ព្រះសីហនុៈ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បាន​ប្រាប់ឱ្យដឹងថា គិត​មកដល់ពេលនេះ​​ យុទ្ធនាការ​ឱ្យអ្ន​ក​នេ​សា​ទ​មក​ចុះ​បញ្ជី​ និ​ង​ឆៀក​ជល​យាន​របស់​ខ្លួន បាន​ចំនួន​ជាង ៨០០ ​គ្រឿង​ហើយ ខណៈ​ដែល​នៅ​ទូទាំង​ខេត្ត​​ព្រះសីហនុ មា​ន​ទូក​នេសាទសរុប​ចំនួន​ជាង ២ ០០០​ គ្រឿង ស្ថិត​នៅ​ក្រុង​-​ស្រុក​ចំនួន​៤​។

លោក ឡុង ឌីម៉ង់ អភិបាល​រង​ខេត្ត​ព្រះសីហនុ បាន​ឱ្យ​ដឹង​នៅ​ថ្ងៃទី​​៣ ខែ​ធ្នូ​​ថា ពាក់ព័​ន្ធ​នឹង​ការ​ចុះ​បញ្ជី​ជល​យាន និង​ត្រួត​ពិនិត្យ​បច្ចេកទេស​ជលយាន (ឆៀក) ​​អាជ្ញាធរ​ខេត្ត​បាន​រៀប​ចំ​បែងចែក​​ចេញជា ២​ដំណាក់​កាល​ដែល ដំណាក់កាល​ទី​១ ដែលចាប់​ផ្តើមធ្វើ​មុន​យុទ្ធនាការផ្លូវការចាប់​ផ្តើមគឺ​មន្ទីរ​សាធារណការ​ និងដឹកជញ្ជូនខេត្ត បាន​ចុះ​បញ្ជី​ជលយាន​បាន​ចំនួន ៤៨៨គ្រឿង​។ 

ចំណែក​ដំណាក់​កាល​ទី​២ ​ដែលបានចាប់​ផ្តើម​ពីខែកញ្ញា រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដែល​មាន​មន្ទីរ​សាធារណការ​ជា​សេនាធិការ បាន​ចុះ​ធ្វើ​យុទ្ធនាការ​ឱ្យអ្ន​ក​នេសាទ មក​ចុះ​ប​ញ្ជី​ជលយាន និង​ត្រួត​ពិនិត្យ​បច្ចេកទេស​ជល​យាន​របស់​ខ្លួន ដើម្បី​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​លើ​ការ​បង់​សេវា​ចំនួន ៥០​ភាគរយ។ ​​គិត​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា រហូត​ដល់​ថ្ងៃ​ទី​៣០ ខែវិ​ច្ឆិកា ឆ្នាំ​២០​២៣ មាន​អ្នក​នេសាទ មក​ចុះ​ប​ញ្ជីជ​លយាន និ​ង​ត្រួត​ពិនិត្យ​បច្ចេក​ទេស​ជលយាន បាន​ចំនួន ៤០៣​ទូក​។

លោក​​ឱ្យ​ដឹង​ទៀត​ថា ​​ប្រជានេសាទ ដែល​មក​ចុះ​បញ្ជី​ជលយាន និង​ត្រួត​ពិនិត្យ​បច្ចេក​ទេសជលយាន​រ​បស់​ខ្លួន នឹង​ទទួល​ផល​ប្រយោជន៍​ដូចជា ការ​ប្រកបមុ​ខ​របរ​នេសាទ​​មាន​ភាព​ត្រឹម​ត្រូវ​តាម​ច្បា​ប់ ងាយ​ស្រួល​រក​ទីផ្សារ ហើយ​ផល​នេសាទ អាច​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ជា​ដើម​។

លោក ឡុង ឌីម៉ង់ ​​បញ្ជាក់​ថា​៖ «​ចាប់​ពី​ដើម​ឆ្នាំ​២០២៤ ទៅ​ប្រជានេសាទ​ដែល​មិនមា​ន​បណ្ណ​សម្គាល់​ជលយាន និង​សៀវភៅ​ពិនិត្យ​បច្ចេក​ទេស នឹង​ប្រឈម​វិធាន​ការ​រដ្ឋ​បាល​ដូច​ជា ការ​ផាក​ពិន័យ  និង​មិន​អនុ​ញ្ញាត​ឱ្យ​នេសាទ​លើ​លម្ហ​សមុទ្រ​នៃ​ខេត្ត​ព្រះសីហនុ​យើង​ឡើយ​»​។

​​លោក ឡុង ឌីម៉ង់ ក៏​​បាន​បន្ត​អំពាវ​នាវ​ដល់​ប្រជានេសាទ​ទាំង​អស់​ រួស​រាន់ និង​ប្រញាប់​ប្រ​ញាល់​មក​ចុះ​បញ្ជី និង​ពិនិត្យ​បច្ចេកទេស​ជល​យាន ដើម្បី​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ អត្ថប្រយោជន៍ និ​ង​ការ​ការ​ពារ​ស្រប​ច្បាប់​ពី​រដ្ឋ​បាល​ខេត្ត​ព្រះសីហនុ​។

