ត្បូងឃ្មុំៈ ក្រសួង​រ៉ែ និង​ថាមពល​បាន​ហាមឃាត់ និង​បិទ​ការធ្វើ​អាជីវកម្ម​រ៉ែ​ខុសច្បាប់​ស្ថិតនៅ​ភូមិ​សំពៅ​លូន ឃុំ​ជាំ​តា​ម៉ៅ ស្រុក​មេមត់ បន្ទាប់ពី​ប្រជាពលរដ្ឋ​ដែល​ធ្លាប់ធ្វើ​អាជីវកម្ម​រក​រ៉ែ​បែប​លក្ខណៈ​គ្រួសារ ប្រែក្លាយ​ទៅជា​ប្រើ​ឧបករណ៍​ទំនើបៗ ប្រើ​សារធាតុ​គីមី រំសេវ​ជាតិ​​ផ្ទុះ​បំបែក​ថ្ម ក្រោម​ដី​ប្រកបដោយ​គ្រោះ​ថ្នាក់​និង​ជីក​អណ្តូងរ៉ែ​អនាធិបតេយ្យ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួង​រ៉ែ​ចុះ​ថ្ងៃទី ​១០ ខែមករា ឆ្នាំ​ ២០២៤​។

​ក្រសួង​រ៉ែ​ឱ្យដឹងថា ក្នុង​តំបន់​ខាងលើ​ជា​តំបន់​អាជីវកម្ម​រ៉ែ​មាស​បែប​លក្ខណៈ​គ្រួសារ​តាំងពី​អំឡុង​ឆ្នាំ ​១៩៩០ ដែលមាន​ប្រជាពលរដ្ឋ​មូលដ្ឋាន​ប្រក​បរបរ​ជីក​យក​និង​រែង​មាស​ដោយ​ដៃ​តាម​លក្ខណៈ​គ្រួសារ​។ ប៉ុន្តែ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ មានការ​ប្រែប្រួល​ពី​លក្ខណៈ​គ្រួសារ ដែល​ធ្វើ​ដោយ​ដៃ​និង​ឧបករណ៍​សាមញ្ញ ទៅជា​ប្រើ​គ្រឿងចក្រ រំសេវ​ជាតិ​ផ្ទុះ និង​សារ​ធាតុគីមី ដោយ​កន្លែង​ខ្លះ​មាន​ជីក​រូង​ជា​អណ្ដូងរ៉ែ​ក្រោម​ដី​។​

​ក្រសួង​ឱ្យដឹងថា បន្ទាប់ពី​មើលឃើញ​អំពី​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​ដល់​សុវត្ថិភាព សុខភាព និង​បរិស្ថាន ក្រសួង​រ៉ែ​និង​ថាមពល​ដោយមាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​ត្បូងឃ្មុំ សហការ​ជាមួយ​អាជ្ញាធរ​ដែនដី បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​ជាច្រើន​ដង​និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​សកម្មភាព​ជីក​យក​រ៉ែ​អនាធិបតេយ្យ​នៅ​តំបន់​ខាងលើ​ជា​បន្តបន្ទាប់​។​

​បើតាម​ក្រសួង​រ៉ែ នៅ​អំឡុង​ខែកញ្ញា ឆ្នាំ ​២០២១ និង​ខែវិច្ឆិកា​ឆ្នាំ ​២០២៣ រដ្ឋបាលខេត្ត​ត្បូងឃ្មុំ បាន​បង្កើតជា​ក្រុម​​ការងារ​ចម្រុះ​ថ្នាក់​ខេត្ត​ចុះ​អនុវត្ត​នូវ​វិធាន​ការផ្សព្វផ្សាយ​ទិដ្ឋភាព​ច្បាប់​ដល់​ប្រជា​ពលរដ្ឋ និង​ធ្វើ​ការបិទ​ទីតាំង​រ៉ែ​មាស​អនាធិបតេយ្យ​ទ្រង់ទ្រាយ​ធំ​មួយចំនួន ក្រោម​ការបញ្ជា​របស់​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​។ ប៉ុន្តែ​ការ​​បង្ក្រាប​ទីតាំង​អាជីវកម្ម​រ៉ែ​អនាធិបតេយ្យ​នៅ​តំបន់​នោះ​នាពេល​កន្លងមក​ប្រៀបដូចជា​ការ​វែក​ចក​ដូច្នោះ​ដែរ​។​

​ជាក់ស្ដែង នាពេល​បច្ចុប្បន្ន​សកម្ម​ភាព​អាជីវកម្ម​រ៉ែ​មាស អនាធិបតេយ្យ នៅ​តំបន់​នេះ​នៅតែ​កើតមាន​ថែមទាំង​មានការ​ប្រើប្រាស់​ឧបករណ៍​ទំនើបៗ សារធាតុ​គីមី រំសេវ​ជាតិ​ផ្ទុះ​បំបែក​ថ្ម និង​ជីក​លុង​អណ្តូងរ៉ែ ក្រោម​ដី​ប្រកបដោយ​គ្រោះថ្នាក់​បំផុត​។ សកម្មភាព​អាជីវកម្ម​អនាធិបតេយ្យ​នេះ កំពុង​បង្កឱ្យមាន​ការបាត់បង់​ទ្រព្យសម្បត្តិ និង​ចំណូល​ជាតិ ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​បរិស្ថាន​បង្ក​ជា​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​របស់​អ្នកធ្វើអាជីវកម្ម​រ៉ែ​អនាធិបតេយ្យ​ខ្លួនឯង​ព្រមទាំង​ប្រជាពលរដ្ឋនៅក្នុង​និង​ក្រៅ​មូលដ្ឋាន​។​

