​បាត់ដំបងៈ ​កម្ពុជា​ជា​ប្រទេស​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​តិច ប៉ុន្តែ​កម្ពុជា​មានការ​​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​ចូលរួមចំណែក​ដើម្បី​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ​។ នេះ​ជាការ​លើកឡើង​របស់លោក​ជួប ប៉ារីស៍ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ក្នុង​ពិធី​បើក​សិក្ខាសាលា​លើកកម្ពស់​ចំណេះដឹង ស្តីពី​ការប្រែប្រួល​អាកាសធាតុ​ជាមួយ​អ្នក​សារ​ព័ត៌មាន​ដែល​បានរៀបចំ​ឡើង​នៅ​ថ្ងៃទី​​ ២៣ ខែធ្នូ នៅ​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង​។​

​លោក​បន្តថា ក្រសួងបរិស្ថាន​បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន ដែល​ក្នុងនោះ​បានកំណត់​គោ​លន​យោ​បាយ​អាទិភាព​ ៣ គឺ​ស្អាត​បៃតង និង​ចីរភាព​។ ភាព​ស្អាត និង​សុខ​ភាពល្អ​របស់​ប្រជា​ពលរដ្ឋ ជា​ការងារ​អាទិភាព ដែល​រាជ​រដ្ឋា​​ភិ​បាល​នៅក្នុង​អាណត្តិ​ទី៧ បាននិងកំពុង​យកចិត្តទុកដាក់​។ ការគ្រប់គ្រង​សំណល់ គឺ​ការកាត់បន្ថយ សំណល់​ប្លា​ស្ទិ​ក ដែល​ឈានទៅ​បញ្ឈប់​ការប្រើប្រាស់​ប្លា​ស្ទិ​ក ក្នុងចំណោម​យុវជន​ជំនាន់​ក្រោយ គ្មាន​សំណល់​ប្លា​ស្ទិ​ក​សហគមន៍​ស្អាត បឹងបួ​នឹង​ស្អាត តំបន់​ធនធានធម្មជាតិ មិនមាន​ការបំពុល​ពី​សំណល់​។​

​លោក​ថ្លែងថា​៖ «​វិស័យ​ព្រៃឈើ និង​ការប្រើប្រាស់​ដី​ផ្សេងទៀត គឺជា​កត្តា​ជំរុញ​ដ៏​សំខាន់​នៃ​ការ​លុប​​បំបាត់​ការបញ្ចេញ​កាបូន នៅ​កម្ពុជា​ដើម្បី​ក្លាយជា​អាង​ស្រូប​កាបូន នៅ​ឆ្នាំ​ ២០៥០ និង​ដើម្បី​ប៉ះប៉ូវ​ចំពោះ​ការបញ្ចេញ​ឧស្ម័ន ដែល​នៅសល់​ពី​វិស័យ​ផ្សេងទៀត​»​។  

 លោក​បន្តថា ក្រសួងបរិស្ថាន​បានដាក់​ចេញ​យុទ្ធនា​ការផ្តល់​កូន​ឈើជូន​ប្រជាពលរដ្ឋ​ដាំ​ក្នុង​ ១ ​ឆ្នាំ​ ១​ លាន​ដើម ដើម្បី​ជា​វិធានការ​ដើម្បី​កាត់បន្ថយ​ការបាត់បង់​ព្រៃ​ឈើ និង​បង្កើន​គម្រប​ព្រៃឈើ​ឱ្យបាន​ ៦០% នៅ​ឆ្នាំ​ ២០៥០​។ យុទ្ធសាស្ត្រ​នេះ​នឹង​លើក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ តាមរយៈ​ការ​ទទួលបាន​ប្រយោជន៍ ពី​ការអភិរក្ស​ធន​ធាន​ធម្មជាតិ ប្រកបដោយ​និរន្តរភាព​។​

​សូមបញ្ជាក់ថា សិក្ខាសាលា​លើកកម្ពស់​ចំណេះដឹង ស្តីពី​ការប្រែប្រួល​អាកាស​ធាតុ​សម្រាប់​អ្នកសារព័ត៌មាន នៅ​កម្ពុជា នាពេលនេះ​មានការ​ចូលរួម​ពី​អ្នក​សារ​ព័ត៌មាន​ចំនួន​ ៣០ ​នាក់​មកពី​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍ ទស្សនា​វ​ដ្តី កាសែត​អេ​ឡិច​​ត្រូ​និក កាសែត​បោះពុម្ព និង​បណ្តាញ​ផ្សព្វផ្សាយ​អន​ឡាញ​។

សិក្ខាសាលា​នេះ ធ្វើឡើង​មាន​រយៈពេល ៣ ​ថ្ងៃ ចាប់ពី​ថ្ងៃទី​ ២២ ដល់​ថ្ងៃទី ​២៤ ខែធ្នូ ឆ្នាំ​ ២០២៣ ដោយមាន​ការគាំទ្រ​ពី​កម្មវិធី​សម្ព័ន្ធ​ភាពប្រែប្រួល​អាកាសធាតុ​កម្ពុជា ដំណាក់កាល​ទី​៣ (CCCA3) ក្នុង​គោលបំណង ដើម្បី​បង្កើន​ការយល់ដឹង​ដល់​អ្នក​សារ​​ព័ត៌មាន និង​សាធារណជន ឱ្យ​កាន់តែច្បាស់​ពី​សកម្មភាព និង​បេសកកម្ម​របស់​រាជ​​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ឆ្លើយតប​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​។​

​ក្នុងនោះ​ក្រសួង​​បរិស្ថាន បានរៀបចំ «​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​» ឆ្នាំ​ ២០២៣-២០២៨ ក្នុង​គោលបំណង​តម្រង់ទិស និង​ចង្អុលបង្ហាញ​ការងារ​ជា​អាទិភាព ដើម្បី​ធានា​ឱ្យបាន​ចីរភាព​បរិស្ថាន និង​សុក្រឹតកម្ម​បរិ​ស្ថាន​កិច្ច ដើម្បី​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ និង​លើកកម្ពស់​សេដ្ឋកិច្ច​បៃតង សំដៅ​សម្រេច​គោលដៅ​យុទ្ធ​​សាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី ​១​ គឺ​ «​ជា​ប្រទេស​អព្យាក្រឹត​កាបូន និង​មាន​គម្រប​ព្រៃឈើ ៦០ ភាគរយ នៅ​ឆ្នាំ​ ២០៥០»​។

​លោក ស៊ុ​ល រ៉​វី អ្នកយកព័ត៌មាន​ថ្មីៗ​ក្នុងចំណោម​អ្នកចូលរួម​ផ្សេងទៀត​យល់​ឃើញថា សិក្ខាសាលា​នេះ​ពិត​ជាមាន​សារៈសំខាន់​ណាស់ សម្រាប់​អ្នកសារព័ត៌មាន ដែលជា​អ្នកផ្ដល់​ព័ត៌មាន​។​លោក​បន្តថា​៖«​កម្មវិធី​នេះ​កាន់តែ​ជំរុញ​ឱ្យ​អ្នកសារព័ត៌មាន​យល់ដឹង​ពី​ការប្រែប្រួល​អាកាសធាតុ និង​សកម្មភាព​ការងារ​របស់​ក្រសួង បរិស្ថាន​ដែល​កំពុង​ប្រតិបត្តិ​លើ​កិច្ចការងារ​នេះ​»៕