ភ្នំពេញៈ មន្ត្រី​នៃ​គណៈកម្មការ​រៀបចំ​ពិព័រណ៍​សៀវភៅ​ថ្នាក់ជាតិ​នៅ​កម្ពុជា​បានឱ្យដឹងថា តាម​ការប៉ាន់ស្មាន​នឹងមាន​មនុស្ស​ប្រមាណ​ជា​១៨​ម៉ឺន​នាក់​ចូលរួម​ការតាំងពិព័រណ៍​សៀវភៅ​ថ្នាក់ជាតិ​នៅ​កម្ពុជា លើក​ទី​១០ ឆ្នាំ​២០២៣ ដោយសារតែ​ចំនួន​អ្នក​បោះពុម្ព​សៀវភៅ​មានការ​កើនឡើង​ច្រើន​។​
​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ដំណើរ​ការរៀបចំ ពិព័រណ៍​សៀវភៅ​ថ្នាក់ជាតិ​នៅ​កម្ពុជា លើក​ទី​១០ ឆ្នាំ​២០២៣ ក្រោម​ប្រធានបទ «​សរសេរ​ចំណាន អាន​ចំណាប់ ចាប់យក​ចំណេះ​» នា​បណ្ណាល័យ​ជាតិ កាលពី​ថ្ងៃទី​៦ ខែធ្នូ លោកស្រី ខ្លូត វិបុល​ឡា ប្រធាន​បណ្ណាល័យ​ជាតិ និង​ជា​អនុប្រធាននាយកដ្ឋាន​សៀវភៅ និង​ការអាន​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ថ្លែងថា កាលពី​ឆ្នាំ​២០២២ ពិព័រណ៍​សៀវភៅ​ថ្នាក់ជាតិ​នៅ​កម្ពុជា បានរៀបចំ​ឡើងវិញ​ក្រោយពី​ខកខាន ដោយសារ​ការរីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ​១៩​ក្នុង​ឆ្នាំ​២០២០ និង​២០២១ ធ្វើតាម​អន​ឡាញ ដែល​នា​ឆ្នាំ​មុននេះ មាន​អ្នកចូលរួម​ជាង ១០​ម៉ឺន​នាក់​។​
​លោកស្រី ខ្លូត វិបុល​ឡា ដែលជា​សមាជិក​គណៈកម្មកា​រ​រៀបចំ​ពិព័រណ៍​សៀវភៅ​ផងដែរ​នោះ បាន​បន្ថែមថា ពិព័រណ៍​សៀវភៅ​ថ្នាក់ជាតិ​នៅ​កម្ពុជា លើក​ទី​១០ ឆ្នាំ​២០២៣​នេះ នឹង​រៀបចំឡើង​រយៈពេល​៤​ថ្ងៃ​គឺ​ពីថ្ងៃ​ទី​១៤ ដល់ទី​១៧ ខែធ្នូ ដោយ​គ្រោង​នឹងធ្វើ​ឡើង​នៅ​សួនច្បារ​ខាងមុខ​សាល​បុរី​កោះ​ពេជ្រ ដោយសារ​ឆ្នាំនេះ ការរៀបចំ​ស្តង់​មាន​ចំនួន​ច្រើនជាង​មុន​។​
​លោកស្រី​បាន​បញ្ជាក់ថា​៖«​នៅ​ឆ្នាំនេះ ចំនួន​អ្នក​ដាក់​ស្តង់​ក្នុង​ពិព័រណ៍​នេះ នឹងមាន​ការកើនឡើង ជាពិសេស​ចំនួន​អ្នក​បោះពុម្ព​។​មូលហេតុ​ដែល​អ្នក​បោះពុម្ព​មានការ​កើនឡើង ដោយសារតែ​បណ្ណាល័យ​ជាតិ ជា​សមាជិក ISBN (The International Standard Book Number) ដូចនេះ ចំនួន​អ្នក​បោះពុម្ព​មានការ​កើនឡើង​ចំនួន​ប៉ុន្មាន​យើង​ដឹង​ទាំង​អស់ហ្នឹង​»​។​
​បើតាម​លោកស្រី​វិបុល​ឡា បណ្ណាល័យ​ជាតិ​បាន​ចូល​ជា​សមាជិក​របស់​ស្ថាប័ន​ISBN កាលពី​ឆ្នាំ​២០១៥ ដែល​រហូតមកទល់​ពេលបច្ចុប្បន្ន អ្នក​បោះពុម្ពផ្សាយ ដែលជា​អ្នកសរសេរ​សៀវភៅ មាន​ប្រមាណ​ជិត​២ ០០០​នាក់ ដោយ​ក្នុងចំណោម​អ្នក​បោះពុម្ពផ្សាយ​ទាំងនេះ អាច​សរសេរ​សៀវភៅ​ចន្លោះ​ពី ៣០០​ទៅ​៥០០​ចំណងជើង​។​
​ជាមួយគ្នា​នោះដែរ លោកស្រី ឡងឌី សាន់​ណា​រ៉ា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានលើកឡើង​ដែរ​ថា គោលបំណង​នៃ​ការរៀបចំ​ពិព័រណ៍​សៀវភៅ​លើក​ទី​១០ គឺ​ដើម្បី​ជួយ​ផ្សព្វផ្សាយ​ការបោះពុម្ព​សៀវភៅ​គ្រប់​ប្រភេទ (​ទាំង​ស្នាដៃ​អ្នកនិពន្ធ​ចាស់​-​ថ្មី​) ដើម្បី​ឱ្យមាន​ទីផ្សារ​ទាំង​ក្នុង​និង​ក្រៅប្រទេស​។​
