ភ្នំពេញៈ ក្នុង​រយៈពេល​ជិត ​២​ សប្តាហ៍ គឺ​គិត​ចាប់ពី​ថ្ងៃទី​ ១០ ដល់​ថ្ងៃទី ​២២ ខែធ្នូ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​បានកើត​ឡើង​សរុប​ចំនួន​ ១៤៩ ​ករណី ដែល​បាន​បណ្ដាលឱ្យមាន​អ្នកស្លាប់​ចំនួន ​៦៩​ នាក់ និង​រងរបួស​រហូត​ដល់ ២៤៨​ នាក់​។ នេះ​បើ​យោងតាម​លោក ទូច​ សុ​ខៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ​ ២០២៣​។​

​លោក​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​ជា​វិញ្ញាសា​ចំពោះមុខ ជាពិសេស​កើត​លើ​អ្នកប្រើប្រាស់​ម៉ូតូ រងគ្រោះ​ច្រើនជាងគេ​។

ហេតុដូច្នេះ​ហើយ​បានជា លោ​ក ស សុខា ឧបនាយក​​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានដាក់​បញ្ហា​ចរាចរណ៍​ជា​ទិសដៅ​អាទិភាព​ក្នុងចំណោម​ទិសដៅ​អាទិភាព​ទាំង​ ៦ របស់​ក្រសួងមហាផ្ទៃ ក្នុង​អាណត្តិ​ទី៧ ​នេះ​។ ជា​បន្ត​​បន្ទាប់​លោក​ឧបនាយករដ្ឋមន្ត្រី តែង​ដាក់​គោលការណ៍​អនុវត្ត​ដល់​អង្គភាព​ជំនាញ​ជាប្រចាំ​។​

​លោក ទូច សុ​ខៈ បញ្ជាក់ថា​៖ «​ចំនួន​អ្នកស្លាប់ និង​រងរបួស នៅតែ​បន្ត​កើតឡើង ពី​ ១ ​ថ្ងៃ ទៅ ​១ ​ថ្ងៃ ដែល​ក្នុងនោះ​បណ្ដាលមកពី​ការបើកបរ​ធ្វេសប្រហែស បើកបរ​ក្នុងស្ថានភាព​ស្រវឹង បើកបរ​លើស​ល្បឿន​កំណត់ មើលស្រាល​ស្ថានការណ៍ ការចង់​ចាញ់​ចង់​ឈ្នះ​មិន​យោគយល់​គ្នា​លើ​ដងផ្លូវ​...​។ ជារួម កង្វះ​ការ​ឈ្វេងយល់ និង​គោរព​ច្បាប់​ចរាចរណ៍​... ដែល​ទាមទារ​ឱ្យមាន​ការចូលរួម​ព្រម​គ្នា​ដើម្បី​ដោះស្រាយ​»​។​

​ជុំវិញ​បញ្ហា​នេះ លោក គឹម បញ្ញា នាយក​​អង្គការ​បង្ការ​របួស​អាស៊ី បាន​ថ្លែង​នៅ​ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ​២០២៣​ ថា ចំនួន​នៃ​អ្នកស្លាប់ និង​របួស នៃ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បានលើកឡើង​នេះ គឺ​ពិតជា​ចំនួន​មួយ​ច្រើន ហើយ​លោក​បានដាក់​ការព្រួយបារម្ភ​កើនឡើង​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​ចាប់តាំងពី​ទទួល​របាយ​ការណ៍​ស្តីពី​គ្រោះថ្នាក់​ចរាចរណ៍​នាពេល​កន្លងមក​ដែរ​។ 

​លោក​ថ្លែងថា​៖ «​យើង​មើលឃើញថា ឆ្នាំ ​២០២៣ នេះ អាច​ថា ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​នៅមាន​ចំនួន​ទាប​ជាង​ដោយសារតែ បើ​យើង​ប្រៀបធៀប​ប៉ុន្មាន​ខែ ឆ្នាំ​២០២៣ ជាមួយនឹង​ឆ្នាំ​ ២០២២​ ឃើញថា តួលេខ​ហាក់​មានការ​ថយចុះ​។ អ៊ីចឹង​អ្វីដែល​សំខាន់​គឺ​យើង​ត្រូវធ្វើ​គឺ​ការ​រឹតបន្តឹង​វិធានការ​ឱ្យបាន​ខ្លាំង​ជាង​មុន ហើយ​វិធានការ​ហ្នឹង មិន​លើសពី​ការអនុវត្ត​ច្បាប់​ម៉ឺងម៉ាត់ និង​ជា​អាទិភាព​ឱ្យបាន​ទូលំទូលាយ​នោះទេ ពោលគឺ​ត្រូវ​ធ្វើឱ្យបាន​គ្រប់​រាជធានី ខេត្ត និង​ទាំងថ្ងៃទាំងយប់​»​។​

