ភ្នំពេញៈ សាលាដំបូង​រាជ​​ធានី​ភ្នំពេញ បានសម្រេច​ចោទ​ប្រកាន់​អតីត​អភិបាល​ក្រុងកែប​លោក​ខេង យ័ន ពីបទ​រំលោភ​​អំណាច និង​សម្អាត​ប្រាក់ ដែល​ការសម្រេច​​នេះ​ធ្វើឡើង​បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី​សម្រេច​ដកតំណែង​រូបលោក​ពី​អភិបាល​ក្រុង ក្រោយពី​អង្គភាព​ប្រឆាំង​អំពើ​រលួយ​ ​(ACU) រកឃើញ​ភាពមិនប្រក្រតី​របស់​ម​ន្ត្រី​រូបនេះ​។​

​លោក​ប្លង់ សុផល អ្នកនាំពាក្យ​សា​លា​ដំបូង​រាជធានី​ភ្នំពេញ បាន​ប្រាប់ឱ្យដឹង​កាលពី​យប់​ថ្ងៃទី ​១៣ ខែមករា ឆ្នាំ ​២០២៤ តាមរយៈ​តេ​ឡេ​ក្រាម​ថា​៖ «​តំណាង​អយ្យការ​បាន​បើក​ការ​ស៊ើប​សួ​រលើ​ឈ្មោះ​ខេង យ័ន ភេទ​ប្រុស រួចហើយ​ពីបទ​រំលោភ​អំណាច និង​បទ​សម្អាត​ប្រាក់ តាម​មាត្រា ៣៥ នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ និង​មាត្រា​ ៣ និង​មាត្រា​ ៣៨ នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​»​។​

​សូម​រំឭកថា នា​រសៀល​ថ្ងៃទី​ ១៣ ខែមករា អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ឃាត់ខ្លួន​លោក​ខេង យ័ន បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បីឱ្យ​តុលាការ​ធ្វើ​នីតិវិធី​តាមផ្លូវ​ច្បាប់ បន្ទាប់ពី​អង្គភាព​នេះ​បាន​រកឃើញ​ភាព​​មិន​ប្រក្រតី​ដែល​លោក​ខេង យ័ន​បាន​ប្រើប្រាស់​អំណាច​នៃ​តួនាទី​ខ្លួន​លើស​​លប់​ប៉ះពាល់​ដល់​ផលប្រយោជន៍​រដ្ឋ និង​ប្រជាពលរដ្ឋ​។​
​កាលពី​ថ្ងៃទី​ ១២ ខែមករា ឆ្នាំ ​២០២៤​ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន ម៉ា​ណែ​ត បានសម្រេច​ដក​លោក ខេង យ័ន ពី​តំណែង​ជា​អភិបាល​ក្រុងកែប ដែល​លោក​ហ៊ុន ម៉ា​ណែ​ត​ថា ជាការ​អនុវត្ត​អភិក្រម​ទី ​៥ គឺ «​ការវះកាត់​» នៅក្នុង​ទិសដៅ​ពង្រឹង​អភិបាលកិច្ច និង​ប្រឆាំង​អំពើពុករលួយ​។

​លោក​សយ ច័ន្ទ​វិចិត្រ អ្នកនាំពាក្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ (ACU) បានឱ្យដឹង​នៅ​ថ្ងៃទី​ ១៤ ខែមករា​ថា មកទល់ពេលនេះ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ឃុំខ្លួន​លោក​ខេង យ័ន ជា​បណ្តោះអាសន្ន ពាក់ព័ន្ធ​សំណុំរឿង​ដែល​ខាង ACU បញ្ជូនទៅ បន្ទាប់ពី ACU បាន​ឃាត់ខ្លួន​អតីត​អភិបាល​​ក្រុង​រូបនេះ​កាលពី​ថ្ងៃទី ​១១ ខែមករា ហើយ​បានរៀបចំ​សំណុំរឿង​គាត់ ដោយ​ប្រើពេល​ជិត ៤៨​ ម៉ោង ទើបបាន​បញ្ជូន​ខ្លួន​គាត់​ទៅ​តុលាការ​ភ្នំពេញ​នៅ​ល្ងាច​ថ្ងៃទី​ ១៣ ខែមករា ឆ្នាំ​ ២០២៤​។​

​លោក​ឱ្យដឹងថា​៖«​មកដល់ពេលនេះ ចៅក្រម​ស៊ើបសួរ​បានសម្រេច​ឃុំខ្លួន​គាត់ ជា​បណ្តោះអាសន្ន​ហើយ នៅ​កន្លែង​ឃុំខ្លួន ពាក់ព័ន្ធ​នឹង​ករណី​ដែល​អង្គ​ភាព​បាន​បញ្ជូន​សំណុំរឿង​របស់គាត់​នេះ​»​។

លោក​សយ ច័ន្ទ​វិចិត្រ បញ្ជាក់ថា​៖ «​អង្គភាព​បាន​ចំណាយពេល​ស្រាវជ្រាវ​ពាក់ព័ន្ធ​នឹង​គាត់​ហ្នឹង​យូរ​ខែ​ដែរ ទម្រាំ​រហូត​ឈាន​សម្រេច​កោះ​ហៅ​គាត់​មក​សាកសួរ និង​ឈាន​រហូតដល់​ការឃុំខ្លួន និង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​នេះ ប៉ុន្តែ​ខ្ញុំ​សុំ​មិន​ជម្រាប​លម្អិត​ថា រយៈពេល​ប៉ុន្មាន​នោះទេ គ្រាន់​តែ​ថា យើង​ប្រើពេល​ច្រើន​ក្នុង​ការកសាង​សំណុំរឿង​ពាក់ព័ន្ធ​នឹង​គាត់​»​។​

