ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការ​បញ្ជូន​កម្មសិក្សាការី​ខ្មែរ ទៅ​ធ្វើការ​នៅក្នុង​ប្រទេស​ជប៉ុន ពិត​ជា​បាន​ផ្តល់នូវ​អត្ថប្រយោជន៍​ដល់​កម្ពុជា​ទាំង​ចំពោះមុខ និង​រយៈពេល​វែង​។​

​លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​បែបនេះ នៅក្នុងពេល​លោក ជួប​ជាមួយនឹង​លោក​កូ​ជី​ម៉ា ម៉ាសា​​ណូ​ប៊ូ (KOJIMA Masanobu) ប្រធាន​ក្រុមហ៊ុន  KOJIMA Holdings Co., Ltd.​ ដែលជា​ក្រុមហ៊ុន​បណ្តុះបណ្តាល និង​នាំយក​កម្មសិក្សាការី​ខ្មែរ​ទៅ​បម្រើ​ការងារ​នៅក្នុង​ប្រទេស​ជប៉ុន​ក្នុងឱកាស​នៃ​ការចូលរួម​កិច្ច​ប្រជុំ​កំពូល​រំឭក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​ជប៉ុន លើក​ទី ​៥០​ កាល​​ពីថ្ងៃ​ទី ​១៨ ខែធ្នូ ឆ្នាំ​ ២០២៣ នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។ នេះ​បើ​យោងតាម​លទ្ធផល​នៃ​ជំនួប​ដែល​បាន​ផ្សាយ​តាមរយៈ​តេ​ឡេ​ក្រាម​លោក ហ៊ុន ម៉ា​ណែ​ត​។​

​លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន KOJIMA Holdings Co., Ltd.​ ដែល​បាន​បណ្តាក់​ទុនវិនិយោគ​នៅ​កម្ពុជា ដោយ​នេះ គឺជា​ការរួម​ចំណែក​យ៉ាងសំខាន់​នៅក្នុង​ការជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។​

​ក្រុមហ៊ុន KOJIMA Holdings បាន​ចូលរួមចំណែក​ច្រើន​នៅក្នុង​ការជួយ​បណ្តុះបណ្តាល និង​បញ្ជូន​កម្មសិក្សាការី​ខ្មែរ មក​ធ្វើការ​នៅក្នុង​ប្រទេស​ជប៉ុន​ តាម​រយៈ​ក្រសួង​ការងារ និង​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ ដែល​បាន​ផ្តល់នូវ​អត្ថ​ប្រ​យោជន៍​ចំពោះ​កម្ពុជា​ ទាំង​ចំពោះមុខ និង​រយៈពេល​វែង​។​

​លោក ហ៊ុន ម៉ា​ណែ​ត​ បញ្ជាក់ថា​៖«​ផលប្រយោជន៍​ចំពោះមុខ គឺ​ការបង្កើត​ការងារ ដែល​ផ្តល់នូវ​ប្រាក់ចំណូល និង​កាត់បន្ថយ​ភាព​​ក្រី​ក្រខ ណៈ​ដែល​ផលប្រយោជន៍​រយៈពេល​វែង គឺ​កម្មសិក្សាការី​ខ្មែរ នឹង​ក្លាយជា​ធនធានមនុស្ស​ខ្មែរ​ដែលមាន​បទ​ពិសោធន៍ និង​ជំនាញ​ច្បាស់លាស់ សម្រាប់​ប្រទេស​កម្ពុជា នាពេល​អនាគត​»​។​