​លោកស្រី​បាន​បន្ថែមថា ពិព័រណ៍​នេះ ក៏​ដើម្បី​ជំ​រុញឱ្យ​ប្រជាជន​ខ្មែរ​មាន​ទម្លាប់​ក្នុង​ការអាន​សៀវភៅ​ហើយ​ជា​សារ​មួយ​បញ្ចូនទៅ​ដល់​យុវជន​ឱ្យ​ស្គាល់​ពី​គុណ​តម្លៃ​នៃ​ការអាន​ដើម្បី​អភិវឌ្ឍ​ចំណេះដឹង​និង​បង្កើន​គំនិត​សម្រាប់​ការសិក្សា​និង​ការងារ​,​បង្កើន​កម្មវិធី​និទានរឿង​និង​គូរគំនូរ​រូបភាព​ផ្សេងៗ​ដល់​កុមារ​ដើម្បី​បណ្តុះ​ទឹកចិត្ត​កុមារ​ឱ្យ​ស្រឡាញ់​និង​ចូល​ចិ​ត្ដ​សៀវភៅ​តាំងពី​នៅ​តូចៗ​។​
​លោកស្រី ឡងឌី សាន់​ណា​រ៉ា បានបញ្ជាក់​បន្ថែមថា​៖ «​វា​ក៏​នឹង​គាំទ្រ​ដល់​ឧស្សាហកម្ម​បោះពុម្ពផ្សាយ​នៅ​កម្ពុជា​និង​នៅក្នុង​ពិភពលោក ថែមទាំង​លើកទឹកចិត្ត​កវី អ្នកនិពន្ធ អ្នកស្រាវជ្រាវ វិចិត្រករ​ខ្មែរ ដើម្បី​បង្កើត​ស្នាដៃ​ថ្មីៗ​បន្ថែមទៀត​»​។​
​ចំណែក លោក ហុក សុទ្ធិ នាយក​អង្គការ​ស៊ី​ប៉ា (Sipar)​ក៏បាន​លើកឡើង​នា​សន្និសីទ​សារព័ត៌មាន​នោះដែរ​ថា ដើម្បី​បង្កើត​ទម្លាប់​អាន គឺ​ត្រូវ​សប្បាយ​នៅក្នុង​ការអាន​ជាមុនសិន​ហើយ​ពិព័រណ៍​សៀវភៅ​នេះ គឺជា​យន្តការ​ក្នុងការ​បញ្ជ្រាប​ការអាន​ដល់​សាធារណជន​គ្រប់​ស្រទាប់វណ្ណៈ ឱ្យ​ងាក​មក​ចាប់អារម្មណ៍​ការអាន​សៀវភៅ​វិញ​។​
​លោក​បាន​បញ្ជាក់ថា​៖«​នៅក្នុង​ពិ​ព័រ​ណ៌​សៀវភៅ​យុវជន​ភាគច្រើន គេ​មក​ទិញ​សៀវភៅ​ណា​ដែល​ធ្វើ​ឱ្យគេ​សប្បាយ​។ ប្រភេទ​សៀវភៅ​ច្បាប់ នយោបាយ និង​ប្រវត្តិសាស្ដ្រ គេ​នឹង​អាន​នៅពេលដែល​គេ​ត្រូវការ​។ ដូចនេះ​យើង​ចង់​ផ្លាស់ប្តូរ​ការគិត​របស់​ពលរដ្ឋ ឱ្យ​យល់ថា ការអាន​គឺជា​រឿង​សប្បាយ ហើយ​ធ្វើ​វា​ឱ្យ​ក្លាយទៅជា​ទម្លាប់​»​។ 
​សូមជម្រាបថា នៅក្នុង​ពិព័រណ៍​សៀវភៅ​ថ្នាក់ជាតិ​នៅ​កម្ពុជា លើក​ទី​១០ ឆ្នាំ​២០២៣​នេះ នឹងមាន​ការដាក់​តាំង​សៀវភៅ​ដែល​ចូលរួម​ពី​អ្នកនិពន្ធ គ្រឹះស្ថានបោះពុម្ពផ្សាយ និង​បណ្ណាគារ​នានា​នៅក្នុង​ប្រទេស​កម្ពុជា​,​ការលក់​សៀវភៅ​ក្នុងតម្លៃ​ពិសេស​,​វេទិកា​ស្តីពី​ការបោះពុម្ពផ្សាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​,​ការធ្វើ​បទ​បង្ហាញ​នានា​ទាក់ទង​ទៅនឹង​អក្សរសាស្ត្រ​អក្សរសិល្ប៍​ខ្មែរ និង​វិទ្យាសាស្ត្រ​,​ការទទួលយក​បទពិសោធ​ន៍​ពី​អ្នកនិពន្ធ​ល្បីៗ និង​មានការ​ចុះហត្ថលេខា​ពី​អ្នកនិពន្ធ​ព្រមទាំង​វិចិត្រករ​,​កម្មវិធី​អាន​រឿង និង​ល្បែង​សិក្សា​សម្រាប់​កុមារ​, ការប្រគំ​តន្ត្រី និង​សំណួរចម្លើយ​ចាប់យក​រង្វាន់​ផ្សេងៗ​ជាដើម​។​
​យោងតាម​របាយការណ៍ នាយកដ្ឋាន​សៀវភៅ​និង​ការអាន បាន​បង្ហាញថា ចាប់តាំងពី​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០២២ មានការ​រៀបចំ​ពិព័រណ៍​សៀវភៅ​ថ្នាក់ជាតិ​នៅ​កម្ពុជា​ចំនួន​៩​លើក និង​មាន​អ្នកចូលរួម​ប្រមាណ​ជាង​៥២​ម៉ឺន​នាក់​៕