​លោក​លើកឡើង​ទៀតថា ACU តែង​បំពេញ​តួនាទី​របស់ខ្លួន​ប្រកប​ដោយ​ភាព​ទទួលខុសត្រូវ​បំផុត​ចំពោះ​ការងារ​ដែល​រដ្ឋាភិបាល​ប្រគល់ជូន ពាក់ព័ន្ធ​បញ្ហា​អំពើពុករលួយ​។ នៅ​
​ពេល​អង្គភាព​រកឃើញ​មាន​ភ័ស្តុតាង​គ្រប់គ្រាន់​អង្គភាព​នឹង​កសាង​សំណុំ​រឿង​បញ្ជូនទៅ​តុលាការ ក្នុងនាម​ជា​សេនាធិការ​របស់​រដ្ឋាភិបាល​ដើម្បី ប្រយុទ្ធប្រឆាំង​អំពើពុករលួយ និង​ការលើកកម្ពស់​អភិបាលកិច្ច​ល្អ​។​

​ជាមួយគ្នានេះដែរ លោក​ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ក៏បាន​ប្រាប់ឱ្យដឹង​ដែរ​ថា ករណី​របស់លោក​ខេង យ័ន នេះ​ជា​ឧទាហរណ៍​មួយ​បង្ហាញថា វិធានការ​ច្បាប់​អនុវត្តន៍​សម្រាប់​ជន​គ្រប់រូប​ទាំងអស់ មិន​ថា​ពលរដ្ឋ​សាមញ្ញ មិន​ថា​មន្ត្រី ឱ្យតែ​ប្រព្រឹត្ត​ល្មើសច្បាប់ ដែល​គេ​អាច​រកឃើញ គឺ​ត្រូវ​ប្រឈម​មុខ​នឹង​ផ្លូវច្បាប់​ដូចៗ​គ្នា​។​

​ចំណែក​លោក​យង់ ពៅ អគ្គលេខា​ធិ​ការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​លើកឡើងថា ករណី​លោក​ខេន យ័ន ពាក់ព័ន្ធ​នឹង​បញ្ហា​អំពើពុករលួយ និង​ការសម្អាត​ប្រាក់​នេះ មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ប្រព័ន្ធ​រដ្ឋាភិបាល​នោះទេ តែ​វា​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ផលប្រយោជន៍​ប្រទេសជាតិ​ផងដែរ ខណៈ​បញ្ហា​សម្អាត​ប្រាក់​ឬ​លាងលុយកខ្វក់​នេះ​ជា​ចំណោទបញ្ហា​ធំ​ដល់​មុខមាត់ និង​សេដ្ឋកិច្ចជាតិ​។​

​លោក​បាន​ប្រាប់ថា​៖ «​មុខមាត់​ប្រ​ទេស​កម្ពុជា ជា​រឿង​សំខាន់ បើ​កាល​ណា យើង​ចង់​ទាក់ទាញ​អ្នកវិនិយោគ​មក​វិនិយោគ ឬ​ធ្វើ​កិច្ច​សហប្រតិបត្តិ​​ការ បើ​យើង​ជា​ប្រទេស​លាង​លុយ 
​បណ្តោយឱ្យ​មន្ត្រី​ខិលខូច​លាង​លុយ នោះ​អ្នកវិនិយោគ គេ​មិន​ហ៊ាន​មករក​ស៊ី​នៅ​ស្រុក​យើង​ឡើយ ដោយសារ​គេ​ខ្លាច​ទណ្ឌកម្ម​អន្តរជាតិ​ជុំវិញ​ការលាង​លុយ​»​។​

​លោក ប៉ិច ពិសី នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា ​(TIC) បានបង្ហាញ​ការគាំទ្រ​ចំពោះ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​ក្នុងការ​វះកាត់​មន្ត្រី​ស្អុយ ដែល​ប្រព្រឹត្ត​អំពើពុករលួយ មិន​បម្រើ​ប្រយោជន៍​ជូន​រាស្ត្រ ដែលជា​ដំណើរ​វិវឌ្ឍន៍​ជា​វិជ្ជមាន​មួយ​ដែល​លោក​ចង់ឃើញ​ការអនុវត្ត​ជា​ប្រព័ន្ធ​។

​លោក​បាន​និយាយថា​៖ «​ដើម្បី​កម្ចាត់​មន្ត្រី​ពុករលួយ​ឱ្យមាន​ប្រសិទ្ធភាព រឿង​ចាំបាច់​ជាងគេ គឺ​ធានា​ដល់ ការអនុវត្ត​ច្បាប់​ឱ្យមាន​ប្រសិទ្ធភាព​ចំពោះ​មន្ត្រី​ពាក់ព័ន្ធ ចំពោះ​ភាពមិន​
​ប្រក្រតី ស៊ីសំណូកសូកប៉ាន់ ដែល ធ្វើឱ្យប៉ះពាល់​សេវាសាធារណៈ​របស់​រដ្ឋ​ផង ប៉ះពាល់​ដល់​ការវិនិយោគ​ផង​និង​ធ្វើឱ្យ​ពលរដ្ឋ​បាត់បង់​ជំនឿ​លើ​រដ្ឋាភិបាល​ផង​»​។​

​លោក​ប៉ិច ពិសី បាន​លើកឡើងថា ភាពចាំបាច់​បំផុត រដ្ឋាភិបាល​អាណត្តិ​​ថ្មី​ត្រូវ​ធានាឱ្យមាន​ការអនុវត្ត​ច្បាប់​ដោយ​ស្មើភាព​គ្នា មិន​ថា​សម្រាប់​រាស្ត្រ មិន​ថា​មន្ត្រី មិន​ថា​អ្នកមានអំណាច​ម្នាក់​ណា​ឡើយ​៕