​ក្នុងឱកាស​នៃ​ជំនួប​នោះដែរ លោក ​កូ​ជី​ម៉ា ម៉ា​សាណូ​ប៊ូ ក៏បាន​លើកឡើង​ដែរ​ថា ក្រុមហ៊ុន បាន​បើក​ដំណើរការ​មជ្ឈ​មណ្ឌល ពា​ណិ​ជ្ជ​កម្ម​ឯកជន​កម្ពុជា នៅ​ទីក្រុង​អា​តស៊ូ​គិ ខេត្ត​កា​ណាហ្គា​វ៉ា ដែលជា​កន្លែង​ដ៏​សំខាន់​មួយ​ក្នុងការ​ផ្តល់ព័ត៌មាន​ពាណិជ្ជកម្ម និង​វិនិយោគ​នៅ​កម្ពុជា ​ក៏ដូចជា​ការផ្សព្វផ្សាយ​ពី​ផលិតផល និង​ម្ហូបអាហារ​ខ្មែរ ការផ្លាស់ប្តូរ​វប្បធម៌ ការបណ្តុះ​បណ្តាល​ធនធានមនុស្ស និង​ការ​សម្របសម្រួល​ធុរកិច្ច​ពាណិជ្ជកម្ម ជាដើម​។​

​លោក ​កូ​ជី​ម៉ា ម៉ា​សាណូ​ប៊ូ ក៏បាន​លើកឡើង​ពី​គម្រោង​នៃ​ការ​ពង្រីក​ការវិនិយោគ​របស់ខ្លួន​ទៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​នៅក្នុង​វិស័យ​កសិកម្ម សម្រាប់​បម្រើ​ដល់​ការនាំចេញ និង​គម្រោង​នៃ​ការបង្កើត​ភូមិ​ខ្មែរ​នៅក្នុង​ខេត្ត​កា​ណាហ្គា​វ៉ា ដើម្បី​បង្កើន​ការ​ផ្សព្វផ្សាយ​ពី​ប្រពៃណី​វប្បធម៌​ខ្មែរ​នៅក្នុង​ប្រទេស​ជប៉ុន​សំដៅ​លើកកម្ពស់​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ ២ ឱ្យ​កាន់តែ​ជិតស្និទ្ធ​បន្ថែមទៀត​។​

​លោកស្រី រាជ សំណាង អគ្គ​នា​យិ​កា​ក្រុមហ៊ុន អ៊ែ​ក​ស៊​ល​អេ​ស៊ា យូ​មេ រី​សសស៍ និង​ជា​អនុប្រធាន​ក្រុមការងារ​ទទួលបន្ទុក​តំបន់​អាយ​ឈិ​​ណា​ហ្គុ​យ៉ា ប្រទេស​ជប៉ុន ដែល​បាន​អមដំណើរ​លោក​នា​​យក​រដ្ឋមន្ត្រី​ទៅកាន់​ប្រទេស​​ជប៉ុន​ ដែរនោះ ​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ១៨ ខែធ្នូ​ថា រាជរដ្ឋាភិបាល​កម្ពុជា​បានបង្ហាញ​ពី​ការយកចិត្ត​​ទុកដាក់​យ៉ាងខ្លាំង​ចំពោះ​កម្មសិក្សា​ការី​កម្ពុជា​ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន ក៏ដូចជា​នៅតាម​បណ្តា​ប្រ​​ទេស​ផ្សេងទៀត​។ 

​លោកស្រី​បាន​ប្រាប់ថា​៖«​ជំនួប​រវាង​សម្តេច​ធិបតី​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅ​ជប៉ុន​ ​ក៏ដូចជា​កម្មសិក្សាការី​ក​ម្ពុ​ជា ដែល​បានមក​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​នេះ​ជា​ជំនួប​ដែលមាន​សារៈសំខាន់ និង​មាន​អត្ថន័យ​ណាស់​សម្រាប់​ពួកយើង​។ វា​ជាការ​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​រប​ស់​ថ្នាក់ដឹកនាំ​ប្រទេស​យើង ចំពោះ​ប្រជាជន​គ្រប់រូប មិន​ថា ទាំង​នៅក្នុង និង​ក្រៅប្រទេស​នោះទេ​»​។

លោក​​ស្រី​បន្ថែមថា កម្មសិក្សាការី​កម្ពុជា​ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន មិន​ត្រឹមតែ​ទទួលបាន​ប្រាក់ចំណូល​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​នៅ​ស្រុក​​កំណើត​នោះទេ ថែមទាំង​មានចំណេះ​ជំនាញ ដែល​អាច​ប្រើ​​ប្រាស់​សម្រាប់​ប្រក​បរបរ​ចិញ្ចឹមជីវិត នៅពេលដែល​បញ្ចប់​កុង​ត្រា​ការងារ​នៅ​ប្រទេស​ជប៉ុន​ថែម​ទៀតផង​។​

