កំពង់ធំៈ ក្នុង​រដូវ​កាល​ពង​កូន​ថ្មី​គិត​មក​ត្រឹម​ដំណាច់​ខែធ្នូ ឆ្នាំ​ ២០២៣ មាន​សម្បុក​សត្វ​អក​ត្រី​ក្បាល​ប្រផេះ​ចំនួន ៨ ហើយ​ត្រូវបាន​រកឃើញ​នៅក្នុង​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន និង​តំបន់​រ៉ា​ម​សារ​បឹង​ទន្លេ​ឆ្មារ ដោយ​មន្ដ្រី​ឧ​ទ្យា​នុ​រក្ស​ដែល​ទទួលបាន​ការគាំទ្រ​បច្ចេកទេស​ពី​អង្គ​ការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា (NatureLife Cambodia Organization) ។​

​អង្គការ​នេះ​បាន​ផ្សព្វផ្សាយ​លើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នៅ​ថ្ងៃទី ​៣០ ខែធ្នូ ឆ្នាំ​ ២០២៣​ ថា​៖ «​ក្នុងចំណោម​សម្បុក​ទាំងនេះ​មាន ​៦ ​ជា​សម្បុក​ថ្មី និង ២​ ជា​សម្បុក​ចាស់​។ អក​ត្រី​ក្បាល​ប្រផេះ​ត្រូវបាន​ចាត់ថ្នាក់​ថា ជា​ប្រភេទ​ជិត​រង​ការគំរាមកំហែង​ខ្លាំង​ក្នុង​បញ្ជី​ក្រហម (IUCN)​ ដោយសារ​កត្តា​បាត់បង់​ទីជម្រក ការថយចុះ​នៃ​ប្រភព​ចំណី និង​សកម្មភាព​រំខាន​របស់​មនុស្ស​»​។

NatureLife Cambodia ថា វត្តមាន​សម្បុក​ពង​កូន​របស់​សត្វ​នេះ​សបញ្ជាក់​ថា តំបន់​រ៉ា​ម​សារ​ស្ទឹងសែន និង​តំបន់​រ៉ា​ម​សារ​បឹង​ទន្លេ​ឆ្មារ ដែល​ស្ថិតក្នុង​បឹង​ទន្លេ​​សាប កំពុង​ដើរតួនាទី​ដ៏​សំខាន់​ក្នុងការ​គាំទ្រ​ការរស់រានមានជីវិត​របស់​សត្វ​អក​ត្រី​ក្បាល​ប្រផេះ​នេះ​។ ឧ​ទ្យា​នុ​រក្ស​តំបន់​រ៉ា​ម​សារ​ទាំង​ ២ បានធ្វើការ​ល្បាត​អនុវត្ត​ច្បាប់ និង​តាមដាន​ជីវចម្រុះ​ប្រចាំខែ ក្រោម​ការគាំទ្រ​ហិរញ្ញវត្ថុ​ពី​មូលនិធិ​សហភាព​អឺរ៉ុប​នៃ «​ទន្លេសាប​យើង​»​។​

​លោក ប៊ូ វរ​សក្ស នាយក​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា​បានឱ្យដឹង​នៅ​ថ្ងៃទី ​១ ​មករា​ថា កាលពីមុន មន្ត្រី​ឧ​ទ្យា​នុ​រក្ស ក៏​ធ្លាប់​ប្រទះឃើញ​សម្បុក​អក​ត្រី​ក្បាល​ប្រផេះ​នេះដែរ ប៉ុន្តែ​មិនមាន​ការកត់ត្រា​ពី​ចំនួន​ទេ ទើបតែ​អង្គការ NatureLife Cambodia បាន​ជួយ​លើ​ការងារ​នេះ ហើយ​មានការ​កត់ត្រា​ទុក​។

