មណ្ឌលគិរីៈ​ រាជរ​ដ្ឋាភិ​បាល​កម្ពុជា​ បាន​សម្រេច​ផ្តល់​សិទ្ធិ​ឱ្យ​សម្ព័ន្ធ​ក្រុម​ហ៊ុន ​ហ្វូ​ខឺ​ស (FOCUS Consortium) សិក្សា​និង​វិនិ​យោគ​លើ​គម្រោង​សាង​សង់​អាកាស​យាន​ដ្ឋាន​ថ្មី​ក្នុង​ខេត្ដ​មណ្ឌល​គិរី​ក្នុង​ទម្រង់​សាងស​ង់​ធ្វើ​អាជីវ​កម្ម​ផ្ទេរ​​​ (BOT) និង​ការ​អភិវ​ឌ្ឍធ្វើជា​ទីក្រុង​រណប​នៅ​ក្នុង​ខេត្ត​នេះ​។​

​យោង​តាម​លិខិត​របស់​ទីស្តី​ការគ​ណៈរដ្ឋមន្ត្រី​ចុះ​នៅ​ថ្ងៃទី​៩ ​ខែមករា​ ឆ្នាំ​២០២៤ ដែល​ចុះ​ហត្ថ​លេខា​ដោយ​លោក ឈាង ​វណ្ណា​រិ​ទ្ធ រដ្ឋ​លេខាធិ​ការ​នៃ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​បា​នឱ្យដឹ​ងថា រាជរ​ដ្ឋាភិ​បាលបា​ន​សម្រេច​អនុញ្ញាត​ឱ្យ​រដ្ឋ​លេខា​ធិកា​រដ្ឋា​ន​អាកាស​ចរស៊ីវិល ​ស​ហការ​ជាមួយ​សម្ព័ន្ធ​ក្រុម​ហ៊ុនហ្វូ​ខឺ​ស ក្នុង​ការ​រៀប​ចំ​អភិ​វឌ្ឍ​គម្រោង​វិនិយោគ​សាង​សង់​អាកាស​យាន​ដ្ឋាន​ខេត្ត​មណ្ឌល​គិរី​នេះ​ស្រប​តាម​ច្បាប់ ​និង​និតិ​វិធី​ជាធរ​មាន​នៃ​កម្ពុជា​។

​លោក​ ស៊ិន ចា​ន់​សេរី​វុត្ថា អ្នក​នាំពា​ក្យ​អាកាស​ចរស៊ីវិល​បាន​ប្រាប់​នៅ​ថ្ងៃទី​១៥ ​ខែមករា​ថា កន្លង​មក​រាជ​រដ្ឋាភិ​បាល​ធ្លាប់​បាន​អនុញ្ញាត​ឱ្យ​ក្រុម​ហ៊ុន​ចិន ​(China Power)​ សិក្សា​លើ​គម្រោង​វិនិ​យោគ​អាកាស​យាន​ដ្ឋាន​នៅ​ខេត្ត​មណ្ឌល​គិរី​នេះ ​ប៉ុន្តែ​ដោយ​សារ​វិបត្តិ​កូ​វីដ​១៩ វា​បាន​ធ្វើឱ្យ​ប៉ះ​ដល់​ផ្នែក​ហិរញ្ញវ​ត្ថុ ដែល​ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​ចិន​ដក​ខ្លួន​ចេញ​ពី​គម្រោង​វិនិ​យោគ​ហើយ​ធ្វើ​ឱ្យ​គម្រោង​នេះ​ត្រូវ​បាន​ជាប់​គាំង​។ 

​លោក​បាន​បន្ត​ថា រហូត​មក​ទល់​ពេល​នេះ ​រាជ​រដ្ឋាភិបា​ល ទើប​តែ​បាន​សម្រេច​អនុញ្ញាត​ឱ្យ​សម្ព័ន្ធ​ក្រុម​ហ៊ុន​ ហ្វូ​ខឺ​ស សិក្សា​និង​វិនិ​យោគ​លើ​គម្រោង​អាកាស​យាន​ដ្ឋាន​មណ្ឌល​គិរី​ថ្មីក្នុង​ទម្រង់​សាង​សង់​ធ្វើ​អាជីវ​កម្ម​ផ្ទេរ(BOT) និង​ការ​អភិវឌ្ឍ​ទីក្រុង​រណប​ពហុ​បំណង​និង​មជ្ឈ​មណ្ឌល​ទំនិញ​ផ្លូវ​អាកាស​នៅ​ខេត្ត​មណ្ឌល​គិរី​។​

