ភ្នំពេញៈ មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ពិនិត្យ ព្យាបាល និង​វះកាត់​កុមារ​ឈឺ​សរុប​បាន​ជិត ១០ ​ម៉ឺន​នាក់ និង​បាន​ពិនិត្យ​ស្ត្រី​ផ្ទៃពោះ​ជាង ​៨​ ពាន់​នាក់​ផងដែរ​សម្រាប់​ខែធ្នូ ឆ្នាំ​ ២០២៣ ដែល​ការ​ព្យា​បាល​ទាំងអស់​មិនមាន​គិតថ្លៃ​សម្រាប់​គ្រប់ៗ​គ្នា និង​គ្មាន​ការ​រើសអើង​ឡើយ​។​

​យោងតាម​ព័ត៌មាន​ពិត​នៃ​តួលេខ​ក្នុង​ខែធ្នូ ឆ្នាំ​ ២០២៣ នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី ​២ ខែ​​មករា ឆ្នាំ​ ២០២៤ បានឱ្យដឹងថា កុមារ​ឈឺ​ចំនួន ៧៨ ៤១៨​ នាក់ ត្រូវបាន​ពិនិត្យ​ព្យាបាល​នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​,​កុមារ​ដែលមាន​ជំងឺ​ធ្ងន់ៗ​ចំនួន​ ១៥ ១៧២​ នាក់ ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​។​

​មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​បន្តថា សម្រាប់​កុមារ​ឈឺ​ជំងឺគ្រុនឈាម​មាន​ចំនួន​ ១ ៦៣៣ ​នាក់ បាន​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ ខណៈ​កុមារ​ចំនួន ២ ៣៣៧​ នាក់ ត្រូវ​បានទទួល​ការវះកាត់ ហើយ​វះ​កាត់​បេះដូង និង​ភ្ជិត​ប្រហោង​បេះដូង​តាម​សរសៃឈាម​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ និង​សៀមរាប​មាន​ចំនួន ​៨៨​ នាក់​។​

​ប្រភព​ដដែល​បាន​បន្តថា នៅ​ផ្នែក​សម្ភព​នៃ​មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី​៧ (​គន្ធបុប្ផា​ទី​៣)​ មាន​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន ​៨ ៦៤៦ ​នាក់​បានមក​ពិនិត្យ​តាមដាន​ផ្ទៃពោះ និង​ព្យាបាល​នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​នៃ​មន្ទីរសម្ភព​និង​សម្រាលកូន​បាន​ចំនួន ​១ ៨៥៨ ​នាក់​។​

​ប្រធាន​វិទ្យាស្ថាន​វេជ្ជសាស្ត្រ​ជីវសាស្ត្រ​និង​កសិកម្ម​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក នុត សម្បត្តិ បានឱ្យដឹង​នៅ​ថ្ងៃទី ​២ ខែមករា​ថា មន្ទីរពេទ្យ​គន្ធបុប្ផា គឺជា​មន្ទីរ​ពេទ្យ​គំរូ​មួយ​នៅក្នុង​វិស័យ​សុខាភិបាល​ដែល​បាន​ជួយសង្គ្រោះ​កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ​បាន​ចំនួន​ដ៏​ច្រើន​។​

​លោក​បាន​បន្តថា កត្តា​សីលធម៌ ជំនាញ និង​កត្តា​វិជ្ជាជីវៈ​របស់​មន្ទីរពេទ្យ​នេះ​បានធ្វើឱ្យ​ប្រជាពលរដ្ឋ​បាន​មាន​ជំនឿ​ទុកចិត្ត ជាពិសេស​មន្ទីរពេទ្យ​នេះ ថែម​ទាំ​មិន​យក​ថ្លៃ​ព្យាបាល​ទៀត​។​

​លោក ​នុត សម្បត្តិ បាន​ថ្លែងថា​៖ «​ខ្ញុំ​បាន​កត់សម្គាល់ឃើញ​អ្នក​មានកូន និង​ស្ត្រី​មាន​ផ្ទៃពោះ​ទៅ​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​នេះ​ច្រើនណាស់ ខ្ញុំ​ឃើញ​គេ​តម្រង់​ជួរ​ច្រើន​រង់​ចាំ​យក​លេខ​ចូល​ពេល​ខ្ញុំ​ជិះ​កាត់​មន្ទីរពេទ្យ​​គន្ធបុប្ផា​នេះ​»​។​

​លោក​បាន​បន្តទៀតថា នៅពេលដែល​កុមារ​ឬ​ស្ត្រី​មាន​ផ្ទៃពោះ​មាន​ជំងឺ​ហើយ​មិន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​នេះ​មិនមែនជា​បញ្ហា​ទេ ដោយ​ពួកគាត់​អាច​ទៅរក​សេវា​សុខាភិបាល​ឯកជន​ព្យាបាល​បាន​នៅពេល​ដែលមាន​ប្រាក់​គ្រប់គ្រាន់ ព្រោះ​វិស័យ​សុខាភិបាល​ឯកជន​មាន​ច្រើន និង​អាច​ទៅរក​មន្ទីរពេទ្យ​កុមារ​ជាតិ​ក៏​គេ​មាន​ជំនាញ​ច្បាស់លាស់​ដែរ​។​

​លោក​ នុត សម្បត្តិ បញ្ជាក់ទៀតថា ចំពោះ​អ្នក​ដែលមាន​ធនធាន គួរតែ​បង្កើន​ការឧបត្ថម្ភ​មន្ទីរពេទ្យ​គន្ធបុប្ផា​នេះ​ឱ្យបាន​ច្រើន យ៉ាងហោចណាស់​ ១ ​ដុល្លារ ​ក្នុង​ ១ ​ខែ​ក្នុង​មនុស្ស​ម្នាក់​ ដើម្បីឱ្យ​មន្ទីរពេទ្យ​នេះ​បន្ត​បេសកកម្ម​របស់ខ្លួន​ក្នុងការ​ព្យាបាល​កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ​ដោយ​ឥតគិតថ្លៃ​។​

​លោក​បាន​ថ្លែងថា​៖ «​បើ​រាជរដ្ឋាភិបាល​គិតថា មន្ទីរពេទ្យ​មួយ​នេះ​មាន​សារៈសំខាន់​គួរតែ​ពង្រីក​ទៅតាម​តំបន់​មួយចំនួន​បន្ថែមទៀត ដើម្បី​កាត់បន្ថយ​ការនាំ​កុមារ​មក​កក​កុញ​នៅតែ​រាជធានី​ភ្នំពេញ និង​នៅក្នុង​ខេត្ត​សៀមរាប​»៕