​ភ្នំពេញៈ រដ្ឋាភិបាល​បានកំណត់​យក​ថ្ងៃទី ​២៩ ខែធ្នូ ជា ​«​ទិវា​សន្តិ​ភាព​នៅ​កម្ពុជា​»​ ដោយ​ជា​ថ្ងៃ​បុណ្យជាតិ​ផ្លូវការ សម្រាប់​ឈប់សម្រាក​ប្រចាំឆ្នាំ​ «​ដើម្បី​ឆ្លើយតប​នឹង​បំណងប្រាថ្នា​របស់​ប្រជាជន​កម្ពុជា ​ជុំវិញ​ការស្រឡាញ់​សន្តិភាព និង​ការ​ស្អប់ខ្ពើម​សង្គ្រាម​»​។​

​ការកំណត់​នេះ ធ្វើឡើង​តាមរយៈ​អនុក្រឹត្យ​ចុះ​លេខ ០១ អនក្រ​.បក ចុះ​ថ្ងៃទី ​១ ខែមករា ឆ្នាំ ២០២៤ ​ដោយ​លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ា​ណែ​ត និង​បានដាក់​ជា​ថ្ងៃ​ឈប់សម្រាក​សាធារណៈ​ជា​រៀងរាល់ឆ្នាំ​។

លោក​ក៏បាន​អំពាវនាវ​ដល់​គ្រប់​ក្រសួង ស្ថាប័ន រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ សង្គម​ស៊ីវិល អង្គការ​អន្តរជាតិ​និង​វិស័យ​ឯកជន ចូលរួម​បំផុសស្មារតី​ប្រជាជន​កម្ពុជា​ឱ្យ​យល់ដឹង​ពី​គុណ​តម្លៃ​សន្តិភាព លើកកម្ពស់​វប្បធម៌​សន្តិភាព និង​រួមគ្នា​ថែរក្សា​ការពារ​សន្តិភាព​នៅ​កម្ពុជា​។​

​លោក​ ហ៊ុន ម៉ា​ណែ​ត បញ្ជាក់ថា​៖ «​ការកំណត់​ទិវា​សន្តិភាព​នៅ​កម្ពុជា​នេះ ក្នុង​បំណងប្រាថ្នា​ពិសិដ្ឋ​សម្រាប់​ប្រជាជន​កម្ពុជា ទៅលើ​ការស្រឡាញ់​សន្តិ​ភាព និង​ការ​ស្អប់ខ្ពើម​សង្គ្រាម ព្រមទាំង​រំឭក​ដល់​ថ្ងៃទី​ ២៩ ​ធ្នូ ឆ្នាំ​ ១៩៩៨ ​ដែលជា​ថ្ងៃ​បិទ​បញ្ចប់សង្គ្រាម​ទាំងស្រុង​នៅ​កម្ពុជា និង​បាន​កសាង​សន្តិភាព​ពេញលេញ​ដោយសារ​នយោបាយ​ឈ្នះ​-ឈ្នះ​»​។​

​លោក​បន្ត​តាមរយៈ​អនុក្រឹត្យ​នេះ​ទៀតថា ជាការ​រំឭក​ដឹងគុណ និង​ចងចាំ​ជានិច្ច​ពី​គំរូ​ភាព​ដ៏​អង់អាច​ក្លាហាន និង​ការធ្វើ​ព​លិ​កម្ម​គ្រប់បែបយ៉ាង​រប​ស់​វីរបុរស​ស្នេហា​ជាតិ និង​វីរនារី​ស្នេហា​ជាតិ​របស់​កម្ពុជា ដែល​បាន​ប្រយុទ្ធ និង​តស៊ូ​យ៉ាង​ស្វិតស្វាញ​នៅ​គ្រប់​សមរភូមិ ទាំង​សមរភូមិ​សង្គ្រាម សមរភូមិ​ការទូត ទាំង​សមរភូមិ​នយោបាយ រហូត​សម្រេចបាន​ការបញ្ចប់​ជា​ស្ថា​ពរ​នូវ​សង្គ្រាម​នៅ​កម្ពុជា​។

លោក ហ៊ុន ម៉ា​ណែ​ត បន្ថែមថា តាមរយៈ​ភាព​អង់អាច​ទាំងនេះ បាន​នាំឱ្យ​កម្ពុជា​ទទួលបាន​កា​រប​ង្រួ​ប​បង្រួម​ជាតិ ឯកភាព​ជាតិ និង​នាំមក​នូវ​សន្តិភាព​ពេញលេញ​ទូទាំង​ផ្ទៃ​ប្រទេស សម្រាប់​ជាតិ និង​ប្រជាជន​កម្ពុជា​។​

