​ភ្នំពេញៈ ដើម្បីឱ្យ​ដំណើរការ​ឆ្នាំ​សិក្សា ​២០២៣-២០២៤ ​ទទួលបាន​លទ្ធផល​ល្អប្រសើរ​តាម​ការគ្រោងទុក ស្របតាម​យុទ្ធ​សាស្ត្រ​បញ្ច​កោណ​របស់​រដ្ឋាភិបាល​អាណ​ត្តិ​ថ្មី លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានស្នើ​ដល់​ភាគី​ពាក់ព័ន្ធ​ជាពិសេស​ក្រសួង​អប់រំ បន្ត​អនុវត្ត​កម្មវិធី​កំណែទម្រង់​វិស័យ​អប់រំ​ដែល​បានដាក់​ចេញរួច​ព្រមទាំង​ការពង្រឹង​អភិបាលកិច្ច​សាលារៀន​ឱ្យបាន​ល្អ​។​

​តាមរយៈ​សារលិខិត​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​ចុះ​ថ្ងៃទី ​២៩ ​ខែវិច្ឆិកា ឆ្នាំ ​២០២៣ បាន​លើកឡើងថា ថ្ងៃទី​ ១ ខែធ្នូ ឆ្នាំ​ ២០២៣ ជា​ថ្ងៃ​បើក​ទំព័រ​ថ្មី​នៃ​ការចាប់ផ្តើម​ជីវិត​សិក្សា​ដំបូង​របស់​ក្មួយៗ​ដែល​ទើបនឹង​ដល់​អាយុ​ត្រូវ​ចូល​សា​​លា​រៀន ជាពិសេស​កុមារ​តូច​នៅតាម​សា​លាម​ត្តេ​យ្យ​សិក្សា និង​កុមារ​អាយុ ​៦​ឆ្នាំ​នៅតាម​សាលា​បឋមសិក្សា ព្រមទាំង​ជា​ថ្ងៃ​ថ្មី សម្រាប់​ថ្នាក់​ថ្មី ចំពោះ​ក្មួយៗ​ដែល​បាន​ឡើង​ថ្នាក់​ពី​ឆ្នាំ​សិក្សា​កន្លងមក​។ 

​លោក ​ហ៊ុន ម៉ា​ណែ​ត​ បញ្ជាក់ថា​៖ «​ថ្ងៃទី​ ១ ខែធ្នូ ឆ្នាំ ២០២៣ ក៏​អាច​ចាត់ទុកជា​ថ្ងៃ​ដំបូង ដែល​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៧ នៃ​រដ្ឋសភា ចាប់ផ្តើម​អនុវត្ត​អាទិភាព​គោលនយោបាយ​សំខាន់ៗ ពាក់ព័ន្ធ​នឹង​វិស័យ​អប់រំ ដូច​មានចែង​ក្នុង​បញ្ច​កោណ​ទី​១ នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ផ្តោតលើ (​ការ​​ពង្រឹងគុណភាព​វិស័យ​អប់រំ កីឡា វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​)​ និង​ការដាក់ចេញ​វិធានការ​គន្លឹះ សម្រាប់​ដោះស្រាយ​ក្នុង​នីតិកាល​ទី​៧​ នៃ​រដ្ឋសភា ក្នុង​គោលដៅ (​លើកកម្ពស់ គុណភាព​អប់រំ​) ដោយ​ផ្តោតលើ​ការពង្រឹង​គុណ​​ភាព​សាលា​រដ្ឋ​ចាប់ពី​ថ្នាក់​ម​ត្តេ​យ្យ​​សិក្សា​ដល់​មធ្យមសិក្សា​តាមរយៈ ការពង្រឹង​កិច្ចការ​សំខាន់ៗ​»​។​

​កិច្ចការ​សំខាន់ៗ​ទាំងនោះ​រួម​មាន ការពង្រឹង​អភិបាលកិច្ច​សា​លា​រៀន ការពិនិត្យ​កែសម្រួល និង​រៀបចំ​កម្មវិធីសិក្សា និង​សកម្មភាព​ក្រៅ​ម៉ោង​សិក្សា ឱ្យស្រប​ទៅតាម​តម្រូវការ​ក្នុងការ​ពង្រឹង​ចំណេះ​​ដឹង វិន័យ សីលធម៌ និង​ឥរិយា​បថ​របស់​សិស្ស ការយកចិត្ត​ទុក​ដាក់​លើ​សុខភាព​របស់​សិស្ស​តាមរយៈ​កម្មវិធី​អាហារូបត្ថម្ភ​ដល់​កុមារ និង​ការត្រួតពិនិត្យ​គុណភាព​ចំណីអាហារ នៅតាម​សាលា​ជា​ដើម​។

