ភ្នំពេញៈ នៅ​ទីបំផុត​កម្មករ​-​និយោជិត​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​អប្បបរមា ២០៤​ ​ដុល្លារ ក្នុង​ ១​ ខែ ចាប់តាំងពី​ខែ​មករា ឆ្នាំ​ ២០២៤​ នេះ​តទៅ គឺ​កើន​ជាង​ខែធ្នូ ឆ្នាំ​ ២០២៣ ចំនួន ៤ ​ដុល្លារ​អាមេរិក បន្ទាប់ពី​មាន​កិច្ចប្រជុំ​ចរចា​ប្រាក់​ឈ្មួ​ល​ប្រមាណ ២០ ​លើក​។​

​នៅ​ថ្ងៃទី ​២ ខែមករា ឆ្នាំ​ ២០២៤ តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ម៉ា​ណែ​ត​ បានសរសេរថា​៖ «​អប​​អរសាទរ​! ចាប់ពី​ខែមករា ឆ្នាំ​ ២០២៤​ នេះ​តទៅ បងប្អូន​កម្មករនិយោជិត ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ ផលិត​ស្បែក​ជើង និង​ផលិតផល​ធ្វើដំណើរ​នឹង​ទទួល​​បាន​ប្រាក់​ឈ្នួល​អប្បបរមា ២០៤ ​ដុល្លារ ក្នុង ១​ ខែ គឺ​កើន​ជាង​ខែធ្នូ ឆ្នាំ​ ២០២៣ ចំនួន ៤​ ដុល្លារ​អាមេរិក​»​។​

​សូម​រំឭកថា កាលពី​ថ្ងៃទី​ ២៨ ខែកញ្ញា ឆ្នាំ ២០២៣ ​កន្លងទៅ ក្រសួង​ការងារ​បានចេញ​សេចក្តីថ្លែងការណ៍​របស់​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​ដោយបាន​កំណត់​តួលេខ​ ២០២​ដុល្លារ​ក្នុង​ ១ ​ខែ ហើយ​លោក​ហ៊ុន ម៉ា​ណែ​ត បានប្រកាស​បន្ថែ​មការ​ដំឡើង​ចំនួន ២​ ដុល្លារ​ថែមទៀត សម្រាប់​ឆ្នាំ ​២០២៤ ​នេះ ដែល​នឹងធ្វើ​ឱ្យប្រាក់​ឈ្នួល​អប្បបរមា (​ទាប​បំផុត​) របស់​កម្មករ​កើន​ដល់​សរុប ២០៤​ ដុល្លារ​ ក្នុង ​១ ​ខែ​។

​លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​បានសម្រេច​បន្ថែម ២ ​ដុល្លារ ក្នុង ១ ខែ ទៅលើ​តួលេខ​ ២០២ ​ដុល្លារ ដែលជា​លទ្ធផល​បោះឆ្នោត​របស់​ក្រុមប្រឹក្សា​​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​នេះ​។ ដូច្នេះ ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​សម្រាប់​ឆ្នាំ ២០២៤ គឺ ២០៤ ​ដុល្លារ ក្នុង ១ ​ខែ (​កើន ៤ ​ដុល្លារ​ប្រៀបធៀប​ជាមួយ​ឆ្នាំ​ ២០២៣ ដែលមាន​ត្រឹម ២០០​ ដុល្លារ​)»​។​

​អ្នកនាង​ ចាន់ ថា ជា​កម្មការិនី​បម្រើការ ផ្នែក​អ៊ុត​នៃ​រោងចក្រ បាយ័ន ដែលមាន​ទីតាំងនៅ​ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ បាន​និយាយ​នៅ​ថ្ងៃទី​ ២ ខែមករា​ថា ថ្វី​ដ្បិត​ការដំឡើង​ប្រាក់​ឈ្នួល​ ៤​ ដុល្លារ​នេះ មិន​ច្រើន​ដូច​ការរំពឹងទុក​ក៏ពិតមែន តែ​ប្រសើរ​ជាង​មិនបាន​ឡើង​សោះ ព្រោះថា រាល់ថ្ងៃ​កម្មករ​ភាគច្រើន​បារម្ភ​ខ្លាច​តែ​​រោងចក្រ​រំសាយ​បុគ្គលិក ខណៈ​បច្ចុប្បន្ននេះ​មិនសូវ​មានការ​ថែម​ម៉ោង​ដូច​មុន​។​

​អ្នកនាង​បាន​ថ្លែងថា​៖ «​ការពិតទៅ​ឡើង​បាន​ ៤​ ដុល្លារ​នេះ ក៏​គ្រាន់បើ​ជាង​អត់​ដែរ​។ រាល់ថ្ងៃ​រោងចក្រ​ខ្ញុំ​មិនសូវ​ថែម​ម៉ោង ខ្ញុំ​ចេះតែ​បារម្ភ​ដែរ​ថា ខ្លាច​គេ​រំសាយ​។ ម្ល៉ោះហើយ ឡើង​មិន​ឡើង ខ្ញុំ​មិនសូវ​ខ្វល់​អី​ប៉ុន្មាន​ទេ សំខាន់​គឺមាន​ម៉ោង​ថែម ទើប​យើង​បាន​លុយ​ច្រើន​ទៅតាម​ហ្នឹង​ដែរ​»​។​