​សូម​រំឭកថា នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ប្រជា​ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន នា​ថ្ងៃទី​ ១៦ ខែធ្នូ ឆ្នាំ​ ២០២៣ លោក​ហ៊ុន ម៉ា​ណែ​ត​បាន​ណែនាំ​ដល់​ក្រសួង​ការងារ​ឱ្យ​ពិភាក្សា​ជាមួយ​ភាគី​ជប៉ុន ដើម្បី​កាត់បន្ថយ​តម្លៃ​សេវា​បញ្ជូន​កម្មសិក្សាការី​កម្ពុជា​ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​យ៉ាងតិច ​១០ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០២៤ ដោយ​លោក​បញ្ជាក់ថា តម្លៃ​សេវា​បញ្ជូន​នេះ​នៅមាន​តម្លៃ​ខ្ពស់ ដែល​នេះ​ជា​បញ្ហា​ចោទ​មួយ​។ 

​លោក​បញ្ជាក់ថា​៖«​ឥឡូវ ដំណោះស្រាយ​ក្រសួង​ការ​ងារ​ត្រូវ​ពិភាក្សា​ជាមួយ​ភាគី​ជប៉ុន​ដើម្បី​កាត់បន្ថយ​តម្លៃ​សេវា​បញ្ជូន​ឱ្យបាន​សមស្រប និង​ទទួលយកបាន​គ្រប់ភាគី​ហើយ​យ៉ាងតិច​ ១០​ ភាគរយ​ក្នុង​ឆ្នាំ​ ២០២៤​ នេះ​។ បើ​មិនបាន​ច្រើន ក៏បាន​បន្តិច​ម្តងៗ​។ ទោះបីជា​តម្លៃ​សេវា​នេះ​នៅមាន​តម្លៃ​ទាប​ជាង​ប្រទេសជិតខាង​មួយចំនួន ក្រសួង​ការងារ ត្រូវ​បន្ត​កាត់បន្ថយ​តម្លៃ​សេវា​បញ្ជូន​ឱ្យ​កាន់តែ​ទាប​ជាង​នេះ​តទៅទៀត​ដើម្បី​សម្រួល​ដល់​បងប្អូន​រប​ស់​យើង​»​។

​លោក​ក៏បាន​បន្តថា តម្លៃ​សេវា​បញ្ជូន​ដែល​នៅមាន​តម្លៃ​ខ្ពស់​នេះ ភាគច្រើន​គឺ​ដោយសារ​ការ​ចំ​ណាយ​ទៅលើ​ការបណ្តុះបណ្តាល​ភាសា​រយៈពេល​យ៉ាងតិច​ ៦ ​ខែ ថ្លៃ​ចំណាយ​លើ​សេវា​របស់​សមា​គម​គ្រប់គ្រង​ជប៉ុន និង​ថ្លៃ​ចំណាយ​លើ​ការចុះ​សួរសុខទុក្ខ និង​ចុះ​ដោះស្រាយ​បញ្ហា​ពលករ​។ តម្លៃ​សេវា​បញ្ជូន​ពលករ​កម្ពុ​ជាមាន​ចន្លោះ​ពី ៤ ០០០​ ដុល្លារ​ទៅ​ ៦ ០០០​ ដុល្លារ តម្លៃ​នៅ​ថៃ​គឺ ​៥ ០០០ ​ដុល្លារ នៅ​ចិន​ប្រមាណ ​៥ ០០០​ ដុល្លារ និង​នៅ​វៀត​​ណា​ម ៥ ៦០០ ​ដុល្លារ​។​

​លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា​៖«​ប៉ុន្តែ​ទោះយ៉ាងណា ក៏​ខំ​ចរចា បើ​បានតែ​ ១០​ ភាគរយ​ក៏​សន្សំ​ ៤០០​ ដុល្លារ ទៅ​ ៥០០ ​ដុល្លារ​ជូន​បងប្អូន​ដែរ​»៕