ភ្នំពេញៈ លោក ហង្ស ពុទ្ធា សមាជិក និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​បាន​ថ្លែងថា ការសាងសង់​អគារ​ទីស្តីការ គ​.​ជ​.​ប ថ្មី​ដែលមាន​កម្ពស់ ៩​ជាន់ នៅ​លើដី​ថ្មី​ដែល​រាជរដ្ឋាភិបាល ដកហូត​ពី​លោក គង់ គាំ អតីតមន្ត្រី​ជាន់ខ្ពស់​គ​ណ​បក្សប្រឆាំង ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន គឺ​សម្រាប់​បម្រើ​សេវាកម្ម​បោះឆ្នោត​ជូន​ដល់​សាធារណជន និង​ជា​គុណប្រយោជន៍​សម្រាប់​ប្រទេសជាតិ​ទាំងមូល​។​
​លោក ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅក្រោយ​បញ្ចប់​ពិធី​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់ អគារ​ទីស្តីការ​ថ្មី​នេះ នា​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២៤ ដែល​ពិធី​នេះ ធ្វើឡើង​ក្រោម​អធិបតីភាព​លោក ប្រាជ្ញ ចន្ទ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​មន្ត្រី គ​. ជ​. ប ជាច្រើនរូប​ទៀត​។​
​លោក ហង្ស ពុទ្ធា បាន​បញ្ជាក់ថា​៖«​គ​.​ជ​.​ប រៀបចំ​សាងសង់​អគារ ៩​ជាន់​នេះ ដែល​បាន​ចុះ​កុងត្រា​ជាមួយនឹង​ក្រុម​ជាង​បច្ចេកទេស​ក្នុង​ការកសាង​មាន​រយៈពេល ២២​ខែ​ហើយគ​.​ជ​.​ប ក៏បាន​ចុះ​កុងត្រា​ជាមួយ​ក្រុមហ៊ុន​ណាហ្គា​វើ​ល​បន្ទាប់ពី​បាន​អគារ​ថ្មី គ​.​ជ​.​ប នឹង​ប្តូរ​ពី​ទីតាំង​ចាស់​មក​ថ្មី​នេះ​ភ្លាម ដែល​សង្ឃឹមថា នឹង​រួចរាល់ នៅក្នុង​ខែ​១០ នៅ​ឆ្នាំ​២០២៥»​។​
​លោក​បន្តថា ទីតាំង​ស​អគារ គ​.​ជ​.​ប ថ្មី​នេះ នឹងមាន​បរិ​យាស​កាស​ល្អ និង​បង្កើន​ភាពស្និទ្ធស្នាល​ជាមួយ​គ្រប់​គណបក្សនយោបាយ ព្រមទាំង​ភាគី​ពាក់ព័ន្ធ និង​ខិតខំ​រៀបចំ​ការបោះឆ្នោត​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់ ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង និង​ជាទី​ទុកចិត្ត​របស់​មហាជន​នៅ​ទូទាំងប្រទេស​។ 
​លោក​បាន​បញ្ជាក់ថា​៖ «​សំណង់​នេះ​មាន​លក្ខណៈ​ជា​ខ្មែរ ដែល​គ្រោង​ចំណាយ​ថវិកា​សាងសង់​ជាង ២១ លាន​ដុល្លារ ដែល​ក្នុងនោះ សាលប្រជុំ​អាចដាក់​មនុស្ស​រហូត​បា​ន​ទៅដល់​ជាង ៤៥០​នាក់ និង​បំពាក់​ទៅដោយ ភ្លើង LED ហើយ​សម្រាប់​ការបំពាក់​ឧបករណ៍​ទាំងឡាយ​នឹង​ផ្ដល់​ជា​គុណប្រយោជន៍ ព្រមទាំង​ទំនុកចិត្ត​ដល់​គណបក្សនយោបាយ ជាពិសេស​ការរីកចម្រើន​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា ដែល គ​.​ជ​.​ប កំពុងតែ​ត្រៀមលក្ខណៈ និង​ប្រើប្រាស់​ជា​បន្តបន្ទាប់ ធ្វើឱ្យ​ការទុកចិត្ត​ជឿជាក់​លើ​វិស័យ​បោះឆ្នោត និង​មានការ​ចូលរួម ការគាំទ្រ​កាន់តែខ្លាំង​ឡើង​»​។​
​លោក សំ គ​ន្ធា​មី នាយក​ប្រតិបត្តិ​អង្ក​ការឃ្លាំមើល​ការបោះឆ្នោត​និក​ហ្វិ​ក នៅ​ថ្ងៃទី​២ ខែមករា បាន​ប្រាប់​ដែរ​ថា ការសាងសង់​អគារ​ទីស្តីការ​ថ្មី​របស់ គ​.​ជ​.​ប នេះ គឺ​ល្អ​ណាស់ ព្រោះ​មិនអាច​ឱ្យ គ​.​ជ​.​ប នៅ​បន្តធ្វើ​នៅ​ជិត​កន្លែង​បន​ល្បែង​បានទេ ព្រោះ​វា​ជា​ស្ថាប័ន​ឯករាជ្យ ហើយ​ទីតាំង​ថ្មី​នេះ នឹងមាន​បរិយាកាស​ធំ​ទូលាយ​ស្រួល​ចេញចូល​ប្រជុំ ជាពិសេស​មាន​កន្លែង​ចត​យានយន្ត សមរម្យ​ជាង​ទីតាំង​បច្ចុប្បន្ននេះ​។​
​លោក បាន​ថ្លែងថា ៖ «​ទីតាំង​ជា​កត្តា​មួយ​ជួយ​ឱ្យ​ការងារ គ​.​ជ​.​ប កាន់តែ​រីកចម្រើន ព្រោះ​កន្លែង​វា​ទូលាយ និង​ទីតាំង​ក៏​សមរម្យ​ល្អ ដែល​នឹង​ធ្វើឱ្យ​ការបំពេញ​ការងារ​បោះឆ្នោត បាន​កាន់តែ​ល្អប្រសើរ​ថែមទៀត​»​។​
​យោងតាម​លិខិតអនុញ្ញាត​បើក​រដ្ឋា​ន​សាងសង់​សំណង់ របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ចុះ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២៣ បាន​បញ្ជាក់ថា គម្រោង​សំណង់​អគារ​ទីស្ដីការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ចំនួន​១​អគារ កម្ពស់​អតិបរមាជាង ៥០​ម៉ែត្រ មាន​ជាន់​ក្រោម​ដី​១​ជាន់ ជាន់​ផ្ទាល់​ដី ជាន់​ទី​១ រហូតដល់​ជាន់​ទី​៩ ជាន់​ក្រោម​ដំបូល និង​ដំបូល​ប្រក់​ក្បឿង​៕