ភ្នំពេញៈ ប្រធានរដ្ឋសភា​កម្ពុជា និង​វៀតណាម បាន​ប្ដេជ្ញា​រួមគ្នា​នៅក្នុង​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋសភា​ប្រទេស​ទាំង២ ទាំង​ក្របខ័ណ្ឌ​ទ្វេភាគី​និង​ពហុភាគី ដោយ​បន្ត​និង​ពង្រីក​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​ថ្នាក់ដឹកនាំ​សមាជិក​រដ្ឋសភា និង​ជំរុញ​ការអនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​នូវ​រាល់​កិច្ចព្រមព្រៀង​។​
​ប្រទេស​ទាំង២​ក៏​នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​ផងដែរ ដូចជា​ការបោះ​បង្គោលព្រំ​ដែន​ឱ្យទៅជា​ព្រំដែន​សន្តិភាព និង​អភិវឌ្ឍ ការរុករក​និង​បញ្ជូន​អដ្ឋិធាតុ​យុទ្ធជន​ពលី​វៀតណាម​នៅ​កម្ពុជា បង្កើត​កិច្ចសហប្រតិបត្តិការ​លើ​បញ្ហា​សន្តិសុខ​អ៊ី​នធឺ​ណិ​ត​ជាដើម ផងដែរ​។​
​ប្រធានរដ្ឋសភា​នៃ​ប្រទេស​ទាំង២​លើកឡើង​ដូចនេះ តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​ស្តិ​ពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​នៃ​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោកស្រី ឃួន សុ​ដា​រី ប្រធានរដ្ឋសភា នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ពីថ្ងៃ​ទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២៣​។​
​សេចក្តីប្រកាស​ព័ត៌មាន​បានឱ្យដឹងថា លោកស្រី ឃួន សុ​ដា​រី បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក NGUYEN PhuTrong​អគ្គលេខាធិការ​បក្ស​កុ​ម្មុយ​នី​ស្ត​វៀតណាម​, លោក Vo Van Thuong​ប្រធាន​រដ្ឋ​វៀតណាម និង​លោក VUONG Dinh Hue ប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ហើយក៏​បានទទួល​ជួប​សម្ដែង​ការគួរសម​ជាមួយ​ប្រតិភូ​សមាគម​មិត្តភាព​វៀតណាម​-​កម្ពុជា ព្រមទាំង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ខេត្ត​ហា​ណា​ម​ផងដែរ​។​
​ប្រភព​ដដែល​បាន​លើកឡើងថា ភាគី​ទាំង​២បាន​ឯកភាព​រួមគ្នា​នៅក្នុង​ការ​ពូន​ជ្រំ និង​ផ្សព្វផ្សាយ​វប្បធម៌​នៃ​ទំនាក់ទំនង​ដ៏​ល្អ​និង​កម្រ​នេះ ដល់​យុវជន​ជំនាន់​ក្រោយ​ឱ្យបាន​ដឹង និង​បន្ត​ថែរក្សា​ឱ្យបាន​ស្ថិតស្ថេរ​គង់វង្ស យូរអង្វែង​។ 
