លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​ជួបពិភាក្សា​ការងារ ជាមួយ​លោក Gerard Larcher ប្រធានព្រឹទ្ធសភា​បារាំង ក្នុងឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់លោក​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃទី ​១៨ ខែមករា ឆ្នាំ​២០២៤។

តាម​តេ​ឡេ​ក្រាម​របស់លោក​នាយករ​ដ្ឋ​មន្ត្រី ហ៊ុន ម៉ា​ណែ​ត បានឱ្យដឹងថា ក្នុងជំនួប​នេះ លោក Gerard Larcher បាន​សម្តែង​នូវ​កិច្ច​បដិសណ្ឋារកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ការអញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ជា​លើក​ទី​១ ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី របស់លោក ហ៊ុន ម៉ា​ណែ​ត និង​គណៈប្រតិភូ​ជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាល​កម្ពុជា នៅក្នុង​ប្រទេស​បារាំង និង​បាន​រំឭក​ផងដែរ អំពី​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំង​២ និង​និយាយ​ដោយ​ទ្បែ​ក រវាង​ស្ថាប័នព្រឹទ្ធសភា​កម្ពុជា​-​បារាំង ក្នុង​រយៈកាល​ប្រមាណ ២៥ ឆ្នាំ កន្លងមកនេះ ដោយ​គិត​ចាប់តាំងពី​ឆ្នាំ​១៩៩៩ មក​។

ជាការ​ឆ្លើយតប លោក ហ៊ុន ម៉ា​ណែ​ត បាន​សម្តែង​នូវ​ក្តី​រីករាយ​ចំពោះ​ជំនួប​ពិភាក្សា​ការងារ​នេះ និង​បាន​ជម្រាបជូន​លោក​ Gerard Larcher អំពី​លទ្ធផល​នៃ​ជំនួប​ជាមួយ លោក​ប្រធានាធិបតី​បារាំង ជាពិសេស​វឌ្ឍនភាព​កិច្ច​សហប្រតិបត្តិ​លើ​វិស័យ​ជាច្រើន ដែលជា​ប្រយោជន៍​រួម​នៃ​ប្រទេស​ទាំងពីរ ជាអាទិ៍ វិស័យ​នយោបាយ សេដ្ឋកិច្ច វប្បធម៌ និង​ភាសា ជាដើម​។ ក្នុងឱកាស​នោះ​ផងដែរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ក៏បាន​អញ្ជើញលោក ប្រធានព្រឹទ្ធសភា​បារាំង មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ជាពិសេស នៅក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ នា​ខែកុម្ភៈ ឆ្នាំ​២០២៤ ឆាប់ៗ​ខាងមុខនេះ​។ នេះ​បើ​យោងតាម​ប្រភព​ដដែល​៕​