ភ្នំពេញៈ ឯកអគ្គរដ្ឋទូត​សហ​ភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា (EU) លោក Igor Driesmans បានប្រកាស​បញ្ចេញ​ថវិកា​របស់ EU ប្រមាណ ៧​​ លាន​ដុល្លារ​អាមេរិក​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​គាំទ្រ​ដល់​ការធ្វើកំណែទម្រង់​​វិស័យ​ជលផល​នៅ​កម្ពុជា​។​

Driesmans បានប្រកាស​ដូច្នេះ ក្នុងជំនួប​ជាមួយ​លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នា​ថ្ងៃទី​ ៤ ​ខែធ្នូ នៅ​ទីស្តីការក្រសួង​ក្នុង​រាជធានី​ភ្នំពេញ​។ កិច្ច​ជំនួប​នេះ​មាន​បញ្ហា​ជាច្រើន​ដែល​បាន​ពិភាក្សា​ក្នុង​លក្ខណៈ​ស្ថាបនា ដែល​រួមមាន និរន្តរភាព​នៃ​វិស័យ​កសិកម្ម និង​ជលផល​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័​ត៌​មាន​របស់ EU ​នៅ​កម្ពុជា​កាលពី​ថ្ងៃទី ​៤ ខែធ្នូ​។​

​សេចក្តីប្រកាស​ព័ត៌មាន​ដែល​ចេញផ្សាយ​ជា​ភាសា​អង់គ្លេស​នេះ​បញ្ជាក់ថា​៖ «​ជា​ផ្នែក​មួយ​នៃ​ភាពជា​ដៃគូ​របស់​យើង​លើ​វិស័យ​ជលផល ឯកឧត្តម Igor Driesmans បានប្រកាស​ពី​ការបញ្ចេញ​ថវិកា​ចំនួន​ ៦,៣​ លាន​អឺរ៉ូ​ (​ប្រហែល​ ៧​ លាន​ដុល្លារ​អាមេរិក​) ដល់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​គាំទ្រ​ដល់​វិស័យ​សំខាន់ៗ​នៃ​កំណែទម្រង់​ជលផល​ដូចជា​ការតាមដាន និង​ត្រួតពិនិត្យ ការ​ការ​ពារ​ព្រៃ​លិច​ទឹក​ការអភិរក្ស​ជលផល​សមុទ្រ ការផ្ទេរ​ជំនួយ​ដល់​សហគមន៍​នេសាទ ការស្រាវជ្រាវ និង​សុវត្ថិភាព​ចំណីអាហារ​។​

​លោក Driesmans ថ្លែងថា​៖ «​ភាពជា​ដៃគូ​របស់​យើង​លើ​វិស័យ​ជលផល​មាន​ទំហំ​ធំ និង​រឹងមាំ ទោះបី​ជាមាន​បញ្ហា​ប្រឈម​ខ្លាំង​ក៏ដោយ​។ យើង​មានបំណង​និង​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​គាំទ្រ​បន្ថែមទៀត​ចំពោះ​វឌ្ឍនភាព​ក្នុង​វិស័យ​សំខាន់​នៃ​សុវត្ថិភាព​ក​សិ​ចំណីអាហារ​ដើម្បី​បង្កើន​គុណ​ភាព​ផលិតផល​ដែល​ផលិត​ដោយ​វិស័យ​ឯកជន និង​ប្រើប្រាស់​ដោយ​ប្រជាជន​កម្ពុជា​នៅក្នុង​ប្រទេស ក៏ដូចជា​គាំទ្រ​ដល់​គ្រឹះស្ថាន​កែច្នៃ​របស់​កម្ពុជា​ដើម្បី​ឆ្លើយតប​តម្រូវ​​ការ​ទីផ្សារ​ក្នុង​តំបន់​និង​អន្តរជាតិ​។ ទាំងនេះ​អាច​ផ្តល់ឱកាស​ទីផ្សារ​ថ្មី​សម្រាប់​ផលិតផល​របស់​កម្ពុជា និង​បង្កើត​ការងារ​ផងដែរ​»​។​

​សេចក្តីប្រកាស​ព័ត៌មាន​នេះ​បាន​ដកស្រង់​សម្ដី​លោក​ ឌិ​ត ទីណា ថា វិស័យ​កសិកម្ម រួមមាន​ជលផល និង​ព្រៃឈើ​កំពុង​ជួបប្រទះ​បញ្ហា​ប្រឈម​ជា​សកល​ដែល​បន្ត​ទាម​​ទារ​ភាពជា​ដៃគូ​រឹងមាំ​ជាមួយ​អ្នកពាក់ព័ន្ធ​ទាំងអស់ រួមមាន​ EU ដើម្បី​កាត់បន្ថយ និង​សម្រប​ខ្លួន​ទៅនឹង​ផលប៉ះពាល់​អវិជ្ជមាន​និង​ប្រែក្លាយ​ឧបសគ្គ​ទៅជា​ឱកាស​។​