ឆ្លើយតប​នឹង​ស្មារតី​ខាងលើនេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ចូល​ចំណុច​គន្លឹះ​សំខាន់ៗ​ទៅក្នុង ​«​ស្តង់ដា​សាលា​​រៀន​គំរូ​» សម្រាប់​ម​ត្តេ​យ្យ​សិក្សា រហូតដល់​មធ្យមសិក្សា​។​

​ជាងនេះទៅទៀត ដើម្បី​បង្កើន​ការយកចិត្តទុកដាក់ លើ​ការពង្រឹង​វិន័យ សីលធម៌ ចរិយា​ធម៌ សុ​ជីវ​ធម៌ គុណធម៌ និង​ឥរិយាបថ​ល្អ របស់​បុគ្គលិក​អប់រំ និង​សិ​ស្សា​នុ​សិស្ស​ក្រសួង​បាន​ដាក់ឱ្យអនុវត្ត​ការផ្ដល់​ពិន្ទុ ៨០ ​ភាគរយ លើ​ចំណេះដឹង ​១០​ ភាគរយ លើ​បំ​ណិ​ន និង ១០ ​ភាគរយ លើ​សីលធម៌ និង​ចរិយា​ធម៌​។​

​ជាមួយគ្នានេះ លោក ហ៊ុន​ ម៉ា​ណែ​ត បានប្រកាស​ដាក់ចេញ «​យុទ្ធនាការ​សាលារៀន​ស្អាត គ្មាន​សំរាម​» នៅ​ទូទាំងប្រទេស ចាប់ពី​ឆ្នាំ​សិក្សា ​២០២៣-២០២៤​ តទៅ ដើម្បី​គាំទ្រ​ដល់​ការអនុវត្ត​ចលនា​ប្រឡងប្រណាំង​សាលា​ស្អាត ដែល​កន្លងមក ក្រសួង​អប់រំ បានដាក់​ចេញ​គោលការណ៍​, លក្ខណវិនិច្ឆ័យ​, និង​នីតិវិធី នៃ​ការវាយតម្លៃ​សាលា​ស្អាត​រួចមកហើយ​ព្រមទាំង​មាន​ផ្តល់ជូន​រង្វាន់​លើកទឹកចិត្ត ក្នុងឱកាស​ស​ន្និ​បាត​អប់រំ​ប្រចាំឆ្នាំ​ផងដែរ​។​

​លោកនាយក​រដ្ឋមន្ត្រី រំលេច​នៅក្នុង​សារលិខិត​ថា​៖ «​ការដាក់ចេញ​នូវ​អាទិភាព​គោ​លន​យោ​បាយ​វិធានការ​គន្លឹះ និង​យុទ្ធនា​ការ​ខាងលើនេះ មាន​គោលដៅ ធ្វើឱ្យ​សាលារៀន ក្លាយជា​អង្គភាព​សេវាសាធារណៈ ដែលមាន​ប្រសិទ្ធភាព​ខ្ពស់​អភិបាលកិច្ច​ល្អ​និង​មាន​គណនេយ្យភាព ជាមួយនឹង​ប្រជាជន និង​សហគមន៍​»​។

ដូច្នេះហើយ សាលារៀន​ត្រូវតែ​អនុវត្ត​តួនាទី ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ជាពិសេស លើ​ការបង្រៀន និង​ការរៀន​ដែល​នឹង​នាំទៅរក​ការប្រែប្រួល​ជា​វិ​ជ្ជ​​មាន នៃ​លទ្ធផល​សិក្សា​របស់​សិស្ស ការពង្រឹង​អភិបាលកិច្ច​សាលា​រៀន​នឹង​ឈានទៅ​លើកកម្ពស់​គុណភាព​អប់រំ ដែល​ចំណុះឱ្យ​កត្តា​សំខាន់ៗ​៤ រួមមាន​កត្តា​សាលារៀន គ្រូបង្រៀន កត្តា​សិស្ស និង​កត្តា​គ្រួសារ​ជាដើម​។​

​ប្រធាន​សហព័ន្ធ​សេវា​អប់រំ​កម្ពុជា​លោក គង់ សំនៀង បាន​លើកឡើងថា ដោយ​មើលឃើញ​ពី​គុណ​តម្លៃ​នៃ​ការសិក្សា ការកសាង​ធនធានមនុស្ស​គឺជា​រឿង​សំខាន់បំផុត ក្នុង​ការឈាន​ឆ្ពោះទៅ​ការអភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​កម្ពុជា​ដែល​ចំណុច​ទាំងនេះ ទាមទារ​ឱ្យ​សិស្សានុសិស្ស​ទាំង​​អស់​ត្រៀមលក្ខណៈ​ឱ្យបាន​ល្អ និង​ត្រូវ​ផ្តោតលើ​ការយកចិត្ត​ទុក​​ដាក់​រៀនសូត្រ​។

