ភ្នំពេញៈ កម្មវិធី​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ​នឹង​ផ្តល់​ប្រយោជន៍​ដល់​គ្រួសារ​មាន​បណ្ណ​សមធម៌​ប្រមាណ ៧០​​ ម៉ឺន​គ្រួសារ ស្មើនឹង ២,៨​ លាន​នាក់ ដោយ​គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ ៦៧៤,៥​ ប៊ី​លាន​រៀល ស្មើនឹង ១៦៥ ​លាន​ដុល្លារ ដែល​នឹង​ចាប់ផ្តើម​ពី​ខែមេសា ឆ្នាំ​ ២០២៤ តទៅ​។​

​នេះ​ជាគោលការណ៍​មួយ​ដែល​ស្ថិតនៅក្នុង​គោលនយោបាយ​ជាតិ ពាក់ព័ន្ធ​កម្មវិធី​ជាតិ​ជំនួយ​សង្គម​ដែលជា​គោលនយោបាយ​អាទិភាព​ចុងក្រោយ ក្នុងចំណោម​គោលនយោបាយ​អាទិភាព​ទាំង ៦ ដែល​ប្រកាស​ដាក់ឱ្យអនុវត្ត​នៅក្នុង​ឆ្នាំ​ ២០២៣​ នេះ​។ នេះ​បើ​យោងតាម​របាយការណ៍​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​។

ក្រសួង​បានឱ្យដឹងថា គោលការណ៍​ណែនាំ​នេះ ត្រូវបាន​រៀបចំឡើង​សម្រាប់​អនុ​​វត្ត​កម្មវិធី​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ​ដែលជា​បណ្ដុំ​នៃ​កម្មវិធី​ជាតិ​ជំនួយ​សង្គម ​(​កម្មវិធី​ដែលមាន​ស្រាប់ និង​កម្មវិធី​ដែល​នឹងត្រូវ​បង្កើត​ថ្មី​មួយចំនួន​) ដែលមាន​លក្ខណៈ​សមា​ហរ​ណ និង​អនុវត្ត​ក្នុង​ទម្រង់​រួមមួយ​ក្រោម​ប្រតិបត្តិ​ករ​ទោល ពោលគឺ​មូល​និ​ធិ​ជាតិ​ជំនួយ​សង្គម និង​មានការ​ចូលរួម​គាំទ្រ​អនុវត្ត​ពី​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​។​

ក្រសួង​បញ្ជាក់ថា​៖ «​កម្មវិធី​ចំនួន ​៤ នឹងត្រូវ​ធ្វើ​សមា​ហរ​ណ​មុខងារ​ក្រោម​កញ្ចប់​គ្រួសារ​រួមមាន​៖ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​ ២​ឆ្នាំ​,​កម្ម​វិធី​អាហារូបករណ៍​សម្រាប់​សិស្ស​ក្រីក្រ​ថ្នាក់បឋមសិក្សា និង​មធ្យម​​សិក្សា​,​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ជន​មាន​ពិការភាព និង​កម្ម​វិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ជន​ចាស់​​ជរា (​អាយុ ៦០ ​ឆ្នាំ​ឡើង​)»​។​

​នា​ពិធី​សម្ពោធ​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ ក្របខ័ណ្ឌ​កម្មវិធី​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ និង​ក្របខ័ណ្ឌ​កិច្ច​គាំពារ​សង្គម​ឆ្លើយតប​នឹង​គ្រោះ​អាសន្នកាល​ពី​ដើមខែ​ធ្នូ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការកសាង​ប្រព័ន្ធ​គាំពារ​សង្គម​ដែលមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​, សមា​ហរ​ណ និង​ស្វ័យប្រវត្តិកម្ម មាន​សារៈសំខាន់​ក្នុងការ​ទ្រទ្រង់​សុខុមាលភាព​ប្រជាពលរដ្ឋ​ជា​ពិសេស​ក្នុងពេល​មាន​គ្រោះ​អា​​សន្ន ឬ​វិបត្តិ អនុលោម​តាម​ក្រប​ខ័​ណ្ឌ​គោលនយោបាយ​ជាតិ​គាំ​​ពារ​សង្គម ២០១៦-២០២៥​។​

​លោក​បញ្ជាក់ថា​៖ «​លើសពីនេះ​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ក៏បាន​ចង្អុល​បង្ហាញ​ឱ្យ​រៀបចំ​ក្របខ័ណ្ឌ​កម្មវិធី​​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួ​សារ​ដែលជា​ការប្រមូល​ផ្ដុំ​កម្មវិធី​ជំនួយ​សង្គម​មាន​លក្ខណៈ​ជាការ​ឧបត្ថម្ភ​សាច់ប្រាក់​ឱ្យមក​អនុវត្ត​ក្រោម​ប្រតិបត្តិ​ករ​ទោល​មួយ​ក្នុង​គោលដៅ​ពង្រឹង​អភិបាលកិច្ច និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​កម្មវិធី​ក៏ដូចជា​បង្កើន​សង្គតិភាព និង​ពង្រីក​ការ​គ្របដណ្តប់​កាន់​តែ​ទូលំទូលាយ​ដល់​គ្រួសារ​ក្រីក្រ និង​ក្រុម​ជន​ងាយ​រងគ្រោះ​ក្នុង​គ្រួសារ​នោះ​»​។​

