ​ត្រូវ​យកចិត្តទុកដាក់ ជាពិសេស​ត្រូវ​រក​ដំណោះស្រាយ ដើម្បី​រៀបចំ​ប្រព័ន្ធ​ទឹក​កខ្វក់​ដែល​ចេញពី​រោងចក្រ ត្រូវបាន​ចម្រោះ​យ៉ាង​ស្អាត​និង​ត្រឹមត្រូវ​មុន​បង្ហូរ​ចេញទៅ​បឹង អូរ និង​ទន្លេ​ជាដើម​។​

​លោក​បន្តថា កន្លងមក​នៅក្នុង​ខេត្ត​ដែលមាន​រោងចក្រ​ច្រើន លោក​តែងតែ​ឃើញ​មាន​រោង​ចក្រ​ទាំងអស់​នោះបាន​ប​ង្ហូ​រ​ទឹក​កខ្វក់​របស់​ខ្លួន ដោយ​មិន​មានការ​ចម្រោះ ឬ​មានការ​ចម្រោះ​ហើយ​តែ​មិនបាន​ត្រឹមត្រូវ​តាម​ស្ដង់ដា​ឡើយ​។​

​លោក ​ហេង គឹមហុង បាន​ថ្លែងថា​៖ «​ដូច្នេះ​អាជ្ញាធរ​មូល​ដ្ឋា​ន​គ្រប់​ទីកន្លែង ត្រូវ​មានការ​​ត្រួតពិនិត្យ​ឡើងវិញ ប្រសិន​ជាមាន​រោងចក្រ សហគ្រាស​ណា​បំពាន​លើ​ច្បាប់ ដោយ​បង្ហូរទឹក​កខ្វក់​របស់​ខ្លួន ចូលទៅក្នុង​ទឹកស្ទឹង ឬ​បឹង គឺ​ត្រូវ​ចាត់វិធានការ​ជាបន្ទាន់​ដើម្បី​ដោះស្រាយ​»​។​

​សូមបញ្ជាក់ថា បច្ចុប្បន្ននេះ នៅក្នុង​ប្រទេស​កម្ពុជា មាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​ចំនួន​បី ដែល​ស្ថិតនៅក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ក្រុង​បាត់ដំបង និង​ក្រុងព្រះសីហនុ​៕