​ភ្នំពេញៈ អង្គការ WWF និង​អង្គការ​សត្វព្រៃ និង​រុក្ខជាតិ​កម្ពុជា​កំពុង​បង្កើន​ការងារ​បង្កាត់​ពូជ​និង​ពង្រឹង​ការពារ​ដែន​ជម្រក​សត្វ​ក្រពើ​ភ្នំ​ជាមួយ​សហគមន៍​មូលដ្ឋាន ខណៈ​ចំនួន​ក្រពើ​ភ្នំ​ក៏ដូចជា​សម្បុក​ពង​កូន​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​កំពុង​ទទួលរង​ការគំរាមកំហែង​ពី​ការ​បរបាញ់ និង​ការបាត់បង់​ទីជម្រក​។​

​លោក សេង ទៀក នាយក​ប្រតិបត្តិ​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ​​ (WWF) បានឱ្យដឹង​នៅ​ថ្ងៃទី​ ១៨ ខែមករា​ថា ក្រពើ​ភ្នំ​គឺជា​អម្បូរ​ល្មូ​ន និង​ជា​សត្វព្រៃ​ដែល​ជិត​ផុត​ពូជ​បំផុត​ក្នុង​ភពផែនដី​ដែល​ចំនួន​ប៉ាន់ប្រមាណ​នៅក្នុង​ពិភពលោក​មាន​ប្រហែល​ ១ ០០០​ ក្បាល ខណៈ​វត្តមាន​ប្រភេទ​សត្វ​នេះ មាន​ច្រើន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ជា​ពិ​​សេស​ក្នុងប្រទេស​កម្ពុជា ឥណ្ឌូ​នេ​ស៊ី ឡាវ ថៃឡង់ និង​វៀតណាម​។​

​លោក​បាន​បន្តថា ដោយឡែក​នៅ​កម្ពុជា ក្រពើ​ភ្នំ​មាន​វត្ត​មាននៅ​តំបន់​ជួរ​ភ្នំក្រវាញ ដង​ទន្លេមេគង្គ​ក្នុង​ខេត្តក្រចេះ និង​ទន្លេ​​ស្រែ​ពក​ក្នុង​ខេត្តមណ្ឌលគិរី​ដែល​ចំនួន​ប៉ាន់ប្រមាណ​សត្វ​ក្រពើ​ភ្នំ​នៅ​កម្ពុជា​សរុប​មាន​ប្រហែល ​៤០០ ​ក្បាល​ កំពុង​រស់នៅក្នុង​ដែន​ជម្រក​ធម្មជាតិ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ដូច្នេះ​បើ​ប្រៀបធៀប​ប្រទេសជិតខាង និង​នៅក្នុង​ពិភពលោក ប្រទេស​កម្ពុជា​យើង មាន​វត្តមាន​ក្រពើ​ភ្នំ​ច្រើនជាងគេ​ដែល​យើង​អាច​និយាយបានថា ជា​ប្រទេស​ដែលមាន​ពូជ​ក្រពើ​ធម្មជាតិ​សុទ្ធ​ច្រើនជាងគេ និង​ចុងក្រោយ​គេ​ក្នុង​ផែនដី​យើង​នេះ​»​។​

​បើតាម​លោក សេង ទៀក ទន្ទឹមនឹង​កម្ពុជា​នៅសល់​វត្តមាន​ក្រពើ​ភ្នំ​ច្រើនជាង​ប្រទេសជិតខាង​ក៏ពិតមែន ប៉ុន្តែ​សត្វ​ក្រពើ​ភ្នំ​កំពុង​ប្រឈម​នឹង​កត្តា​គំរាមកំហែង​នានា រួមមាន ការ​បរបាញ់ ការ​ប្រមូលយក​ពង​របស់​ក្រពើ​ភ្នំ​ការបាត់បង់​ទីជម្រក ក៏ដូចជា​ការផ្លាស់ប្តូរ​លំហូរ​ទឹក​ដោយ​សារ​ទំនប់​វា​រី​អគ្គិសនី​នៅ​ផ្នែក​ខាងលើ​នៃ​ដង​ទន្លេមេគង្គ​។​