​ពាក់ព័ន្ធ​នឹង​ទិវា​នេះដែរ លោក ទៀ បាញ់ អតីតរដ្ឋមន្ត្រី​ការពារ​ជាតិ និង​ជា​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ព្រមទាំង​ជា​តួអង្គ​សំខាន់​មួយ​ក្នុង​នយោបាយ​ឈ្នះ​-​ឈ្នះ បាន​សម្តែង​ក្តីរំភើប និង​អបអរ​ចំពោះ​ការកំណត់​យក​ថ្ងៃ ២៩ ខែធ្នូ ជា «​ទិវា​សន្តិភាព​នៅ​កម្ពុជា​» ជា​បុណ្យជាតិ​ផ្លូវការ​នេះ​។​

​លោក​បន្តថា ថ្ងៃ​ប្រវត្តិសាស្ត្រ​ដ៏​មាន​សារៈសំខាន់​របស់​កម្ពុជា​នេះ​បានបញ្ចប់​សង្គ្រាម​ជា​ស្ថាពរ​និង​ទទួលបាន​សន្តិភាព​ដ៏​លេញ​លេញ បន្ទាប់ពី​មាន​ថ្ងៃជ័យ​ជម្នះ ៧ មករា ១៩៧៩ ទិវា​សន្តិភាព​ទីក្រុង​ប៉ារីស​ ២៣​តុ លា ឆ្នាំ​ ១៩៩១​។​

​លោក​មានប្រសាសន៍ថា​៖ «​ថ្ងៃ​ ២៩ ធ្នូ ១៩៩៨ នោះ ជា​ថ្ងៃ​បញ្ជាក់​យ៉ាងច្បាស់​ពី​ការ​​ឈប់​ទាស់ទែង​គ្នា​ឬ​និយាយថា សង្គ្រាម​បានបញ្ចប់​ពិតប្រាកដ ដោយសារ​កម្លាំង​ប្រយុទ្ធ​គ្នា​មូលគ្នា​ឈប់​បាញ់បោះ​គ្នា​តទៅទៀត​។ ជា​ថ្ងៃ​ដែល​មេដឹកនាំ​ទាំងឡាយ​របស់​អង្គការ​ចាត់តាំង​ខ្មែរក្រហម បាន​ចូលមក​ដល់ផ្ទះ​សម្តេច​តេ​ជោ​ ហ៊ុន សែន ហើយ​បាន​សន្យា​ឈប់​ធ្វើ​សកម្មភាព​អ្វី​ទាំងអស់ ជាការ​ចុះ​ញ៉ម​គ្រប់បែបយ៉ាង​»​។​

​លោក ទៀ បាញ់ សង្កត់ធ្ងន់ថា ថ្ងៃ​ ២៩​ធ្នូ ឆ្នាំ ​១៩៩៨ ជា​ថ្ងៃ​ដែល​មេដឹកនាំ​សំខាន់ៗ​នៅក្នុង​ជម្លោះ​ស្រុះស្រួល​គ្នា ហើយ​ផ្ញើ​សារ​ទៅដល់​កម្លាំង​ទាហាន​នៅតាម​​បណ្តា​ទីតាំងនៅ​ជុំវិញ​ប្រទេស​ទម្លាក់អាវុធ​ចុះ រួបរួមគ្នា កសាង​សន្តិភាព​សម្រាប់​ប្រទេស​ហើយ​ជា​ថ្ងៃ​ដែល​ត្រូវបាន​ប្រកាសថា លែងមាន​សង្គ្រាម​ក្នុងស្រុក​ដ៏​រ៉ាំរ៉ៃ​ទៀតហើយ​។ លោក​គាំទ្រ​យ៉ាង​ពេញទំហឹង​ដែល​រដ្ឋាភិបាល​អាណត្តិ​ទី​៧ សម្រេចយក​ថ្ងៃទី​ ២៩ ធ្នូ ជា​បុណ្យជាតិ​ផ្លូវការ​។​