​លោក​ថ្លែងថា​៖ «​ចំពោះ​វិស័យ​ជលផល ក្រសួង​ប្តេជ្ញាចិត្ត​យ៉ាង​ពេញទំហឹង ក្នុងការ​គាំទ្រ​ចំពោះ​ការអភិវឌ្ឍ​ជលផល​ប្រកបដោយ​និរន្តរភាព ទាំង​លើដី​ទាំង​នៅ​តំបន់​សមុទ្រ តាមរយៈ​ខ្សែ​ច្រវាក់​តម្លៃ​ទាំងមូល ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជា​នេសាទ កសិករ​វា​រី​វប្ប​កម្ម និង​សហគ្រិន ក៏ដូចជា​អ្នកប្រើប្រាស់​របស់​យើង​។ យើង​ក៏​ប្តេជ្ញាចិត្ត​ក្នុងការ​ការពារ​និង​អភិ​​រក្ស​ជម្រក និង​ធនធានទឹក​របស់​យើង​»​។​

​កម្មវិធី​ជំរុញ​កំណើន​វិស័យ​ជលផល​ប្រកបដោយ​ចីរភាព​និង​បរិ​យាប​ន្ន (CAPFISH-Capture)​ ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ក្នុង​ឆ្នាំ ២០១៩ ​ដែលជា​កម្មវិធី​ដ៏​សំខាន់បំផុត​ដែល​មិន​ធ្លាប់មាន​ដែល​ផ្តល់​ថវិកា​ដោយ EU ក្នុង​ការជួយ​ដល់​វិស័យ​ជលផល​ក្នុងប្រទេស​ជា​ដៃគូ និង​នៅក្នុង​ប្រទេស​កម្ពុជា​ដែលមាន​ទឹកប្រាក់​ចំនួន​ ១១២​ លាន​អឺរ៉ូ​ (១២១​ លាន​ដុល្លារ​) ត្រូវបាន​អនុវត្ត​ដោយ​រដ្ឋបាល​ជលផល​ដែល​គាំទ្រ​ដល់​សសរស្តម្ភ​ទាំងអស់​នៃ​យុទ្ធ​​សាស្ត្រ​ជាតិ​ក្នុង​វិស័យ​ជលផល​រហូតដល់​ឆ្នាំ​ ២០២៥​។​

​យោងតាម​បណ្តាញ​សង្គម​ក្រសួងកសិកម្ម នៅក្នុង​កិច្ចប្រជុំ​នេះ​លោក ​ឌិ​ត ទីណា បានលើកឡើង​អំពី​ផែនការ​របស់​ក្រសួង​ដែល​ចង់​ប្រែក្លាយ​ការនេសាទ​ទឹកសាប​មក​ធ្វើ​វារីវប្បកម្ម ដើម្បី​បង្កើន​ចំណូល ទ្រទ្រង់​ជីវភាព និង​បានលើកឡើង​ពី​ផែនការមេ​ដើម្បី​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ធន​​ធាន​ជលផល​សមុទ្រ​ឱ្យបាន​គង់វង្ស​។

លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា គោលនយោបាយ​អាទិភាព​វិស័យ​កសិកម្ម គឺ​ផ្តោតលើ​សហគមន៍​កសិកម្ម​ទំនើប ដែលមាន​ទុន និង​ធនធានមនុស្ស ដើម្បី​សម្រប​សម្រួល​ការផលិត​ផលិតផល​កសិកម្ម​ក្នុង​ទ្រង់ទ្រាយ​ធំ មានគុណ​ភាព សុវត្ថិភាព ដើម្បីឱ្យ​កសិករ​បានទទួល​បាន​តម្លៃបន្ថែម​ខ្ពស់ និង​ស្របតាម​តម្រូវការ​ទីផ្សារ​។  

​លោក​រដ្ឋមន្ត្រី​បញ្ជាក់ប្រាប់​លោក Driesmans ថា គោល​នយោបាយ​ដាក់ពង្រាយ​មន្ត្រី​ផ្សព្វផ្សាយ​កសិកម្ម​ឃុំ ១៦០០ ​នាក់ នឹង​ជួយ​កសិករ​ទាំង​បច្ចេក​ទេស និង​បញ្ហា​ប្រឈម​ផ្សេងៗ បាន​ឆាប់រហ័ស​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​ព្រមទាំង​ជំរុញ​ការផលិត និង​កែច្នៃ​ផលិត​​ផល​កសិកម្ម​អាទិភាព រួមមាន ស្រូវ ស្វាយចន្ទី ម្រេច និង​បន្លែ​។

​នៅក្នុង​សិក្ខាសាលា​បញ្ចប់​វគ្គ​​បណ្តុះបណ្តាល​គ្រូ​បង្គោល​នា​ថ្ងៃទី​ ៤ ខែធ្នូ លោក Everaert Koen អនុប្រធាន​ផ្នែក​សហប្រតិបត្តិការ​នៃ ​EU ប្រចាំ​កម្ពុជា​ថ្លែងថា ចាប់​តាំង​ពី​ឆ្នាំ​ ២០២០​ មក កម្មវិធី CAPFISH នេះ បានផ្តល់​ថវិកា​ចំនួន ​៤ ​លាន​រៀល ​(​ប្រមាណ ១ ០០០​ ដុល្លារ​)​ ដល់​សហគមន៍​នីមួយៗ​។ សហគមន៍​ចំនួន​ ១៥០​ បានទទួល​ថវិកា​ក្នុង​ឆ្នាំ​ ២០២០ និង​បាន​បង្កើន​ចំនួន​សហគមន៍​ដល់​ ២៥០ ក្នុងការ​ទទួលបាន​ថវិកា ដែល​ក្នុងនោះ​មាន​ ១៥០​ សហគមន៍​នេសាទ​នៅ ​១៥​ ខេត្ត​គោលដៅ និង ១០០ ​សហគមន៍​ស្រះ​ជម្រក​ត្រី​៕