​លោក​បាន​បន្តថា ដោយ​មើលឃើញ​ពី​កត្តា​គំរាមកំហែង​នេះ ទាំង​អង្គការ​អភិរក្ស​នានា ក៏​ដូច​ជា​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួងបរិស្ថាន បានរួម​គ្នា​កិច្ចខិតខំ​ប្រឹងប្រែង​អភិរក្ស និង​ស្តារ​ពូជ​សត្វ​ក្រពើ​ភ្នំ​ជាច្រើន​។ កិច្ចការ​ទាំងនេះ​បាន​ផ្តួចផ្តើមឡើង និង​មានការ​អនុវត្ត​ការងារ​អភិរក្ស​ចាប់តាំងពី​ឆ្នាំ​ ២០០០​ មក​តាមរយៈ​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិរក្ស​រួម​ដូចជា ការពារ​តំបន់​ដែល​វត្តមាន​សត្វ​ក្រពើ​ភ្នំ ការពារ​សម្បុក​និង​កូន​ក្រពើ​ភ្នំ​ជាដើម​។​

​លោក​ សេង ទៀក បាន​បន្ថែមថា​៖ «​ឥឡូវនេះ​យើង​កំពុង​ពង្រឹង​ការពារ​តំបន់​ជាក់លាក់​មួយចំនួន​ដែលមាន​វត្តមាន​សត្វ​ក្រពើ​ភ្នំ​និង​បង្កើន​ការ​បង្កាត់​ពូជ​ក៏ដូចជា​លែង​ក្រពើ​ភ្នំ​ឱ្យចូល​ដែន​ធម្មជាតិ​វិញ ជាពិសេស​យើង​បាន​ទាញ​ការចូលរួម​ការពារ និង​ការដើរ​ល្បាត​របស់​សហ​គម​ន៍​មូលដ្ឋាន​»​។​

​ដោយឡែក​អង្គការ​សត្វព្រៃ​និង​រុក្ខជាតិ​កម្ពុជា​បានឱ្យដឹង​តាម​ហ្វេ​ស​ប៊ុ​ក​ខ្លួន​កាលពី​ថ្ងៃទី​ ១៦ ខែមករា​ថា ក្រពើ​ភ្នំ គឺជា​ប្រភេទ​សត្វ​មួយ​ដ៏​មានតម្លៃ​ក្នុងការ​អភិរក្ស ដោយសារ​វត្តមាន​សត្វ​ប្រភេទ​នេះ​មាន​តួនាទី​សំខាន់​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី ជាពិសេស​ក្រពើ​ភ្នំ​ក៏មាន​តម្លៃ​សម្រាប់​ផ្នែក​វប្បធម៌ និង​ជំនឿ​សហគមន៍​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។ ក្រៅ​ពីនេះ​វត្តមាន​សត្វ​ប្រភេទ​នេះ បាន​ឆ្លុះបញ្ចាំង​អំពី​អាយុកាល​ដ៏​យូរអង្វែង​នៅក្នុង​វប្បធម៌​ខ្មែរ តាមរយៈ​ចម្លាក់​ក្រពើ​ស៊ី​ត្រី នៅលើ​តួ​ប្រាសាទអង្គរវត្ត​។​

​ប្រភព​ខាងលើ​បញ្ជាក់ថា​៖ «​យើង​កំពុង​ផ្តោតលើ​ការអភិរក្ស​ក្រពើ​ភ្នំ​ដែលមាន​នៅក្នុង​ធម្មជាតិ និង​ទីជម្រក​របស់​វា ដែល​យើង​បាន​បង្កើត​ដែន​ជម្រក​សត្វ​ក្រពើ​ភ្នំ​ដោយមាន​ការឯកភាព និង​មានការ​ចូលរួម​ពី​សហគមន៍​មូលដ្ឋាន​ក្នុង​សកម្ម​ភាព​ល្បាត និង​ការពារ​ក្រពើ​ភ្នំ និង​ដែន​ជម្រក​របស់​វា​»​។​

​បើតាម​អង្គការ​ដដែល​នេះ ក្រុម​អ្នកជំនាញ​ក៏​កំពុង​អង្កេត​ជាប់​ជាប្រចាំ​ដើម្បី​តាមដាន​ចំនួន​ក្រពើ​ភ្នំ និង​សម្បុក​ពង​កូន​ក៏ដូចជា​កត្តា​គំរាមកំហែង​នានា​ដែល​បណ្ដាលឱ្យ​ក្រពើ​ភ្នំ​មានការ​ថយចុះ​។ ដូច្នេះហើយ​បេស​ក​កម្ម​របស់​អង្គការ​សត្វព្រៃ និង​រុក្ខជាតិ​កម្ពុជា គឺត្រូវធ្វើ​យ៉ាង​​ណា​ដើម្បី​ធានាថា ក្រពើ​ភ្នំ​នៅតែមាន​វត្តមាន​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​៕