ភ្នំពេញៈ ថ្នាក់ដឹកនាំ​សមាគម​ស្វាយចន្ទី​កម្ពុជា បានឱ្យដឹងថា មាន​ក្រុមហ៊ុន​ចិន ៦ បានមក​ពិភាក្សា​ជាមួយ​ខ្លួន​ពី​ការបើក​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី​នៅ​កម្ពុជា ខណៈ​ក្រុមហ៊ុន​ ​១ ក្នុងចំណោម​នោះ គឺជា​ក្រុម​ហ៊ុន​កៀប​យក​ប្រេង​ពី​សម្បក​ស្វាយចន្ទី​។​

​លោក អួន ស៊ី​ឡុ​ត ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ១ ខែមករា ឆ្នាំ​ ២០២៤​ ថា នៅក្នុង​ពិធី​បញ្ចុះ​បឋមសិលា​សាងសង់​រោង​ចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី​របស់​វិ​និ​​យោគិន​សិង្ហ​បុរី កាល​ពេលកន្លងមក លោក​បាន​អញ្ជើញ​វិ​និ​យោ​គិ​ន​ចិន​មក​ចូលរួម​ក្នុង​កម្មវិធី​នេះ ហើយ​វិនិយោគិន​ទាំងនោះ​បានបង្ហាញ​បំណង​ក្នុង​ការបើក​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី​ជាពិសេស​រោងចក្រ​កៀប​យក​ប្រេង​ពី​សម្បក​ស្វាយចន្ទី​។​

​លោក​បន្ថែមថា ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ចិន​បាន​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​បរិមាណ​ស្វាយចន្ទី​ដែល​កម្ពុ​ជាមាន​ច្រើន ដោយ​​សារ​តែ​ក្រុមហ៊ុន​មាន​តម្រូវការ​សម្បក​ស្វាយចន្ទី​សម្រាប់​កៀប​យក​ប្រេង​ដើម្បី​នាំទៅ​លក់​នៅ​បណ្តា​ប្រទេស​ដែល​គិតគូរ​ដល់​បរិស្ថាន ដូចជា​តំបន់​អឺរ៉ុប ជប៉ុន និង​កូរ៉េខាងត្បូង ជាដើម​។​

​លោក ស៊ី​ឡុ​ត បាន​បញ្ជាក់ថា​៖«​វា​ជាស​ញ្ញា​វិជ្ជមាន​សម្រាប់​កម្ពុជា ដោយ​ខ្ញុំ​សង្ឃឹមថា ខាង​ក្រុមហ៊ុន​គាត់​នឹង​បន្ត​ទាក់ទង​ជាមួយ​យើង​បន្តទៀត ព្រោះ​បើ​គាត់​ចង់​បើក​រោងចក្រ គឺ​យើង​មាន​ដី​សម្រាប់​ឱ្យ​ពួកគាត់​គ្រប់​គ្រាន់​ក្នុងការ​វិនិយោគ​»​។​

​លោក​បញ្ជាក់ថា​៖«​សមាគម​​ស្វាយចន្ទី​សូម​ស្វាគមន៍ ដោយ​យើង​ក៏មាន​ការលើកទឹកចិត្ត​ពី​រាជរដ្ឋាភិបាល និង CDC ក៏​ដូច​ជា​អាជ្ញាធរខេត្ត ដែល​តែង​យក​ចិត្ត​ទុកដាក់​ក្នុងការ​វិនិយោគ​ផ្នែក​ក​សិ​-​ឧស្សាហកម្ម​។ ខ្ញុំ​ជឿថា ក្រុមហ៊ុន​ទាំងអស់នោះ​នឹង​សម្រេច​ចិត្តជា​វិជ្ជមាន​នៅក្នុង​ឆ្នាំ​ ២០២៤-២០២៥ នេះ​»​។​

​លោក​បន្ថែមថា ក្រុមហ៊ុន​ចិន​ដែល​បាន​ជួប​ជាមួយ​តំណាង​សមាគម​ទាំងអស់ គឺមាន​រោង​ចក្រ​នៅ​វៀតណាម​រួចហើយ ដោយ​ពួកគាត់​ចង់​ពង្រីក​មក​កម្ពុជា​បន្ថែម ពីព្រោះ​ក្រុមហ៊ុន​មើលឃើញ​កម្ពុ​ជាមាន​សក្តា​នុ​ពល​ដែល​អាច​ផលិត​គ្រាប់​ឆៅ​បាន​ច្រើន​ក្នុង ១​ ឆ្នាំៗ​។​