​ជាមួយគ្នា​នោះដែរ លោក ជា សុ​មេធី រដ្ឋមន្ត្រីក្រសួង​សង្គម​​កិច្ច ក៏បាន​លើកឡើង​ដែរ​ថា ក្របខ័ណ្ឌ​កម្មវិធី​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ នឹង​ក្លាយជា​ទម្រ​នៅពេល​កម្មវិធី​ឧបត្ថម្ភ​សាច់​​ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​ ១៩ ​បានបញ្ចប់ ហើយ​ការអនុវត្ត​ផ្លូវការ​នូវ​ក្របខ័ណ្ឌ​កម្ម​​វិធី​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ នឹង​ចាប់ផ្តើម​ពី​ខែមេសា ឆ្នាំ​ ២០២៤ តទៅ​។​

​ក្រោយពី​ទទួលបាន​គោលការណ៍​ណែនាំ​ស្តីពី​ក្របខ័ណ្ឌ​កម្មវិធី​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ​លោក​ឃួ​ង ស្រេង អភិ​​បាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​ ១៤ និង​សង្កាត់​ទាំង ១០៥​ ចុះ​ធ្វើ​បច្ចុប្បន្ន​ភាព​ឡើងវិញ ពី​ប្រជាពលរដ្ឋ​ក្រីក្រ (​ក្រ​១ ក្រ​២) និង​ពលរដ្ឋ​ដែល​រង​ហានិភ័យ ដើម្បី​អាជ្ញាធរ​បាន​ជួយ​ពួកគាត់​ឱ្យចំ​គោលដៅ តាម​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល​។

​ក្នុង​កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព និង​ទិសដៅ​បន្ត​សម្រាប់​អនុវត្ត​កម្មវិធី​ជំនួយ​សង្គម​ជា​កញ្ចប់​គ្រួ​សារ​របស់​រាជរដ្ឋាភិបាល​កាលពី​ថ្ងៃទី​ ១៨ ខែធ្នូ​កន្លងទៅ​នៅ​សា​លា​រាជធានី​ភ្នំពេញ លោក​បាន​លើកឡើងថា ដោយសារ​ការ​រា​ត​ត្បា​ត​ជាស​កល​នៃ​ជំងឺ​កូ​វីដ​ ១៩ និង​ផលប៉ះពាល់​ពី​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​-​រុស្ស៊ី បានធ្វើឱ្យ​សេដ្ឋ​​កិច្ច​ពិភពលោក​ធ្លាក់ចុះ ក្នុងនោះ​សម្រាប់​ប្រទេស​កម្ពុជា ក៏បាន​ទទួលរង​ផលប៉ះពាល់​ទាំងនេះ​ដែរ​។

លោក​បន្តថា ដូចនេះ ទាម​ទារ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​ ១៤ ពិសេស​ចៅសង្កាត់​ទាំង​ ១០៥ ដែលជា​ប្រតិបត្តិ​ករ​ត្រូវ​ពិនិត្យមើល​ប្រជាពលរដ្ឋ​ក្រីក្រ និង​ប្រជាពលរដ្ឋ​ដែល​រង​ហានិភ័យ ដើម្បី​យើង​បាន​ជួយ​ពួកគាត់​ឱ្យចំ​គោល​​ដៅ​។​

​លោក​ថា​៖ «​រាជរដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ច្រើនណាស់ ដល់​ជំនួយ​សង្គម​នេះ ដូច្នេះ​ក្នុងនាម​ជា​ប្រតិបត្តិ​ករ​ត្រូវធ្វើ​ការងារ​ឱ្យចំ​គោលដៅ ពោលគឺ​ចំ​ប្រជា​​ពលរដ្ឋ​ដែល​ក្រីក្រ​ពិតប្រាកដ កុំឱ្យ​មានការ​ច្រណែន​គ្នា បើ​យើង​អនុវត្ត​ការងារ​នេះ​ចំ​គោលដៅ​ហើយ​នោះ​វា​មិន​ត្រឹមតែ​មិនមាន​ភាព​ច្រណែន​គ្នា​ប៉ុណ្ណោះ​ទេ តែ​យើង​ក៏មាន​ឧត្ដមភាព​លើ​ការងារ​នេះ​ផងដែរ​»​។ លោក​ឃួ​ង ស្រេង ក៏​បញ្ជា​ឱ្យ​ខណ្ឌ​ទាំង ​១៤ ​ពិសេស​គឺ​ចៅសង្កាត់​ទាំង​ ១០៥ ត្រូវ​ប្រជុំ​រៀបចំ​ផែនការ ប្រជុំ​ដាក់​ផែនការ និង​ត្រួតពិនិត្យ​ផែនការ​ដកស្រង់​បទពិសោធន៍​យ៉ាងហោចណាស់​ក្នុង​ ១​ ឆ្នាំ​ឱ្យបាន ​២ ​ដង​។