អក​ត្រីក្បាលប្រផេះ​ដែល​ក្រុមអភិរក្ស​បាន​រក​ឃើញ​។ រូបថត អង្គការជីវិតធម្ម​ជាតិ

ដូច្នេះ​ចាប់​​ពី​ឆ្នាំនេះ​តទៅ លោក​នឹងធ្វើ​ការកត់ត្រា​ឱ្យបាន​ត្រឹមត្រូវ​ជាងនេះទៀត​។ សត្វ​អក​​ត្រី​ក្បាល​ប្រផេះ​នេះ កាលពីមុន មិនមាន​ការចាប់អារម្មណ៍​ច្រើន​ទេ ព្រោះ​ជាស​ត្វ​ស្ថិតនៅក្នុង​ការគំរាមកំហែង ប៉ុន្តែ​បើ​ធៀប​ជាមួយនឹង​ប្រភេទ​សត្វ​ផ្សេងទៀត ប្រភេទ​អក​ត្រី​ក្បាល​ប្រផេះ នៅ​គ្រាន់បើ​ជាងគេ​។ ដូច្នេះហើយ​បានជា​មិនមាន​ការចាប់អារម្មណ៍​។

​បើតាម​លោក ប៊ូ វរ​សក្យ ក្រោម​ជំនួយ​ពី​សហគមន៍​អឺរ៉ុប​នៃ​ «​ទន្លេសាប​យើង​» អង្គការ​លោក​នឹង​ជួយ​គាំទ្រ​ដល់​ឧ​ទ្យា​នុ​រក្ស ក៏ដូចជា​សហគមន៍ នៅក្នុង​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន និង​តំបន់​រ៉ា​ម​សារ​បឹង​ទន្លេ​ឆ្មារ ធ្វើការ​តាមដាន និង​អង្កេត​ប្រភេទ​សត្វ​អក​ត្រី​ក្បាល​ប្រផេះ​នេះ កុំឱ្យ​មានការ​យាយី​ដល់​ពួកវា និង​ទប់ស្កាត់​បទល្មើស​ផ្សេងៗ ដូចជា​បទល្មើស​នេ​សាទ​ជាដើម​។ អក​ត្រី​ក្បាល​ប្រផេះ មានឈ្មោះ​ជា​ភាសា​អង់គ្លេស Grey-headed Fish-Eagle និង​ឈ្មោះ​វិទ្យាសាស្ត្រ​ហៅថា Ichthyophagaicthyaetus​។​

​យោងតាម​ក្រសួងបរិស្ថាន បានឱ្យដឹងថា អក​ត្រី​ក្បាល​ប្រផេះ នេះ​មាន​វត្ត​មាននៅ​ឥណ្ឌា នេ​ប៉ាល់ ស្រីលង្កា បង់​ក្លា​ដែ​ស មី​យ៉ាន់​ម៉ា ហ្វីលីពីន ថៃ ឡាវ វៀតណាម ម៉ាឡេស៊ី សិង្ហ​បុរី ប្រ៊ុយណេ ឥណ្ឌូនេស៊ី និង​កម្ពុជា​។ វា​មាន​ប្រវែង​ខ្លួន​ ៦៩-៧៤​ ស​.​ម មាឌធំ កវែង​ជាង​អក​ដទៃ ក្បាល​ប្រផេះ សម្បុរ​ត្នោត​ចាស់ ចុងកន្ទុយ​ខ្មៅ ពោះ និង​កន្ទុយ​ស ដើមទ្រូង​ពណ៌​ត្នោត​ចាស់ ស្លាប​ផ្នែក​ក្រោម​ពណ៌​ខ្មៅ​។ សត្វ​នេះ​បន្ត​ពូជ ចាប់ពី​ខែវិច្ឆិកា ដល់​ខែកុម្ភៈ និង​មាន​ពង​តែ ២​ ប៉ុណ្ណោះ​៕

អក​ត្រីក្បាលប្រផេះ​ដែល​ក្រុមអភិរក្ស​បាន​រក​ឃើញ​។ រូបថត អង្គការជីវិតធម្ម​ជាតិ