ភ្នំពេញៈ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែង​អះអាងថា រាជរដ្ឋាភិបាល​កម្ពុជា អាណត្តិ​ទី​៧​នេះ បាន​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ ក្នុងការ​ប្រឆាំង​ដាច់​ចំពោះ​អំពើ​ជួញដូរ​មនុស្ស​គ្រប់​ទម្រង់ ដោយបាន​ចាត់ទុក​អំពើ​ជួញដូរ​មនុស្ស​នេះ គឺជា​អំពើ​ដ៏​ឃោរឃៅ និង​គួរឱ្យ​ស្អប់ខ្ពើម​បំផុត​។​

លោក ស សុខា បាន​ថ្លែង​អះអាង​ដូចនេះ នា​ទិវា​ជាតិ​ប្រឆាំង​ការជួញដូរ​មនុស្ស​១២​ធ្នូ ដែល​បាន​ធ្វើឡើង​នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២៣ នា​សាល​មហោស្រព​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។ 

លោក​រដ្ឋមន្ត្រី​បាន​ថ្លែងថា​៖«​រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​បន្ត​ប្តេជ្ញាចិត្ត ក្នុងការ​ប្រឆាំង​ដាច់ខាត ចំពោះ​អំពើ​ជួញដូរ​មនុស្ស​គ្រប់​ទម្រង់ និង​បទល្មើស​ឧក្រិដ្ឋ​ដទៃទៀត ដែល​តែងតែបាន និង​កំពុង​ញាំញី​បំផ្លិចបំផ្លាញ​ដល់​សង្គមជាតិ យ៉ាងធ្ងន់ធ្ងរ និង​បានធ្វើឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​សេចក្តីថ្លៃថ្នូ ផលប្រយោជន៍​ប្រជាជន និង​ប្រទេសជាតិ​»​។​

​លោក​បាន​បញ្ជាក់ថា អំពើ​ជួញដូរ​មនុស្ស និង​រំលោភ​សិទ្ធិមនុស្ស ដែលជា​សេចក្តីថ្លៃថ្នូរ​របស់​មនុស្ស ដែល​បានធ្វើ​ប៉ះពាល់​ដល់​កម្ពុជា និង​ពិភពលោក បានធ្វើឱ្យ​កម្ពុជា បាន​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​លុបបំបាត់ ទប់ស្កាត់ ក៏ដូចជា​ការបង្ការ​អំពើ​ជួយ​ដូរ​មនុស្ស​ទាំងនោះ​។​

លោក​រដ្ឋមន្ត្រី ក៏បាន​អំពាវនាវ​ឱ្យ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ និង​អង្គការ​ដៃគូ​ទាំងអស់ សហការ​ជាមួយគ្នា ក្នុងការ​អនុវត្ត​ការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​ការជួញដូរ​មនុស្ស ដែល​បាននិងកំពុង​កើតមាន​នាពេល​បច្ចុប្បន្ន ជាពិសេស​ការជួញដូរ​ដែល​ធ្វើឡើង​តាមរយៈ​ទេសន្តរប្រវេសន៍​។​

ជាមួយគ្នា​នោះដែរ លោកស្រី ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស ក៏បាន​លើកឡើង​ដែរ​ថា ការ​ប្រារព្វ​ទិវា​នេះ គឺជា​យុទ្ធនាការ​ដ៏​ធំ​ប្រចាំឆ្នាំ​មួយ របស់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​(​គ​.​ជ​.​ប​.​ជ​) ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ការយល់ដឹង​យ៉ាង​ទូលំទូលាយ​អំពី​អំពើ​ជួញដូរ​មនុស្ស កលល្បិច ជនល្មើស ស្ថានភាព​បទល្មើស ដែលមាន​ការវិវឌ្ឍ​កាន់តែ​ស្មុគស្មាញ និង​សាហាវឃោរឃៅ​។​