​ជាមួយគ្នានេះ លោក​ ប៉ែន​ បូ​ណា ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ក៏បាន​លើកឡើង​ដែរ​ថា សន្តិ​ភាពជា​របាំង​ការពារ​សិទ្ធិ​រស់រានមានជីវិត និង​មាន​​តម្លៃ​ជា​សកល​សម្រាប់​មនុស្ស​​ជាតិ​។ រដ្ឋាភិបាល​កំណត់​យក​ថ្ងៃទី​ ២៩ ខែធ្នូ ជា​ទិវា​សន្តិភាព​នៅ​កម្ពុជា មិន​ត្រឹមតែ​រំឭក​វីរ​​ភាព​អ្នកស្នេហាជាតិ​ដែល​លះបង់​ជីវិត​ដើម្បី​បុព្វហេតុ​សន្តិភាព​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​ដើម្បី​ដាស់​ស្មារតី​ពលរដ្ឋ ពិសេស​យុវ​​ជន​ជំនាន់​ក្រោយ​ឱ្យ​ចេះ​ស្រឡាញ់​សន្តិភាព ការពារ​សន្តិភាព និង​ស្អប់ខ្ពើម​សង្គ្រាម កុំឱ្យ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​។ 

​លោក​ថា​៖ «​ការបង្កើតឱ្យមាន​ទិវា​សន្តិភាព​នៅ​កម្ពុជា​ពិតជា​សមស្រប​ហើយ​ស័ក្តិសម​នឹង​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន ក៏ដូចជា​ការគាំទ្រ​ពី​មនុស្សជាតិ​លើ​ភពផែនដី​ទាំងមូល​ជាពិសេស​ពី​បណ្តា​ប្រទេស​ដែល​ធ្លាប់​ភ្លក្ស​រសជាតិ​សង្គ្រាម​»​។

​លោក ប៉ែន បូ​ណា បន្ថែមថា កម្ពុជា​ទទួលបាន​សន្តិ​ភាព​ពេញ​លេញ​នៅ​ថ្ងៃទី​ ២៩ ខែធ្នូ ឆ្នាំ​ ១៩៩៨ បន្ទាប់ពី​ហែល​ឆ្លង​បទ​ពិសោធន៍​សង្គ្រាម​ជោកជាំ​ពី​របប​ប្រល័យ​ពូជ​សាន៍​ខ្មែរក្រហម ដែលជា​ស្នាដៃ​នៃ​នយោបាយ​ឈ្នះ​ឈ្នះ ជា​រូបមន្ត​ខ្មែរ របស់លោក​ ហ៊ុន សែន អតីត​នាយក​រដ្ឋ​មន្ត្រី​សុទ្ធសាធ ដែល​ផ្តល់​សិទ្ធិ​រស់រានមានជីវិត​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ហើយ​ជន​ណា​ប្រឆាំងនឹង​សន្តិភាព ជា​អ្នកប្រឆាំង​សិទ្ធិ​រស់​មានជីវិត​ដែលជា​សិទ្ធិ​មូលដ្ឋាន​របស់​មនុស្ស​។​

​សម្រាប់​លោក​ យង់ ពៅ អគ្គ​​លេខាធិការ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា ក៏បាន​សម្តែង​ការ​សាទរ​ផងដែរ​ថា ដើម្បី​ជាការ​ដាស់​ស្មារ​​តី​ប្រជាជន​ឱ្យ​ចេះ​ស្រឡាញ់ និង​ថែរក្សា​សុខសន្តិភាព ខណៈ​សន្តិភាព​ជាគោលការណ៍​គ្រឹះ​សំខាន់​របស់​ប្រទេសជាតិ និង​ពិភពលោក​ទាំងមូល​ទាំង​សម្រាប់​សព្វថ្ងៃ និង​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។​

​លោក​ថា​៖ «​ថ្ងៃ​ផ្សេងៗ​ទៀត​ដូចជា​ថ្ងៃ​ ៧ មករា ​១៩៧៩, ថ្ងៃ​ ២៣ តុលា ១៩៩១ សុទ្ធតែជា​មូលដ្ឋានគ្រឹះ​នៃ​តំណ​ប្រវត្តិ​សាស្ត្រ​កម្ពុជា បើ​គ្មាន​ថ្ងៃ​ទាំង​​នេះ​ទេ ក៏​គ្មាន​ដែរ ថ្ងៃ​ ២៩ ធ្នូ ១៩៩៨​។ ថ្ងៃ​ទាំងនេះ ជា​ស្មារតី​ចងចាំ​របស់​ជាតិ ដើម្បី​ដឹង​ពី​វីរ​​ភាព​របស់​អ្នកតស៊ូ​ជំនាន់​មុន​របស់​កម្ពុជា និង​ដឹង​ពី​គោល​​ការណ៍​គ្រឹះ​នៃ​សន្តិភាព​»៕