​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន លោក VUONG Dinh Hue បាន​លើកឡើងថា ថ្នាក់ដឹកនាំ​និង​សមាជិក សមាជិកា​រដ្ឋសភា​វៀតណាម បាន​ប្ដេជ្ញាចិត្ត​និង​ផ្តល់​អាទិភាព​ខ្ពស់ ក្នុង​ការបន្ត​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​រដ្ឋសភា ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា ឱ្យ​កាន់តែ​សកម្ម​ខ្លាំងក្លា​បន្ថែមទៀត នៅលើ​គ្រប់​វិស័យ រួមមាន​វិស័យ​ការទូត​សភា ពាណិជ្ជកម្ម សេដ្ឋកិច្ច សន្តិសុខ ទេសចរណ៍ នវានុវត្តន៍ ការអប់រំ បណ្ដុះបណ្ដាល កសិកម្ម ជាដើម​។​
​ជាមួយគ្នា​នោះដែរ លោកស្រី ឃួន សុ​ដា​រី បាន​ថ្លែង​គាំទ្រ​ការលើកឡើង​របស់​សម​ភាគី​វៀតណាម និង​បាន បញ្ជាក់​ពី​សារៈសំខាន់​នៅក្នុង​ការពង្រឹង​ពង្រីក​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​គ្នា​រវាង​ប្រទេសជិតខាង ភូមិ​ផង របង​ជាប់​គ្នា នៅក្នុង​ស្ថានការណ៍​ដែល​ពិភពលោក​កំពុងមាន​ភាពស្មុគស្មាញ មិន​ប្រាកដប្រជា និង​មាន​ហានិភ័យ​ខ្ពស់​។ 
​លោកស្រី​បាន​បន្តថា ៖ «​ឈរលើ​ចំណងមិត្តភាព​ជា​ប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​ជា​និរន្ត​នេះហើយ​ទើប​រដ្ឋសភា​កម្ពុជា​បានជ្រើសរើស​ដំណើរ​ទស្សនកិច្ច​មកកាន់​ប្រទេស​វៀតណាម ជា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​និង​មិត្តភាព​ដំបូង​គេ​បង្អស់​នៅ​ដើម​រដ្ឋសភា​នីតិកាល​ទី​៧​នេះ​»​។​
​លោកស្រី ឃួន សុ​ដា​រី ក៏បាន​សម្តែង​ការពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ​ការរីកចម្រើន​នៃ​កិច្ចសហប្រតិបត្តិការ​គ្រប់​វិស័យ របស់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង២ ជាពិសេស​កំណើន​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​វៀតណាម ដែល​សម្រេចបាន​ជាង​១០​ពាន់​លាន​ដុល្លារ​ក្នុង​១ឆ្នាំ​។ 
​លោក​គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ប្រាប់ឱ្យដឹង​ដែរ​ថា​ទំនាក់ទំនង​ល្អ​ជាមួយ​វៀតណាម​ដែលជា​ប្រទេស​ក្បែរ​របង​ជាមួយ​កម្ពុជា​គឺជា​រឿង​ល្អ​ណាស់ ក្នុង​កិច្ចសហការ​លើ​វិស័យ​ផ្សេងៗ​មិន​ថា​សេដ្ឋកិច្ច និង​ការបង្ក្រាប​បទល្មើស​តាម​ព្រំដែន​ផ្សេងទៀត​។​
​លោក​សង្កត់ធ្ងន់ថា បញ្ហា​ដែល​ធំជាងគេ​រវាង​ទំនាក់ទំនង​កម្ពុជា​-​វៀតណាម​គឺ​ការធ្វើ​យ៉ាងណា​បោះបង្គោល​ព្រំដែន​ឱ្យបាន​លឿន ដោយ​ឈរលើ​ផលប្រយោជន៍​ភាគី​ទាំងសងខាង និង​មួយទៀត​គឺ​ការដោះស្រាយ​បញ្ហា​ជន​អន្តោរ​ប្រវេសន៍​វៀតណាម​នៅ​កម្ពុជា​ដោយ​ឈរលើ​គោលការណ៍​ច្បាប់​។ រឿង​ធំ​ទាំង​២នេះ​គឺជា​ដំបៅ​ប្រវត្តិសាស្ត្រ​ហើយ​ភាគី​ទាំង២ត្រូវតែ​បន្ត​យន្តការ​លើ​ការដោះស្រាយ​ដោយ​ឈរលើ​ផលប្រយោជន៍​រួមគ្នា​មួយ​។​
