ភ្នំពេញៈ ​ក្រសួងបរិស្ថាន​បានស្នើ​ដល់់​អភិបាល​រាជធានី-ខេត្ត ទាំង​ ២៥​​ ឱ្យ​ជំរុញ​ការផ្សព្វផ្សាយ​ការអនុវត្ត​សារាចរ​របស់​រាជរដ្ឋាភិបាល​ដល់​រដ្ឋបាល​ក្រុង​ស្រុក​ខណ្ឌ និង​ប្រជាពលរដ្ឋ ដើម្បី​ទប់ស្កាត់​និង​កាត់បន្ថយ​បញ្ហា​បំពុល​ខ្យល់​សា​ធារ​ណៈ បន្ទាប់​រកឃើញ​គុណភាព​ខ្យល់​មានការ​ធ្លាក់ចុះ​។​

​យោងតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងបរិស្ថាន កាលពី​ថ្ងៃទី​ ៩ ខែមករា ឆ្នាំ​ ២០២៤ បានឱ្យដឹងថា ជា​រៀងរាល់ឆ្នាំ នៅ​រដូវ​ប្រាំង​ចាប់ពី​ខែធ្នូ ដល់​ខែមេសា លទ្ធ​​ផលគុណ​ភាព​ខ្យល់​ដែល​ក្រសួងបរិស្ថាន​បាន​តាមដាន​នៅ​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​ទូទាំងប្រទេស បាន​បង្ហាញថា ស្ថានភាព​គុណភាព​ខ្យល់​មានការ​ធ្លាក់ចុះ​គួរឱ្យ​ព្រួយបារម្ភ​។​

​ក្រសួង​បាន​បន្តថា ជាពិសេស​កំណើន​កំហាប់​ភាគល្អិត​និចល អណ្ដែត​ក្នុង​ខ្យល់ ​(PM10 និង​PM2.5)​ អាចមាន​កម្រិត​លើស​ស្តង់ដា​កំណត់​ដែលជា​ហានិភ័យ​បង្ក​ការប៉ះពាល់​សុខភាព ប្រជាពលរដ្ឋ និង​បរិស្ថាន​។​

​ប្រភព​ដដែល​បានឱ្យដឹង​ទៀតថា តាម​ការអង្កេត​ប្រភព និង​សកម្មភាព​សំខាន់ៗ​ដែល​បង្កឱ្យមាន​កំណើន​កំហាប់​ភាគ​ល្អិត​និចល​នេះ រួមមាន ការបញ្ចេញ​ផ្សែង​ពី​រោងចក្រ​ឧស្សាហកម្ម យានយន្ត ជាពិសេស​ភ្លើង​ឆេះ​ព្រៃ ការដុត​វាលស្មៅ ការដុត​សំណល់​កសិកម្ម ការដុត​រាន​​ព្រៃ ការដុត​គល់​ជញ្ជ្រាំង ការដុត​សំរាម​សំណល់​រឹង នៅ​ទី​ចំហ និង​ការឆេះ​នៅ​ទីលាន​ចាក់សំរាម ការបោះ​ចោល និង​ដុត​សំណល់​ប្លា​ស្ទិ​ក ព្រមទាំង​ការ​​ហុយធូលី​ពី​ការដ្ឋាន​សំណង់​ជាដើម​។​

​ក្រសួងបរិស្ថាន​បានស្នើ​ឱ្យ​អភិបាល​​រាជធានី ខេត្ត​ទាំង​ ២៥ ណែនាំ​ប្រជា​ពលរដ្ឋ​កុំឱ្យ​ដុត​រាន​ព្រៃ វាលស្មៅ ដុត​ប្លា​ស្ទិ​ក សំណល់​កសិកម្ម គល់​ជញ្ជ្រាំង សំរាម សំណល់​រឹង ប្លា​ស្ទិ​ក និង​ការដុត​សំណល់​ផ្សេងៗ​ទៀត​នៅ​ទី​ចំហ​។​