​ដោយឡែក​លោក ​យង់ គិ​ម​អេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព បានបង្ហាញ​ការ​សាទរ​ចំពោះ​កម្មវិធី​​ជាតិ​ជំនួយ​ដែល​រដ្ឋាភិបាល​បានប្រកាស​ដាក់ឱ្យអនុវត្ត​នាពេល​កន្លង​ទៅដោយ​លោក​យល់ឃើញថា ជាការ​ផ្តល់ជំនួយ​ដល់​ពលរដ្ឋ​បាន​ត្រឹមត្រូវ និង​ចំ​គោលដៅ​។​

​ទោះជា​យ៉ាងណា​លោក​នៅតែ​ស្នើ​ដល់​មន្ត្រី​អនុវត្តន៍​ថ្នាក់ក្រោម ព្យាយាម​អនុវត្ត​ការងារ​ឱ្យមាន​តម្លាភាព និង​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ជំនួយ​សង្គម ដែល​រដ្ឋាភិបាល​ផ្តល់ឱ្យ​ដល់ដៃ​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​ត្រូវការ​ជំនួយ​ពិតប្រាកដ​។ លោក​បាន​បញ្ជាក់ថា​៖«​ការអនុវត្ត​កម្មវិធី​ជាតិ​ជំនួយ​សង្គម​នាពេល​កន្ល​ង​ទៅ មាន​ចន្លោះ​ខ្វះខាត​មួយចំនួន ជាពិសេស​ការ​ផ្តល់ជំនួយ​ដល់​ពលរដ្ឋ​ក្រីក្រ នៅ​ខ្វះ​តម្លាភាព ដោយសារ​មន្ត្រី​ថ្នាក់ក្រោម​អនុវត្ត​មិនបាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​រាជ​រដ្ឋាភិបាល​»​។​

​លោក យង់ គិ​ម​អេង បាន​បន្តថា​៖ «​យើង​ចង់ឱ្យមាន​ការតាមដាន​ឱ្យបាន​ហ្មត់ចត់​ជាង​នេះ​លើ​ការ​អនុវត្ត​កម្មវិធី​ជំនួយ​សង្គម ដូច​ជាការ​បិទ​ផ្សាយ​ជា​សាធារណៈ​ពី​ឈ្មោះ​របស់​ពលរដ្ឋ​ដែល​ទទួល​បាន​ជំនួយ​,​ការចូលរួម​របស់​ស​ង្គ​ម​ស៊ីវិល​លើ​ការងារ​នេះ និង​ការដោះស្រាយ​ជាបន្ទាន់​នៅពេល​រកឃើញថា មាន​ករណី​មិន​ប្រក្រតី​ក្នុងការ​ផ្តល់​បណ្ណ​សមធ​ម៌​ជូន​ពលរដ្ឋ​ជាដើម​»​។​

​សូមជម្រាបថា បន្ទាប់ពី​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ​ក្នុងអំឡុងពេល​មាន​សម្ពាធ​អតិផរណា និង​គ្រោះទឹកជំនន់​បាន​បិទ​បញ្ចប់ កាលពី​ខែកក្កដា ឆ្នាំ ​២០២៣ ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម និង​កម្មវិធី​អភិ​​វឌ្ឍន៍​សហប្រជាជាតិ (UNDP) បាន​សិក្សា​វាយតម្លៃ​រួមគ្នា ដោយ​រកឃើញថា អន្តរាគមន៍​ជំនួយ​សង្គម​ពិសេស​ទាំង ​២​ របស់​រាជ​​រដ្ឋាភិបាល​នេះ បាន​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុងការ​កាត់បន្ថយ​បច្ច័យ​អវិជ្ជមាន​មកលើ​គ្រួសារ​ងាយ​រង​ហានិភ័យ​។ កម្ម​វិធី​ជំនួយ​នេះ​រាជរដ្ឋាភិបាល​បាន​ចំណាយ​ថវិកាជាតិ​សរុប​ប្រមាណ ៥៥,៧ ​លាន​ដុល្លារ​។​

​យោងតាម​របាយការណ៍​ការ​​សិក្សា​របស់​ក្រុម​ប្រឹក្សាជាតិ​គាំ​ពារ​សង្គម និង​ UNDP រកឃើញថា គ្រួសារ​គោលដៅ​ទទួលផល​ប្រមាណ​ជាង​ ៩៧ ​ភាគរយ ពេញ​ចិត្ត និង​គាំទ្រ​ការអន្តរាគមន៍​ជាការ​ឧបត្ថម្ភ​សាច់ប្រាក់ របស់​រាជរដ្ឋាភិបាល​៕