ភ្នំពេញៈ​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​ លោក ទេព អ​ស្នា​រិ​ទ្ធ បាន​លើក​ឡើង​ថា សេរី​ភាព​សារ​ព័ត៌​មាន​មិន​ស្ថិត​នៅលើ​ការ​និយាយ​របស់​អ្នក​ណា​ឬ​ក្រុម​ណាមួ​យ​ទេ​ដែល​ការ​អះអាង​នេះ​ជាការ​ឆ្លើយ​តប​ទៅ​នឹង​របា​យការណ៍​រប​ស់​សមា​គម​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ហៅ​កាត់​ថា ខេ​ម​បូ​ចា​(Camboja)​ដែល​បាន​ចេញ​កាល​ពី​ចុងខែ​ធ្នូ។ 

​ការ​លើ​កឡើ​ង​របស់​លោក​បែប​នេះ​បន្ទាប់​ពី​មាន​របាយ​ការណ៍​ប្រចាំឆ្នាំ​២០២៣ ​​របស់​សមាគម​សម្ព័ន្ធ​អ្នក​សារព័​ត៌មាន​កម្ពុជា (​ខេ​ម​បូ​ចា​) ​ដែល​បាន​ចេញ​ផ្សាយ​ជា​សា​ធារណៈ​កាលពី​ថ្ងៃទី​២៨ ខែធ្នូ​ថា អ្នក​សារ​ព័ត៌​មាន​ចំនួន​៤៤​នាក់ ​និង​ស្ថា​ប័ន​សារ​ព័ត៌មា​ន​ឯក​រាជ្យ​ប្រឈម​មុខ​នឹង​ការ​យាយី​គ្រប់​ទម្រង់​ក្នុង​ឆ្នាំ​២០២៣ ​ជាពិសេស​អំឡុង​ពេល​ប៉ុន្មាន​ខែ​នៅ​មុន​ការ​បោះ​ឆ្នោត​ដែល​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃទី​២៣ ​ខែ​កក្កដា ឆ្នាំ​២០២៣​។ 

​លោក​ទេព អ​​ស្នា​រិ​ទ្ធ បាន​លើកឡើ​ងថា​៖«​សិទ្ធិ​សេរីភាព​សារ​ព័ត៌​មាន សិទ្ធិ​ក្នុងការ​បញ្ចេញ​មតិ​ និង​ទទួល​បាន​ព័ត៌មាន​នៅ​កម្ពុជា​ត្រូវ​បាន​លើក​កម្ពស់​ដោយ​រាជ​រដ្ឋាភិបា​ល​ពី​អាណត្តិ​មួយ​ទៅ​អាណត្តិ​មួយ​ជា​រៀងរ​ហូត​មក ជា​ពិសេស​ក្នុង​អាណត្តិ​ទី​៧ ​នេះ​តែ​ម្តង​»​។​

​លោក​បាន​បន្ត​ថា អ្នក​សា​រព័ត៌មា​ន​ទាំង​អស់​មាន​សេរីភាព​ពេញ​លេញ​ក្នុង​កា​រប្រកប​អាជីព​របស់​ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា និង​អនុវត្ត​សកម្ម​ភាព​ការងារ​បាន​ដោយ​គ្មាន​ការរំ​ខាន​ឡើយ​ ទោះ​ក្នុង​ទម្រង់​ណាក៏​ដោយ​។ ដូច្នេះ អ្នក​សារ​ព័ត៌​មាន​បាន​និង​កំពុង​បំពេញ​តួនាទី​​និង​ភារកិច្ច​របស់ខ្លួ​ន​បាន​យ៉ាង​ពេញ​លេញ ​និង​យ៉ាង​សកម្ម​ពី​គ្រប់​ទិសទី​នៅ​ទូទាំង​ប្រទេស​ក​ម្ពុជា ក្នុ​ង​ការ​ផលិត និង​ផ្សព្វ​ផ្សាយ​ព័ត៌មា​ន ឬ​ធ្វើ​សេចក្ដី​រាយ​ការណ៍​ព័ត៌មាន​របស់​ខ្លួន​ដោយ​សេរី ​គ្រប់​ពេល​វេលា ​និង​ប្រកប​ដោយ​សុវត្ថិ​ភាព​។​

