លោកស្រី Mary Akinyi Olwal នាយិកា​ក្រុមហ៊ុន Buhler Group ថ្លែងថា​នឹងនាំយក​នូវបច្ចេកវិទ្យា​ទំនើប​ឈានមុខគេ​មកអភិវឌ្ឍន៍​វិស័យកសិកម្ម​នៅ​កម្ពុជា តាំងពី​ដំណើរការ​ដាំដុះ ប្រមូលផល រហូត​ដល់ការផលិត​កែច្នៃ​សម្រាប់​នាំចេញ​ទៅក្រៅ​ប្រទេស។ នេះបើ​តាម​តេឡេក្រាម លោក ហ៊ុន ម៉ាណែត នៅព្រឹក​ថ្ងៃទី១៨ ខែមករានេះ។ 

ការសន្យា​របស់​លោកស្រី​នាយិកា​ក្រុមហ៊ុន Buhler Group ធ្វើឡើង​នៅព្រឹក​ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ពេលជួប​សម្តែងការ​គួរសម និងពិភាក្សា​ការងារ ជាមួយ​លោក នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងឱកាស​ដែលលោកចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ២០២៤ នៅទីក្រុង​ដារ៉ូស សហព័ន្ធ​ស៊្វីស។

ប្រភពដដែល​បានឱ្យដឹង​ថា ក្នុងជំនួប​នោះ លោកស្រី Mary Akinyi Olwal នាយិកា​ក្រុមហ៊ុន Buhler Group ជម្រាប​ប្រាប់ពី​វឌ្ឍនភាព​នៃអាជីវកម្ម​របស់​ក្រុមហ៊ុន Buhler Group និងបានបង្ហាញ​ពីចំណាប់អារម្មណ៍​ក្នុងការពង្រីក​ការវិនិយោគ ដោយនាំយក​បច្ចេវិទ្យា​ឈានមុខគេ​របស់​ក្រុមហ៊ុន មកកាន់​កម្ពុជា ដើម្បី​អភិវឌ្ឍ​វិស័យ​កសិកម្ម តាំងពី​ដំណើរការ​ដាំដុះ រហូតដល់​ប្រមូលផល ព្រមទាំងកែច្នៃ​សម្រាប់​នាំចេញ​ក្រៅប្រទេស។

ឆ្លើយតប​ការលើកឡើង​របស់លោកស្រី​នាយិកា​ក្រុមហ៊ុន Buhler Group លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់​ថា កម្ពុជា​នៅតែផ្តល់​អាទិភាព​លើវិស័យ​កសិកម្ម តាមរយៈ​ការគាំទ្រ​ផ្នែកហិរញ្ញវត្ថុ ដើម្បី​លើកស្ទួយ​ផលិតកម្ម រកទីផ្សារ និងរក្សា​តម្លៃ​កសិផល។ ជាពិសេស រាជរដ្ឋាភិបាល​ក៏បានដាក់​ពង្រាយ​មន្ត្រីបច្ចេកទេស​កសិកម្ម នៅគ្រប់ឃុំ​សង្កាត់​ទូទាំង​ប្រទេស ផងដែរ។ 

ក្នុងជំនួប​នោះដែរ លោកនាយក​រដ្ឋមន្ត្រី បានស្វាគមន៍​បំណងល្អ​របស់​ក្រុមហ៊ុន ក្នុងការពង្រីក​ការវិនិយោគ​មក​កម្ពុជា ពិសេស នាំយកបច្ចេកវិទ្យា​ទំនើបជួយ​ដល់វិស័យ​កសិកម្ម​របស់​កម្ពុជា ការជួយកសាង​ធនធានមនុស្ស និងការរក្សា​ទុកផលិតផល​កសិកម្ម​បានក្នុងបរិមាណ​ច្រើន និងរយៈពេល​វែង។ 

លោកនាយក​រដ្ឋមន្ត្រី បានលើកទឹកចិត្ត​ដល់​ក្រុមហ៊ុន ឱ្យបន្ត​សហការជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បី​លើកកម្ពស់​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​កសិកម្ម​កម្ពុជា៕