​លោក​អះអាងថា​៖«​រោងចក្រ​របស់​ក្រុមហ៊ុន​ចិន​ទាំង ៦ ​នោះ​មាន​ជា​ប្រភេទ​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី​, រោងចក្រ​កៀប​សម្បក​គ្រាប់ស្វាយចន្ទី​យក​ប្រេង និង​រោងចក្រ​ប្រើ​សំណល់​ចុង​​ក្រោយ​របស់​ស្វាយចន្ទី ​(​រោង​ចក្រ​ប្រើ​សំណល់​ចុង​ក្រោយនេះ គេ​អាច​ផលិត​ទៅជា​ធ្យូង​ឧស្សាហកម្ម ព្រោះ​មាន​ចំហេះ​ខ្ពស់ និង​ធ្វើជា​ជី​ផងដែរ​)»​។​​យោងតាម​ប្រធាន​សមាគម​​ស្វាយចន្ទី​កម្ពុជា សម្បក​គ្រាប់​ស្វាយចន្ទី អាច​ផលិត​បានជា​ជីវ​ឥន្ធនៈ ដែល​គេ​ប្រើប្រាស់​ជំនួស​ប្រេងម៉ាស៊ូត​បាន​។​

​លោក អួន ស៊ី​ឡុ​ត បាន​កត់​សម្គាល់​ឃើញ​ទៀតថា បច្ចុប្បន្ន MirathAgri Tech Co.,Ltd. ដែលជា​ក្រុមហ៊ុន​ជប៉ុន បានចាប់ផ្តើម​ពង្រីក​ដំណើរការ​ពង្រីក​រោងចក្រ​នៅក្នុង​ខេត្តកំពង់ធំ និង​ខេត្តព្រះវិហារ ដើម្បី​កែច្នៃ​គ្រាប់ស្វាយចន្ទី និង​ចម្រាញ់​ជីវ​ឥន្ធនៈ​ពី​សម្បក​ផ្លែ​ស្វាយចន្ទី ដែល​នេះ​ជាការ​ចូលរួម​ដំណើរ​ឆ្ពោះទៅកាន់​ប្រទេស​អធិរាជ​ស្វាយចន្ទី របស់​កម្ពុជា​។​

​ម្ចាស់​សិប្បកម្ម​កែច្នៃ​គ្រាប់​​ស្វាយចន្ទី​ជ័យ​សម្បូរ លោកស្រី អ៊ិន ឡៃ​ហួត បាន​ប្រាប់ថា វា​គឺជា​ដំណឹង​ល្អ​សម្រាប់​កសិករ​បើ​មាន​វិនិយោគិន​បរទេស​មក​បើក​រោងចក្រ​នៅ​កម្ពុជា​កាន់តែច្រើន ព្រោះ​រោងចក្រ​កែច្នៃ​កាន់​​តែ​ច្រើន ការនាំចេញ​គ្រាប់​ឆៅ​ទៅ​ប្រទេសជិតខាង​ក៏​អាច​កាត់​បន្ថយ​មួយចំណែក ដែល​នឹង​ជួយ​ឱ្យ​កម្ពុជា​ទទួលបាន​តម្លៃបន្ថែម​ច្រើនជាង​មុន​។​

​លោកស្រី​បញ្ជាក់ថា​៖«​កាល​​ពីមុន​ខាង​សិប្បកម្ម​បាន​លក់​សម្បក​គ្រាប់ស្វាយចន្ទី​ឱ្យ​ខាង​វៀតណាម តែ​មួយរយៈ​ក្រោយនេះ​សម្បក​លក់បាន​ថោក​ពេក យើង​ក៏​សម្រេច​ថា​មិន​លក់ និង​ទុក​លក់​ក្នុងស្រុក​យើង​វិញ​។ យើង​បាន​ពិភាក្សា​ជាមួយ​ដៃគូ​យើង​ដែលជា​ក្រុមហ៊ុន​ជប៉ុន​ដែរ​លើ​កិច្ចការ​កែច្នៃ​សម្បក​គ្រាប់​​ស្វាយចន្ទី​នេះ ដោយ​មិន​រំពឹង​ទីផ្សារ​វៀតណាម​ទៀត​ទេ​»​។​

​របាយការណ៍​សមាគម​ស្វាយ​ចន្ទី​កម្ពុជា បង្ហាញថា នៅក្នុង​រយៈពេល ១១​ ​ខែ ឆ្នាំ​ ២០២៣​ កម្ពុជា​ផលិត​គ្រាប់ស្វាយចន្ទី​​ឆៅ​បាន​ចំនួន ៦,៥​ សែន​តោន​ក្នុងនោះ​នាំចេញ​ទៅ​វៀតណាម ​៦,១ ​សែន ស្មើ​ទឹកប្រាក់ ៨៣៤ លាន​ដុល្លារ ថយចុះ ១៦,៩​ ភាគរយ​ធៀប​រយៈកាល​ដូចគ្នា​ឆ្នាំ ​២០២២​។ នៅក្នុង​ខែវិច្ឆិកា​ឆ្នាំ ​២០២៣  គ្រាប់ស្វាយចន្ទី​ស្ងួត មានតម្លៃ​ពី ៧ ០០០​ រៀល ទៅ ៧ ៧០០ ​រៀល ក្នុង​ ១ ​គីឡូ​​ក្រាម ឬ​ប្រហែល ១ ៩០០ ​ដុ​ល្លារ​ក្នុង​ ១​ តោន​៕