​ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា ដីឡូត៍​ដែល​រាជរដ្ឋាភិបាល​បានប្រគល់​ជូ​នស​ម្ប​ទានិ​ក​ គឺជា​ទ្រព្យ​មួយ​ដ៏​មានតម្លៃ​ក្នុងការ​កែច្នៃ​ជីវភាព​គ្រួសារ ស្រប​ពេលដែល​គ្រួសារ​យុទ្ធជន​ ២០០ ​គ្រួសារ​នៅ​ខេត្តស្វាយរៀង​ ទើប​បានទទួល​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ដីឡូត៍​ដែល​រាជ​រដ្ឋាភិបាល​បានប្រគល់​ជូន​។​

​ការប្រគល់​នេះ​ជា​ចំណែក​មួយ​ដើម្បី​ជួយ​កែខៃ​ជីវភាព​គ្រួសារ​យុទ្ធជន​ផង និង​ជា​ផ្នែក​មួយ​នៃ​ការពង្រឹង​កម្មវិធី​នយោបាយ សម្រាប់​ការកសាង និង​ការ​ការពារ​មាតុភូមិ ឆ្នាំ ២០២៣-២០២៨ ផង​។​លោក ​ហ៊ុន ម៉ា​ណែ​ត បានលើកឡើង​ដូចនេះ​កាលពី​ថ្ងៃទី ​១៧ ខែមករា ឆ្នាំ​ ២០២៤ បន្ទាប់ពី​លោក​ឧបនាយករដ្ឋមន្ត្រី​សាយ​ សំ​អាល់ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានប្រគល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​គ្រួសារ​យុទ្ធជន​ចំនួន ២០០ ​គ្រួសារ ក្នុង​ឃុំ​អណ្តូង​ត្របែក ស្រុក​រមាសហែក ខេត្តស្វាយរៀង កាលពី​ថ្ងៃទី​ ១៦ ខែមករា​។​

​លោកនាយក​រដ្ឋ​មន្ត្រី​បានបញ្ជាក់​តាមរយៈ​តេ​ឡេ​ក្រាម​ថា​៖ «​ដីឡូត៍​ដែល​រាជ​រដ្ឋា​ភិ​បាល​បាន​ប្រគល់ជូន​សម្បទា​និក​នាពេលនេះ ​គឺជា​ទ្រព្យ​មួយ​ដ៏​មានតម្លៃ​ក្នុងការ​កែច្នៃ​ជីវភាព​គ្រួសារ​ឱ្យ​កាន់តែ​ប្រសើរឡើង​។​ នេះ​គឺជា​ការគិតគូរ​ពី​សេដ្ឋកិច្ច​មូលដ្ឋាន និង​ផ្តល់​មធ្យោបាយ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ អតីតយុទ្ធជន និង​គ្រួសារ​ងាយ​រងគ្រោះ​»​។​

​លោក​បាន​បន្តថា កិច្ចការងារ​ទាំងនេះ ក៏​ជា​ចំណែក​ពង្រឹង​ការ​​អនុវត្ត​កម្មវិធី​នយោបាយ​របស់​រដ្ឋាភិបាល​ថ្មី​របស់លោក​ផងដែរ គឺ​កម្មវិធី​កសាង និង​ការការពារ​មាតុភូមិ ឆ្នាំ ២០២៣-២០២៨ សម្រាប់​ចុះបញ្ជី និង​ផ្តល់​បណ្ណ​កម្មសិទ្ធិ​ដល់​ប្រជាពលរដ្ឋ ដែល​លោក​ចាត់ទុកជា​ការងារ​ចម្បង​និង​ចាំបាច់​ដែល​ត្រូវ​បន្ត​អនុវត្ត​។​

​បើតាម​ការបញ្ជាក់​ពី​ប្រមុខ​រដ្ឋាភិបាល មកទល់​បច្ចុប្បន្ន ក្រសួង​រៀបចំ​ដែនដី នគ​រូប​នី​យ​កម្ម និង​សំណង់ បានប្រគល់​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​បាន​ប្រមាណ​ ៥​ លាន​បណ្ណ​រួចមកហើយ ហើយ​គ្រោង​ចែក​បន្ត​​បន្ទាប់​ចំនួន​ ២​ លាន​បណ្ណ​ទៀត នៅ​ទូទាំងប្រទេស​។​

​លោក​ ជ័យ តិច អ្នកស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​បាន​គាំទ្រ​ចំពោះ​ការបន្ត​ន​យោ​បាយ​ចែក​ដីឡូត៍​ដល់​គ្រួសារ​យុទ្ធជន​ជា​គ្រួសារ​ក្រីក្រ​ងាយ​រង​ហានិភ័យ​នេះ​ដើម្បី​ជួយ​សម្រាល​ជីវភាព​គ្រួសារ​យុទ្ធជន​ទាំងនេះ និង​អាច​ផ្តល់​ទីលំនៅ​សមរម្យ​មួយ​ដ៏​ច្បាស់លាស់ ខណៈ​ពួកគាត់​បាន​ពលី​ជូន​ជាតិ​មាតុភូមិ​។​

លោកសាយ សំអាល់​ពេលចែក​បណ្ណដីជូន​ពលរដ្ឋនៅ​ស្វាយរៀងកាលពីថ្ងៃទី​ ១៦ មករា ។ រូបថត STPM