​ក្រសួង​បាន​បន្តថា​៖«​ត្រូវ​ទប់ស្កាត់​ការដុត​រាន​ព្រៃ ការដុត​វាលស្មៅ ការដុត​គល់​ជញ្ជ្រាំង ការដុត​សំណល់​កសិកម្ម សំរាម ការបោះ​ចោល និង​ដុត​សំណល់​ប្លា​ស្ទិ​ក និង​ការឆេះ​ទីលាន​ចាក់សំរាម និង​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ការ​ហុយធូលី​នៅ​ការដ្ឋាន​សំណង់ និង​ការដឹកជញ្ជូន​សម្ភារ​សំណង់​»​។​​ជាមួយគ្នានេះ ក្រសួង​ក៏បាន​ណែ​នាំឱ្យ​សម្អាត​ធូលី និង​ធ្វើ​អនាម័យ​តាម​ដងផ្លូវ និង​ទីសាធារណៈ​ឱ្យបាន​ជាប់​ជាប្រចាំ​ផងដែរ​។​

​សូមបញ្ជាក់ថា តាមរយៈ​ការ​តាម​ដាន​គុណភាព​ខ្យល់​របស់​ក្រសួងបរិស្ថាន​បាន​បង្ហាញថា អំឡុងពេល ​១ ​​សប្តាហ៍​កន្លងមកនេះ ប្រទេស​កម្ពុជា​មិនទាន់មាន​ការកត់សម្គាល់​ពី​ការធ្លាក់ចុះ​គុណ​ភាព​ខ្យល់​គួរឱ្យ​ព្រួយបារម្ភ​នៅឡើយ​ទេ ពោលគឺ​កំហាប់​ភាគល្អិត​និចល​ដែលមាន​វិជ្ឈមាត្រ​តូច​ជាង ឬ​ស្មើ ​២,៥ ​មីក្រូ​ម៉ែត្រ ឬ​ហៅថា PM2.5 មាន​កំហាប់​ចន្លោះ​ពី​ ១៨,០៣µg/m3​ទៅ​២១,៤៣µg/m3 ដែល​ទាប​ជាង​ស្តង់ដា​ដែល​ក្រសួងបរិស្ថាន​បានកំណត់​គឺ ៥០µg/m3 ជា​មធ្យម​ក្នុង​ ២៤ ​ម៉ោង​។​

​ទន្ទឹមនឹង​នេះដែរ ក្រសួងបរិស្ថាន ក៏បាន​ណែនាំ​មិន​ឱ្យមាន​ការដុត​សំរាម ប្លា​ស្ទិ​ក​ទេ ព្រោះ​តាម​ការស្រាវជ្រាវ​បង្ហាញថា ផ្សែង​ពុល​ពី​ការដុត​ប្លា​ស្ទិ​ក អាច​បង្កបញ្ហា​ផ្លូវដង្ហើម រួម​នឹង​ជំងឺមហារីក​ផងដែរ​។ ប្លា​ស្ទិ​ក​ដែល​ត្រូវបាន​គេ​ដុត​ក៏បង្ក​ការគំរាមកំហែង ដល់​សុខភាព​របស់​មនុស្ស សត្វ និង​រុក្ខជាតិ​ផងដែរ ព្រោះថា វា​បញ្ចេញ​សារធាតុ​​គីមី ដែលមាន​គ្រោះថ្នាក់ ដូចជា ឧស្ម័ន​កាបូ​និក ​(CO2)​ ឌីអុកស៊ីន​ (Dioxins) និង​ហ្វ៊ូ​រ៉ង់ (Furans) ​ជាដើម​។​

​លោក​ម៉ែន គុង អ្នកនាំពាក្យ​រដ្ឋបាល​ខេត្តស្ទឹងត្រែង​បានឱ្យដឹង​នៅ​ថ្ងៃទី ​១០ ខែមករា​ថា ទាក់ទង​នឹង​សំណើ និង​ការ​​ណែនាំ​របស់​ក្រសួងបរិស្ថាន​នេះ​គឺជា​គោលការណ៍ និង​ទស្សនទាន​ដ៏​ល្អ​សម្រាប់​រដ្ឋបាលខេត្ត​ដែល​បាន​តាមដាន​ជាប្រចាំ​ពី​ការប្រែប្រួល​អាកាសធាតុ និង​គុណភាព​ខ្យល់​ក្នុង​បរិបទ​ថ្មី​នៃ​ការប្រែប្រួល​អាកាសធាតុ​នៅលើ​ពិភពលោក និង​កម្ពុជា​។​