​ទោះជា​យ៉ាងណា លោក​ក៏បាន​ស្នើឱ្យ​មានការ​អនុវត្ត​ច្បាប់ ឱ្យមាន​តម្លាភាព និង​ស្មើភាព ស្របតាម​ច្បាប់​ដែល​បានកំណត់ ដោយ​មិនត្រូវ​ទាមទារ​លើស ឬ​មាន​មនោសញ្ចេតនា​​ដោយ​យក​ថវិកា​ពី​ការផាកពិន័យ​មក​ដាក់​ក្នុង​ហោប៉ៅ​របស់ខ្លួន ដោយ​មិន​បានចេញ​វិក្ក​យ​​ប​ត្រ​ឱ្យ​អ្នក​ល្មើស​ប្រកបដោយ​តម្លាភាព និង​ត្រឹមត្រូវ​នោះទេ​។    

​ទាក់ទង​នឹង​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត កាលពី​ថ្ងៃទី​ ២១ ខែធ្នូ បាន​បញ្ជា​ឱ្យមាន​ការចាប់ខ្លួន​ជន​ដែល​បង្កឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្តាលឱ្យមាន​មនុស្ស​ស្លាប់​នៅនឹងកន្លែង​កើតហេតុ និង​ចាប់​វ៉ៃខ្នោះ​តែម្តង​បើ​មាន​ការតវ៉ា ដោយ​រូបលោក​នឹង​ធ្វើជា​ខ្នង​​បង្អែក​ដល់​មន្ត្រី​ដែល​បាន​អនុវត្ត​តួនាទី​បាន​ត្រឹមត្រូវ​ទៅតាម​ច្បាប់​។

លោក​លើកឡើងថា​៖ «​បើសិនជា​គេ​ថា មាន​ខ្នង​ណា​ទៀត​មិនបាច់​សួរ​ទេ ព្រោះ​នាយករដ្ឋមន្ត្រី ចេញ​គោល​ការណ៍​ហើយ ហើយ​ប្រសិនបើ​ធ្វើទៅ​មាន​បញ្ហា​ទៅដល់​កន្លែង​គេ​ដក​បញ្ឈរជើង សូម​ប្រាប់​ខ្ញុំ ខ្ញុំ​នឹង​ដំឡើង​ស័​កិ្ត​ឱ្យ​។ ចំពោះ​មេ​ដែល​ចាត់ចែង​បងប្អូន​អនុវត្ត​ច្បាប់ ហើយ​ដាក់ពិន័យ​បងប្អូន​ដែល​ធ្វើ​ខុស​គ្មាន​មូលហេតុ ខ្ញុំ​នឹង​ចាត់វិធានការ​»​។​

​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​លោក ស សុខា ក្នុង​ពិធី​ផ្សព្វផ្សាយ​ផែនការ​ជាតិ​ទសវត្សរ៍​សកម្មភាព​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ឆ្នាំ ​២០២១-២០៣០​ កាល​ពី​ចុងខែ​វិច្ឆិកា​កន្លងទៅ បានដាក់​ចេញ​ការ​ណែ​នាំឱ្យ​បង្កើន​ការអនុវត្ត​ច្បាប់​ចំពោះ​បញ្ហា​ដែល​បាន​កើតឡើង​នៃ​គ្រោះថ្នាក់​ចរាចរណ៍ ក្នុងនោះ​លោក​បាន​ជំ​រុញឱ្យ​សមត្ថកិច្ច​ផាកពិន័យ​ឱ្យ​ធ្ងន់ធ្ងរ​បន្ថែមទៀត​ចំពោះ​អ្នក​ស្រវឹង​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ បណ្ដាលឱ្យមាន​មនុស្ស​ស្លាប់ និង​របួស​។ 

​លោក​ក៏បាន​ជំរុញឱ្យមាន​ការយកចិត្ត​ទុកដាក់​លើ​អ្នកបើកបរ​ម៉ូតូ​ទាំង​ការប្រើប្រាស់​ផ្លូវជាតិ និង​ផ្លូវលំ សំដៅ​ធ្វើយ៉ាងណា​ចូលរួមចំណែក​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ក្នុងនោះ​រួមទាំង​វិធាន​ការណែនាំ និង​ការ​រឹតបន្ដឹង​ការអនុវត្ត​ច្បាប់​។

​លោ​ក ស សុខា ​បញ្ជាក់ថា​៖«​យើង​មើលឃើញថា អត្រា​នៃ​ការគ្រោះថ្នាក់​ចរាចរណ៍ ភាគច្រើន​លើ​អ្នកប្រើប្រាស់​ម៉ូតូ​នៅពេល​យប់ ហើយ​សុទ្ធតែ​ប្រើប្រាស់​គ្រឿង​ស្រវឹង​នៅពេល​បើកបរ ដូច្នេះ​ត្រូវតែ​ដាក់ពិន័យ​ឱ្យបាន​ធ្ងន់​ដល់​អ្នកប្រើប្រាស់​គ្រឿង​ស្រវឹង ហើយ​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ បណ្ដាលឱ្យ​អ្នកដទៃ​ស្លាប់ និង​របួស​»៕