​លោក​ក៏បាន​សាទរ​ផងដែរ​ចំពោះ​ការវិវឌ្ឍ​ដ៏​វិជ្ជមាន​លើ​នយោបាយ​កសាង និង​ការការពារ​មាតុភូមិ​ឆ្នាំ​ ២០២៣-២០២៨ ចំពោះ​ការ​ចែក​បណ្ណ​កម្មសិទ្ធិ​អចលនវត្ថុ​ដល់​ប្រជាពលរដ្ឋ​នេះ​ជា​ចំណែក​អភិ​​វឌ្ឍន៍​នគរូបនីយកម្ម​របស់​ជាតិ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ការ​ផ្តល់​កម្មសិទ្ធិ​អចលនទ្រព្យ​មាន​សារៈសំខាន់​ណាស់​ដើម្បី​ពល​រដ្ឋ​មាន​សេចក្តីសុខ​ផ្លូវចិត្ត ដី​ឬ​កម្មសិទ្ធិ​ដែល​គាត់​មាន​នោះ​វា​ច្បាស់លាស់​ជា​របស់គាត់​គឺមាន​សុវត្ថិភាព និង​សន្តិភាព​ផ្លូវចិត្ត​ហើយក៏​ចំណែក​អភិវឌ្ឍន៍​ផ្ទាល់ខ្លួន​លើដី​កម្មសិទ្ធិ​ដូចជា សំណង់​ឬ​ការបង្កើន​ផល​ផ្សេងៗ​ធ្វើ​មុខរបរ​អាជីវកម្ម​ដើម្បី​ជំរុញ​សេដ្ឋកិច្ច ហើយក៏​អាចធ្វើ​ការលក់ដូរ​ដីធ្លី​ឬ​ដើម្បី​អាច​យកទៅ​បញ្ចាំ​ខ្ចី​បំណុល​មក​បង្កើន​ការរកស៊ី​ផងដែរ​»​។​

​ទោះជា​យ៉ាងណា លោក ជ័យ តិច សង្កេតឃើញថា ការធ្វើ​ប្លង់​​កម្មសិទ្ធិ​ដីធ្លី សំណង់ នៅ​កម្ពុជា​នៅមាន​ភាពយឺតយ៉ាវ​ខ្លាំង ហើយក៏​មានការ​ត្អូញត្អែរ​ពី​តម្លៃ មាន​នីតិវិធី​ស្មុគស្មាញ ហើយក៏​មាន​​ការតវ៉ា​ពី​សំណាក់​ពលរដ្ឋ​ចំពោះ​ភាពមិនប្រក្រតី​របស់​ម​ន្ត្រី​ចុះ​វាស់វែង​ដីធ្លី​ផង ដែល​លោក​ស្នើ​រដ្ឋាភិបាល ជាពិសេស​ក្រសួង​ដែនដី​ពង្រឹង​ប្រសិទ្ធភាព​ធ្វើ​ប្លង់​កម្មសិទ្ធិ​នេះ​តម្លាភាព​នៃ​នីតិវិធី និង​បង្កើនល្បឿន​ចេញ​ប្លង់​កម្ម​សិទ្ធិ​ដល់​ពលរដ្ឋ​ដើម្បី​អាច​យកទៅ​ប្រើប្រាស់​តាម​តម្រូវការ​។​

​សូម​ជម្រាប​ដែរ​ថា រដ្ឋាភិបាល​អាណត្តិ​ទី៧ បាន​ដាក់ចេញ​កម្មវិធី​នយោបាយ​សម្រាប់​ការកសាង​និង​ការការពារ​មាតុភូមិ ឆ្នាំ ​២០២៣-២០២៨​ ដែល​បាន​ផ្តោត​សំខាន់​លើ​ការគ្រប់គ្រង​ដីធ្លី និង​សំណង់​ដោយ​ត្រូវ​បន្ត​អនុវត្ត​ការកែទម្រង់​ឱ្យ​កាន់តែ​សកម្ម​និង​ស៊ីជម្រៅ​លើ​វិស័យ​ដីធ្លី​តាម​រយៈ​ការពង្រឹង​ការគ្រប់គ្រង​ដីធ្លី​ដោយ​ជំរុញ​បញ្ចប់​ការចុះ​បញ្ជី​ដី​លើកដំបូង ការចុះបញ្ជី​ដី​សហគមន៍​ជនជាតិដើម​ភាគតិច និង​ការចុះបញ្ជី​បន្ត​ដី​គ្រប់​ប្រភេទ ព្រមទាំង​ផ្តល់​បណ្ណ​កម្មសិទ្ធិ​ជូន​អ្នកកាន់កាប់​ដែលមាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​តាម​លក្ខខណ្ឌ​កំណត់​។​

ក្នុងនោះ​រដ្ឋាភិបាល​ក៏​បន្ត​អនុវត្ត​កម្មវិធី​សម្បទាន​ដី​សង្គមកិច្ច​ដើម្បី​ចែក​ដី​ជូន​ប្រជា​ពលរដ្ឋ​ស៊ីវិល​ក្រីក្រ​ឬ​ផ្ទះ​ជូន​ដល់​កងកម្លាំង​កំពុង​ឈរជើង​តាម​ព្រំដែន អតីត​កងកម្លាំងប្រដាប់អាវុធ គ្រួសារ​ដែល​ក្រីក្រ ដែល​ខ្វះ​ដី​ប្រើប្រាស់​ផងដែរ​៕