​លោក​ ទេព អ​ស្នា​រិ​ទ្ធ បាន​បញ្ជាក់ថា​​៖ «​សូម​អរគុណ​ដល់​បងប្អូន​អ្នកសា​រព័​ត៌មាន​ដែល​កន្លង​មក​បាន​អនុវត្ត​ក្រមសីល​ធម៌​វិជ្ជាជីវៈ​សារព័​ត៌​មាន​បាន​ល្អ​និង​បាន​ប្រកប​ការ​ងារ​ដោយ​មិន​បំពាន​លើស​តួនាទី​ខ្លួន​ជា​អ្នក​សារព័ត៌​មាន មិន​បំពាន​លើ​សិទ្ធិ ​កិត្តិ​យស ​សេចក្តី​ថ្លៃថ្នូរ​របស់​អ្នក​ដទៃ​ និង​បាន​គោរព​កាតព្វ​កិច្ច​របស់​ខ្លួន​ក្នុង​ដែន​ដែល​ច្បាប់​បានកំណត់​»​។​

​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​ដែល​បាន​បញ្ជាក់​ដែរ​ថា​៖«​សេរីភាព​សារព័ត៌​មាន​មិន​ស្ថិត​នៅលើ​ការនិ​យាយ​របស់​អ្នកណា​ឬ​ក្រុម​ណា​មួយ​ទេ ជាពិសេស​​សកម្ម​ភាព​ទាំង​ឡាយ​ណា​ដែល​មាន​ចរិត ​និង​របៀ​បវារៈ​នយោ​បាយ​។ សិទ្ធិ​សេរីភាព​សារព័​ត៌​មាន ​សិទ្ធិ​ក្នុងការ​បញ្ចេញ​មតិ​និង​ទទួល​បាន​ព័ត៌មា​ន​នៅ​កម្ពុជា​ត្រូវបាន​លើក​កម្ពស់​ដោយ​រាជ​រដ្ឋាភិបាល​ពី​អាណត្តិ​មួយ​ទៅ​អាណត្តិ​មួយ​ជា​រៀង​រហូត​មក​»​។

​ក្រសួង​ព័ត៌មា​ន​ក៏ដូចជា​​រាជរ​ដ្ឋាភិ​បាល​កម្ពុជា​បាន​យក​ចិត្តទុកដា​ក់​ខ្ពស់​លើ​ការ​ផ្តល់​ការ​គាំពារ និង​ការ​ការពារ​សិទ្ធិ​ដល់​អ្នក​សារ​ព័ត៌មា​ន​និង​ការលើក​កម្ពស់​សេរីភាព​សារព័​ត៌មា​ន សេរី​ភាព​ក្នុងការ​បញ្ចា​ញ​មតិ និង​សេរី​ភាព​ក្នុង​ចូល​រួម​ក្នុង​ការ​អភិវឌ្ឍ​សង្គ​ម​​កម្ពុជា​។ លោក ​ទេព​ អ​ស្នា​រិ​ទ្ធ បន្ថែម​។​

​បើតា​ម​របា​យការណ៍រ​បស់​(​ខេ​ម​បូ​ចា​) ក្នុង​ចំណោ​ម​អ្នកសារ​ព័ត៌មាន​ចំនួន​៤៤​នាក់ និង​ស្ថាប័ន​សារព័​ត៌មាន​ឯករាជ្យ​ប្រឈម​មុខ​នឹង​ការ​យាយី​ក្នុង​ឆ្នាំ​២០២៣ ​គឺមាន​អ្នកសា​រព័ត៌​មាន​យ៉ាង​ហោចណា​ស់​៦​នា​ក់​ត្រូវបា​ន​ឃុំខ្លួ​ន និង​ដាក់​ពន្ធ​នាគា​រ ប​ន្ទាប់ពី​ឆ្នាំ​២០២២ ​មាន​ចំនួន​៧​នាក់​ត្រូវបាន​ឃុំ​ខ្លួន​។ ពួកគេ​រង​ការចោទ​ប្រកា​ន់​ពីបទ​ជំរិត​ទារប្រាក់ និង​ផ្សាយ​ព័ត៌​មាន​ក្លែង​ក្លាយ​។ 