​លោក គិ​ន ភា បញ្ជាក់ថា​៖ «​ដើម្បីឱ្យ​ទំនាក់ទំនង​មួយ​ល្អ​ទាល់តែ​ទំនាក់ទំនង​នោះ​ឈរលើ​គោលការណ៍​គោរព​គ្នា​ទៅវិញទៅមក គោរព​អធិបតេយ្យភាព ឯករាជភាព បូរណភាព​ទឹកដី មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​គ្នា​ទៅវិញទៅមក​»​។ 
​លោក ថុង ម៉េងដាវិត ប្រធានផ្នែកស្រាវជ្រាវនៅវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)និង​ជា​អ្នកជំនាញ​ការទូត​សន្តិសុខ មើលឃើញថា ចំពោះ​ទំនាក់ទំនង​រដ្ឋសភា​នៃ​ប្រទេស​ទាំង២​គឺ​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជា​ប្រពៃណី យុទ្ធសាស្ត្រ ព្រំដែន​សន្តិភាព​និង​អភិវឌ្ឍ ក៏ដូចជា​ពង្រីក​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​រវាង​ប្រទេស​ទាំង២​។ 
​លោក​បាន​បន្ថែមថា កម្ពុជា​និង​វៀតណាម​មាន​ទំនាក់​ទំនងជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​ជា​ប្រវត្តិសាស្ត្រ​ផងដែរ ដែល​នេះ​សបញ្ជាក់​ពី​សារៈសំខាន់​នៃ​ទំនាក់ទំនង​គ្រប់​ជាន់ថ្នាក់​ទាំង​រដ្ឋាភិបាល រដ្ឋ​សភាព គណបក្ស​និង​ប្រជាជន​នៃ​ប្រទេស​ទាំង២​។ 
​លោក​បន្តថា ដោយសារតែ​បម្រែបម្រួល​ភូមិសាស្ត្រ​នយោបាយ និង​សន្តិសុខ​អន្តរជាតិ កម្ពុជា​និង​វៀតណាម​កាន់តែ​ត្រូវការ​គ្នា​ទៅវិញទៅមក​ក្នុងការ​ជំរុញ​កិច្ច​សហប្រតិបត្តិ​នយោបាយ សន្តិសុខ​និង​សេដ្ឋកិច្ច​បន្ថែមទៀត ដើម្បី​ធានាបាន​និរន្តរភាព​សន្តិសុខ​ព្រំដែន ការចែករំលែក​បទពិសោធន៍ និង​ជំនួយ​បច្ចេកទេស​ក្នុង​វិស័យ​សន្តិសុខ​ប្រពៃណី និង​ព័ត៌មាន​វិទ្យា​។ 
​លោក​ថុង ម៉េង​ដា​វិត​ថា​៖ «​កម្ពុជា​និង​វៀតណាម​ក៏ត្រូវ​តែ​បញ្ចប់​ការបោះបង្គោល​ព្រំដែន​ដែល​នៅសល់​ឱ្យបាន​ឆាប់រហ័ស និង​ព​ន្លឿ​ន​ការស្វែងរក​អដ្ឋិធាតុ​ជនជាតិ​វៀតណាម​ដែល​បាន​ពលី​ជីវិត​ក្នុង​ការជួយ​កម្ពុជា​ផ្តួល​រលំ​របប​ប្រល័យពូជសាសន៍​»​។​
​សូមជម្រាបថា ក្នុងអំឡុង​ទស្សនកិច្ច​នេះដែរ សមាជិក​គណៈប្រតិភូរ​ដ្ឋ​សភា​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ជាមួយ សម​ភាគី​វៀតណាម​មួយចំនួនទៀត ដែល​ក្នុងនោះ​មាន​លោក សួស យ៉ា​រ៉ា ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ និង​ព័ត៌មាន បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ប្រធាន​គណៈកម្មាធិការ​កិច្ចការបរទេស​នៃ​រដ្ឋសភា​វៀតណាម​។​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​ខុទ្ទកាល័យ​រដ្ឋសភា​វៀតណាម និង​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ វៀតណាម​ផងដែរ​៕ វង្ស ដារាវ៉ាឌី