ដើម្បីឱ្យ​ដំណើរ​ការ​ឆ្នាំ​សិក្សា ២០២៣-២០២៤ ទទួលបាន​លទ្ធផល​ល្អប្រសើរ​តាម​ការគ្រោងទុក លោក ហ៊ុន​ ម៉ា​ណែ​ត​បានលើកឡើង​ពី​ចំណុច​មួយចំនួន​ដោយ​ស្នើ​ក្រសួង​អប់រំ បន្ត​អនុវត្ត​កម្មវិធី​កំណែទម្រង់​វិស័យ​អប់រំ ដែល​បាន​ដាក់ចេញ​រួចហើយ ជាពិសេស​ការរៀបចំ​យន្តការ​គាំទ្រ និង​យន្តការ​វាយតម្លៃ​សាលារៀន​គំរូ​។ 

​ក្នុងនោះ​គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត ត្រូវ​បន្ត​រៀបចំ​បរិស្ថាន​សាលារៀន​ស្អាត គ្មាន​សំរាម សាលារៀន​បៃតង ឱ្យ​ស័ក្តិ​សមជា​ទីកន្លែង​សម្រាប់​ការអប់រំ និង​បណ្ដុះបណ្តាល​គំនិត​ស្អាតស្អំ ឥរិយាបថ​ល្អ និង​គ្មាន​ការ​ញាំញី​ផ្លូវចិត្ត និង​ផ្លូវកាយ​។

លោកគ្រូ អ្នកគ្រូ​ទាំងអស់ សូម​បន្ត​ដើរតួ​ជា​បុគ្គល​នាំមុខ ជា​ឪពុកម្តាយ​ទី​២ ជា​មគ្គុទ្ទេសក៍ ជា​អ្នកស្រាវជ្រាវ ជាទី​ប្រឹក្សា និង​ជា​អ្នក​ច្នៃប្រឌិត ដោយ​ត្រូវខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​សមត្ថភាព​របស់ខ្លួន ជាប្រចាំ​ទាំង​ខាង​ផ្នែក​ចំណេះដឹង ទាំង​វិធី​សាស្ត្រ​បង្រៀន រួមទាំង​ការប្រើ​​ប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន និង​ភាសាបរទេស​។​

​គ្រប់​ស្ថានីយ​​វិទ្យុ ទូរទស្សន៍​របស់​រដ្ឋ និង​ឯកជន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ សូម​បន្ត​ជួយ​ផ្សព្វផ្សាយ ឱ្យបាន​ទូលំទូលាយ អំពី​យុទ្ធនាការ​នៃ​ការប្រមូល​កុមារ​ចូលរៀន និង​សារៈសំខាន់​នៃ​ការអប់រំ​ជាពិសេស ការផលិត​កម្មវិធី​អប់រំ និង​វីដេអូ​បង្រៀន ដើម្បីឱ្យ​សេវា​អប់រំ​កាន់​​តែ​គ្របដណ្ដប់​គ្រប់​ទីកន្លែង គ្រប់ពេលវេលា និង​ស្របទៅនឹង​ទស្សនទាន​នៃ​ការអប់រំ​ពេញ​មួយជីវិត​។​

​ជាមួយគ្នានេះ​លោកនាយក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រជាពលរដ្ឋ ព្រមទាំង​ដៃ​​គូ​អភិវឌ្ឍន៍ វិស័យ​ឯកជន អង្គការ​មិនមែន​រដ្ឋាភិបាល និង​សប្បុរសជន​នានា ដែល​តែងតែ​បានរួម​​ចំណែក​ក្នុង​ការកសាង និង​អភិ​​វ​ឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា ឱ្យមាន​ដំណើរ​ការរីក​ចម្រើន​គួរ​ជាទី​មោទនៈ ក្នុង​រយៈកាល​កន្លងមក​នេះ និង​សូម​បន្ត​ជួយឧបត្ថម្ភ​គាំទ្រ និង​ផ្ដល់​កិច្ចសហការ​ល្អ​តទៅទៀត ដើម្បី​បុព្វហេតុ​នៃ​ការអភិវឌ្ឍ​កុមារ និង​យុវជន​​កម្ពុជា គ្រប់ៗ​រូប​៕