​ក្រុម​ហ៊ុន​ថ្មី​​នេះជា​ក្រុម​ហ៊ុន​ហ្វូ​ខឺ​សគ្រុប​ដែល​ដឹកនាំ​ដោយ​ក្រុម​ហ៊ុន ហ្វូ​ខឺ​ស ត្រេ​ន គ្លូ​ប៊​ល វេន​ឈ័​រ​ឯ​.​ក ដែល​មាន​បណ្ដាញ​ចូល​រួម​ពី​អ្នក​វិនិ​យោគ​មកពី​ប្រទេស​ម៉ាឡេ​ស៊ី ចិន និង​ប្រទេស​អារ៉ាប់​។​

​លោក​ ស៊ិន ​ចាន់​សេរី​វុត្ថា បាន​បញ្ជាក់​ថា​​៖ «​ក្រុម​ហ៊ុន​ថ្មី​នេះ ​គ្រាន់​តែ​ធ្វើការ​សិក្សា​សិន ​ទើប​អាច​ឈាន​ទៅរ​ក​កា​រវិ​និយោគ ហើយ​ប្រសិន​បើការ​សិក្សា​ហ្នឹង​បង្ហាញ​ថា ​គម្រោង​មិនល្អ​នោះ​ តើ​គាត់​អាច​បោះ​ទុន​វិនិយោគ​យ៉ាង​ម៉េច​កើត​? ​អ៊ីចឹង​ត្រូវ​រង់ចាំ​ការ​សិក្សា​មើល​សិន ​ទើប​អាច​នឹង​មាន​ការ​សម្រេច​យ៉ាង​ណា​បន្ត​ទៀត​»​។​

​បើតាម​លោក ​ស៊ិន ​ចាន់​សេរី​វុត្ថា ក្នុង​គម្រោង​ដែល​ក្រុម​ហ៊ុន​ចិន (China Power)​ធ្លាប់​បាន​សិក្សា​ក​ន្ល​ង​មក​មាន​ទំហំ​សាង​សង់​លើ​ផ្ទៃដី​៣០០​ហិក​តាដែ​ល​អាច​​ចំណាយ​ថវិកា​វិនិយោគ​ប្រមាណ​ជា​ង៨០​លាន​ដុល្លារ​។ សម្រាប់​គម្រោង​សិក្សា​របស់​ក្រុម​ហ៊ុន​ថ្មី​នេះ ​លោក​មិន​ទាន់​អាច​បញ្ជាក់​បាន​ទេ​ទាក់​ទង​នឹង​ការ​ចំណា​យ​ថវិកា​ និង​ទំហំ​ផ្ទៃដី​ដែល​នឹង​សាង​សង់ ​ប៉ុន្តែ​គ្រាន់​តែ​ដឹង​ខ្លះៗ​ពី​ការ​សិក្សា​របស់​ក្រុមហ៊ុន​ថ្មី​នេះ ​គឺអាច​​នឹង​មាន​តម្រូ​វការ​ផ្ទៃដី​សាង​សង់​ធំ​ជាង​គម្រោង​ចាស់​។​

​លោក​បាន​ប្រាប់​ដែរ​ថា​៖ «​ប្រសិនបើ​​គម្រោង​ហ្នឹង ត្រូវបា​ន​សាងស​ង់ ​ប្រាកដ​ណាស់​ខេត្ត​មណ្ឌ​លគិរី​យើង​ នឹង​មាន​សកម្មភា​ព​សេដ្ឋកិ​ច្ច ជាពិ​សេស​គឺ​ផ្ដោតទៅ​លើ​កសិឧ​ស្សាហក​ម្ម ​និង​វិស័យ​ទេស​ចរណ៍​។ ដោយ​សារ​កន្លង​មក​នៅ​ក្នុង​ផែន​ការ​យុទ្ធ​សាស្ត្រ​អភិ​វឌ្ឍ​ន៍​ជាតិ ​ក៏ដូច​ជា​ផែន​ការ​អភិវ​ឌ្ឍន៍​វិស័យ​ទេសចរណ៍​ រួមទាំង​រាជរ​ដ្ឋាភិ​បាល​ផង​ដែរ គឺ​បានកំ​ណត់​ខេត្តម​ណ្ឌល​គិរី​ ជា​ខេត្ត​ទាក់​ទាញ​ និង​ចង់​អភិ​វឌ្ឍ​ខេត្ត​នេះ​ ឱ្យមាន​សកម្ម​ភាព​សេដ្ឋកិ​ច្ច​ល្អប្រ​សើរ​»​។​

