អាជ្ញាធរ​មីន និង​ក្រសួងការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្ដីពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ជំនួយ​បោសសម្អាត​មីន​មនុស្សធម៌ កាលពី​ថ្ងៃទី​ ១៨ ខែមករា ឆ្នាំ​២០២៤ នៅ​ទីស្នាក់ការ​អាជ្ញាធរ​មីន​។

លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ ដែល​បាន​ចូលរួម​ក្នុង​ពិធី​នេះ​បាន​លើកឡើងថា អនុស្សរណៈ​នៃ​ការយោគយល់​រវាង​ស្ថាប័ន​ទាំង​២ នាពេលនេះ ពិតជា​បានរួម​ចំណែក និង​មាន​សារៈសំខាន់​ណាស់​សម្រាប់​សកម្មភាព​មីន​នៅ​កម្ពុជា ក្នុងការ​កាត់បន្ថយ​ហានិភ័យ​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅតាម​សហគមន៍​។

លោក​បាន​ថ្លែងថា ៖ «​ខ្ញុំ​សូម​កោតសរសើរ​ចំពោះ​ប្រទេស​ចិន ដែល​បានចាត់ទុក​ការបង្កើន​កិច្ចសហប្រតិបត្តិការ និង​ជំនួយ​បោសសម្អាត​មីន​មនុស្សធម៌ ជា​គោលដៅ​កិច្ចសហប្រតិបត្តិការ​អា​ទិ​ភាព​មួយ សម្រាប់​ការអនុវត្ត​គំនិត​ផ្តួចផ្តើម​សន្តិសុខ​សកល​»​។

រយៈពេល​ជាង​៣០ ឆ្នាំ​កន្លងមកនេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្លា ក្នុង​វិស័យ​សកម្មភាព​មីន ជួយសង្គ្រោះ​អាយុជីវិត និង​បានប្រែក្លាយ​ដីចម្ការ​មីន ឱ្យក្លាយ​ជា​ដី​ដាំ​ដុះ ធ្វើស្រែ​ចម្ការ លំនៅឋាន និង​ដី​ដែល​ផ្តល់នូវ​ប្រាក់ចំណូល​ជូន​ប្រជាពលរដ្ឋ​។

បើ​យោងតាម​អាជ្ញាធរ​មីន ប្រទេស​ចិន គឺជា​ប្រទេសមួយ​ដែល​បានរួម​ចំណែក​យ៉ាងសំខាន់ ក្នុងការ​សម្រេចបាន​នូវ​សមិទ្ធផល​ទាំងនេះ​។ ជាក់ស្តែង ចាប់ពី​ឆ្នាំ​២០១៨ ប្រទេស​ចិន បានផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន ១៤,៤ លាន​ដុល្លារ​អាមេរិក និង​បានធ្វើការ​បោសសម្អាត​មីន និង​គ្រាប់ ក្នុង​ទំហំ​ផ្ទៃដី​ជាង ១០៧ គីឡូម៉ែត្រ​ក្រឡា​។ ក្នុង​នោះបាន​រកឃើញ និង​កម្ទេចចោល​មីន និង​គ្រាប់​ចំនួន ៧៧ ៩៥៤ គ្រាប់ ព្រមទាំង​បានផ្តល់​ការអប់រំ​យល់ដឹង​ពី​មីន​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​ជា ១,៥ លាន​នាក់​។

ឆ្លៀតឱកាស​នោះដែរ ក្នុងនាម​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា លោក លី ធុជ បានស្នើ​សុំឱ្យ​ប្រទេស​ចិន​បន្ត​ជួយ​គាំទ្រ​ដល់​ការងារ​សកម្មភាព​មីន​មនុស្សធម៌​នៅ​កម្ពុជា តាម​ការស្នើសុំ​របស់​ម​ជ្ឈ​មណ្ឌល​សកម្មភាព​មីន​កម្ពុជា​(​ស៊ីម៉ាក់​)​។

នៅ​ឆ្នាំ​២០២៥ ខាងមុខនេះ កម្ពុជា​នឹង​អាច​ទទួលបាន​ជោគជ័យ​ក្នុង​ផែនការ​បោសសម្អាត​មីន​ឱ្យ​អស់ពី​ទឹកដី ដែល​ក្នុងនោះ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​អាជ្ញាធរ​មីន ដែលជា​សេនាធិការ​តែមួយគត់ ក្នុងការ​ដឹកនាំ គ្រប់គ្រង និង​សម្របសម្រួល វិស័យ​សកម្មភាព​មីន​ទូទាំងប្រទេស ត្រូវការ​ជា​ចាំបាច់​នូវ​ជំនួយ​ពី​មហាមិត្ត​ចិន​។

សូម​បញ្ជាក់ដែរថា ក្នុង​ពិធី​ចុះ​អនុស្សរណៈ​នេះ ភាគី​ចិន បានប្រគល់​នូវ​សម្ភារ​មួយចំនួន ជូន​មក​អាជ្ញាធរ​មីន ដើម្បី​ចាត់ចែង និង​បម្រើ​ក្នុង​សកម្មភាព​មីន​មនុស្សធម៌​នៅ​កម្ពុជា រួមមាន តង់ ៣០០, ម៉ាស៊ីនរាវមីន ៩០ គ្រឿង​, សម្ភារ​ដោះមីន ៩០ គ្រឿង​, សម្ភារ​សុវត្ថិភាព​ដោះមីន ៩០ កំ​ប្លេ​, កុំព្យូទ័រ​យួរដៃ ២០ គ្រឿង និង​Tablet ២០ គ្រឿង​៕