លោកស្រី​បាន​បន្ថែមថា យុទ្ធនាការ​នេះ ក៏​ជាការ​បង្ហាញ​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ដើម្បី​បាន​ជ្រួតជ្រាប​កាន់តែ​ទូលំទូលាយ និង​ចូលរួម សហការ ក្នុងការ​បង្ការ ទប់ស្កាត់ បង្ក្រាប ផ្តន្ទាទោស សង្គ្រោះ​ជនរងគ្រោះ និង​ផ្តល់​សេវា​គាំពារ ដើម្បី​កម្ពុជា​គ្មាន​អំពើ​ជួញដូរ​មនុស្ស​។​

លោកស្រី ជូ ប៊ុន​អេង បាន​ថ្លែង​ដូច្នេះ​ថា​៖«​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស សង្ឃឹមថា គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ ព័ត៌មាន​ជាតិ និង​អន្តរជាតិ នឹងចូលរួម​សហការ​ក្នុងការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ពី​កម្ពុជា និង​ជា​មធ្យោបាយ​ក្នុង​ការបង្ការ​ទប់ស្កាត់ ឈានទៅ​លុបបំបាត់​អំពើ​ជួញដូរ​មនុស្ស ការពារ​សុខ​សុវត្ថិភាព ប្រជាពលរដ្ឋ​គ្រប់​ភេទ គ្រប់​វ័យ គ្រប់​ស្ថានភាព គ្រប់​ពណ៌​សម្បុរ ដើម្បី​លើកកម្ពស់​កិត្យានុភាព​ជាតិ​កម្ពុជា​»​។​

​បើតាម​របាយការណ៍រ​បស់​លោកស្រី ជូ ប៊ុន​អេង នៅក្នុង​រយៈពេល ១៦​ខែ​កន្លងមកនេះ គណៈកម្មាធិការ​ជាតិ ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បានទទួល​សំណើ ចំនួន ១ ២៧៦ ​ករណី និង​បានចេញ​ធ្វើ​អន្តរាគមន៍ ស្រាវជ្រាវ​រុករក​បទល្មើស បាន​រហូតដល់ ១ ២១៣ ករណី ស្មើ​ទៅនឹង ៩៧,៧០ ​ភាគរយ​។​

របាយការណ៍​បន្តថា ចំពោះ​សំណើសុំ​អន្តរាគមន៍​ទាំង ១ ២៧៦ សំណើ​នេះ គឺ​ទទួលបាន​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ (Facebook page)​លោក ស ខេង អតីតរដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ក្នុង​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ ក៏ដូចជា តាម​ប្រព័ន្ធ​ផ្លូវការ​របស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​។​

ឆ្លៀតឱកាស​នោះដែរ លោកស្រី ជូ ប៊ុន​អេង ក៏បាន​សង្កត់ធ្ងន់ថា​៖«​បេសកកម្ម​នៅតែ​បន្ត​ដូច​ភ្លៀងរលឹម ដោយបាន​ស្រាវជ្រាវ និង​បង្ក្រាប​ទីតាំង​បទល្មើស ផលិត​រូបភាព​អាសអាភាស និង​ចាប់​ជនសង្ស័យ​បញ្ជូនទៅ​តុលាការ​ជា​បន្តបន្ទាប់​។ នេះ​គឺជា​លទ្ធផល​ជាក់ស្ដែង ដែល​ត្រូវបាន​រកឃើញ​ក្នុង​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​អាច​បញ្ជាក់​ជា​ភ័ស្តុតាង​ជាក់ស្ដែង ថា​មិនមាន​ជនរងគ្រោះ ដែល​កំពុង​ជាប់​ក្នុងការ​បង្ខាំង ឬ​បង្ខំ​ធ្វើការ​ខុសច្បាប់ តាម​ប្រព័ន្ធ​ល្បែង​ឆបោក រហូតដល់​ទៅ ១០០ ០០០​ នាក់ ដូច​ការផ្សព្វផ្សាយ​ចោទប្រកាន់​ឡើយ​»៕