​ជុំវិ​ញ​គម្រោ​ងនេះលោ​ក ហុ​ង វណ្ណៈ អ្នក​ជំនា​ញ​សេដ្ឋកិ​ច្ច​នៃ​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរជា​តិនៃ​​រាជប​ណ្ឌិត្យ​ស​ភា​កម្ពុ​ជា ក៏បាន​លើក​ឡើង​​ដែរ​ថា កា​រសា​ងសង់​​ព្រលានយ​ន្តហោះ​​បន្ថែម​នេះ វា​ជា​កិច្ចការ​សំខាន់​ណាស់​សម្រាប់​ការ​អភិ​វឌ្ឍ​ប្រទេស​ជាតិ​មួយ​ ពី​ព្រោះ​ខេត្ត​ដែល​ត្រូវ​សាងស​ង់​ព្រលានយន្ត​ហោះ​នេះវា​ជា​គោល​ដៅ​ទេសច​រណ៍​ផង ​និង​សេដ្ឋ​កិច្ច​ផង​។ 

​លោក​បាន​ប​ន្តថា​ ចម្ងាយ​ផ្លូវ​ពី​រាជ​ធានី​ភ្នំពេញ​ ទៅ​ខេត្តម​ណ្ឌល​គិរី គឺ​សមស្រប​នឹង​មាន​ព្រលាន​យន្ត​ហោះ​មួយ ដើម្បី​បង្ក​លក្ខណៈ​​ងាយ​ស្រួល​ដល់​វិនិ​យោគិ​ន​ក្នុង​វិស័យ​ផ្សេងៗ​ជា​ពិសេស​វិស័យ​ទេស​ចរណ៍ ​ក៏ដូច​ជា​វិស័យ​កសិឧ​ស្សា​ហ​កម្ម​នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី​។​

​លោក ​ហុង​ វណ្ណៈ ​បាន​បញ្ជាក់​ថា​៖ «​បើកា​លណា​​យើង​បង្កលក្ខ​ណៈ​ងាយស្រួ​ល​លើ​ការធ្វើ​ដំណើរ នោះ​វា​បង្កើន​ភាព​ទា​ក់​ទាញ​ដល់​វិនិយោគិ​ន​នៅក្នុ​ង​វិស័យ​ទេស​ចរណ៍​ ក៏ដូច​ជា​វិស័យ​កសិឧ​ស្សាហកម្ម​ ពី​ព្រោះ​ខេត្តម​ណ្ឌលគិរី​មាន​សក្ដានុ​ពល​ធម្ម​ជាតិ​ស្រស់​ស្អា​ត អាកាស​ធាតុ​ត្រជាក់​ល្អ ​ដែល​យើង​មិន​ទាន់​អាច​យកម​ក​ប្រើ​បាន​សម្រាប់​ជួយ​សេដ្ឋ​កិច្ច​ជាតិ​​»​។ 

​លោក​បាន​បន្ថែម​ទៀត​ថា ដូ​ច្នេះ​ប្រសិន​បើ​​គម្រោង​វិនិយោគ​ព្រលានយ​ន្តហោះ​នេះត្រូវ​បាន​សាងស​ង់​ឡើង ​វា​នឹង​ផ្ដល់​​ប្រយោ​ជន៍​ជួយ​កែ​ប្រែ​សម្រស់​មុខ​មាត់​និង​ជួយ​កែប្រែ​អ្វី​ដែលមា​ន​នាពេល​បច្ចុប្បន្ន​នេះ​ទៅជា​​ទីក្រុង​សេដ្ឋ​កិច្ច​មួយ​យ៉ាង​សំខា​ន់​ក្នុង​ប្រទេស​កម្ពុជា​៕