​លោក ​ណុប វី នាយក​ប្រតិបត្តិ​នៃ​សមាគ​ម​សម្ព័ន្ធ​អ្នក​សារព័ត៌​មាន​កម្ពុជា (​ខេ​ម​បូ​ចា​) បាន​ឱ្យដឹ​ង​នៅ​ថ្ងៃទី​៣១ ខែធ្នូ ​ដែរ​ថា​ លោក​ពុំមាន​យោ​បល់​អ្វី​ទេ​ទាក់​ទង​នឹង​ការលើក​ឡើង​របស់​មន្ត្រី​នាំ​ពាក្យ​ក្រសួង​ព័ត៌​មាន​លើ​របាយការណ៍​របស់​ស​មា​គម​របស់​លោក ក៏ប៉ុន្តែ​លោក​ថា ​រាជ​រដ្ឋា​ភិបាល​គឺជា​តួអង្គ​សំខាន់​ណាស់​ក្នុង​ការ​ធ្វើឱ្យ​ប្រសើរឡើង​នៃ​សិទ្ធិសេ​រីភាព​សារ​ព័ត៌​មាននៅ​កម្ពុជា ​ហើយ​របាយ​ការណ៍​នេះ​គឺជា​ធាតុ​ចូល​មួយ​ទៀត​សម្រាប់​រាជ​រដ្ឋា​ភិ​បាល​ក្នុង​ការ​ពង្រឹង​សិទ្ធិ​សេរី​ភាព​សារ​ព័ត៌​មាន​នៅ​ប្រទេស​កម្ពុជា​។ 

​លោក​បាន​បន្ថែម​ថា​៖«​រាជរដ្ឋាភិ​បា​ល​អាច​ចូលរួម​នៅក្នុង​ការ​ការពារ​លើ​ការ​អនុវត្ត​ការងារ​របស់​អ្នក​សារព័​ត៌​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ហើយ​អ្នក​សារ​ព័ត៌​មាន​ត្រង់​នេះ​គឺជា​អ្នកសារព័​ត៌មា​ន​ដែល​ប្រកាន់ខ្ជា​ប់​ក្រមសីលធ​ម៌​​វិជ្ជា​ជីវៈ​។ ​ចំពោះ​បងប្អូន​អ្នក​សារ​ព័ត៌​មាន​ដែល​មិនទា​ន់មា​ន​ក្រម​សីលធម៌​វិជ្ជា​ជីវៈ​ល្អ​នោះ រា​ជរ​ដ្ឋាភិបា​ល​គួរតែ​មាន​យន្តការ​ពង្រឹង​បន្ថែម​ដែរ​»​។​

​លោក​ ណុប វី បាន​ប​ន្តថា នៅ​ក្នុង​វិស័យ​សារព័​ត៌មាន​ក៏មានដែ​រ​ច្បាប់​ស្តីពី​របប​សារព័​ត៌​មាន​ដែល​ស្ថា​ប័ន​តុលា​ការ​គួរតែ​ប្រើ​ច្បាប់​នេះ​ទៅលើ​ករណី​ណា​ដែល​កើត​ឡើងលើ​​អ្នកសារ​ព័​ត៌មាន​ចំពោះ​ការអនុ​វត្ត​ការ​ងារ​របស់​ពួក​គេ​នៅក្នុង​ប្រទេ​ស​កម្ពុជា​​៕ វង្ស ដា​រា​វ៉ា​ឌី