​លោក​ ហេង គឹមហុង ប្រធាន​កម្មវិធី​ផ្នែក​ស្រាវជ្រាវ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​ (CYN) មើលឃើញថា ចំណាត់ការ​លើ​ការបង្ក្រាប​ការធ្វើ​អាជីវកម្ម​រ៉ែ​ដោយ​ខុសច្បាប់​ពី​សំណាក់​ក្រសួង​ក៏ដូចជា​មន្ត្រីខេត្ត​នេះ​គឺជា​រឿង​មួយ​ត្រឹមត្រូវ​ដើម្បី​កុំឱ្យ​ប៉ះពាល់​ទៅដល់​និរន្តរ​ភាព​ធនធានធម្មជាតិ បរិស្ថាន​និង​ប្រជា​ពលរដ្ឋ​រស់នៅ​តំបន់​ជុំវិញ​នោះ​។​

​លោក​សង្កត់ធ្ងន់ថា លើសពីនេះទៅទៀត​អាជ្ញាធរ​ត្រូវ​បន្ត​នីតិវិធី​ក្នុងការ​ស្រាវ​ជ្រាវ​រក​មនុស្ស​ដែល​នៅ​ពី​ក្រោយខ្នង​នៃ​ការធ្វើ​អាជីវកម្ម​រ៉ែ​ខុសច្បាប់​ទាំងអស់នោះ ពីព្រោះ​មិនមែនជា​រឿង​ធម្មតា​ទេ​នៅពេល​ពលរដ្ឋ​កែប្រែ​ពី​ការធ្វើ​អាជីវកម្ម​ធម្មតា​ហើយ​មក​ធ្វើ​លក្ខណៈ​ទ្រង់ទ្រាយ​ធំ មាន​ឧបករណ៍​ទំនើបៗ​ជាង​មុន​។  

​លោក​ថ្លែងថា​៖ «​ខ្ញុំ​ទាមទារ​ឱ្យមាន​ការអនុវត្ត​ច្បាប់​ឱ្យបាន​តឹងរ៉ឹង​លើ​ករណីនេះ ដើម្បី​ស្វែងរក​មូលហេតុ​ធំ​ពិតប្រាកដ​ចំពោះ​ការធ្វើ​អាជីវកម្ម​រ៉ែ​ខុស​​ច្បាប់​បែបនេះ​។ ប្រសិនបើ​យើង​នៅ​មិនអាច​រក​អ្នក​នៅ​ពីក្រោយ​ឃើញ​ទេ ទោះបី​បង្ក្រាប​យ៉ាងណា​ក៏​នៅតែមាន​ដែរ​ហើយ​ការបង្ក្រាប​នៅតែ​គ្មាន​ប្រសិទ្ធភាព​ដដែល វា​នៅតែមាន​ករណីនេះ​បន្តទៀត​»​។

​ក្រសួង​រ៉ែ និង​ថាមពល បាន​ប្ដេជ្ញា​បញ្ចប់​នូវ​សកម្មភាព​ជីក​រ៉ែ​អនាធិបតេយ្យ និង​ជំរុញឱ្យមាន​ការធ្វើ​អាជីវកម្ម​រ៉ែ​ដោយ​ស្របច្បាប់​ដែល​នាំមក​នូវ​ផល​ប្រ​យោ​ជន៍ជាតិ​ជាច្រើន​មាន​ជាអាទិ៍ តាមរយៈ​ការបង្កើតឱ្យមាន​ឱកាស​ការងារ​នៅ​នឹង​កន្លែង​និង​ប្រយោល ដើម្បី​ចូលរួមចំណែក​ដល់​ការបង្កើត​ប្រភព​ចំណូល​ថវិកាជាតិ​បន្ថែម​បំបាត់​នូវ​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន ព្រមទាំង​ចូលរួមចំណែក​អភិវឌ្ឍ​សហគមន៍​មូលដ្ឋាន​។​

​ជាមួយគ្នានេះ ក្រសួង​រ៉ែ​ និង​ថាមពល ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​កំពុង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​អនាធិបតេយ្យ​បញ្ឈប់​នូវ​រាល់​សកម្មភាព​ខុសច្បាប់​ទាំងនេះ ហើយ​ចូលរួម​ទប់ស្កាត់​ដោយ​ធ្វើ​ការជូន​ដំណឹង​អំពី​សកម្មភាព​ជីក​រ៉ែ​អនាធិបតេយ្យ​មក​ក្រសួង​រ៉ែ​តាមរយៈ​ប្រព័ន្ធ​ទូរស័ព្ទ​លេខ ០៩៥ ៧២៧ ៧២៧៕ 

​​វង្ស ដា​រា​វ៉ា​ឌី​