ស្ថាប័ន​ជាតិ​សំខាន់ៗ​ចំនួន ៣ រួមមាន អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: និង​ក្រសួងសុខាភិបាល បាន​សហការ​រួមគ្នា​ធ្វើ​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​ផលប៉ះពាល់​ពី​ការជួញដូរ និង​ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ និង​ផលិតផល​ថ្នាំជក់ ដល់​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅ​សាលា​មធ្យម​វិចិត្រសិល្ប​:​។

សិក្ខាសាលា​នេះ ត្រូវបាន​រៀបចំឡើង​កាលពី​ថ្ងៃទី​៨​ខែធ្នូ ឆ្នាំ ២០២៣ ដោយមាន​ការចូលរួម​ពី​លោក ថោង សុគន្ធា អគ្គលេខាធិការរង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន លោក គឹម ពី​ន​ន់ អនុរដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុមការងារ​ផ្សព្វផ្សាយ​អប់រំ បង្ការ ទប់ស្កាត់​ការប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ជាច្រើនរូប​ទៀត​។ ​នេះ​បើ​យោងតាម​អគ្គលេខាធិការដ្ឋាន​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន NACD​។

លោក ហេង កំសាន្ត នាយករង​សាលា​មធ្យម​សិល្ប​: បានឱ្យដឹងថា ចាប់តាំងពី​ឆ្នាំ​១៩៨១ រហូតមកដល់​បច្ចុប្បន្ន (៤២​ឆ្នាំ​) សាលា​មធ្យម​វិចិត្រសិល្បៈ​បាន​បណ្តុះបណ្តាល​អ្នកសិល្ប​:​ជាង​១​ម៉ឺន​នាក់​ក្នុងនោះ​អ្នក​ធ្លាប់​ទទួលបាន​ចំណេះដឹង​ពី​បញ្ហា​គ្រឿងញៀន និង​ថ្នាំជក់​មាន​ចំនួន​សរុប​ជាង ៦៣០ នាក់។

ក្នុងឱកាស​នោះដែរ លោក គឹម ពី​ន​ន់ បាន​ថ្លែងថា ក្រសួង​វប្បធម៌ ក្នុងនាម​ជា​សមាជិក​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​មាន​ឆន្ទ​:​មោះមុត​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។

លោក​ថ្លែងថា​៖ «​យើង​នឹង​យកចំណេះ​ដឹង និង​បទពិសោធន៍​ថ្មីៗ​ពី​សិក្ខាសាលា​ផ្សព្វផ្សាយ​នេះ ចូលរួម​ការងារ​អប់រំ បង្ការ ថែរក្សា​សុខភាព ទប់ស្កាត់ ការប្រើប្រាស់ ការជួញដូរ​គ្រឿងញៀន​ខុសច្បាប់ និង​ផលប៉ះពាល់​នៃ​ការប្រើប្រាស់ ផលិតផល​ថ្នាំជក់ ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព សណ្ដាប់ធ្នាប់ សន្តិសុខ និង​ការអភិវឌ្ឍ​សង្គម ព្រមទាំង ឈានទៅ​កាត់បន្ថយ​ការប្រើប្រាស់​ថ្នាំជក់ និង​លុបបំបាត់​គ្រឿងញៀន​ដែល​បាន និង​កំពុង​រីក​រាលដាល​ពី​ទីប្រជុំជន​រហូតដល់​ជនបទ​»​។

ចំណែក លោក ថោង សុគន្ធា បាន​ថ្លែងអំណរគុណ​ដល់​ក្រសួង​វប្បធម៌ ដែល​បានរៀបចំ​សិក្ខាសាលា​នេះ​ឡើង​ស្របតាម​សេចក្តីណែនាំ​របស់​អាជ្ញាធ​រ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ខណៈ​លោក​ស្នើឱ្យ​សិក្ខាកាម​ទាំងអស់​យកចំណេះ​ដឹង​ដែល​ទទួលបាន​ពី​សិក្ខាសាលា​នេះ​ទៅ​ទៅ​ផ្វី​ជា​មូលដ្ឋាន​ផ្សព្វផ្សាយ​ពី​បញ្ហា​គ្រឿងញៀន​ទៅតាម​វិស័យ​ការងារ និង​វិជ្ជាជីវៈ​របស់ខ្លួន​ក្នុងពេល​អនាគត​។

សូមបញ្ជាក់ថា តាមរយៈ​សិក្ខាសាលា​នេះ សិក្ខាកាម​នឹង​ទទួលបាន​ចំណេះដឹង មូលដ្ឋាន​ស្តីពី​គ្រឿងញៀន ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន ផលប៉ះពាល់​នៃ​ការប្រើប្រាស់​ផលិតផល​ថ្នាំជក់ និង​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា​ផងដែរ​៕​