កម្មករ​ចេញពីធ្វើការ​នៅ​រោងចក្រ​១ក្នុង​សង្កាត់​ទួលសង្កែកន្លងមក។ហេង ជីវ័ន

​ចំណែក​កម្មករ​ម្នាក់ទៀត ដែល​ធ្វើការ​នៅ​ផ្នែក​វ៉ៃ​ប្រអប់​កា​តុង នៃ​រោងចក្រ​បាយ័ន​នេះដែរ គឺ​លោក ច​ន ពិសិដ្ឋ បាន​ថ្លែងថា ខាង​ផ្នែក​របស់លោក មានការ​ថែម​ម៉ោង​ច្រើន និង​ធ្វើការ​ថ្ងៃអាទិត្យ​និង​ថ្ងៃបុណ្យ​ផងដែរ ដូច្នេះ​បើសិន​បូកផ្សំ​នឹង​ប្រាក់​ដំឡើង​ថ្មី​ទៀត​ឃើញថា ប្រាក់​ខែ​អាច​បាន​ចន្លោះ​ពី​ ៣៥០ ​ដុល្លារ ទៅ ​៤០០ ​ដុល្លារ ក្នុង ​១ ​ខែ​។

លោក​ប្រាប់ថា​៖ «​ខាង​ផ្នែក​ខ្ញុំ​ (​វ៉ៃ​ប្រអប់​កា​តុង​) សម្បូរ​កា​ងារ ដោយសារ​ក្រុម​ខ្ញុំ​មាន​មនុស្ស​តិច​ហើយ​ការងារ​មាន​ច្រើន អ៊ីចឹង​ហើយ​ខ្ញុំ​មាន​ម៉ោង​ថែម​ច្រើន ដោយ​បើកប្រាក់​ខែ​ដែល​ខ្ញុំ​ទទួលបាន គឺ​សមរម្យ​អាច​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​បាន​»​។​

​ជាមួយគ្នានេះដែរ លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា និង​ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​បាន​អំពាវនាវ​ដល់​ម្ចាស់​ក្រុម​ហ៊ុន និង​និយោជក​ទាំងអស់ សូម​អនុវត្ត​ឱ្យបាន​ពេញលេញ​តាម​ក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​ដែល​ចេញ​កាល​ពី​ពេល​កន្លងទៅ ដោយ​ប្រាក់បៀវត្ស​រ៍គោល​ចំនួន ២០៤​​ ដុល្លារ សម្រាប់​កម្មករ​មានប​ទ​ពិសោធន៍​ស្រាប់ និង​ ២០២ ​ដុល្លារ សម្រាប់​កម្មករ​ថ្មី​។​

​លោក​ថ្លែងថា​៖ «​ចាប់ពី​ខែមករា ឆ្នាំ​ ២០២៤ ​នេះ​ទៅ ប្រាក់​ឈ្នួល​ថ្មី​នឹងត្រូវ​អនុវត្ត​ហើយ យើង​ក៏​សូម​អំពាវនាវ​ដល់​ខាង​និយោជក​សូម​អនុវត្ត​ឱ្យបាន​ពេញលេញ និង​អនុវត្ត​ដោយ​ស្មើ​ភាពមិន​ថា រោងចក្រ​ខ្នាតតូច ឬ​ធំ​ក៏ដោយ​។ ម្យ៉ាងវិញទៀត សម្រាប់​កម្មករ​ជំនាញ ដែលមាន​ប្រាក់ខែ​លើសពី​ ២០៤​ ដុល្លារ​ក៏ដោយ ក្រុមហ៊ុន​ក៏ត្រូវ​គិតគូរ​បន្ថែម​ ៤ ​ដុល្លារ​ពីលើ​នេះ​ទៀត​ ​ដើម្បីឱ្យ​កម្មករនិយោជិត​យើង​ទទួលបាន​ប្រាក់​ឈ្នួល​សមរម្យ​ទៅតាម​សមត្ថភាព និង​ការណែនាំ​របស់​រាជរដ្ឋាភិបាល​»​។​

​បើតាម​ក្រសួង​ការងារ ជា​មធ្យម​កម្មករ​-​និយោជិត​ម្នាក់ៗ​នឹង​ទទួលបាន​ប្រាក់​ឈ្នួល​យ៉ាងតិច​ចំនួន​ពី ២២១​ ដុល្លារ​អាមេរិក ដល់ ២៣២ ​ដុល្លារ​អាមេរិក​ក្នុង​ ១ ​ខែ​។ ក្រៅពី​ការដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា រាជរដ្ឋាភិបាល និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នឹង​បន្ត​ខិតខំ​សហការគ្នា​ដើម្បី​កាត់បន្ថយ​បន្ទុក​ចំណាយ​នានា​របស់​កម្មករនិយោជិត​ជា​បន្តទៀត​៕​