ទាក់​ទង​នឹង​ការ​ចុះ​បញ្ជី​ជល​យាន​នេះ លោក ហុង វណ្ណៈ អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្ត​រ​ជាតិ នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា បាន​ថ្លែង​​ថា អ្វី​ដែល​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ កំពុង​តែធ្វើ​​នេះ វា​ជា​គោ​លដៅ​ល្អ ពីព្រោះ​​ដើម្បី​ងាយស្រួ​ល​គ្រប់​គ្រង​ទូក​នេសាទ​របស់​កម្ពុជា​ថា​ មាន​ចំនួន​ជាក់​លាក់​ប៉ុន្មាន​ដែល​កំពុង​ធ្វើ​ការ​នេសាទ​នៅ​ដែន​សមុទ្រ​របស់​ខ្លួន។ ជាពិសេស​​ងាយ​ស្រួល​ក្នុង​ការ​បែង​ចែក​កុំ​ឱ្យ​ច្រឡំ​ជា​មួយ​ទូ​ក​​នេសាទ​របស់​បរទេស​ដែល​មាន​បំណង​មក​ធ្វើ​ការនេ​សាទ​ក្នុង​ដែន​សមុទ្រ​របស់​កម្ពុជា​។

លោក​ថ្លែង​ថា៖ «​ដូច្នេះ​ខ្ញុំ​មើល​ឃើញ​ថា គោលដៅ​នៃ​ការ​​ចុះ​បញ្ជី​នេះ គឺ​​​ធា​នា​បាន​នូវ​សុខ​សន្តិភាព​ផង​ សុវត្ថិភាព​ផង រួម​ទាំង​គ្រប់​គ្រង​ចំនួន និង​បរិមាណ​ទូក​នេសាទ​របស់​កម្ពុជា​យើង​ផង​។​​ នៅ​ពេល​យើង​គ្រប់​គ្រ​ង​បាន​ហើយ វា​នឹង​ឈាន​ដល់​ការ​កំណត់​បរិមាណ​នៃ​ការ​នេសាទ ឬ​​ក៏​ការ​បង់​ពន្ធ​ជា​ដើម ដែល​រួម​ចំ​ណែ​ក​ជួយ​ដល់​សង្គម​ជាតិ​យើង​តាម​រយៈ​ការ​ប្រមូល​ជលផល​ក្នុង​ដែន​សមុទ្រ​​»​។

បើ​តាម​លោក ហុង វណ្ណៈ ​ការ​រួម​ចំណែកប​ង់​ពន្ធ​ជូន​រដ្ឋ​នេះ ​មិន​មែន​ជា​ការ​ដាក់​បន្ទុក​ធ្ងន់​ធ្ងរ​សម្រាប់​ក្រុម​អ្ន​ក​នេសាទ​នោះ​ទេ ​ព្រោះ​មុន​នឹង​អាជ្ញាធរ​សម្រេច​បែប​នេះ គឺ​បាន​រៀប​ចំ​គិត​គូរ​រួច​រាល់​ហើយ​សម្រាប់​អ្នក​នេ​សាទ​ដែល​ធ្វើ​ការ​នេសាទ​ទៅ​​តាម​ចំនួន និង​បរិមាណ​នៃ​ការ​ទទួល​បាន​ផល​នេសាទ ដោយ​មិន​មែន​ចេះ​តែ​ធ្វើ​ការ​គាប​​សង្កត់​ឡើយ។ 

ហេតុនេះ​ហើយ​ក្រុម​អ្នក​នេសាទ​ខ្លួន​ឯងក៏​ត្រូវ​តែ​រួម​គ្នា​កសាង​បង្កើត​ជា​សមាគម​អ្នក​នេ​សាទ​នៅ​តាម​ដែន​សមុទ្រ ដើម្បី​មាន​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​ធ្វើសំណូម​ពរ​ទៅ​កាន់​រាជរដ្ឋាភិបាល​ឱ្យ​ជួយ​ដោះស្រាយ និង​ឆ្លើយ​តប រាល់ពេ​ល​មាន​បញ្ហា​ប្រឈម ការ​គាប​សង្កត់​អ្វី​មួយ​កើត​ឡើង​។

សូមបញ្ជាក់ដែរថា ​តាមការ​ឱ្យដឹងពី​​លោក ឡុង ឌីម៉ង់ ​នៅ​ទូទាំង​ខេត្តព្រះ​សីហនុ​ មាន​ទូក​នេសាទ​សរុប​ចំ​នួន ២ ៥២៣​គ្រឿង ស្ថិត​នៅ​ក្រុង​-​ស្រុក​ចំនួន​៤ នៃ​ភូមិ​សាស្រ្ត​ខេត្ត​ព្រះសីហនុ​។​ ក្នុង​នោះ​ក្រុង​ព្រះសីហនុ​មាន​ចំនួន ៨០៦​​គ្រឿង ស្រុក​ស្ទឹងហាវ​ចំនួន ៥៦៩​ គ្រឿង ស្រុកព្រៃនប់ចំនួន ៧៦៧ ​គ្រឿង និង​ក្នុង​តំបន់​ផ្សេងៗ​សរុប​ចំនួន ៣៨១​គ្រឿង​៕