​លោក​បាន​ថ្លែងថា​៖ «​តាមរយៈ​សំណើ​នេះ មន្ទីរ​បរិស្ថាន​ខេត្ត​ជាមួយនឹង​គណៈកម្មការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត​បាន​ផ្សព្វផ្សាយ​ជាប្រចាំ​ដល់​ប្រជាពលរដ្ឋ ជាពិសេស​យើង​បាន​តាមដាន​គុណភាព​ខ្យល់​ជាប្រចាំ​ដែល​យើង​មាន​ឧបករណ៍​តាមដាន និង​បច្ចេកទេស​ដាក់​នៅ​ទីតាំង​សំខាន់ៗ​»​។​

​លោក ​ម៉ែន គុង បាន​បន្ថែមថា ជា​មួយ​គ្នា​នោះ រដ្ឋបាលខេត្ត​នឹង​យក​សេចក្តីណែនាំ​បទដ្ឋាន​គតិយុត្ត​របស់​ស្ថាប័ន​ជំនាញ​ថ្នាក់ជាតិ ដើម្បី​ផ្សព្វ​ផ្សាយ​ឱ្យបាន​ដល់​ប្រជាពលរដ្ឋ​។ ទោះជា​ការចូលរួម​នៅមានកម្រិត​ទាប​ក៏ដោយ​ក៏​រដ្ឋបាលខេត្ត​នឹង​ខិតខំ​ប្រឹងប្រែង​ផ្សព្វផ្សាយ​ជាប្រចាំ​ទាំង​នៅក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល សហគមន៍ និង​ក្រុមគ្រួសារ​របស់​ពលរដ្ឋ​។​

​ចំណែក​លោក នាង វណ្ណៈ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​មណ្ឌលគិរី​ក៏បាន​លើកឡើង​ដែរ​ថា ជា​ផែនការ និង​ជា​ចក្ខុវិស័យ​របស់​ថ្នាក់ដឹកនាំ​ខេត្ត បាន​គិតគូរ​យ៉ាងខ្លាំង​លើ​ការប្រែប្រួល​អា​​កាស​ធាតុ​នៅ​កម្ពុជា​ដោយ​ក្នុងនោះ​រដ្ឋបាលខេត្ត​បាន​អប់រំ ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​យកចិត្តទុកដាក់​ក្នុងការ​បង្ការ និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​។​

​លោក​ នាង វណ្ណៈ បាន​ថ្លែងថា​៖ «​ខេត្ត​បានឱ្យ​ស្នងការ​នគរបាល​ក៏ដូចជា​គ្រប់​អធិការ​ក្រុង​ស្រុក​ទាំងអស់​ត្រៀមលក្ខណៈ​ទុកជាមុន​នូវ​ឡាន​ទឹកជា​រៀងរាល់ឆ្នាំ ហើយ​ការផ្សព្វផ្សាយ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ក៏​យើង​បាន​ផ្សព្វ​ផ្សាយ​ជា​រៀងរាល់ឆ្នាំ​ដែរ ព្រោះ​នៅ​ខេត្តមណ្ឌលគិរី​របស់​យើង​នៅ​រដូវ​​ប្រាំង​អាច​ងាយ​នឹងមាន​ការឆេះ​ព្រៃ ព្រោះ​មានព្រៃ​ច្រើន​នៅក្នុង​ខេត្ត​»​។​

​អ្នកនាំពាក្យ​ដដែល​បាន​បន្តថា​រដ្ឋបាលខេត្ត​ក៏បាន​ណែនាំ​ដល់​មន្ទីរ​​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កាត់​ស្មៅ និង​ព្រៃ​នៅតាម​ផ្លូវជាតិ និង​ផ្លូវ​សំខាន់ៗ​ផងដែរ ដើម្បី​ចៀសវាង​និង​បង្ការ​ភ្លើង​ឆេះ​ជាយថាហេតុ​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​៕