​ព្រះសីហនុៈ ក្រសួង​ប្រៃ​ស​ណី​យ៍ និង​ទូរគមនាគមន៍​ បាន​ដាក់ឱ្យ​ដំណើរការ​សេវា​អ៊ីន​ធឺ​ណិ​ត ​(Wi-Fi)​ សា​ធា​​រណៈ​នៅ​ទីតាំង​ឆ្នេរ​ធំៗ​ ២ នៅ​ខេត្ត​ព្រះសីហនុ គឺ​ឆ្នេរ​អូ​ឈើ​ទាល និង​ឆ្នេរ​អូ​ត្រេះ​ដើម្បី​ផ្តល់​សេវា​ឥតគិតថ្លៃ​ជូន​ពលរដ្ឋ ជា​អ្វីដែល​អ្នកជំនាញ​ទេសចរណ៍​សាទរ និង​បាន​ចាត់ទុកថា ជាការ​ជំរុញ​សេវាកម្ម​ទេសចរណ៍​ក្នុងស្រុក​។​

​បើតាម​ខ្លឹមសារ​ប្រកាស​របស់ ក្រសួង​ប្រៃសណីយ៍ និង​ទូរ​គម​នាគ​មន៍​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ក្រសួង​កាលពី​ថ្ងៃទី​ ៣០ ខែធ្នូ ឆ្នាំ​ ២០២៣ បានឱ្យដឹងថា ប្រជាពលរដ្ឋ​សាធារណ​ជនជាតិ និង​អន្តរជាតិ អាច​ទទួល​សេវាអ៊ីន​ធឺ​ណិ​ត​ដោយ​ឥតគិតថ្លៃ​ចាប់​ពីថ្ងៃ​ជូនដំណឹង​តទៅ នៅតាម​ទីតាំង​បណ្តោយ​ឆ្នេរ​អូ​ឈើទាល និង​ឆ្នេរ​អូ​ត្រេះ​តាមរយៈ​ការស្វែងរក​ទីតាំង​ដែល​ភ្ជាប់​ជាមួយ ​QR Code នៅលើ​បណ្តាញ​សង្គម​ក្រសួង និង​ផ្ទាំង​ QR Code ដែល​តាំង​បង្ហាញ​នៅតាម​ទីតាំង​ជាក់ស្តែង​។​

​លោក​ហូ វណ្ឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បានចាត់ទុក​ការដាក់​ប្រព័ន្ធ Wi-Fi សាធារណៈ​ឥត​គិតថ្លៃ​នេះ ជា​កញ្ចប់​កាដូ​សម្រាប់​ភ្ញៀវទេសចរ​ទាំង​ជាតិ និង​អន្តរ​ជាតិ ដែល​អាច​ប្រើប្រាស់​អ៊ីនធឺ​ណិ​ត​មិន​គិតថ្លៃ ដែល​អាច​បង្កើន​ភាពងាយស្រួល​ដល់​ការធ្វើទំនាក់ទំនង​ក្នុង​រង្វង់​ភ្ញៀវទេសចរ​ខ្លួនឯង​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ការ​ដាក់​នេះ​នឹង​ជួយ​ដល់​ការ​ស្វែង​​រក​ព័ត៌មាន​របស់​ភ្ញៀវទេសចរ​ផងដែរ នៅពេល​ពួកគាត់​ទៅ​កន្លែង​ណាមួយ​ពួកគាត់​អាចទាក់ទង អាច​ភ្ជាប់​បាន វា​បង្កើន​ភាពងាយស្រួល​ដល់​ការរក​ព័ត៌មាន​ក្នុង​តំបន់ ទីកន្លែង​ដែល​គាត់​ត្រូវ​ការដែល​មិនមាន​ការបង់ប្រាក់​បន្ថែ​ម​ជាដើម​»​។​

​ជាមួយគ្នានេះ លោក​បាន​លើកទឹកចិត្ត​ដល់​រដ្ឋាភិបាល ជាពិសេស​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បន្ថែ​មការ​​ដំឡើង​ប្រព័ន្ធ​អ៊ីន​ធឺ​ណិ​ត​ដោយ​ឥតគិតថ្លៃ​នេះ នៅតាម​ទីតាំង​ទេសចរណ៍​ផ្សេងៗ​ទៀត ជាពិសេស​ទីតាំង​ដែល​នៅ​ឆ្ងាយៗ ឬ​កន្លែង​ដាច់ស្រយាល ដើម្បី​បង្កើន​ភាពងាយស្រួល​ដល់​អ្នកទេសចរ និង​អ្នក​ដំ​ណើ​រ​ផងដែរ​។​

​ដោយឡែក លោក​ជ័យ តិច អ្នកស្រាវជ្រាវ​ការអភិវឌ្ឍន៍​សង្គម​សេដ្ឋកិច្ច ក៏បាន​បង្ហាញ​ការគាំទ្រ​ដល់​យន្ត​ការផ្តល់ Wi-Fi​ សាធារណៈ​សម្រាប់​ទីតាំង​ទេសចរណ៍​ទាំង​នេះដែរ ដោយ​​លោក​ថា ជាការ​បង្កើន​ភាព​​ងាយស្រួល​ដល់​ភ្ញៀវ​ក្នុងការ​ទាក់ទង​និង​ផ្សព្វផ្សាយ​សក្តា​​នុព​ល​ទីតាំង​ទេសចរណ៍​កម្ពុជា​លើ​បណ្តាញ​សង្គម​។​

​លោក​បាន​បញ្ជាក់ថា​៖«​យ៉ាងណា ខ្ញុំ​ផ្តល់យោបល់​ថា សូមឱ្យ​ការផ្តល់​ប្រព័ន្ធ Wi-Fi  ​សា​ធា​​រណៈ​នេះ ប្រកបដោយ​គុណ​-​ភាព​ដែល​អាច​ប្រើប្រាស់​បាន​។ ដោយសារ Wi-Fi សាធារណៈ​នេះ នៅ​កន្លែង​មួយចំនួន​ដែល​ខ្ញុំ​សាកល្បង​ប្រើ​មិន​ដំណើរការ​ទេ ឬ​ដំណើរការ​ដែរ តែ​យឺត ពិបាក​ប្រើប្រាស់​»​។​

​យ៉ាងណាក្ដី លោក​បាន​សំណូមពរ​ឱ្យ​រដ្ឋាភិបាល​ផ្តល់​ការដំឡើង​ Wi-Fi​ សាធារណៈ​នេះ ទៅដល់​ទីតាំង​ទេសចរណ៍​សំខាន់ៗ​ផ្សេងទៀត​ទាំង​នៅ​ខេត្ត​ព្រះសីហនុ សៀមរាប រាជធានី​ភ្នំពេញ និង​តំបន់​សក្តា​នុព​ល​ទេសចរណ៍​នានា​។​

​សូមជម្រាបថា កាលពី​អំឡុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ក្នុង​ខែមេសា ឆ្នាំ​ ២០២៣ កន្លងទៅ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ សហការ​ជា​​មួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ដាក់ឱ្យ​ដំណើរការ​នូវ Wi-Fi សាធារណ​:​ដោយ​ឥតគិតថ្លៃ​ដូច្នេះ នៅ​ទីតាំង​មួយចំនួន​នៅ​បរិវេណ​ក្រុង​សៀមរាប​ចំនួន​ ១៦ ​ទីតាំង​សំ​ខាន់ៗ ព្រមទាំង​នៅ​បន្តដំណើរ​ការ​រហូតមកទល់​ស​ព្វ​ថ្ងៃ ទោះបី​ចប់​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ក៏ដោយ​៕